ភ្នំពេញៈ អឿត អាង អតីតទាហាន និងធ្លាប់បួសជាសង្ឃដែលត្រូវបានចោទប្រកាន់ពីបទធ្វើឃាតអ្នកវិភាគនយោបាយ លោក កែម ឡី បានជួបជាមួយមន្រ្តីខណ្ឌ និងមន្រ្តីយោធាប្រហែលមួយសប្តាហ៍ពីមុនពេលឃាតកម្ម។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Al Jazeera។
នៅក្នុងរបាយការណ៍វីដេអូមួយចេញផ្សាយកាលពីថ្ងៃសុក្រសារព័ត៌មាន Al Jazeera បាននិយាយថាខ្លួនបាននិយាយទៅកាន់ប្រភពជាច្រើននៅក្នុងខេត្តសៀមរាបដែលជាទីកន្លែងកំណើតរបស់ អឿត អាង ដែលបាននិយាយថាជនសង្ស័យត្រូវបានហៅឲ្យទៅជួបជាមួយមន្រ្តី «ស្រុក និងមន្រ្តីយោធាជាន់ខ្ពស់» ប្រហែលមួយសប្តាហ៍ពីមុនពេលលោក កែម ឡី ត្រូវបានបាញ់សម្លាប់នៅក្នុងការ៉ាស់សំាងកាល់តិចបូកគោក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ១០ ខែកក្កដា។
របាយការណ៍នេះដែលនិយាយថា ប្រភពនានាបានបដិសេធមិនបង្ហាញខ្លួននៅក្នុងកាមេរ៉ាបានរាយការណ៍ថា៖ «បន្ទាប់ពីការជួបនោះ [អឿត អាង] ត្រូវបានដាក់ចូលក្នុងឡាន និងដឹកចេញពីតំបន់នោះ»។
បើទោះបីជាមានការស៊ើបអង្កេតអស់រយៈពេល ៦ ខែដែលបានបិទការស៊ើបអង្កេតកាលពីខែធ្នូមកនោះក្តីនគរបាលបរាជ័យមិនអាចផ្តល់នូវការបំភ្លឺណាមួយអំពីស្ថានភាពជុំវិញករណីឃាតកម្មនេះរួមទាំងរបៀបដែល អឿត អាង បានធ្វើដំណើរចេញពីផ្ទះនៅក្នុងឃុំនគរភៀស ស្រុកអង្គរជុំ ខេត្តសៀមរាបមករាជធានីភ្នំពេញ។
សារព័ត៌មាន Al Jazeera បាននិយាយជាមួយអ្នកបើកតាក់ស៊ីដែលស្ថិតនៅក្នុងចំណោមមនុស្សចុងក្រោយដែលបានឃើញ អឿត អាង នៅក្នុងខេត្តសៀមរាប។ បុរសម្នាក់នេះដែលត្រូវបានកំណត់អត្តសញ្ញាណថាឈ្មោះ ឌឹក ឌៀន បានថ្លែងថាគាត់បានដឹកជនសង្ស័យទៅបេនឡាននៅជាយក្រុងសៀមរាបពីកន្លែងដែលគាត់បានចុះពីឡានឡិចស៊ីស។ អ្នកបើកតាក់ស៊ីម្នាក់នេះថ្លែងថា៖ «គាត់ស្ថិតក្នុងស្ថានភាពប្រញាប់ប្រញាល់គាត់ថែមទាំងមិនបានឲ្យថ្លៃតាក់ស៊ីរបស់ខ្ញុំផង»។
អឿត អាង ត្រូវបានចាប់ខ្លួនប្រហែល ១,៥ គីឡូម៉ែត្រពីកន្លែងឃាតកម្ម។ នគរបាលភ្លាមៗនោះបានបញ្ចេញនូវវីដេអូសារភាពរបស់ឃាតករដែលក្នុងនោះឃាតករបានអះអាងថាខ្លួនបានសម្លាប់លោក កែម ឡី ដោយសារតែជំពាក់ប្រាក់ ៣០០០ ដុល្លារ។
ការសារភាពបែបនេះបានធ្វើឲ្យមានការសង្ស័យពីមជ្ឈដ្ឋានជាច្រើន។ អ្នកដែលនៅជិតស្និទ្ធនឹងលោក កែម ឡី និងឃាតករបាននិយាយថាពួកគេមិនដែលបានជួបគ្នាពីមុនមកទេហើយមជ្ឈដ្ឋានជាច្រើនបានអះអាងថា អឿត អាង ជាមនុស្សក្រីក្រមានលុយតិចតួចហើយមជ្ឈដ្ឋានជាច្រើនជឿថាករណីឃាតកម្មរបស់លោក កែម ឡី ជាករណីឃាតកម្មនយោបាយ។
នៅពេលទាក់ទងកាលពីម្សិលមិញអធិការនគរបាលស្រុកអង្គរជុំ លោក ម៉ាន់ សុខាត់ បានបដិសេធថាមិនមានការជួបណាមួយរវាង អឿត អាង និងមន្រ្តីយោធា ឬមន្រ្តីរដ្ឋាភិបាលនោះទេ។
លោក សុខាត់ បានថ្លែងថាក្នុងនាមជាលោក សង្ឃ អឿត អាង កាលពីមុនធ្លាប់ធ្វើដំណើរទៅរាជធានីភ្នំពេញដើម្បីយកបច្ច័យជួសជុលវត្ត ប៉ុន្តែលោកមិនបានដឹងថាតើនរណាជាអ្នកឧបត្ថម្ភបច័្ចយនោះទេ។
លោក សុខាត់ បានថ្លែងបន្តទៀតថា៖ «យើងគ្រាន់តែដឹងថាគាត់បានទៅរាជធានីភ្នំពេញហើយបានក្លាយជាឃាតករ»៕
No comments:
Post a Comment