លោក សុខ សូកេន ព្រមទាំងក្រុមគ្រួសាររបស់គាត់នៅបរទេសពេលកន្លងមក។ រូបថត ហ្វេសប៊ុក |
ភ្នំពេញៈ កូនប្រុសម្នាក់ទៀតក្នុងចំណោមកូនប្រុស ៤ នាក់របស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីដែលស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាយូរមកហើយនោះត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងការបរទេសជាតំណែងមួយដែលមន្ត្រីបក្សប្រឆាំងថាបង្ហាញពីសាច់ញាតិនិយម។ នេះបើតាមព្រះរាជក្រឹត្យមួយដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញ។
ព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយព្រះរាជតំណាងលោក សយ សុខា អគ្គលេខាធិការរាជរដ្ឋាភិបាលបានសរសេរថាព្រះមហាក្សត្រកាលពីថ្ងៃទី ១៦ វិច្ឆិកាបានតែងតាំងលោក សុខ សូកេន ឲ្យកាន់តំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងការបរទេស។
ព្រះរាជក្រឹត្យនេះមានខ្លឹមសារថា៖ «យើង នរោត្តម សីហមុនី តែងតាំងឯកឧត្តម សុខ សូកេន ជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ»។«សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ»។
នៅពេលទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញលោក សូកេន បានបដិសេធមិនធ្វើអត្ថាធិប្បាយទេដោយលោកថ្លែងថាជាប់រវល់។
ទោះយ៉ាងណាក៏ដោយអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានថ្លែងកាលពីម្សិលមិញដោយបានហៅការតែងតាំងកូនមន្រ្តីដែលមានអំណាចបំផុតឲ្យកាន់តួនាទីកម្រិតកំពូលនៅក្នុងក្រសួងមួយក្នុងចំណោមក្រសួងសំខាន់ៗបំផុតគឺបង្ហាញពីសាច់ញាតិនិយម។
លោក សុវណ្ណ បានថ្លែងថា៖ «នៅក្នុងរដ្ឋ និងកិច្ចការរដ្ឋាភិបាលអ្នកគួរតែដំឡើងឋានៈអ្នកដែលមិនមានសាច់ញាតិគ្រួសារ [នៅក្នុងរដ្ឋាភិបាល] ដើម្បីការពារមិនឲ្យមានទំនាស់អត្ថប្រយោជន៍»។ លោកបានបញ្ជាក់ថា៖ «ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតគណបក្សសង្គ្រោះជាតិនឹងមិនធ្វើអ្វីដូចនេះទេ»។
ប៉ុន្តែសម្រាប់អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីលោក ផៃ ស៊ីផាន បានថ្លែងថាលោក សូកេន មានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់តំណែងនេះហើយលោកជឿថាគាត់នឹងបម្រើក្រសួងការបរទេសបានល្អ។
លោក ផៃ ស៊ីផាន បានបន្តថា៖ «បើទោះបីគាត់នៅក្មេងតែគាត់ទទួលបានការសិក្សា និងបណ្តុះបណ្តាលនៅបរទេសទាំងភាសា និងសមត្ថភាពដែលបំពេញតាមតម្រូវការរបស់ប្រទេសយើង»។
សូមបញ្ជាក់ថាក្រៅពីលោក សុខ សូកេន លោក សុខ អាន ក៏មានកូនប្រុស ៣ នាក់ទៀតដែលកាន់តំណែងខ្ពស់ផងដែរគឺ លោក សុខ សង្វារ ជាអគ្គនាយករងអាជ្ញាធរជាតិអប្សរាលោក សុខ ពុទ្ធិវុឌ្ឍ ជាប្រធានសហព័ន្ធផលិតស្រូវអង្ករកម្ពុជា និងលោក សុខ សូកាន ជាតំណាងរាស្ត្រខេត្តតាកែវរបស់បក្សប្រជាជន៕
No comments:
Post a Comment