Saturday, January 14, 2017

មន្រ្ដីក្រសួងព័ត៌មាន បញ្ជាក់មូលហេតុ ដែលមិនអញ្ជើញ អ្នកសារព័ត៌មាន មួយចំនួន ឲ្យជួបជាមួយនាយករដ្ឋមន្រ្ដី

                                                                                                                                                                    ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែង ថា មូលហេតុដែលក្រសួងព័ត៌មាន មិនបានអញ្ជើញ អ្នកសារព័ត៌មាន បម្រើការងារនៅវិទ្យុសំឡេង សហរដ្ឋអាមេរិក (VOA) ,វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេង ប្រជាធិបតេយ្យ (VOD) អោយទៅចូលរួមក្នុង ពិធីជួបសំណេះសំណាល រវាងសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី ជាមួយអ្នកសារព័ត៌មាន ជាលើកដំបូងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ ដោយសារតែមានការ បញ្ចេញមតិយោបល់ មួយចំនួនមុនជំនួបនេះ ថា នៅពេលអ្នកសារព័ត៌មាន ទាំង៣ស្ថាប័ននេះ ចូលរួមក្នុងជំនួបនេះហើយអាច នឹងរងឥទ្ធិពល ឬលម្អៀងទៅរាជរដ្ឋាភិបាល ដូច្នេះហើយទើប ក្រសួងព័ត៌មានសម្រេច មិនអញ្ជើញអ្នកសារព័ត៌មាន ដែលបម្រើការងារ ក្នុងស្ថាប័នទាំងនេះ ។

លោកអ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាព្រឹកថ្ងៃទី១៤ ខែមករានេះ ថា ”តាមទស្សនះរបស់ ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មាន មុនមានព្រឹត្ដិការណ៍នេះ យើងឃើញហើយ ថា វិទ្យុទាំងឡាយទាំងពួង កម្មវិធីទាំងឡាយទាំងពួងហ្នឹង គឺគាត់បានគេហៅថា ធ្វើបទយកការណ៍ ឬក៏តុមូល តុជ្រុងអី និយាយពាក់ព័ន្ធទៅនឹងព្រឹត្ដិការណ៍ហ្នឹង ដូច្នេះយើងឃើញ ថា ពួកគាត់បានផ្ដល់ទស្សនះមតិថា អ្នកសារព័ត៌មានចូលទៅជួបនៅក្នុងពិធីនេះ អាចនឹងទទួលឥទ្ធិពល អាចនឹងលម្អៀងទៅខាងរដ្ឋាភិបាល ដូច្នេះពួកគាត់មាន គេហៅថា ទស្សនះចង្អៀតចង្អល់ហួសហេតុ អញ្ចឹងហើយក្រសួងព័ត៌មាន បានសម្រេចថា មិនអញ្ជើញពួកគាត” ។

ជាមួយគ្នានេះលោកអ៊ុក គឹមសេង បានឲ្យដឹង ថា កម្មវិធីនេះនឹងមានអ្នកសារព័ត៌មាន ចូលរួមប្រមាណជា១ពាន់នាក់ ហើយជំនួបលើកដំបូងរវាង ប្រមុខរាជរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មាននេះ អាចជាការផ្ដល់ឱកាសដល់ សម្ដេចតេជោនាយករដ្ឋមន្រ្ដីសំណេះសំណាល ឬទំនាក់ទំនងផ្ទាល់ជាមួយអ្នកសារព័ត៌មាន ឬឯអ្នកសារព័ត៌មាន ក៏មានឱកាសជួបជាមួយ នាយករដ្ឋមន្រ្ដី និងអាចសាកសួរសំណួរ ដែលសម្ដេចអាចឆ្លើយបាន ។

No comments:

Post a Comment