Friday, January 6, 2017

អតីត​ពលរដ្ឋ​បុរីកីឡា​ត្អូញត្អែរ​ពី​ការ​លំបាក​វេទនា​ក្រោយ​ពី​ត្រូវ​បណ្ដេញ​ចេញ​រយៈពេល​៥​ឆ្នាំ


អតីត​ពលរដ្ឋ​បុរីកីឡា លោកស្រី សាន សារ៉ុម ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Brach Chev



ពលរដ្ឋ​បុរីកីឡា​ដែល​មិន​ទាន់​ទទួល​បាន​សំណង និង​អ្នក​ទទួល​បាន​សំណង​តិចតួច នៅ​តែ​រស់នៅ​ដោយ​វេទនា​ក្រោយ​ការ​បណ្ដេញ​រយៈពេល ៥​ឆ្នាំ​ក្រោយ​មក។ ក្រុម​ពលរដ្ឋ​ដែល​ក្រាញ​ននៀល​នៅ​ភ្នំពេញ ពួក​គេ​បាន​រស់នៅ​លើ​អគារ​បាក់បែក​ក្បែរ​គំនរ​សំរាម។ ចំណែក​មួយ​ក្រុម​ទៀត​ដែល​ត្រូវ​បញ្ជូន​ទៅ​តំបន់​ភ្នំ​បាត ខេត្ត​កណ្តាល គ្មាន​ផ្ទះ​សម្បែង​សមរម្យ គ្មាន​ការងារ​ច្បាស់លាស់ រហូត​ធ្លាក់​ខ្លួន​ដើរ​សុំ​ទាន ដើរ​រើស​អេតចាយ​ដើម្បី​រស់។

គំនរ​សំរាម សំណង់​អគារ​ចាស់​បែកបាក់ និង​សំយាប​ផ្ទះ បាន​ក្លាយ​ជា​ជម្រក​របស់​ក្រុម​ពលរដ្ឋ​បុរីកីឡា ដែល​មិន​ទាន់​ទទួល​បាន​សំណង និង​អតីត​ក្រុម​ពលរដ្ឋ​បុរីកីឡា។ ព្រោះ​តែ​ពាក្យ​អភិវឌ្ឍន៍​មួយ​ម៉ាត់ ធ្វើ​ឲ្យ​ក្រុម​ពលរដ្ឋ​ទាំងនោះ​ត្រូវ​គេ​ជម្លៀស​ចេញ​ពី​ផ្ទះ បណ្ដេញ​ចេញ​ដោយ​បង្ខំ បាត់បង់​មុខ​របរ ធ្លាក់​ខ្លួន​ដើរ​រើស​អេតចាយ សុំ​ទាន ឬ​ដើរ​ស៊ី​ឈ្នួល​បោក​ខោ​អាវ​ឲ្យ​គេ។ រយៈពេល ៥​ឆ្នាំ​មក​នេះ ក្រុម​ពលរដ្ឋ​ទាំងនេះ​នៅ​តែ​ទាមទារ​តវ៉ា​ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ហើយ​ក៏​ជៀស​មិន​ផុត​ពី​ក្រុម​សន្តិសុខ​សាលា​ក្រុង​បង្ក្រាប​ដោយ​ហិង្សា។ ជាក់ស្តែង​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ជា​ឧទាហរណ៍​ស្រាប់។

អតីត​ពលរដ្ឋ​បុរីកីឡា លោកស្រី សាន សារ៉ុម មាន​សភាព​ទឹក​មុខ​ស្លេក​ស្លាំង បាន​ចាកចេញ​ពី​តំបន់​ភ្នំ​បាត ដើរ​សុំ​ជ្រក​តាម​សំយាប​ផ្ទះ​គេ​នៅ​ភ្នំពេញ ក្នុង​តំបន់​បុរីកីឡា ដែល​សព្វថ្ងៃ​ស៊ី​ឈ្នួល​បោក​ខោ​អាវ និង​ដើរ​រើស​អេតចាយ។ លោកស្រី​ឲ្យ​អាស៊ីសេរី​ដឹង​ថា នៅ​ភ្នំ​បាត​ដែល​ក្រុម​អាជ្ញាធរ​យក​ក្រុម​លោកស្រី​ទៅ​ចាក់​ចោល​ទីនោះ មិន​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ទេ។ ពលរដ្ឋ​ចោទ​ប្រកាន់​ថា អាជ្ញាធរ និង​ក្រុមហ៊ុន បោក​បញ្ឆោត​ឲ្យ​លោកស្រី​ទៅ​រស់នៅ​ភ្នំ​បាត ដោយ​សន្យា​ថា​នឹង​អភិវឌ្ឍ​តំបន់​នោះ ដើម្បី​ឲ្យ​ក្រុម​ពលរដ្ឋ​មាន​ជីវភាព​ធូរធារ ប៉ុន្តែ​រយៈពេល ៥​ឆ្នាំ​មក​នេះ អាជ្ញាធរ​មិន​បាន​ធ្វើ​ដូច​ការ​អះអាង​ឡើយ៖ «សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​មើល​ពួក​ខ្ញុំ​នៅ​ភ្នំ​បាត នេះ​ផង រស់នៅ​ដោយ​វេទនា អត់​ឃ្លាន ស្លាប់​អស់ ១៣​នាក់​ហើយ។ ឥឡូវ​ចាស់ៗ​ជរា​ឈឺ​បន្ត​ទៀត​ហើយ»។


ស្ត្រី​មួយ​រូប​ទៀត លោកស្រី គឹម សារ៉ន ជា​អតីត​ពលរដ្ឋ​បុរីកីឡា ដែល​ដើរ​សុំ​សំយាប​ផ្ទះ​គេ​រស់នៅ​ក្នុង​រាជធានី ឲ្យ​ដឹង​ដែរ​ថា សព្វថ្ងៃ​នេះ លោកស្រី​បាត់បង់​មុខ​របរ ហើយ​កូន​ក៏​ត្រូវ​បោះបង់​ចោល​ការ​សិក្សា​ទៀត។ លោកស្រី​រំឭក​ថា មូលហេតុ​ដែល​លោកស្រី​យល់ព្រម​ចាកចេញ​ពី​បុរីកីឡា​កាល​ពី ៥​ឆ្នាំ​មុន ព្រោះ​ខ្លាច​អាជ្ញាធរ​វាយ​បង្ក្រាប ឬ​ចាប់​ដាក់​គុក ទើប​សុខ​ចិត្ត​ទៅ​រស់នៅ​តំបន់​ភ្នំ​បាត បណ្ដោះអាសន្ន​ទាំង​ទទួល​បាន​សំណង​តិចតួច៖ «គ្មាន​បាន​សំណង​អី​សមរម្យ​ទេ។ គាត់​យក​ទៅ​ទីនោះ​ចាក់​ចោល។ គាត់ (លោក កែប ជុតិមា) សន្យា​ថា ទៅ​នៅ​សិន​ទៅ! ចាំ​គាត់​ធ្វើ​ផ្ទះ​ឲ្យ គ្មាន​ឃើញ​ក្រុមហ៊ុន ឬ​អាជ្ញាធរ​ធ្វើ​អី​ឲ្យ​បន្ថែម​ទៀត​ទេ។ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​មក​ភ្នំពេញ​វិញ ខ្ញុំ​មក​កន្លែង​ដើម​វិញ ទាមទារ​សំណង​បន្ថែម»។

អតីត​ពលរដ្ឋ​បុរីកីឡា លោកស្រី គឹម សារ៉ន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Brach Chev

សព្វថ្ងៃ ពលរដ្ឋ​ដែល​ត្រូវ​អាជ្ញាធរ​ជម្លៀស​ទៅ​រស់នៅ​ភ្នំ​បាត ទាំង​មុន និង​ក្រោយ​ទាំងអស់​ជាង ១៤០​គ្រួសារ។ កន្លែង​ដែល​ពួក​គេ​រស់នៅ កណ្ដាល​ព្រៃ​ភ្នំ និង​គ្មាន​ដី​ទំនេរ​ឲ្យ​ពួក​គេ​បង្កបង្កើនផល​ឡើយ។ ក្រុម​ពលរដ្ឋ​លើក​ឡើង​ថា ពួក​គេ​ចង់​បាន​សំណង​បន្ថែម​ជា​ទឹកប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ និង​ទីតាំង​ថ្មី​ដែល​នៅ​ក្បែរ​ក្រុង​ភ្នំពេញ។

ទីតាំង​ដែល​ជម្លៀស​ពលរដ្ឋ​ទៅ​រស់នៅ​ទីនោះ​មាន​ចម្ងាយ​ជាង ៥០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំ​ព្រះរាជទ្រព្យ ដែល​ជា​តំបន់​ទេសចរណ៍។ ប៉ុន្តែ​ពលរដ្ឋ​គ្មាន​លទ្ធភាព​ទៅ​ប្រកប​របរ​នៅ​ក្នុង​តំបន់​មួយ​នេះ ព្រោះ​ពួក​គេ​គ្មាន​ដើមទុន។

លោកស្រី រង់ សំណាង សព្វថ្ងៃ​កំពុង​មាន​ជំងឺ​ស្ថិត​ក្នុង​ទឹក​មុខ​ស្លេក​ស្លាំង ហើម​ដៃ​ហើម​ជើង ដែល​កំពុង​រស់នៅ​តំបន់​ភ្នំ​បាត ប្រាប់​ថា ដោយសារ​លោកស្រី​ខ្វះ​លុយ​សម្រាល​កូន និង​ខ្វះខាត​ក្នុង​ការ​រស់នៅ ត្រូវ​បង្ខំ​ចិត្ត​កាត់​សក់​ក្បាល​លក់។ លោកស្រី​ថា តាំង​ពី​មក​រស់នៅ​ទីនោះ​បាន ៥​ឆ្នាំ លោកស្រី​ទើប​កាត់​សក់​លក់​បាន​ពីរ​ដង​ប៉ុណ្ណោះ គឺ​លក់​ម្តង​បាន​លុយ​ពី ៧​ម៉ឺន​រៀល​ទៅ ៨​ម៉ឺន​រៀល៖ «ខ្ញុំ​មក​ហ្នឹង​គ្មាន​អី​ស៊ី។ ខ្ញុំ​កាត់​សក់​ក្បាល​លក់​អស់​ហើយ។ ឥឡូវ​ខ្ញុំ​កូន​ខ្ចី ផ្ទះ​បែកបាក់​ទៀត គ្មាន​អ្នក​ណា​មើល​ឃើញ​ខ្ញុំ​ទេ។ ដល់​ថ្នាក់​ថ្ងៃ​អាទិត្យ កូន​ទៅ​សុំ​ទាន​នៅ​លើ​ភ្នំ»។

អតីត​ពលរដ្ឋ​បុរីកីឡា ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ឲ្យ​ទៅ​រស់នៅ​តំបន់​ភ្នំ​បាត ត្រង់​ចំណុច​ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល ប្រមាណ ១៤០​គ្រួសារ កាល​ពី​ឆ្នាំ​២០១២។ ពួក​គេ​ប្រាប់​ថា ពួក​គេ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ថវិកា ៤០​ម៉ឺន​រៀល សសរ​ផ្ទះ​បួន​ដើម ស័ង្កសី ១០​សន្លឹក​ប៉ុណ្ណោះ និង​ដី​មួយ​កន្លែង​ក្បាល​បួន​ម៉ែត្រ​កន្លះ បណ្តោយ ១២​ម៉ែត្រ។ ក្នុង​ចំណោម​អ្នក​ទាំងនោះ ក៏​មាន​អ្នក​ខ្លះ​ទៀត​ថា ពួក​គេ​មិន​ទាន់​ទទួល​បាន​អ្វី​ទាំងអស់។

ក្រុម​ពលរដ្ឋ​មាន​តែ​ដី និង​ផ្ទះ ក្រៅ​ពី​នេះ​គ្មាន​អ្វី​ទាំងអស់ ព្រោះ​ទឹក​ត្រូវ​ទិញ​គេ​ក្នុង​មួយ​ពាង​តម្លៃ ៥.០០០​រៀល ព្រោះ​ទឹក​អណ្ដូង​មាន​ជាតិ​ភ្លាវ និង​ត្រូវ​ភ្ជាប់​ភ្លើង​ពី​ឈ្មួញ ១​គីឡូ​ថ្លៃ ១.៥០០​រៀល។ ផ្ទះ​ពួក​គេ​សង់​នៅ​លើ​ដី​ក្បាល​ជាង ៤​ម៉ែត្រ បណ្តោយ​ជាង ១០​ម៉ែត្រ ធ្វើ​ពី​ឈើ ប្រក់​ស័ង្កសី ជញ្ជាំង​បាំង​បិទ​ដោយ​ស្លឹក​ត្នោត ស្លឹក​ដូង ឬ​ស័ង្កសី សសរ​តូចៗ គ្មាន​ដី​សេសសល់​ដើម្បី​ដាំ​ដំណាំ ឬ​អាច​ធ្វើ​ស្រែ​ចម្ការ​បាន​ឡើយ។ ក្រៅ​ពី​ដី និង​ផ្ទះ ពលរដ្ឋ​ខ្លះ​មាន​ដើម​ស្វាយ​នៅ​មុខ​ផ្ទះ​មួយ​ដើម ហើយ​សព្វថ្ងៃ​នេះ ស្វាយ​នោះ​ក៏​ចេញ​ផ្លែ​ចេញ​ផ្កា​ដែរ។

ទាក់ទង​រឿង​ដើម​ស្វាយ​នេះ អតីត​ពលរដ្ឋ​បុរីកីឡា លោកស្រី សាន សារ៉ុម រំឭក​ឡើង​វិញ​ថា កាល​ពី ៥​ឆ្នាំ​មុន នៅ​ពេល​ស្វាយ​នេះ​ផ្លែ លោក កែប ជុតិមា នឹង​សង់​ផ្ទះ​ថ្មី​ជូន​ពលរដ្ឋ និង​រៀបចំ​តំបន់​នេះ​ឲ្យ​មាន​ផ្លូវ ទឹក ភ្លើង សាលា​រៀន មន្ទីរពេទ្យ។ ពលរដ្ឋ​ដដែល​បន្ត​ថា នៅ​ពេល​នេះ ខណៈ​ការ​សន្យា​របស់​អតីត​អភិបាល​ក្រុង​មិន​ត្រូវ​បាន​ធ្វើ​ដូច​ការ​អះអាង​ដូចនេះ ពួក​គេ​មាន​តែ​លើក​គ្នា​មក​រស់នៅ​ភ្នំពេញ​ជា​ថ្មី ដោយ​នាំ​គ្នា​ទៅ​រស់នៅ​លើ​អគារ​ចាស់​នៅ​បុរីកីឡា៖ «គាត់ (លោក កែប ជុតិមា) បាន​មក​សម្ពោធ​ក្នុង​សហគមន៍​នៅ​ភ្នំ​បាត ដោយ​សន្យា​ថា ប្រាំ​ឆ្នាំ​បើ​ស្វាយ​ហ្នឹង​ផ្លែ គាត់​នឹង​ចេញ​ប្លង់​ឲ្យ នឹង​ធ្វើ​ផ្ទះ​ថ្ម​ឲ្យ​ពួក​ខ្ញុំ។ តាំង​ពី​មក​នៅ​ប្រាំ​ឆ្នាំ​ហើយ អត់​ឃើញ​មាន​រដ្ឋាភិបាល​ណា​មក​អើត​ខ្ញុំ​ទេ។ ឥឡូវ​មាន​តែ​ពួក​ខ្ញុំ​រត់​ទៅ​នៅ​ភ្នំពេញ​វិញ​ហើយ»។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា ចំពោះ​ការ​លើក​ឡើង​របស់​ក្រុម​ពលរដ្ឋ​បាន​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​មករា។

ចំណែក​អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សាលា​ក្រុង ឬ​ក្រុមហ៊ុន មិន​អាច​ផ្តល់​សំណង​បន្ថែម​ដល់​ក្រុម​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​តំបន់​ភ្នំ​បាត ឡើយ ព្រោះ​ពួក​គេ​បាន​យល់ព្រម​ទទួល​យក​សំណង ឬ​ក៏​គោល​នយោបាយ​រួច​រាល់​អស់​ហើយ៖ «ពួក​គាត់​បាន​ទទួល​គោល​នយោបាយ​រួច​ហើយ ហើយ​គាត់​បាន​ទៅ​នៅ​ប៉ុន្មាន​ឆ្នាំ​ហើយ ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ ចំពោះ​ពង្រឹង​សហគមន៍​របស់​គាត់ យើង​នឹង​ទៅ​ដោះស្រាយ​តាម​របៀប​ជួយ​សហគមន៍​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ»។

លោក​អភិបាល​រង​ក្រុង​បន្ត​ថា ករណី​ជម្លោះ​ដីធ្លី​តំបន់​បុរីកីឡា​មាន​ទាំងអស់ ១៥៤​គ្រួសារ ពេល​នេះ​អាជ្ញាធរ​ដោះស្រាយ​ស្ទើរ​រួច​រាល់​ហើយ នៅ​សល់​តែ ១៥​គ្រួសារ​ប៉ុណ្ណោះ។ លោក​ថា សាលា​ក្រុង​កំពុង​ប្រជុំ​ជជែក​ដោះស្រាយ​បន្ត​ជូន​ពលរដ្ឋ​ទាំងនោះ។ ចំណែក​ក្រុម​ពលរដ្ឋ ៣០​គ្រួសារ​ផ្សេង​ទៀត អាជ្ញាធរ​កំពុង​ដោះស្រាយ​ជិត​រួច​រាល់​អស់​ហើយ។

តំណាង​ពលរដ្ឋ​បុរីកីឡា លោកស្រី សរ ស៊ន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Brach Chev

យ៉ាង​ណា​ក៏ដោយ ផ្ទុយ​ពី​ការ​ថ្លែង​របស់​អភិបាល​រង​ក្រុង​ភ្នំពេញ លោក មាន ចាន់យ៉ាដា ក្រុម​ពលរដ្ឋ​ទាំង ១៥​គ្រួសារ​ដែល​ត្រូវ​ចូល​ជួប​ប្រជុំ​ជាមួយ​លោក មាន ចាន់យ៉ាដា នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា បដិសេធ​មិន​ទទួល​យក​សំណង​ដែល​សាលា​ក្រុង​ផ្តល់​ឲ្យ​ទេ។

តំណាង​ពលរដ្ឋ​បុរីកីឡា លោកស្រី សរ ស៊ន ឲ្យ​អាស៊ីសេរី​ដឹង​ថា ការ​ផ្ដល់​ជម្រើស​ពីរ​សម្រាប់​ពួក​គាត់ គឺ​ទទួល​យក​លុយ ៣​ពាន់​ដុល្លារ​ដើម្បី​ចាកចេញ ឬ​ត្រូវ​ទៅ​រស់នៅ​ភូមិ​អណ្ដូង ជាយ​រាជធានី​ភ្នំពេញ។ សាលា​រាជធានី​ភ្នំពេញ ទុក​ពេល ១​ខែ​ឲ្យ​ពលរដ្ឋ​សម្រេច​ចិត្ត។ បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​នឹង​បណ្ដេញ​ពួក​គេ​ចេញ៖ «ពួក​ខ្ញុំ​ទាំងអស់​គ្នា​ប្ដេជ្ញា​មិន​ចាកចេញ​ពី​អគារ​ទេ ស៊ូ​ស្លាប់​នៅ​លើ​អគារ​ហ្នឹង ព្រោះ​អី​សម្ដេច ហ៊ុន សែន ឲ្យ​ពួក​យើង​ទាំងអស់​គ្នា​រស់នៅ​បុរីកីឡា»។

លោកស្រី​បញ្ជាក់​ថា ជំហរ​របស់​ពលរដ្ឋ គឺ​ឲ្យ​ក្រុមហ៊ុន​សង់​អគារ​បន្ថែម​ដល់​ពួក​គេ បើ​មិន​ដូច្នេះ​ទេ ពួក​គេ​ចង់​បាន​ទឹកប្រាក់​ចន្លោះ​ពី ៤​ម៉ឺន​ទៅ ៦​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នៃ​ការ​ចាកចេញ​នេះ។

បើ​តាម​ការ​បញ្ជាក់​របស់ លោក មាន ចាន់យ៉ាដា ការ​ផ្តល់​សំណង​ដល់​ក្រុម​ពលរដ្ឋ​ទាំង ១៥​គ្រួសារ ជា​ជម្រើស​ចុង​ក្រោយ​ហើយ ព្រោះ​ក្រុម​ពលរដ្ឋ​ក្នុង​តំបន់​ផ្សេង​ទៀត​យល់ព្រម​ទទួល​សំណង​រួច​អស់​ហើយ។

ពលរដ្ឋ​រស់នៅ​តំបន់​បុរីកីឡា ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បណ្ដេញ​ចេញ និង​ឈូស​ឆាយ​លំនៅឋាន ដើម្បី​យក​ដី​តំបន់​នោះ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន ផាន​អ៊ីម៉ិច (Phan Imex) អភិវឌ្ឍ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២។

កិច្ចសន្យា​សាងសង់​អគារ​រវាង​ក្រុមហ៊ុន ផាន​អ៊ីម៉ិច និង​ពលរដ្ឋ​បុរីកីឡា កាល​ពី​ខែ​មករា ឆ្នាំ​២០០៤ មាន​ស្នាម​ផ្ដិត​មេដៃ​របស់​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន ផាន​អ៊ីម៉ិច និង​ស្នាម​ផ្ដិត​មេដៃ​តំណាង​សហគមន៍​បុរីកីឡា រួម​មាន​ទាំង​អតីត​ចៅហ្វាយ​ក្រុង​ភ្នំពេញ លោក កែប ជុតិមា ជា​សាក្សី ព្រមព្រៀង​គ្នា​ថា ក្រុមហ៊ុន​ត្រូវ​សង់​អគារ​ចំនួន ១០​ខ្នង​ឲ្យ​ទៅ​អ្នក​បុរីកីឡា រស់នៅ។ ជា​ថ្នូរ​នឹង​ការ​សាងសង់​នេះ ក្រុមហ៊ុន ផាន​អ៊ីម៉ិច ទទួល​បាន​ដី​ទំហំ​ជាង ២​ហិកតារ​កន្លះ​ពី​រដ្ឋ​សម្រាប់​សាងសង់​ផ្ទះ​ល្វែង​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​សហគមន៍​បុរីកីឡា​ដដែល​នោះ។

បើ​ទោះ​ជា​កិច្ចសន្យា​នេះ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​កាតព្វកិច្ច​ផ្លូវ​ច្បាប់ ដែល​ក្រុមហ៊ុន​ត្រូវ​សង់​ឲ្យ​បាន ១០​អគារ​ក៏ដោយ ប៉ុន្តែ​ក្រោយ​ពេល​សង់​បាន​តែ ៨​អគារ ក្រុមហ៊ុន ផាន​អ៊ីម៉ិច បាន​ប្រកាស​ថា ខាតបង់​ជាង ៣​លាន​ដុល្លារ​អាមេរិក នាំ​ឲ្យ​មិន​អាច​សាងសង់ ២​ខ្នង​ទៀត​បាន​ឡើយ។ គ្មាន​ការ​ត្រួត​ពិនិត្យ​ណា​មួយ​ពី​សមត្ថកិច្ច​រដ្ឋ ឬ​តុលាការ ដើម្បី​បញ្ជាក់​ថា ក្រុមហ៊ុន​ពិត​ជា​មាន​ការ​ខាតបង់​មែន ឬ​ទេ។

ស្ថានភាព​អតីត​អ្នក​បុរីកីឡា នៅ​តំបន់​ភ្នំបាត ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ Photo: RFA

ក្រុម​អ្នក​ច្បាប់ និង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ដែល​បាន​តាមដាន​បញ្ហា​នេះ សុទ្ធតែ​អះអាង​ថា ក្រុមហ៊ុន ផាន​អ៊ីម៉ិច ជា​អ្នក​បំពាន​ច្បាប់​ក្នុង​វិវាទ​ដីធ្លី​សហគមន៍​បុរីកីឡា។

អ្នកស្រី ស៊ុយ សុផាន ជា​ឈ្មួញ​រក​ស៊ី​ដី​ល្បី​ឈ្មោះ​ដែល​រង​ការ​ចោទ​ប្រកាន់​ថា រំលោភ​បំពាន​ដី​ពលរដ្ឋ​នោះ សូម្បី​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ក៏​ធ្លាប់​សារភាព​ថា លោក​ធ្លាប់​ចាញ់​បោក​អ្នកស្រី ស៊ុយ សុផាន ដែរ។ លោក​ថា កាល​ពី​លោក​នៅ​ធ្វើ​អភិបាល​ក្រុង​ភ្នំពេញ ដោយ​កាលណោះ អ្នកស្រី ស៊ុយ សុផាន សន្យា​ថា​នឹង​ជួសជុល​ផ្លូវ​នៅ​ម្តុំ​ផ្សារ​ធំ​ថ្មី ជា​ថ្នូរ​នឹង​ការ​លក់​លុយ​ថ្លៃ​ភាស៊ី​ផ្សារ​ធំ​ថ្មី ប៉ុន្តែ​អ្នកស្រី​មិន​ជួសជុល​ផ្លូវ​នោះ​ឡើយ។

នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ សង្កេត​ឃើញ​ថា ករណី​ដីធ្លី​តំបន់​បុរីកីឡា ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ដោះស្រាយ​បាន​ច្រើន​ហើយ ប៉ុន្តែ​ក៏​នៅ​តែ​មាន​ពលរដ្ឋ​ផ្សេង​ទៀត និង​ពលរដ្ឋ​រស់នៅ​ភ្នំ​បាត មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ។

លោក សៀ ភារម្យ ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​ជាង ៤​ឆ្នាំ​កន្លង​ទៅ ក្នុង​ចំណោម​ពលរដ្ឋ​មិន​ព្រម​ចាកចេញ​ចំនួន ១៥៤​គ្រួសារ អាជ្ញាធរ​ដោះស្រាយ​បាន ៩០​ភាគរយ ដែល​ជា​ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​រស់នៅ​អគារ​ថ្មី​បុរីកីឡា។ លោក​ថា ក្រុម​ពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស​ឲ្យ​ទៅ​រស់នៅ​ភ្នំ​បាត ខេត្ត​កណ្ដាល នៅ​តែ​រស់នៅ​ដោយ​លំបាក​វេទនា៖ «វា​ជា​បទពិសោធន៍​អាក្រក់​ហើយ មិន​មាន​ការ​គិតគូរ​ទេ ក្រោយ​ពី​ការ​យក​ពលរដ្ឋ​ចេញ​ទៅ​ដាក់​ឲ្យ​ឆ្ងាយ​ផុត​ពី​ភ្នែក​គេ ឬ​ដាក់​ឲ្យ​ឆ្ងាយ​ពី​តំបន់​អ្នក​មាន ការ​ខុស​ឆ្គង​នេះ​ហើយ ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​បាត់បង់​ប្រជាប្រិយភាព»។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា មាន​ប្រសាសន៍​ថា សព្វថ្ងៃ​នេះ​លោក​មាន​ករណី​ជម្លោះ​ដីធ្លី​ជាង ១០០​ករណី ទាក់ទង​អ្នកស្រី ស៊ុយ សុផាន ហើយ​លោក​នឹង​កោះ​ហៅ​នាយិកា​ក្រុមហ៊ុន ផាន​អ៊ីម៉ិច រូប​នេះ​មក​ក្រសួង ដើម្បី​ដោះស្រាយ។ ប៉ុន្តែ​ចាប់​តាំង​ពី​ថ្លែង​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​ឃើញ​មាន​ការ​កោះ​ហៅ​អ្នកស្រី ស៊ុយ សុផាន នៅ​ឡើយ​ទេ។

ការ​អះអាង​បែប​នេះ​របស់​លោក​រដ្ឋមន្ត្រី ជា សុផារ៉ា ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​តំបន់​បុរីកីឡា​ខ្លះ​សង្ឃឹម​ថា វិបត្តិ​ដីធ្លី​នេះ​នឹង​ត្រូវ​បាន​ដោះស្រាយ ឬ​មាន​ភាព​ប្រសើរ​ជាង​នេះ។ ប៉ុន្តែ​ពលរដ្ឋ​ផ្សេង​ទៀត ក៏​មិន​សូវ​សង្ឃឹម​ដែរ ព្រោះ​គេ​យល់​ថា លោក​រដ្ឋមន្ត្រី​គ្រាន់​តែ​ថ្លែង​ប៉ុណ្ណោះ។ ទោះ​រង​ការ​ព្រមាន​បណ្ដេញ​ជា​ថ្មី​ពី​បុរីកីឡា​ពី​សំណាក់​សាលា​ក្រុង​ភ្នំពេញ ក្រុម​ពលរដ្ឋ​ទាំង ១៥​គ្រួសារ នៅ​តែ​អះអាង​ថា មិន​ចាកចេញ​ពី​នេះ​ទេ ទោះ​រង​ការ​បង្ក្រាប​ជា​ថ្មី​ក៏ដោយ៕

No comments:

Post a Comment