Monday, January 23, 2017

ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ពោធិ៍សាត់​ប្រកប​របរ​ខ្វារ​ត្រី​ឆ្លូញ​ក្រៅ​ពី​របរ​ធ្វើ​ស្រែ​ចម្ការ

ប្រជាពលរដ្ឋ​ខ្វារ​ត្រី​ឆ្លូញ​ក្នុង​ប្រឡាយ​នៅ​ភូមិ​ចកធំ ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hum Chamroeun



ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ចាប់​យក​របរ​ខ្វារ​ត្រី​ឆ្លូញ​ពេល​ទំនេរ​ពី​ការ​ធ្វើ​ស្រែ​ចម្ការ ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។ ពួក​គាត់​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​ទៅ​ស្វែងរក​ទីកន្លែង​ដែល​មាន​ទឹក ដូចជា​ប្រឡាយ និង​បឹង​ជាដើម ដើម្បី​ប្រកប​របរ​នេះ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​ពី ២០ ទៅ ៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ។

ប្រជា​នេសាទ​នៅ​ស្រុក​បាកាន ទាំងអស់​នោះ ពួក​គាត់​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ជា​ក្រុមៗ​មាន​គ្នា​ប្រមាណ​ពី ៥ ទៅ ១០​នាក់​ក្នុង​មួយ​ក្រុម ហើយ​ចេញ​ដំណើរ​ពី​ផ្ទះ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ម៉ោង ៦​ព្រឹក​រហូត​ដល់​ម៉ោង ៩​យប់ ទើប​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ។

នៅ​ជាប់​ម៉ូតូ​របស់​ពួក​គាត់​ឃើញ​មាន​ឧបករណ៍​ខ្វារ​ត្រី​ឆ្លូញ រាង​ដូចជា​រនាស់​រាស់​ដី និង​មាន​ដង​ធ្វើ​ពី​ដើម​ឫស្សី​ដែល​មាន​ប្រវែង​ប្រមាណ ៣​ម៉ែត្រ មាន​ដប​ដាក់​ទឹក​ផឹក និង​ប៊ីដុង​សម្រាប់​ដាក់​ត្រី​ឆ្លូញ​ជាដើម។

ពលរដ្ឋ​ម្នាក់​សម្បុរ​ខ្មៅ​រាង​ស្គម ពាក់​អាវ​យឺត​ខ្មៅ​ដៃ​វែង រស់នៅ​ភូមិ​ស្វាយដូនកែវ ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន លោក វិន ជា ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី នៅ​មាត់​ប្រឡាយ ខណៈ​ខ្វារ​ត្រី​ឆ្លូញ​នៅ​ភូមិ​ចកធំ ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ថា​លោក​ប្រកប​របរ​នេះ​ប្រមាណ ១០​ឆ្នាំ​ហើយ។

បុរស​វ័យ ៤៧​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​រក​ត្រី​ឆ្លូញ ភាគច្រើន​នៅ​តាម​បឹង និង​តាម​ប្រឡាយ​ជាប់​ផ្លូវ​ជាតិ​លេខ​៥ ហើយ​ជួន​ជិត​ជួន​ឆ្ងាយ និង​គ្មាន​ទិសដៅ​ពិត​ប្រាកដ​នោះ​ទេ។ លោក​បន្ត​ថា យ៉ាង​ហោច​ណាស់​ធ្វើ​ដំណើរ​ពី ២០ ទៅ ៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ ដើម្បី​រក​ទីកន្លែង​ខ្វារ​ត្រី​ឆ្លូញ​បាន។ លោក​អះអាង​ថា មុខ​របរ​នេះ​ជា​របរ​បន្ថែម​ក្រៅ​អំពី​ការ​ធ្វើ​ស្រែ​ចម្ការ​រៀង​រាល់​ឆ្នាំ ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ៖ «ជួនកាល​ទៅ​បាត់ដំបង ជួនកាល​ទៅ​ខេត្ត​កំពង់ឆ្នាំង ចេះ​តែ​ដើរ​រក​ទៅ​គ្រាន់​បាន​សង​ថ្លៃ​ជី​ដាក់​ស្រែ​ដែរ។ ពេល​ចេញ​ពី​ផ្ទះ​ព្រម​គ្នា ហើយ​មក​ដល់​កន្លែង​រក​បែក​គ្នា​រក ហើយ​បាន​ត្រី ២ ទៅ ៣​គីឡូក្រាម​រាល់​ថ្ងៃ​មិន​ដាច់​ទេ»។

លោក វិន ជា បន្ត​ក្នុង​ទឹក​មុខ​ញញឹមញញែម​ថា ថ្ងៃ​ណា​រក​ត្រី​បាន​ច្រើន​លក់​បាន​ប្រាក់​ប្រមាណ​ពី ៣​ម៉ឺន​ទៅ ៦​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ លោក​បន្ថែម​ថា ថ្វីត្បិតតែ​របរ​នេះ​រក​បាន​ប្រាក់​ចំណូល​មិន​ច្រើន​ក៏ដោយ ក៏ប៉ុន្តែ​អាច​ជួយ​ដោះ​ទាល់​ជីវភាព​ក្នុង​បន្ទុក​គ្រួសារ​របស់​លោក​បាន​មួយ​ផ្នែក​ដែរ ដោយ​ពុំ​ចាំបាច់​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ យក​មក​ធ្វើ​ដើមទុន​សម្រាប់​ធ្វើ​ស្រែ​នោះ​ទេ៖ «ខ្ញុំ​ប្រកប​របរ​នេះ​មក​តាំង​ពី​អើយ​មក ជា​អាជីព​ទៅ​ហើយ! បើ​ខ្ញុំ​មិន​រក​ទេ អត់​មាន​លុយ​សង​ថ្លៃ​ជី​ដាក់​ស្រែ។ ដល់​ពេល​យើង​ខំ​រក​អ៊ីចឹង​ទៅ បាន​ទប់ទល់​ការ​ចំណាយ​ផ្សេងៗ​ក្នុង​គ្រួសារ​ដែរ»។

ឧបករណ៍​ដែល​ពលរដ្ឋ​ប្រើ​សម្រាប់​ខ្វារ​ត្រី​ឆ្លូញ ពួក​គាត់​ទិញ​ពី​ម៉ូយ​អ្នក​ទិញ​ត្រី​ឆ្លូញ​យក​មក​ពី​ប្រទេស​វៀតណាម លក់​ឲ្យ​ពួក​គាត់​ក្នុង​ឧបករណ៍​មួយ​តម្លៃ​ប្រមាណ ៥​ម៉ឺន​រៀល។ នៅ​ទីកន្លែង​រក​ត្រី​ឆ្លូញ ពួក​គាត់​ចត​ម៉ូតូ​តម្រៀប​គ្នា​នៅ​តាម​មាត់​ប្រឡាយ រួច​យក​ឧបករណ៍​នេសាទ​ត្រី​ឆ្លូញ និង​មាន​ប៊ីដុង​ទឹក​ចំណុះ​ប្រមាណ ២០​លីត្រ ដោយ​មាន​ចោះ​នៅ​ផ្នែក​ចំហៀង​បន្តិច​សម្រាប់​ដាក់​ត្រី ហើយ​ចង​ខ្សែ​ប៊ីដុង​ជាប់​ចង្កេះ​បណ្ដែត​ទឹក​អូស​ជាប់​ខ្លួន​របស់​អ្នក​នេសាទ។ នៅ​ពេល​ចាប់​ត្រី​បាន​ម្ដងៗ ពួក​គាត់​ហាក់​មាន​អារម្មណ៍​សប្បាយ បញ្ចេញ​កម្លាំង​ស្វាហាប់ ដើម្បី​ចាប់​ត្រី​ដាក់​ក្នុង​ប៊ីដុង​យ៉ាង​ឆាប់​រហ័ស។

ពលរដ្ឋ​មក​ពី​ស្រុក​បាកាន ម្នាក់​ទៀត ពាក់​អាវ​ខ្មៅ​ដៃ​វែង លោក ជន សក្ដា ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី នៅ​មាត់​ប្រឡាយ​នៅ​ភូមិ​ចកធំ ឃុំ​កកោះ ខណៈ​សម្រាក​ថ្ងៃ​ត្រង់​ថា លោក​ប្រកប​របរ​នេះ ២​ឆ្នាំ​មក​ហើយ។ លោក​បន្ថែម​ដោយ​សម្ដី​មួយៗ​ថា ត្រី​ដែល​ពួក​គាត់​រក​បាន​យក​ទៅ​លក់​ឲ្យ​ម៉ូយ​នៅ​ផ្សារ​មោងឫស្សី ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ក្នុង​តម្លៃ ១​ម៉ឺន ៤​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ដោយ​មិន​គិត​ថា​ត្រី​តូច ឬ​ត្រី​ធំ​នោះ​ឡើយ៖ «រក​បាន​មួយ​ថ្ងៃ​ជួនកាល ៤​ម៉ឺន ប្រាំ​ម៉ឺន​រៀល​អ៊ីចឹង​ទៅ តាម​រក​បាន​ត្រី​តិច និង​រក​បាន​ច្រើន។ យើង​កាច់​កិន​ចំណាយ​ថ្លៃ​ម៉ូតូ​ថ្លៃ​ហូប​នំ​ចំណី​អី​ទៅ សល់​ប្រាក់​បាន​ខ្លះ​ដែរ គ្រាន់​ត្រឡប់​ទៅ​ផ្ទះ​វិញ»។

ទាក់ទង​នឹង​បញ្ហា​នេះ មេ​ឃុំ​ស្វាយដូនកែវ លោក ឌឹម គឹមហៀត មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ស្វាយដូនកែវ ប្រកប​របរ​ខ្វារ​ត្រី​ឆ្លូញ​មាន​ប្រមាណ ១០​គ្រួសារ ហើយ​ពួក​គាត់​ភាគច្រើន​ចាប់​យក​របរ​នេះ​នៅ​ពេល​ទំនេរ​ពី​ការ​ធ្វើ​ស្រែ​ចម្ការ នៅ​ចន្លោះ​ពី​ចុង​ខែ​ធ្នូ ដល់​ពាក់​កណ្ដាល​ខែ​កុម្ភៈ ជា​រៀង​រាល់​ឆ្នាំ។ លោក​បន្ថែម​ថា ពលរដ្ឋ​អាច​រក​ប្រាក់​ចំណូល​ពី​របរ​មួយ​នេះ​ប្រមាណ ១​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​រដូវ ហើយ​ពួក​គាត់​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ឡើយ៖ «បាទ! ជួនកាល​គាត់​ទៅ​ដល់​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ក៏​មាន​ដែរ។ ប្រសិន​បើ​គាត់​ទៅ​រក​ត្រី​ត្រឹម​តែ​ស្រុក​មោងឫស្សី អី​ទេ ប្រមាណ​ម៉ោង ៨​យប់​គាត់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​អស់​ហើយ។ របរ​នេះ​ឲ្យ​តែ​ដល់​រដូវ​រួច​ពី​ស្រែ ពួក​គាត់​តែងតែ​ទៅ​រក​ត្រី​ឆ្លូញ​ជា​ប្រចាំ»។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (IDEA) លោក វន់ ពៅ មាន​ប្រសាសន៍​ថា ពលរដ្ឋ​ប្រកប​របរ​ធ្វើ​នេសាទ​ត្រី​ឆ្លូញ​ដែល​ជា​របរ​បន្ថែម​ក្រៅ​អំពី​ការ​ធ្វើ​ស្រែ គឺ​ជា​រឿង​ល្អ ដែល​ជួយ​កាត់​បន្ថយ​ភាព​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល អភិរក្ស​បឹងបួ និង​ប្រឡាយ​ធម្មជាតិ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ពលរដ្ឋ​ទាញ​យក​ផល​ប្រយោជន៍​ពី​ការ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​រក​ប្រាក់​ចំណូល​បាន​កាន់​តែ​ច្រើន៖ «មួយ​ទៀត​រដ្ឋាភិបាល​ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់​នៃ​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់ ដូចជា​ដាក់​ស្បៃ​មុង ហើយ​និង​ឧបករណ៍​ឆក់​ជាដើម។ ហើយ​ចំណុច​សំខាន់​មួយ​ទៀត រដ្ឋាភិបាល​ត្រូវ​តែ​រក​ទីផ្សារ​លក់​ត្រី​ធម្មជាតិ​របស់​ប្រជា​នេសាទ​ដែល​គាត់​រក​បាន»។

ក្រុម​អ្នក​នេសាទ​ត្រី​ឆ្លូញ​នៅ​ឃុំ​ស្វាយដូនកែវ ឲ្យ​ដឹង​ថា អ្នក​ដែល​ប្រកប​របរ​ខ្វារ​ត្រី​ឆ្លូញ ដែល​ពួក​គាត់​ជួប​ប្រទះ​មាន​ប្រមាណ ៧០​នាក់ ហើយ​ភាគច្រើន​មក​ពី​ខេត្ត​ពោធិ៍សាត់ និង​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង៕

No comments:

Post a Comment