ប្រជានេសាទនៅខេត្តបាត់ដំបង អះអាងថា បទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ និងកាប់ព្រៃឈើលិចទឹកដាក់សម្រាស់ទ្រង់ទ្រាយធំ ដើម្បីចាប់យកត្រីនៅតំបន់ឡូនេសាទស្រុកឯកភ្នំ កំពុងកើតមានពេញបន្ទុក ដោយពុំមានសមត្ថកិច្ចណាទប់ស្កាត់នៅឡើយ។ អ្នកភូមិមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចក្រែងហិនហោចមច្ឆជាតិនៅពេលខាងមុខ ហើយប៉ះពាល់ដល់របរធ្វើនេសាទជាលក្ខណៈគ្រួសារដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។
ប្រជានេសាទនៅខេត្តបាត់ដំបង លើកឡើងថា បញ្ហាការធ្វើនេសាទខុសច្បាប់ទាំងអស់នេះ នឹងមិនកើតមានដោយងាយស្រួលឡើយ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធចាត់វិធានការតឹងរ៉ឹងទៅលើអ្នកដែលប្រព្រឹត្តខុសនោះ។
ប្រជានេសាទនៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង លោក ឈុន សារ៉ន អះអាងថា ក្រុមអ្នកមានលុយជាច្រើននាក់បានឃុបឃិតគ្នាជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន កាប់ដើមឈើព្រៃលិចទឹកនៅតំបន់ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង យកទៅដាក់សម្រាស់ក្នុងព្រែកនន់ និងបឹងអាប្រាតូច អាប្រាធំ និងបឹងក្បាលដំរី ជាដើម ដើម្បីឲ្យត្រីចូលទៅនៅច្រើន រួចយកអួនទៅហ៊ុមចាប់យកត្រីទាំងតូចធំគ្មានសល់។ លោកបន្ថែមថា ក្រៅអំពីនេះ ពួកគេក៏បានយកឧបករណ៍ឆក់ត្រីនៅតំបន់នោះយ៉ាងគគ្រឹកគគ្រេងរៀងរាល់ថ្ងៃ គ្មានអាជ្ញាធរទប់ស្កាត់នោះទេ៖ «ក្នុងមួយបឹងយ៉ាងតិចគេដាក់សម្រាស់ពី ៥ ទៅ ៦កន្លែង ហើយមិនអាចធ្វើនេសាទបានទេ ហើយពេលយើងយកសំណាញ់បង់ត្រីគ្នាកាន់តែច្រើន ត្រីរត់ចូលសម្រាស់គេអស់ ហើយម្ចាស់គេមកហ៊ុមចាប់ត្រីភ្លាមមួយរំពេច»។
លោក ឈុន សារ៉ន បន្តថា សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានស្រុកនេះ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនអើពើទប់ស្កាត់ការធ្វើនេសាទនេះ ដែលធ្វើឲ្យពួកគាត់ជាប្រជាពលរដ្ឋក្រីក្រគ្មានដីធ្វើស្រែ ហើយពឹងផ្អែកទៅលើរបរធ្វើនេសាទ មិនអាចទៅធ្វើនេសាទរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារបាន៖ «ខ្ញុំអំពាវនាវសុំឲ្យថ្នាក់លើចាត់វិធានការផង ព្រោះយើងខ្លាចបាត់បង់ពូជត្រី ព្រោះគេឆក់ផង ដាក់ថ្នាំដេញត្រីឲ្យចូលសម្រាស់គេផង ព្រោះត្រីមួយចំនួនជិតផុតពូជអស់ហើយ»។
ឆ្លើយតបនឹងបញ្ហានេះ នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង លោក ជួង សុភា មានប្រសាសន៍ថា លោកមិនទាន់ទទួលព័ត៌មានពីការកាប់ព្រៃដាក់សម្រាស់យកត្រី និងការធ្វើនេសាទខុសច្បាប់នៅឃុំព្រៃចាស់ នោះនៅឡើយទេ។ ទោះជាយ៉ាងនេះក្ដី លោកទទួលស្គាល់ថា នៅតំបន់ព្រៃលិចទឹកស្រុកឯកភ្នំ ពិតជាមានប្រជាពលរដ្ឋប្រើឧបករណ៍ឆក់ត្រី និងការធ្វើនេសាទខុសច្បាប់ផ្សេងៗមែន ប៉ុន្តែលោកអះអាងថា សមត្ថកិច្ចពាក់ព័ន្ធមិនបានឃុបឃិតជាមួយពលរដ្ឋ ដើម្បីទាញយកប្រយោជន៍ពីការធ្វើនេសាទនេះដូចការចោទប្រកាន់នោះឡើយ៖ «ជាពិសេសនៅខែប្រាំងនេះ វាមានតែបូម និងបាច ហើយនិងឆក់ទេ ចំពោះការបរណររ៉ាវ វាសឹងមិនមានទេ ព្រោះវាគោកទឹកអស់ហើយ។ ហើយកាលពីថ្ងៃមុន ខ្ញុំក៏បានប្រជុំរួចមកហើយដែរ។ ទីមួយការឆក់បូម និងកាប់រានព្រៃលិចទឹក គឺបើពួកគាត់ធ្វើជាលក្ខណៈជាអាជីវកម្ម យើងត្រូវហាមឃាត់ហើយ»។
លោក ជួង សុភា ស្នើឲ្យប្រជានេសាទ ប្រសិនបើឃើញការធ្វើនេសាទខុសច្បាប់នៅតំបន់ណាមួយក្នុងស្រុកឯកភ្នំ នេះ ត្រូវប្រញាប់រាយការណ៍ទៅសមត្ថកិច្ចក្នុងមូលដ្ឋាន ឬទាក់ទងលោកផ្ទាល់តាមលេខទូរស័ព្ទ ០៩៧ ៧៦ ៦០៣ ១៦០ ដើម្បីទប់ស្កាត់បានទាន់ពេលវេលា។
ទោះជាយ៉ាងនេះក្ដី ពលរដ្ឋហាក់គ្មានជំនឿចំពោះវិធានការរបស់សមត្ថកិច្ចឡើយ ពីព្រោះកន្លងមក បទល្មើសនេសាទកើតមានច្រើន ហើយពួកគាត់ក៏ធ្លាប់ប្ដឹងទៅសមត្ថកិច្ចឲ្យទប់ស្កាត់ដែរ ក៏ប៉ុន្តែភាគច្រើនធ្វើឡើងបែបគោះទឹកបង្អើលត្រី ហើយគ្មានប្រសិទ្ធភាពឡើយ។
មន្ត្រីសម្របសម្រួលអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលជុំវិញបឹងទន្លេសាប អ្នកស្រី នូ សារឹម មានប្រសាសន៍ថា ការកាប់ព្រៃរនាមដាក់សម្រាស់ឲ្យត្រីចូល គឺជាការធ្វើនេសាទខុសច្បាប់ធ្ងន់ធ្ងរ ព្រោះធ្វើឲ្យបាត់បង់ព្រៃលិចទឹកដែលជាជម្រកត្រីពង ហើយធ្វើឲ្យទឹកបឹងដងអូរតំបន់នេសាទនោះកាន់តែរាក់ ដោយសារកាកសំណល់ពីមែកសម្រាស់ជាដើម។ អ្នកស្រីសង្កត់ធ្ងន់ថា អាជ្ញាធរត្រូវចាត់វិធានការបញ្ហានេះជាបន្ទាន់ និងឲ្យមានប្រសិទ្ធភាព ដើម្បីថែរក្សាសម្បត្តិធនធានមច្ឆជាតិ និងព្រៃឈើនៅតំបន់នោះ ទុកឲ្យកូនចៅជំនាន់ក្រោយបានឃើញ និងប្រើប្រាស់ជាសម្បត្តិរួមនៅថ្ងៃខាងមុខ៖ «ខ្ញុំសំណូមពរឲ្យអាជ្ញាធរដែលរដ្ឋាភិបាលបានប្រគល់តួនាទីមកឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិជាអ្នកគ្រប់គ្រងការពារអភិរក្សធនធានជលផល ក៏ដូចជាមន្ទីរពាក់ព័ន្ធមួយចំនួន ជាពិសេសមន្ទីរកសិកម្មតែម្ដង ដូចជលផលយើងអាចអនុវត្តទាំងអស់គ្នា។ ម្យ៉ាងទៀត ប្រជាពលរដ្ឋខ្លួនឯងសូមកុំបំផ្លាញធនធានជលផលដោយខ្លួនឯងទៀត»។
កន្លងមក លោកឧបនាយករដ្ឋមន្ត្រី ស ខេង ធ្លាប់មានប្រសាសន៍ថា បញ្ហាត្រីនៅបឹងទន្លេសាប ប្រឈមនឹងការបាត់បង់ធ្ងន់ធ្ងរនៅថ្ងៃខាងមុខ ដែលបញ្ហានេះផ្ដើមចេញពីការធ្វើនេសាទខុសច្បាប់។ លោក ស ខេង ក៏បានព្រមានដកអភិបាលខេត្តនៅតំបន់ជុំវិញបឹងទន្លេសាបចេញពីតំណែង ប្រសិនបទល្មើសនេសាទនៅតែបន្តកើតមានធ្ងន់ធ្ងរទៅមុខទៀត។
ច្បាប់ជលផលឆ្នាំ២០០៦ មាត្រា៩៨ ចែងថា ត្រូវផ្ដន្ទាទោសបទល្មើសជលផលថ្នាក់ទី១ ដាក់ពន្ធនាគារពី ៣ឆ្នាំទៅ ៥ឆ្នាំ និងរឹបអូសយកវត្ថុតាងទាំងអស់ដាក់ជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល។ បទល្មើសទាំងនោះរួមមាន នេសាទដោយឧបករណ៍ឆក់ គ្រឿងផ្ទុះ និងសារធាតុពុលគ្រប់ប្រភេទក្នុងដែននេសាទ។ នេសាទដោយឧបករណ៍ទំនើប ឬឧបករណ៍ដែលបង្កើតឡើងថ្មី ឬរបៀបនេសាទបែបថ្មី ដែលនាំមកនូវការបំផ្លាញមច្ឆជាតិ ឬធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជីវចម្រុះ ជាដើម៕
No comments:
Post a Comment