Friday, January 13, 2017
អ្នកជំនាញចង់ឃើញយុវជនទទួលបានឱកាសបន្ថែមនៅក្នុងការងារបរិស្ថាន
អ្នកជំនាញលើកឡើងថា យុវជនគឺមានភាពវ័យឆ្លាត និងខ្វល់ខ្វាយខ្លាំងពីការងារការពារបរិស្ថាន ប្រសិនបើយុវជនត្រូវបានគេផ្ដល់ឱកាសឱ្យបានច្រើនជាងមុន។ ទោះជាយ៉ាងណា អ្នកតំណាងយុវជនអះអាងថា បច្ចុប្បន្នយុវជនកម្ពុជា ដែលខ្វល់ខ្វាយខ្លាំងអំពីបរិស្ថាន និងធនធានធម្មជាតិ ត្រូវរងការបំភិតបំភ័យ និងគំរាមកំហែងចាប់ដាក់ពន្ធនាគារជាដើម។
ប្រធានមូលនិធិ ហេមិស្វែរស៍ (HEMISHERES) លោកស្រី អានន៍ ផៅ (Ann Phua) ដែលជាម្ចាស់មូលនិធិទ្រទ្រង់វិធានការចែករំលែកព័ត៌មានរវាងយុវជន និងយុវជន នៅប្រទេសអាស៊ាន មួយចំនួន និងយុវជនមកពីប្រទេសផ្សេងទៀត បានលើកឡើងថា លោកស្រីចង់ឱ្យមានការផ្ដល់វេទិកា ឬឱកាសឱ្យយុវជនបានចូលរួមក្នុងការងារបរិស្ថានបន្ថែមទៀត ព្រោះយុវជនគឺជាមានភាពវ័យឆ្លាត ឈ្លាសវៃ និងមានក្ដីខ្វល់ខ្វាយខ្លាំងបំផុតពាក់ព័ន្ធនឹងការងារថែរក្សាបរិស្ថាន។
លោកស្រីបន្តថា បើសិនជាយុវជនទទួលបានឱកាសនៅពេលនោះ ពួកគេនឹងធ្វើអ្វីដើម្បីបរិស្ថានជាក់ជាមិនខាន៖ «ប្រសិនផ្ដល់វេទិកា ឬឱកាសឱ្យយុវជន ពួកគេនឹងធ្វើអ្វីមួយដើម្បីបរិស្ថាន ពីព្រោះពួកគេឆ្លាត និងមានការខ្វល់ខ្វាយខ្លាំងណាស់ចំពោះបរិស្ថាន។ ប៉ុន្តែពួកគេគ្មានការផ្ដល់វេទិកា ឬឱកាសទេ ដើម្បីបង្ហាញថា ពួកគេអាចសមត្ថភាពអ្វីខ្លះដែលពួកគេអាចធ្វើបាន ឬក៏ឱកាសពង្រីកសមត្ថភាពរបស់ពួកគេដើម្បីការពារបរិស្ថានរបស់ពួកគេឡើយ»។
លោកស្រីបន្ថែមថា ដើម្បីឱ្យយុវជនបានចូលរួមការងារបរិស្ថានបន្ថែមទៀតនោះ គឺចាំបាច់តម្រូវឱ្យមានការអប់រំ និងលើកទឹកចិត្តយុវជនឱ្យបានខ្លាំងក្លាជាងមុន ហើយការអប់រំនោះ គឺចាប់ផ្ដើមដំបូងពីឪពុកម្ដាយរបស់ពួកគេតែម្ដង។
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលយុវជនពិភពលោក ២០១៧ (Global Youth Summit) ក្រោមប្រធានបទ "បរិស្ថានស្អាតគឺផ្ដើមចេញពីយុវជន" នៅថ្ងៃទី១២ ខែមករា ដែលបានរៀបចំឡើងនៅក្រសួងបរិស្ថាន និងមានអ្នកចូលរួមភាគច្រើនជាយុវជនប្រមាណ ២០០នាក់មកពីប្រទេសអាស៊ាន មួយចំនួន ដូចជាឥណ្ឌូនេស៊ី សិង្ហបុរី និងវៀតណាម ជាដើម ហើយក៏មានយុវជនមកពីប្រទេសចិន និងអូស្ត្រាលី ដែរ។
កម្មវិធីដែលមានរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ចូលរួមដែរនោះ គឺមានគោលបំណងដើម្បីអភិវឌ្ឍន៍អ្នកដឹកនាំយុវជន និងជួយជំរុញការរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់បរិស្ថាន និងសុខភាពសង្គម។
ថ្វីត្បិតយ៉ាងនេះក្ដី នាយកប្រតិបត្តិអង្គការស្ម័គ្រចិត្តដើម្បីសង្គម និងជាអង្គការប្រមូលផ្ដុំយុវជនដើម្បីធ្វើឱ្យសង្គមប្រសើរឡើង លោក ប៉ែន សុមុនី អះអាងថា ដើម្បីជំរុញឱ្យយុវជនចូលរួមការងារការពារបរិស្ថាន គឺទាល់តែរដ្ឋាភិបាលធានាថា យុវជនមានសិទ្ធិសេរីភាពពេញលេញ និងត្រូវមានវិធានការការពារយុវជនមួយចំនួនដែលកំពុងធ្វើការងារការពារបរិស្ថាន ដែលពួកគេមានសេចក្ដីក្លាហាន រហូតចុះទៅក្នុងព្រៃឈើ ដើម្បីបង្ក្រាបការកាប់បំផ្លាញព្រៃជាដើម៖ «ចំពោះយុវជននៅមានបញ្ហា នៅពេលពួកគាត់បញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងបរិស្ថាន»។
លោកបញ្ជាក់ថា រយៈពេលកន្លងមក មានយុវជនខ្លះត្រូវបានគេបំភិតបំភ័យ និងគំរាមដល់អាយុជីវិតនៅពេលពួកគេបញ្ចេញសកម្មភាពលេចធ្លោក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ហើយមានអ្នកខ្លះដែលដឹកនាំពលរដ្ឋទៅការពារព្រៃឈើ ត្រូវបានគេបាញ់សម្លាប់ នឹងមិនទាន់រកឃើញមុខសញ្ញាឃាតកនៅឡើយ។ លោក ប៉ែន សុមុនី បញ្ជាក់ថា បញ្ហាទាំងនេះ មិនត្រឹមតែមិនចូលរួមជំរុញ និងលើកទឹកចិត្តឱ្យយុវជនខ្វល់ខ្វាយអំពីបញ្ហាបរិស្ថានទេ ប៉ុន្តែយុវជននឹងរារែកចិត្ត ឬខ្លាចរអាមិនហ៊ានចេញធ្វើសកម្មភាពបែបនេះតទៅទៀត។
នាយកប្រតិបត្តិអង្គការស្ម័គ្រចិត្តដើម្បីសង្គមរូបនេះ បន្ថែមថា ដើម្បីឱ្យយុវជនអាចចូលរួមការងារការពារបរិស្ថានរឹតតែមានប្រសិទ្ធភាពបន្ថែមទៀត គឺចាំបាច់រដ្ឋាភិបាលត្រូវ ផ្ដល់ការគាំទ្រដល់ពួកគេទាំងសម្ភារៈ បច្ចេកទេស និងថវិកាទៅដល់យុវជនដែលហ៊ានលះបង់ពេលវេលា ខ្វល់ខ្វាយពីបញ្ហាបរិស្ថានតាមរយៈការទប់ស្កាត់បទល្មើសព្រៃឈើ។ លើសពីនេះ រដ្ឋាភិបាលក៏ត្រូវតែចាប់បុគ្គលណាដែលជាឈ្មួញធំៗកាប់បំផ្លាញព្រៃឈើ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យមានប្រសិទ្ធភាព។
កិច្ចប្រជុំកំពូលយុវជនពិភពលោក ២០១៧ គឺធ្វើឡើងចំនួនពីរលើក លើកទី១ ធ្វើនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២-១៤ ខែមករា ឆ្នាំ២០១៧ និងលើកទី២ ធ្វើនៅខេត្តសៀមរាប នៅថ្ងៃទី១៣-១៥ ខែកក្កដា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment