អ្នកច្បាប់ជំរុញឲ្យអង្គការសង្គមស៊ីវិល យកចិត្តទុកដាក់ស្វែងរកយុត្តិធម៌សម្រាប់ស្ត្រីរកស៊ីផ្លូវភេទម្នាក់ ដែលស្លាប់ដោយលង់ទឹកក្រោយពេលធ្លាក់ទឹកទន្លេសាប នៅពេលក្រុមសន្តិសុខខណ្ឌដូនពេញ ដេញចាប់។
បងស្រីរបស់ស្ត្រីដែលលង់ទឹកស្លាប់លើកឡើងពីភាពមិនច្បាស់លាស់ក្នុងការដាក់ពាក្យបណ្ដឹងករណីនេះ ដោយសំអាងពីកង្វះធនធាន និងមិនដឹងថា អាចរកយុត្តិធម៌បានតាមរបៀបណា ស្របពេលដែលអាជ្ញាធរសន្យាផ្ដល់ជំនួយផ្គត់ផ្គង់គ្រួសារ។ ក្រុមអង្គការសង្គមស៊ីវិល ការពារសិទ្ធិស្ត្រីរកស៊ីផ្លូវភេទអះអាងថា នឹងមិនបោះបង់ចោលករណីនេះឡើយ។
នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បញ្ជាក់ថា ក្នុងសំណុំរឿងព្រហ្មទណ្ឌទាំងសាធារណជនទាំងអង្គការសង្គមស៊ីវិល អាចដាក់បណ្ដឹងដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។
ស្ត្រីរកស៊ីផ្លូវភេទម្នាក់ ឈ្មោះ ប៉ែន សុគន្ធា ហៅស្រីម៉ៅ ត្រូវបានអ្នកឃើញហេតុការណ៍កាលពីយប់ថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០១៧ មានអ្នកនៅហ្នឹងកន្លែងកើតហេតុមួយចំនួនលើកឡើងថា ត្រូវក្រុមសន្តិសុខរបស់សាលាខណ្ឌដូនពេញ ជាច្រើននាក់បានដេញចាប់រហូតនាងធ្លាក់ទឹក និងបានលង់ទឹកស្លាប់។ លើសពីនេះមានអ្នកអះអាងថា សន្តិសុខដែលបានដេញទៅដល់មាត់ទន្លេសាបត្រង់សួនខាងក្រោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នោះសន្តិសុខបានរារាំងមិនឲ្យមានអ្នកជួយស្រីម៉ៅ នោះថែមទៀត។
នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក ហុង គឹមសួន មានប្រសាសន៍ថា ក្នុងសំណុំរឿងព្រហ្មទណ្ឌចាំបាច់ណាស់ត្រូវរកយុត្តិធម៌ជូនអ្នករងគ្រោះ៖ «ទោះបីមានសំណងប្រចាំខែ ប្រចាំថ្ងៃ ចិញ្ចឹមក្មេងអីហ្នឹង ជារឿងមនុស្សធម៌របស់រដ្ឋាភិបាលទេ ប៉ុន្តែបទល្មើសកើតឡើងគឺនៅលើសន្តិសុខមួយណានោះ ដែលបានដេញគេធ្លាក់ទឹកស្លាប់ហើយមិនឲ្យគេជួយសង្គ្រោះជីវិតនោះ»។
សាច់ញាតិរបស់ ប៉ែន សុគន្ធា លើកឡើងថា គាត់មិនចង់ប្ដឹងផ្ដល់អ្វីទេនៅពេលនេះ ម្យ៉ាងមិនសូវយល់ដឹងពីផ្លូវច្បាប់ ម្យ៉ាងមិនសូវមានប្រាក់កាសដើម្បីតតាំងតាមផ្លូវច្បាប់។ សាច់ញាតិដដែលឲ្យដឹងថា អាជ្ញាធរខណ្ឌដូនពេញ ដែលដឹកនាំដោយអភិបាលខណ្ឌ គឺលោក សុខ ពេញវុធ បាននាំយកជំនួយអង្ករ គ្រឿងឧបភោគបរិភោគទៅឲ្យគាត់ និងកូនប្រុសពិការវ័យ ៦ឆ្នាំ របស់ស្រីម៉ៅ ព្រមទាំងបានសន្យាថា នឹងផ្ដល់ប្រាក់ចំនួន ២០០ដុល្លារជារៀងរាល់ខែ ក្នុងរយៈពេល ១៣ឆ្នាំ ដែលជាប្រាក់ជួយឧបត្ថម្ភចិញ្ចឹមក្មេង និងព្យាបាលជំងឺ។
បងស្រីរបស់ស្រីម៉ៅ គឺលោកស្រី ប៉ែន ម៉េងគី បានថ្លែងប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា គ្រួសារលោកស្រីពុំមានលទ្ធភាពប្ដឹងផ្ដល់ទេ៖ «កាលពីថ្ងៃសុក្រមុន គាត់បានជួយអង្ករហ្នឹងមួយបាវ ខាងកាកបាទក្រហម (៩០គីឡូក្រាម) ហើយមានមី មានទឹកត្រី មានទឹកដោះគោ មានភួយ មានក្រមា មានមុង ហើយលុយចិញ្ចឹមអាអូន (កូននាង ប៉ែន សុគន្ធា) មួយខែ ១០០ និងចាក់ឆ្នាំជើង ១០០ ដែរ។ បើយើងប្ដឹងទៀត សំខាន់យើងអត់មានលុយចុះឡើង ហើយណាមួយយើងអត់មានភស្តុតាងពិតប្រាកដ យើងបានតែឮគេថា យើងមានភស្តុតាងឯណា»។
ឆ្លើយតបករណីនេះ អ្នកគ្រប់គ្រងការិយាល័យអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ព្រះរាជអាជ្ញាជាអ្នកដែលទទួលខុសត្រូវក្នុងករណីដែលមានបទល្មើស និងការសង្ស័យពាក់ព័ន្ធដទៃទៀត។ លោកទទួលស្គាល់ដែរថា អង្គការសង្គមស៊ីវិល និងសាធារណជនអាចដាក់បណ្ដឹងបរិហារបាន ប្រសិនបើព្រះរាជអាជ្ញាពុំមានចំណាត់ការករណីនេះ៖ «បណ្ដឹងបរិហារហ្នឹងអ្នកណាក៏បានដែរ ក៏អាចឈរដើម្បីឲ្យព្រះរាជអាជ្ញាគាត់ធ្វើការលើរឿងហ្នឹង»។
អាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បាននៅឡើយទេ នៅថ្ងៃទី១១ ខែមករា។
ចំពោះអង្គការសង្គមស៊ីវិលធ្វើការងារការពារការបំពានសិទ្ធិអ្នករកស៊ីផ្លូវភេទលើកឡើងថា គេនឹងមិនបោះបង់ករណីនេះទេ ប៉ុន្តែក៏មិនបញ្ជាក់ថា នឹងដាក់បណ្ដឹងជាក់លាក់នៅពេលណាឡើយ។
ប្រធានបណ្ដាញការងារស្ត្រីរួបរួមគ្នា អ្នកស្រី ប៉ិច ប៉ូឡែត មានប្រសាសន៍ថា ក្រុមអ្នកស្រីនឹងរិះរកមធ្យោបាយធ្វើយ៉ាងណាអាចរកយុត្តិធម៌ឲ្យនារីរងគ្រោះបានផង និងអាចទប់ស្កាត់មិនឲ្យមានរឿងបែបនេះកើតលើស្ត្រីដទៃទៀតបានផង៖ «អ៊ីចឹងហើយបានជាយើងគិតវែងឆ្ងាយ និងស៊ីជម្រៅបន្តិច ទាក់ទងនឹងការលើកករណីអីមួយមកធ្វើ។ ពួកយើងក៏មិនចង់បានយុត្តិធម៌តែករណីនេះទេ ព្រោះវាអាចនឹងកើតឡើងស្រ្តីផ្សេងទៀត»។
ក្រោយពីធ្លាក់ទឹកកាលពីយប់ថ្ងៃទី១ ខែមករា សពរបស់នាង ប៉ែន សុគន្ធា ត្រូវគេស្រង់បាននៅក្បែរស្ពានច្បារអំពៅ។ របាយការណ៍របស់ប៉ូលិសបានបញ្ជាក់យ៉ាងខ្លីថា នាងស្លាប់ដោយលង់ទឹក។ ភ្លាមៗនោះ សាច់ញាតិបានអំពាវនាវរកយុត្តិធម៌សម្រាប់នាង ប៉ែន សុគន្ធា ជាពិសេសជួយទៅដល់កូនប្រុសពិការរបស់នាង៕
No comments:
Post a Comment