រថពាសដែកបំពាក់ដោយកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកប្រើសម្រាប់បង្ក្រាបបាតុកកម្ម។ រូបថត ម៉ិច ដារ៉ា |
ភ្នំពេញៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីឆ្នាំមុនបានទទួលរថពាសដែកចំនួន ៣ គ្រឿងពីប្រទេសចិនដែលបំពាក់ដោយកាណុងបាញ់ឧស្ម័នចេញទឹកភ្នែកដែលប្រើសម្រាប់បង្ក្រាបបាតុកម្ម។ នេះបើតាមមន្រ្តីយោធាម្នាក់។
រថពាសដែកទាំងនេះត្រូវបានដាក់តាំងបង្ហាញរូបថតពីពេលថ្មីនេះនៅថ្ងៃប្រកួតកីឡាយោធានៅកោះពេជ្រក្នុងរាជធានីភ្នំពេញ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី បានបញ្ជាក់ថាឧបករណ៍ទាំងនោះត្រូវបានផ្គត់ផ្គង់ដោយចិនកាលពាក់កណ្តាលឆ្នាំមុន។ លោក ហ៊ី បានបង្វែរសំណួរអំពីការទទួលបានរថពាសដែកទាំងនេះទៅក្រសួងការពារជាតិដែលអ្នកនាំពាក្យរបស់ក្រសួងនេះមិនអាចទាក់ទងសុំអត្ថាធិប្បាយបាន។
លោក ហ៊ី បានថ្លែងពីមុនពេលបិទទូរស័ព្ទថា៖ «យើងនឹងប្រើឧបករណ៍ទាំងនោះសម្រាប់ការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងការពារសន្តិសុខ»។
លោក Jon Grevatt អ្នកយកព័ត៌មានអាស៊ី‑ប៉ាស៊ីហ្វិកសម្រាប់អ្នកវិភាគវិស័យការពារជាតិ HIS Janes បានថ្លែងថាឧបករណ៍ទាំងនោះពិតណាស់ជា VN4s ជារថពាសដែកធុនស្រាលដែលផលិតក្នុងប្រទេសចិនដោយក្រុមហ៊ុន Norinco របស់ចិន។
អ្នកនាំពាក្យស្ថានទូតចិន និងអនុព័ន្ធយោធារបស់ស្ថានទូតមិនបានឆ្លើយតបនឹងសំណួរអំពីការផ្គត់ផ្គង់រថពាសដែកនេះទេ។
លោក Grevatt បានថ្លែងថា VN4s ទំនងជាត្រូវបានបរិច្ចាគ និងជារបស់ប្រើប្រាស់មួយទឹកពីចិនខណៈចិនបានក្លាយជាអ្នកផ្តល់ជំនួយយោធាធំបំផុតរបស់កម្ពុជា។
លោកបន្តថា៖ «ចិននឹងបរិច្ចាគយានយន្តហើយកម្ពុជានឹងបង់ថ្លៃដឹកជញ្ជូន។ ចិនកំពុងផ្តល់ជំនួយដល់កម្មវិធីសំខាន់ៗរបស់កម្ពុជា»។ លោក Grevatt បន្តថាបើតាមការរាយការណ៍តាមអនឡាញ VN4s ត្រូវបានប្រើដោយកម្លាំងសន្តិសុខនៅក្នុងការបង្ក្រាបប្រឆាំងនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងឆ្នាំ ២០១៤។
បើយោងតាមវេបសាយ armyrecognition.com រថពាសដែកមានទម្ងន់ ៩ តោននេះមានទំហំ ៤x៤s និងផ្ទុកកាំភ្លើងយន្តធុនធ្ងន់មានទំហំ ១២,៧ mm រួមទាំងប្រដាប់បាញ់គ្រាប់បែកផ្សែងផងដែរ។ លោក Grevatt ឲ្យដឹងថារថពាសដែកនៅក្នុងប្រទេសកម្ពុជាហាក់ «គិតខ្លាំងអំពីសន្តិសុខផ្ទៃក្នុង» ព្រោះវាមានសំណាញ់បាំងបង្អួចជិតដែលគេមិនអាចមើលឃើញនៅខាងក្នុង។
លោកថ្លែងថា៖ «នោះមានន័យថាបញ្ហាកុបកម្មជាក់ស្តែង និងស្រដៀងគ្នានៃភាពចលាចលផ្ទៃក្នុងអាចនៅកើតមាន»។
នាយទាហានមួយរូបដែលនិយាយក្នុងលក្ខខណ្ឌសុំមិនឲ្យបញ្ចេញឈ្មោះបានឲ្យដឹងថាលោកជឿជាក់ថារថពាសដែក (APCs) ចំនួនបីគ្រឿងដែលលោកបញ្ជាក់ថាទទួលបានប្រហែលជានៅក្នុងអំឡុងខែមិថុនា ឬកក្កដាវាអាចនឹងត្រូវប្រើសម្រាប់ការប្រឈមជាមួយនឹងការធ្វើបាតុកម្មផ្សេងៗ។ «កាំភ្លើងបាញ់គ្រាប់បែកផ្សែងទាំងនេះអាចបាញ់បានចម្ងាយប្រហែល ៥០០ ម៉ែត្រហើយវាអាចនឹងត្រូវប្រើដើម្បីបង្ក្រាបលើក្រុមអ្នកតវ៉ា»។ «វាងាយស្រួលសម្រាប់ក្រុមប៉ូលិសប្រើវាពីព្រោះពួកគេមិនចាំបាច់មកប្រឈមមុខផ្ទាល់ជាមួយក្រុមអ្នកតវ៉ា... និងដុំថ្មនោះទេ»។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានថ្លែងថាកងរាជអាវុធហត្ថត្រូវការ «រថពាសដែកសម្រាប់បង្ក្រាបហ្វូងមនុស្សច្រើន» គឺជា «រឿងសំខាន់ខ្លាំងណាស់»។
លោកបានឲ្យដឹងតាមរយៈអ៊ីមែលថា៖ «មើលទៅច្បាស់ដូចជាការសម្លាប់រង្គាលនៅពេលដែលគិតអំពីការតវ៉ាក្នុងរយៈពេលជាង ៥ ឆ្នាំកន្លងមកនេះដែលភាគច្រើនបំផុតគឺប្រព្រឹត្តទៅដោយសន្តិវិធីទាំងស្រុង»។ «មិនមានការគេចវេះចេញពីសំណួរធ្ងន់ៗដែលលើកឡើងអំពីការយល់ឃើញរបស់រដ្ឋាភិបាលលើស្ថានភាពនយោបាយថា វានឹងមានលក្ខណៈយ៉ាងណានៅក្នុងការបោះឆ្នោតជាតិដែលនឹងចូលមកដល់ក្នុងឆ្នាំ ២០១៨ នោះទេ។ តើពួកគេកំពុងរៀបចំសម្រាប់ធ្វើអ្វីឲ្យប្រាកដ? »៕ NS
No comments:
Post a Comment