មន្ត្រីនគរបាលនៅច្រកព្រំដែនប៉ោយប៉ែតដែលត្រូវគេរិះគន់ថាបានធ្វើពុតជាដួលសន្លប់។ រូបថត ហ្វេសប៊ុក |
អ្នកកុម្មុយនីស្តល្អម្នាក់ត្រូវតែរិះគន់ខ្លួនឯងឲ្យខ្លាំងប្រសិនបើពួកគេចង់រក្សាការគាំទ្រ។ នេះបើតាមលោកប្រធាន ម៉ៅ ដែលបានសរសេរនៅក្នុងការតែងនិពន្ធមួយនៅក្នុងខែមេសា ឆ្នាំ ១៩៤៥ ដែលបានបញ្ជាឲ្យមន្រ្តីរបស់គាត់ស្វែងរកភាពកខ្វក់របស់ខ្លួន។
លោក ម៉ៅ បានសរសេរថា៖ «ការអនុវត្តការរិះគន់ខ្លួនឯងដែលមានមនសិការគឺជាវិធីសាស្រ្តមួយដែលញែកគណបក្សរបស់យើងដាច់ចេញពីគណបក្សនយោបាយដទៃៗ»។ «ដូចដែលយើងតែងតែនិយាយធូលីដីនឹងកាន់តែច្រើនឡើងប្រសិនបើបន្ទប់មួយមិនត្រូវបានសម្អាតជាប្រចាំ។ មុខរបស់យើងនឹងកខ្វក់ប្រសិនបើមុខរបស់យើងមិនត្រូវបានលុបមុខលាងសម្អាតជាប្រចាំ»។
ប្រសិនបើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្យាយាមកាត់ឫសគល់កុម្មុយនីស្តរបស់លោកបន្ទាប់ពីការជិតចាញ់របស់បក្សប្រជាជននៅក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៣ នៅពេលដែលលោកបានយកតាមដំបូន្មានរបស់ ម៉ៅ ដោយបានរិះគន់គណបក្សផ្ទាល់របស់លោក និងបញ្ជាឲ្យមន្រ្តី «ដុសក្អែល» នៅពេលងូតទឹកប្រសិនបើវាត្រូវបានញាំញីដោយភាពកខ្វក់» នោះប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចនឹងមិនថយចុះនោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនៅក្នុងសុន្ទរកថា ដែលចាក់ផ្សាយតាមទូរទស្សន៍រយៈពេល ៦ ម៉ោង កាលពីខែកញ្ញា ឆ្នាំ ២០១៣ថា៖ «កំណែទម្រង់ស៊ីជម្រៅនឹងផ្តោតទៅលើកំណែទម្រង់ច្បាប់ និងតុលាការប្រឆាំងអំពើពុករលួយអភិបាលកិច្ចល្អ និងការគ្រប់គ្រងដី និងព្រៃឈើ»។«នឹងមិនមានការអត់ឱនចំពោះរដ្ឋមន្រ្តីណាមួយដែលប្រព្រឹត្តខុសនៅក្នុងអាណត្តិនេះនោះទេ»។
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់បំផុតគឺលោក ឈាន ពិសិដ្ឋ មន្រ្តីនគរបាលអន្តោប្រវេសន៍នៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យភ្លាមៗបានដួលទៅនឹងដីបន្ទាប់ពីដើរទៅជិតឡានដែលនៅស្ងៀមដែលបើកដោយមន្រ្តីគណបក្សប្រឆាំងលោក ឌិន ពុទ្ធី ក្នុងអំឡុងការតវ៉ាមួយកាលពីថ្ងៃទី ២២ ខែធ្នូ។
ក្រុមមន្រ្តីពីដំបូងបាននិយាយថាពួកគេនឹងចោទប្រកាន់លោក ពុទ្ធី ពីបទប៉ុនប៉ងឃាតកម្មប៉ុន្តែក្រោយមកបានប្តូរទៅជា «ហិង្សាដោយចេតនា» បើទោះបីជាវីដេអូនៃព្រឹត្តិការណ៍នោះហាក់ដូចជាបង្ហាញថារថយន្តរបស់លោក ពុទ្ធី ស្ទើរតែមិនមានចលនាក៏ដោយ។ ករណីដួលនេះត្រូវបានប្រជាពលរដ្ឋមួយចំនួនធ្វើត្រាប់តាមនឹងបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពីរ-បី សប្តាហ៍មកហើយ។
បន្ទាប់មកនៅថ្ងៃទី ២៧ ធ្នូ អង្គរក្សបីនាក់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានវាយតំណាងរាស្រ្តគណបក្សប្រឆាំង លោក ញ៉យ ចម្រើន និងលោក គង់ សភា ក្នុងឆ្នាំ ២០១៤ បានទទួលការដំឡើងតំណែងជាវរសេនីយ៍ឯកតែប៉ុន្មានថ្ងៃបន្ទាប់ពីចេញពីពន្ធនាគារដែលជាប់តែរយៈពេលមួយឆ្នាំ។
នៅថ្ងៃបន្ទាប់សាលាដំបូងរាជធានីភ្នំពេញបានថ្លែងថាខ្លួនកំពុងបិទការស៊ើបអង្កេតករណីឃាតកម្មថ្ងៃទី ១០ កក្កដាទៅលើអ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់លោក កែម ឡី ហើយដែលលោក សម រង្ស៊ី បានចោទប្រកាន់ថាលោក ហ៊ុន សែន ជាអ្នកបញ្ជាឲ្យមានឃាតកម្មនេះ។ ផ្ទុយទៅវិញករណីមន្រ្តីទាំងនោះបានបង្កឲ្យមានការប្រឡាក់ភក់។ ករណីមន្រ្តីនៅប៉ោយប៉ែតក្រសួងមហាផ្ទៃបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ២៩ ធ្នូ ថាអ្នកបើកឡាននោះបានប្រើឥរិយាបថ និងពាក្យសម្តីមិនសមរម្យហើយមិនបានលើកឡើងអំពីករណីរថយន្តនៅស្ងៀមក្នុងអំឡុងការដួលនោះទេ។
ចំណែកករណីឃាតកម្មលោក កែម ឡី មន្ដ្រីនៅតុលាការនិយាយថាសូមកុំសួរថា ឬហេតុអ្វីនគរបាលបដិសេធបញ្ចេញវីដេអូ កាមេរ៉ាសុវត្ថិភាពនៃការសម្លាប់នោះ ឬហេតុអ្វីមិនទាន់មានការជំនុំជម្រះសម្រាប់ឃាតកដែលបានសារភាពនោះ។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាន់ណា បានថ្លែងកាលពីថ្ងៃទី ២៨ ធ្នូ ថា៖ «សំណួរទាំងនេះអាចប៉ះពាល់ភាពសម្ងាត់នៃដំណើរការស៊ើបអង្កេត»។
ចុះករណីអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានវាយតំណាងរាស្រ្តគណបក្សប្រឆាំងស្ទើរស្លាប់នៅក្នុងការតវ៉ាប្រឆាំងគណបក្សកាន់អំណាច?
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងកាលពីថ្ងៃទី ២៧ ធ្នូ ថា៖ «ពួកគេត្រូវតែទទួលបានអ្វីដែលពួកគេស័ក្តិសមទទួលសម្រាប់ការងារល្អ»។
ខណៈមានការកើនឡើងនៃការប្រើប្រាស់ហ្វេសប៊ុកប្រជាជនមានការយល់ដឹងច្បាស់ជាងមុនអំពីព័ត៌មានដែលកើតមានឡើង។
លោក មឿន តុលា ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្សហៅ Central បានថ្លែងថា៖ «ប្រជាជនឥឡូវនេះមានការដឹងច្បាស់ជាងមុនអំពីអ្វីដែលកំពុងកើតឡើងដូចជាអង្គរក្សជាប់ពន្ធនាគាររយៈពេលខ្លីហើយបន្ទាប់មកដំឡើងឋានៈជាវរសេនីយ៍ឯក និងករណីលោក កែម ឡី និងករណីដួលសន្លប់នៅប៉ោយប៉ែត»។
លោក តុលា បន្តថា៖ «អ្វីទាំងអស់នេះប្រជាជនឃើញច្បាស់ និងឃើញស្តង់ដារពីរនៅក្នុងការអនុវត្តច្បាប់។ វាគ្មានប្រយោជន៍ទេសម្រាប់គណបក្សកាន់អំណាចហើយវាអាចមានផលអវិជ្ជមាន»។
លោកបានពន្យល់ថាលោកកំពុងមើលឃើញការរិះគន់ជាចំហរីករាលដាលជាងមុនទៅលើរដ្ឋាភិបាលជាងនៅក្នុងអាណត្តិមុនៗ។
លោកបញ្ជាក់ថា៖ «ប្រជាជនឃើញពីរបៀបអាក្រក់ដែលថ្នាក់ដឹកនាំបច្ចុប្បន្នធ្វើឲ្យឃើញ និងថាតើរដ្ឋាភិបាលកំពុងធ្វើឲ្យប៉ះពាល់អាក្រក់យ៉ាងដូចម្តេចទៅលើជីវិតរបស់ប្រជាជន? នៅពេលពួកគេឃើញនរណាម្នាក់ធ្វើអ្វីខុសបើទោះបីពួកគេមិននិយាយចេញច្រើនតែពួកគេអាចធ្វើការសម្រេចចិត្តនៅពេលបោះឆ្នោត»។
នៅក្នុងការបោះឆ្នោតឃុំ សង្កាត់កាលពីអតីតកាលគណបក្សប្រជាជនទទួលបានជោគជ័យដ៏លើសលុបហើយសំណួរដែលសួរថាតើការយល់ដឹងរបស់សាធារណជនបច្ចុប្បន្ននឹងប៉ះពាល់ការបោះឆ្នោតឃុំ សង្កាត់ថ្ងៃទី ៤ មិថុនា ខាងមុខឬយ៉ាងណាគឺជាសំណួរដែលគណបក្សប្រជាជនច្រានចោល។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់ទីស្តីការគណៈរដ្ឋមន្រ្តីដែលជាសមាជិកគណបក្សប្រជាជនបានថ្លែងថា៖ «ខ្ញុំមិនគិតដូច្នោះទេ»។
លោកជឿថា អ្នកបោះឆ្នោតនឹងមិនវិនិច្ឆ័យមេដឹកនាំឃុំ សង្កាត់របស់ពួកគេដោយសារអ្វីដែលតុលាការធ្វើនោះទេ។
លោកបានថ្លែងបន្តថា៖ «យើងត្រូវតែគោរពនីតិរដ្ឋ និងឆន្ទានុសិទ្ធិរបស់ចៅក្រម។ យើងមិនអាចតតាំងនឹងចៅក្រមទេ។ ចំពោះនគរបាលអន្តោប្រវេសន៍នៅប៉ោយប៉ែតយើងត្រូវតែគោរពវិជ្ជាជីវៈរបស់តុលាការ។ ពួកគេជាអ្នកវិជ្ជាជីវៈ»។ «យើងមិនចេះតែធ្វើទៅតាមអារម្មណ៍របស់ប្រជាជនទេ»។
វានឹងពិបាកណាស់ដែលថាអ្នកគាំទ្ររបស់គណបក្សប្រជាជននឹងមិនមានអារម្មណ៍ចម្លែកចំពោះករណីចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា» ចំពោះបុរសម្នាក់ដែលអង្គុយនៅក្នុងរថយន្តដែលនៅស្ងៀមនៅពេលនគរបាលដួលសន្លប់នៅពីមុខឡានរបស់គាត់ និងជាពិសេសការចេញរូបថតនៅថ្ងៃបន្ទាប់អំពីមន្រ្តីអន្តោប្រវេសន៍រូបនោះដែលបានចូលរួមពិធីជប់លៀងជាមួយកូនប្រុសច្បងបង្អស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក អៀ សុផល សាស្រ្តាចារ្យផ្នែកកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental ក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិកបានថ្លែងថា៖ «ករណីនៅប៉ោយប៉ែតកំពុងធ្វើឲ្យប្រជាជនខឹងខ្លាំង។ រឿងល្អគឺថាមានវីដេអូ និងរូបភាពនៃករណីនោះដូច្នេះអ្នកនឹងជឿថាខ្មៅទៅជាសហើយសទៅជាខ្មៅ ឬអ្នកនឹងជឿថាសគឺស ហើយខ្មៅគឺខ្មៅ»។
លោក ស៊ីផាន បានថ្លែងថាបើទោះបីអ្នកខ្លះជឿថារដ្ឋាភិបាលបានធ្វើអ្វីខុសនៅក្នុងរយៈកាលថ្មីៗនេះក៏ដោយក៏លោកមិនជឿថាវានឹងប៉ះពាល់ដល់ការសម្រេចចិត្តនៅពេលពួកគេបោះឆ្នោតជ្រើសរើសមេឃុំរបស់ពួកគេដែរ។
លោកថ្លែងថា៖ «ប្រជាជនបោះឆ្នោតទៅតាមតំបន់»។ «អ្វីដែលកើតឡើងនៅទីនោះវាមិនប៉ះពាល់នៅខេត្តក្រចេះទេ ឬខេត្តដទៃទេ។ មានតែអ្នកនយោបាយទេដែលភ្ជាប់រឿងទាំងអស់នេះបញ្ចូលគ្នា។ ប្រជាជនបោះឆ្នោតដោយវិនិច្ឆ័យទៅលើបញ្ហា
មូលដ្ឋាន»។
មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី បានថ្លែងនៅក្នុងអ៊ីមែលមួយថា ភាពទំនងជាអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការសម្អាតខ្លួន និងធ្វើកំណែទម្រង់នឹងធ្វើឲ្យប្រជាជនជ្រើសរើសយកគណបក្សសង្គ្រោះជាតិនៅពេលបោះឆ្នោត។
លោកបញ្ជាក់ថា៖ «របបនេះបិទតម្លៃសេរីភាពការពិត និងយុត្តិធម៌។ វាមិនមែនជានីតិរដ្ឋដែលយើងចង់ឃើញ និងកំពុងតស៊ូដើម្បីយកឈ្នះ [គណបក្សប្រជាជនកម្ពុជា]»។
លោក សម រង្ស៊ីបានគូសបញ្ជាក់ថា៖ «លោក ហ៊ុន សែន និងបក្ខពួករបស់គាត់ប្រឈមមុខនឹងបញ្ហាថ្មីៗហើយគ្មាននរណាម្នាក់នឹងចាញ់បោកគាត់ទៀតទេ»៕
No comments:
Post a Comment