Thursday, January 19, 2017

សង្គម​ស៊ីវិល​ថា​បញ្ហា​ដីធ្លី​ពាក់ព័ន្ធ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តែ​មិន​ទាន់​បាន​ដោះស្រាយ


ពលរដ្ឋ​ប្រមាណ ១០០​នាក់​មក​ពី​ឃុំ​ដំរីផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ តវ៉ា​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​អន្តរាគមន៍​ឲ្យ​ពួក​គាត់​បាន​កាន់​កាប់​ស្រប​ច្បាប់​លើ​ដី​ដែល​ពួក​គាត់​កំពុង​អាស្រ័យ​ផល និង​ស្នើសុំ​ដោះលែង​អ្នក​ភូមិ ៣​នាក់​ដែល​ត្រូវ​តុលាការ​ចាប់​ឃុំ​ខ្លួន នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Sochivy


អង្គការ​សង្គម​ស៊ីវិល​និយាយ​ថា តួលេខ​ករណី​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​តែ​មាន គឺ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​នៅ​ឡើយ។ មន្ត្រី​រដ្ឋាភិបាល​ថា ការ​លើក​ឡើង​ពី​បញ្ហា​នេះ​ជា​ការ​មិន​យល់​ពី​នីតិវិធី។

មន្ត្រី​សម្របសម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លី នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា ករណី​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​យូរ​មក​ហើយ​នោះ នៅ​តែ​អូស​បន្លាយ​រហូត​មក​ដល់​ពេល​នេះ ជាពិសេស​ក្នុង​ចំណោម​ករណី​ដីធ្លី​ចំនួន​៤២ ដែល​លោក​កំពុង​ធ្វើ​ការ៖ «៤២​ករណី​នេះ គឺ​ខ្ញុំ​សំដៅ​ទៅ​លើ​ករណី​ដីធ្លី មិន​មែន​តែ​សម្បទាន​សេដ្ឋកិច្ច​ទេ។ ប៉ុន្តែ​នៅ​ក្នុង​ហ្នឹង​ក៏​មាន​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​ដែរ ដែល​ខ្ញុំ​ធ្វើ​ការ​ជាមួយ ជាពិសេស​នៅ​មណ្ឌលគិរី រតនគិរី កោះកុង ហើយ​និង​កំពង់ស្ពឺ អី​ហ្នឹង។ យើង​ឃើញ​ថា​មាន​ការ​ដោះស្រាយ​អី​អ៊ីចឹង តែ​គ្រាន់​តែ​ជា​ការ​សន្យា ឬ​ក៏​ប្រជុំ​ដោះស្រាយ ហើយ​មួយ​ចំនួន​ក៏​មាន​ការ​ដោះស្រាយ​អ៊ីចឹង​ដែរ ប៉ុន្តែ​បើ​ថា​ឲ្យ​បញ្ចប់​នោះ គឺ​ថា​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ គឺ​នៅ​តែ​មាន​ប្រជាពលរដ្ឋ​រងគ្រោះ ហើយ​បន្ត​ការ​តវ៉ា​នៅ​ឡើយ»។

ប្រសាសន៍​របស់​លោក វណ្ណ សូផាត ជា​ការ​បញ្ជាក់​ចំពោះ​សេចក្ដី​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៩ មករា។ លោក សាយ សំអាល់ ថ្លែង​ថា បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ហើយ៖ «អ្វី​ដែល​នៅ​សេសសល់ គឺ​ការ​ចុះ​បញ្ជី​ដីធ្លី អា​ហ្នឹង​នៅ​មែន ព្រោះ​វា​ច្រើន។ យើង​ធ្វើ​មិន​ទាន់​បាន​ទាំងអស់​ទេ។ តែ​យើង​នៅ​ធ្វើ​ជា​បណ្ដើរៗ ដែល​យើង​កំពុង​ធ្វើ​បណ្ដើរៗ​រាល់​ថ្ងៃ​នេះ។ អា​ហ្នឹង​និយាយ​មែនទែន​ទៅ គឺ​អស់​ហើយ ចប់​ហើយ។ តែ​អង្គការ​សង្គម​ស៊ីវិល​លោក​ជួនកាល គាត់​មិន​ដែល​បាន​មក​ជជែក​ជាមួយ​យើង។ គាត់​មិន​ដែល​បាន​មក​ពិគ្រោះ​ជាមួយ​គ្នា គាត់​បែរ​ជា​ចេញ​របាយការណ៍ ចេញ​ទិន្នន័យ​ផ្សេង​ពី​យើង​ទៅ​វិញ»។

លោក សាយ សំអាល់ មិន​បាន​បញ្ជាក់​ពី​ចំនួន​ទំនាស់​ដែល​ខាង​លោក​ដោះស្រាយ​ទេ ប៉ុន្តែ​លោក វណ្ណ សូផាត ឲ្យ​ដឹង​ថា តួលេខ​ករណី​ដីធ្លី​ដែល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​កត់​ត្រា​ទុក​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ មាន​ចំនួន​ជាង ៣០០​ករណី។ លោក​ថា ករណី​ដោះស្រាយ​បាន​ខ្លះ គឺ​ករណី​តូចៗ៖ «យើង​ឃើញ​ថា​ក្នុង​ចំណោម ៤២​ករណី​នេះ មាន​តែ ៥ ទៅ ៦​ករណី ត្រូវ​បាន​ដោះស្រាយ។ ប៉ុន្តែ​អា​ហ្នឹង​ជា​ករណី​ដែល​ដី​ទំហំ​តូច ហើយ​មិន​មែន​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ទេ។ អ៊ីចឹង​យើង​ឃើញ​ថា ដី​ដែល​អាច​ដោះ​បាន​ហ្នឹង គឺ​ជា​ដី​ដែល​មិន​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​ជា​ដី​មាន​ទំហំ​តូចៗ​ត្រឹម ១០០​ហិកតារ​ចុះ។ តែ​យើង​អត់​ឃើញ​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​កាត់​មក​ប្រជាពលរដ្ឋ​វិញ ជា​ការ​បញ្ចប់​ជម្លោះ​ដីធ្លី​តែ​ម្ដង​នោះ គឺ​យើង​អត់​ឃើញ​មាន​ទេ»។

ទន្ទឹម​គ្នា​នេះ ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច នៅ​តែ​មាន​ប្រជាពលរដ្ឋ​ច្រើន​ស្វែងរក​ដំណោះស្រាយ​នៅ​ឡើយ មាន​ជាអាទិ៍ ដូចជា​នៅ​ខេត្ត​ព្រះវិហារ ជាដើម។ លោក​ថា បញ្ហា​នេះ ជួនកាល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម ឬ​ក៏​ខេត្ត៖ «ជម្លោះ​ដី​ជាមួយ​អ្នក​មាន​អំណាច​អី​នោះ គឺ​វា​នៅ​តែ​មាន កំពុង​គគ្រឹកគគ្រេង​ណាស់។ យើង​មិន​បាច់​មើល​អី​ច្រើន​ទេ​ថា តើ​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ហ្នឹង​គាត់​តវ៉ា​រឿង​ដីធ្លី​ហើយ​ឬ​នៅ? ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ គាត់​នៅ​តវ៉ា បើ​សិន​ជា​អស់ អា​ហ្នឹង​បញ្ហា​ដីធ្លី​ចប់​ហើយ ហើយ​ចំពោះ​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច​ក៏​អ៊ីចឹង​ថា បើ​សិន​ជា​មិន​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​ដី​សេដ្ឋកិច្ច​ទៀត​ទេ អា​ហ្នឹង​បាន​យើង​សន្មត​ថា វា​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់»។

ទាក់ទង​នឹង​ករណី​ជម្លោះ​ដីធ្លី​នេះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ មករា ក្រុម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​នៅ​ខេត្ត​កោះកុង ប្រមាណ ១០០​នាក់ ដែល​តំណាង​ឲ្យ​ពលរដ្ឋ ១៧០​គ្រួសារ​បាន​នាំ​គ្នា​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​រក​ដំណោះស្រាយ​សម្រាប់​ពួក​គាត់ ដែល​ត្រូវ​ក្រុមហ៊ុន​ទាំង​ពីរ​ឈូស​ឆាយ​ផ្ទះ​សម្បែង។ សម្រាប់​ករណី​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​នេះ ក្រុម​ពលរដ្ឋ​នឹង​រង់ចាំ​មើល​លទ្ធផល​ដោះស្រាយ​ក្រោយ​ការ​ជួប​ចរចា​គ្នា​នៅ​ថ្ងៃ​ទី​២០ មករា ខាង​មុខ​នេះ៕

No comments:

Post a Comment