
អង្គការឃ្លាំមើលពិភពលោកមួយនេះ លើកឡើងថា កិច្ចប្រជុំដែលមានការចូលដោយក្រុមមន្ត្រីសំខាន់ៗខាងផ្នែកហិរញ្ញវត្ថុ មិនត្រូវផ្ដល់ឱកាសឲ្យជនផ្ដាច់ការដ៏សាហាវម្នាក់នេះអាចស្វែងរកដៃគូអន្តរជាតិថ្មី ចូលរួមធ្វើពាណិជ្ជកម្មនោះឡើយ។
មន្ត្រីអង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស អ្នកស្រី អាលីស ហារីសាន់ (Alice Harrison) បានថ្លែងតាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួនដែលចុះផ្សាយកាលពីព្រឹកថ្ងៃពុធ ទី១៨ ខែមករា ថា អ្នកស្រីគ្មានការភ្ញាក់ផ្អើលនោះទេ ដែលលោក ហ៊ុន សែន ព្យាយាមទាក់ទាញអ្នកវិយោគទុនកំពូលៗពីទីក្រុងដាវូស។ អ្នកស្រីថា លោក ហ៊ុន សែន និងគ្រួសាររបស់គាត់កំពុងក្ដោបក្ដាប់ សេដ្ឋកិច្ចរបស់ប្រទេស ហេតុដូច្នេះរាល់លុយទាំងឡាយរបស់អ្នកវិនិយោគទុនថ្មីៗទាំងនោះ នឹងអាចធ្លាក់ក្នុងហោប៉ៅរបស់ពួកគេ។
អាស៊ីសេរី មិនទាន់អាចសុំប្រតិកម្មពីអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា ជុំវិញការលើកឡើងរបស់អង្គការឃ្លាំមើលពិភពលោកមួយនេះ បាននៅឡើយទេ។ ប៉ុន្តែឯកអគ្គរាជទូតខ្មែរប្រចាំរដ្ឋធានីវ៉ាស៊ីនតុន លោក ជុំ ប៊ុនរ៉ុង អះអាងថា លោកមិនខ្វល់ពីការចោទប្រកាន់របស់អង្គការ គ្លបល វីនេស នោះទេ ពីព្រោះវាជាសេចក្ដីថ្លែងការណ៍ដែលគ្មានប្រយោជន៍៖ «ខ្ញុំមិនចាប់អារម្មណ៍នឹងរបាយការណ៍នេះទេ។ យើងទាំងអស់គ្នាដឹងហើយអំពីជំហររបស់ គ្លបល វីនេស ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយទេ ពីព្រោះវាខាតពេល»។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី អាលីស ហារីសាន់ អះអាងថា កិច្ចប្រជុំកំពូលខាងផ្នែកសេដ្ឋកិច្ចក្នុងទីក្រុងដាវូស គឺជាការប្ដេជ្ញាចិត្តដើម្បីធ្វើប្រទេសទាំងឡាយក្នុងពិភពលោកមានភាពប្រសើរឡើងខាងផ្នែកសេដ្ឋកិច្ច ហើយប្រសិនបើនេះជាការពិតមែន។ វេទិកានេះគួរបិទទ្វារមិនឲ្យមនុស្សដូចជាលោក ហ៊ុន សែន ចូលរួមឡើយ។
កាលពីឆ្នាំ២០១៦ អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស បានបញ្ចេញរបាយការណ៍កម្រាស់ជិត ៦០ទំព័រ ដែលមានចំណងជើងថា ការក្ដោបយកវិនិយោគនៅកម្ពុជា បង្ហាញថា អធិរាជត្រកូលហ៊ុន កំពុងក្ដោបក្ដាប់សេដ្ឋកិច្ចធំៗរបស់កម្ពុជា ដោយអំពើពុករលួយ រំលោភអំណាច និងរំលោភសិទ្ធិមនុស្ស ដើម្បីការពារអំណាចរបស់លោក ហ៊ុន សែន។
គ្លបល វីនេស រកឃើញថា គ្រួសារត្រកូលហ៊ុន បានកាន់កាប់ផ្ទាល់ ឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើនដែលមានដើមទុនចុះបញ្ជីជាង ២០០លានដុល្លារសហរដ្ឋអាមេរិក ហើយបានដាក់ភាគហ៊ុនជាមួយក្រុមហ៊ុនបរទេសដែលមានយីហោល្បីៗដូចជា Apple Nokia Unilever Visa Nestle Honda និងក្រុមហ៊ុនចំនួន ១១៤ផ្សេងទៀតនៅក្នុងប្រទេស។
អ្នកស្រី អាលីស ហារីសាន់ បន្តទៀតថា ត្រកូលហ៊ុន មានទំនាក់ទំនងនឹងក្រុមហ៊ុនអន្តរជាតិល្បីៗជាច្រើនហើយ ដូច្នោះក្រុមហ៊ុនដែលចង់បង្កើតទំនាក់ទំនងនឹងកម្ពុជា ត្រូវតែប្រុងប្រយ័ត្នពីគ្រោះថ្នាក់ក្នុងការបាត់បង់កេរ្តិ៍ឈ្មោះ ថវិកា និងអាចទទួលរងការប្ដឹងផ្ដល់ ប្រសិនបើក្រុមហ៊ុនទាំងនោះបន្តដាក់វិនិយោគនៅកម្ពុជា។
អង្គការអន្តរជាតិដែលមូលដ្ឋានក្នុងទីក្រុងឡុង (London) ប្រទេសអង់គ្លេស មួយនេះបង្ហាញថា សមាជិកត្រកូលហ៊ុន ដែលអ្នកខ្លះធ្លាប់ជាប់ឈ្មោះរត់ពន្ធគ្រឿងញៀនក្នុងតម្លៃ ១ពាន់លានដុល្លារតាមរយៈការបាញ់បោះ អ្នកខ្លះបើកឡានបុកគេស្លាប់ហើយរត់ និងអ្នកខ្លះជាប់ពាក់ព័ន្ធនឹងការរំលោភដីធ្លីដែលបណ្ដាលឲ្យមានវិបត្តិដីធ្លី និងភាពក្រីក្រនៅទីជនបទ៕
No comments:
Post a Comment