Friday, January 6, 2017

អ្នក​ភូមិ​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​​នៅ កោះកុង មិន​ព្រម​ទទួល​ដំណោះ​ស្រាយ​ពី​ក្រសួង

                                                                                                                                                                            ភ្នំពេញៈ ក្រោយ​ពី​ចុះ​ធ្វើការ​ស្រាវជ្រាវ​រឿង​វិវាទ​ដីធ្លី នៅ​ស្រុក​ស្រែអំបិល និង​ស្រុក​បទុម​សាគរ ខេត្ត កោះ​កុង ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​កោះកុង​ផ្លេន​ថេសិន និង​ក្រុមហ៊ុន​កោះកុង​ស៊ូហ្គ័រ អ៊ីន​ដាស្ទ្រី ក្រសួង​ដែនដី​បាន​ផ្តល់​ដំណោះស្រាយ​មួយ​ដល់​អ្នក​រងគ្រោះ​ដីធ្លី ១៧៥ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន ១ ហិកតា​កន្លះ ខណៈ​ភាគី​រងគ្រោះ​ទាមទារ ២ ហិកតា និង​ស្នើសុំ​សំណង​ជម្ងឺ​ចិត្ត​ចំនួន ៥ ០០០ ដុល្លារ ។

ការ​ផ្តល់​នូវ​ជំហរ​ដោះស្រាយ បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​រវាង​អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​ការងារ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ទី ៨ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ទេព ធន ជាមួយ​តំណាង​ប្រជាពលរដ្ឋ​ទាំង ១៧៥គ្រួសារ កាលពី​ម្សិលមិញ នៅ​ទីស្តីការ​ក្រសួង​រៀបចំ​ដែនដី ដែល​អនុញ្ញាត​ឱ្យ​តំណាង​ពលរដ្ឋ ១៥​នាក់​ចូលជួប។

ក្រោយ​កិច្ច​ប្រជុំ​ភាគី​ទាំង​ពីរ ​បាន​ចេញ​កំណត់ហេតុ​មួយ ដោយ​ប្រជាពលរដ្ឋ​ បដិសេធ​ទទួល យក ១ ហិកតា​កន្លះ និង​ស្នើ​សុំ​ដី ទំហំ ២ហិកតា ក្នុង​មួយ​គ្រួសារ និង​ជាដី​ដែល​មិន​ឆ្ងាយ​ពី​ភូមិ​របស់​ប្រជាពលរដ្ឋ និង​សុំឱ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​រៀបចំ​ប្រព័ន្ធ​ផ្លូវ និង​ជួសជុល​ផ្លូវ​ប្រវែង​ប្រមាណ ៩០០ ម៉ែត្រ និង​ទទឹង ៥ ម៉ែត្រ។

ក្រៅពីនោះ​ពលរដ្ឋ ប្រជាពលរដ្ឋ​ក៏បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន ផ្តល់​សំណង​ជម្ងឺ​ចិត្ត​ចំពោះ​ការ​ខូចខាត​ផ្សេងៗ​ក្នុង​មួយ​គ្រួសារ ៥ ពាន់​ដុល្លារ​ផងដែរ។

ប្រធាន​ក្រុមការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ទី ៨ ទេព ធន បាន​ថ្លែង​ថា ដំបូង​ឡើង​ក្រសួង​បាន​សម្រេច​ផ្តល់​ដី ១​ហិកតា​កន្លះ ដល់​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​ តែ​ពលរដ្ឋ​មិន​ព្រម។

លោក​ថា «ដោយសារ​ឃើញ​ទម្រង់​ ១ហិកតា កន្លះ ល្អចឹង​យើង​ចង់​ធ្វើតាម​ហ្នឹង តែ​ដល់​ហើយ​គាត់​ថា​មិន​ព្រម​ទេ ​គាត់​សុំ ២ហិកតា ប៉ុន្តែ​យ៉ាងណា​ក៏​ខិតជិត​គ្នា​បន្តិច​ដែរ»។


យ៉ាងណា​ក៏​ដោយ លោក​នឹង​យក​សំណើរ​របស់​ប្រជាពលរដ្ឋ​បញ្ជូន​ទៅ​ថ្នាក់​ដឹក​នាំ​ក្រសួង​លើ​ដើម្បី​ពិនិត្យ និង​សម្រេច ឬ​ពិភាក្សា​ជាមួយ​ភាគី​ក្រុមហ៊ុន​បន្ថែម​ទៀត។

លោក​ថា«យើង​ត្រូវ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​បន្ត​ទៀត ហើយ​បើ​ក្រុមហ៊ុន​ឯកភាព យើង​នឹង​រៀបចំ​លើក​សំណើរ​ពី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ដើម្បី ឱ្យ​ឯកឧត្តម​មានការ​លើក​សំណើរ​ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត ពីព្រោះ​ដី​ក្នុង​ដំបន់​នេះ​ជា​ដី​របស់​រដ្ឋ​ដែល​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ទៅឱ្យ​ឯកជន គ្រាន់តែ​ធ្វើទៅ​មាន​ផល​ប៉ះពាល់​ការ​អាស្រ័យ​ផល​របស់​ពួកគាត់»។

តំណាង​ប្រជាពលរដ្ឋ អ្នកស្រី ផាវ ញើង បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​ថា ក្នុង​ការ​ជជែក​ពិភាក្សា​រក​ដំណោះ​ស្រាយ​នោះ ក្រុម​តំណាង​ប្រជាពលរដ្ឋ​មិន​អាច​យក ១ហិកតា​កន្លះ​ទេ ព្រោះ​អ្នកខ្លះ​បាត់បង់​ដី​ច្រើន​ជាង​នេះ។

អ្នកស្រី​ថា «ពីមុន​មាន​អ្នក​បាត់បង់​ដី​ច្រើន ហើយ​មក​ដល់​ពេល​នេះ​យើង​បន្ទាបខ្លួន​រហូត​ទទួល ២ហិកតា និង​លុយ ៥០០០ ដុល្លារ ដែល​ពីមុន​យើង​ទាមទារ​មួយ​ម៉ឺន​ដុល្លារ»។

អ្នកស្រី​បញ្ជាក់ថា ​ការ​ស្នើ​សុំ​ប្រាក់​សំណង​ជម្ងឺ​ចិត្ត​នេះ ដើម្បី​ទៅ​ផ្គត់ផ្គង់​គ្រួសារ និង​សង​បំណុល​ធនាគារ​តាំងពី​បាត់​ដី​ពេល​នោះមក។

បើតាម​អ្នកស្រី ផាវ ញើង បើ​ក្រសួង​មិន​ផ្តល់​ដំណោះស្រាយ​ទៅ​តាម​សំណើរ​នោះ​ទេ ពួកគេ​នឹង​នៅ​តវ៉ា​រហូត​មិន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ទេ​និង​ព្រមាន​ហែរ​ញត្តិ​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ។

កិច្ច​ប្រជុំ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី លោក ប៉ាល់ ចន្ទ​តារា កាល​ពី​ដើម​ខែ មករា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ស្នើឱ្យ​ជួយ​ពិនិត្យ និង​ដោះស្រាយ​ករណី​ដីធ្លី​របស់​ប្រជាពលរដ្ឋ​មកពី​ខេត្តកោះកុង ក្រោយ​ពី​បាន​ទទួល​ញត្តិ​សុំ​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ។

សូម​រំឭក​ថា ប្រជាពលរដ្ឋ​ចំនួន ១១៥ នាក់​តំណាង​ឲ្យ ១៧៥ គ្រួសារ​ បាន​ឡើង​មក​រាជធានី​ភ្នំពេញ​ជាច្រើន​សារ​មក​ហើយ ហើយ​ចុង​ក្រោយ​នេះ ពួកគាត់​បាន​មក​ស្នាក់នៅ​វត្ត​សាមគ្គី​រង្ស៊ី រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២០ ធ្នូ ឆ្នាំ ២០១៦ ដោយបាន​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋសភា ក្រសួង​រៀបចំ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដើម្បី​សុំ​អន្តរាគមន៍​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​វិវាទ ដែល​បាន​អូស​បន្លាយ​អស់ ១០​ឆ្នាំ​មក​នេះ៕

No comments:

Post a Comment