ក្រុមប្រឹក្សាជំនុំជម្រះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចលុបឈ្មោះជនជាតិវៀតណាម ២នាក់ចេញពីបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ក្នុងចំណោមបណ្ដឹងតវ៉ាសុំលុបឈ្មោះ ១៨១នាក់។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ស៊ិក ប៊ុនហុក ថ្លែងក្នុងសន្និសីទកាសែតនៅយប់ថ្ងៃទី១៦ មករា ថា ក្នុងចំណោមបណ្ដឹងតវ៉ាសុំលុបឈ្មោះជនបរទេស ១៨១នាក់ ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប សម្រេចលុបឈ្មោះជនជាតិវៀតណាម ២នាក់ចេញពីបញ្ជីចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦។
លោកថា ដោយឡែក គ.ជ.ប សម្រេចដកឈ្មោះ ១៤នាក់ផ្សេងទៀតដែលដើមបណ្ដឹងប្ដឹង ដោយសារ គ.ជ.ប រកឃើញនៅក្នុងបញ្ជីចុះឈ្មោះ។ លោក ស៊ិក ប៊ុនហុក បញ្ជាក់ទៀតថា គ.ជ.ប ទុកពេលវេលា ៥ថ្ងៃ ដើម្បីផ្ដល់សិទ្ធិឲ្យដើមបណ្ដឹងប្ដឹងទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញចំពោះសេចក្ដីសម្រេចនេះ។
បណ្ដឹងចំនួន៧ ទាក់ទងនឹងការសុំលុបឈ្មោះជនបរទេស ដែលគេសំដៅទៅជនជាតិវៀតណាម ចេញពីបញ្ជីចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ មាន ៦បណ្ដឹងពីភ្នាក់ងារគណបក្សសង្គ្រោះជាតិ និង ១បណ្ដឹងប្ដឹងដោយគណបក្សប្រជាជនកម្ពុជា។
ពីតំណាងគណបក្សសង្គ្រោះជាតិ ប្ដឹងសុំលុបឈ្មោះជនបរទេសចេញពីបញ្ជីចុះឈ្មោះថ្មី និងស្នើឲ្យក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតលើការប្រើប្រាស់ឯកសារអត្តសញ្ញាណប័ណ្ណមិនត្រឹមត្រូវ។
ជុំវិញការប្រកាសលទ្ធផលនេះ នៅមិនទាន់ដឹងថា តំណាងគណបក្សសង្គ្រោះជាតិ នឹងប្ដឹងទាស់ ឬយ៉ាងណានៅឡើយ៕
No comments:
Post a Comment