Sunday, January 8, 2017

តុលាការ​ខេត្ត​បន្ទាយមានជ័យ​កោះ​ហៅ​សាក្សី​បំភ្លឺ​សំណុំ​រឿង​នាយ​រង​ប៉ុស្តិ៍​ប៉ោយប៉ែត


សាច់ញាតិ និង​អ្នក​គាំទ្រ​លោក ឌិន ពុទ្ធី តវ៉ា​ឲ្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ដោះលែង​ជន​ត្រូវ​ចោទ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hum Chamroeun



សាក្សី​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​នៅ​ក្នុង​សំណុំ​រឿង​ដែល​ក្រសួង​មហាផ្ទៃ អះអាង​ថា​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី បាន​បើក​ឡាន​បុក​នាយ​រង​ប៉ុស្តិ៍​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ប៉ោយប៉ែត​ម្នាក់​ឲ្យ​រង​របួស​នោះ ត្រូវ​បាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ​កោះ​ហៅ​ទៅ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ មករា។

ការ​កោះ​ហៅ​ទៅ​បំភ្លឺ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សាក្សី​ចំនួន ៣​នាក់​បាន​ដាក់​ពាក្យ​ស្នើ​ទៅ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២ មករា កន្លង​ទៅ ដើម្បី​ចូល​បំភ្លឺ​ដោះ​បន្ទុក​ពី​ការ​ចោទ​ប្រកាន់​មក​លើ​លោក ឌិន ពុទ្ធី។

សាក្សី​ម្នាក់​ឈ្មោះ អ៊ុន ជីវ័ន្ត ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​ផ្ទាល់​ក្នុង​សំណុំ​រឿង​ជម្លោះ​រវាង​លោក ឌិន ពុទ្ធី និង​នាយ​រង​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ មករា ថា មន្ត្រី​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​ទូរស័ព្ទ​មក​ប្រាប់​ពួក​គាត់​ទាំង ៣​នាក់ ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ​នៅ​សាលា​ដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១០ មករា។

លោក​អះអាង​ថា សាក្សី​ទាំង ៣​នាក់​នោះ​រួម​មាន រូប​លោក លោក ញ៉ែត នាង និង​លោក ហ៊ុន សេងអឿន រស់នៅ​សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ លោក​បន្ថែម​ថា ពួក​គាត់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ដើម្បី​ទៅ​បកស្រាយ​ការ​ពិត​នៅ​ចំពោះ​មុខ​មន្ត្រី​តុលាការ​ដោយ​មិន​លម្អៀង​ឡើយ។ លោក​សង្កត់​ធ្ងន់​ថា លោក ឌិន ពុទ្ធី មិន​បាន​បើក​ឡាន​បុក​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ឈ្មោះ ឈាន ពិសិដ្ឋ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «បាទ! ខ្ញុំ​ហ៊ាន​អះអាង​រឿង​នេះ ព្រោះ​ខ្ញុំ​បាន​ឈរ​នៅ​កន្លែង​នោះ​ដែរ ហើយ​ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​តែ​ម្ដង។ បាទ ខ្ញុំ​ហ៊ាន​ស្បថ​ចំពោះ​តុលាការ ថា​ឡាន​មិន​បាន​បុក​ប៉ូលិស​ឡើយ»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្អូន​ប្រុស​បង្កើត​ជន​ត្រូវ​ចោទ លោក ឌិន ធីរិទ្ធ ស្នើ​ឲ្យ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ពន្លឿន​ដោះស្រាយ និង​ផ្ដល់​យុត្តិធម៌​ជូន​លោក ឌិន ពុទ្ធី ឲ្យ​បាន​ឆាប់​រហ័ស។ លោក​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​តុលាការ​មិន​ផ្ដល់​យុត្តិធម៌​ដើម្បី​ឲ្យ​លោក ឌិន ពុទ្ធី មាន​សេរីភាព​ឡើង​វិញ​ទេ គឺ​សាច់ញាតិ និង​អ្នក​គាំទ្រ​លោក ឌិន ពុទ្ធី នឹង​ដាក់​ពាក្យ​ស្នើសុំ​ទៅ​អាជ្ញាធរ​ខេត្ត ដើម្បី​តវ៉ា​ទ្រង់ទ្រាយ​ធំ​រក​យុត្តិធម៌​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត យ៉ាង​យូរ​នៅ​ថ្ងៃ​ទី​១៧ មករា ខាង​មុខ៖ «ដោយសារ​រឿង​នេះ​មាន​ភាព​អយុត្តិធម៌​មក​លើ​ក្រុម​គ្រួសារ​ខ្ញុំ និង​ភរិយា​របស់​លោក ឌិន ពុទ្ធី ព្រោះ​គាត់​មិន​បាន​ធ្វើ​អី​ខុស​នោះ​ទេ ហើយ​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់ និង​អ្នក​មើល​វីដេអូ​ឃ្លីប ក៏​បាន​ដឹង​ថា​ដែរ វា​ជា​រឿង​អយុត្តិធម៌​មក​លើ​គាត់​តែ​ម្ដង»។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៨ មករា។

ប៉ុន្តែ​កន្លង​ទៅ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ធ្លាប់​អះអាង​ថា ការ​សន្និដ្ឋាន​បឋម​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ រក​ឃើញ​ថា នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តជាតិ​ប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ដែល​ត្រូវ​បាន​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា បើក​រថយន្ត​បុក​ឲ្យ​រង​របួស​ដួល​សន្លប់ គឺ​ជា​ការ​ពិត។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់​សម្គាល់​ថា ការ​សន្និដ្ឋាន​នេះ គឺ​តុលាការ​ហាក់​ធ្វើ​ការ​ស្រាវជ្រាវ​ដោយ​ផ្អែក​ទៅ​លើ​សាក្សី​តែ​ម្ខាង​យក​មក​បង្ហាញ ចំណែក​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​ជាច្រើន​នាក់​ទៀត​ដែល​ចង់​ឆ្លើយ​ដោះ​បន្ទុក​ឲ្យ​ជន​ត្រូវ​ចោទ​នោះ គឺ​មិន​ទាន់​សាកសួរ​ពួក​គាត់​នៅ​ឡើយ។ លោក​សង្ឃឹម​ថា សាក្សី​ទាំង ៣​នាក់​ដែល​ចូល​បំភ្លឺ​តុលាការ​នៅ​ថ្ងៃ​ទី​១០ មករា នោះ នឹង​ឆ្លើយ​បំភ្លឺ​ជួយ​ដោះ​បន្ទុក​ឲ្យ​លោក ឌិន ពុទ្ធី បាន៖ «ការ​ឃុំ​ខ្លួន​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​មក​លើ​ជីវភាព​របស់​ក្រុម​គ្រួសារ​លោក ឌិន ពុទ្ធី ព្រោះ​លោក​គ្មាន​អំណាច ដែល​គួរ​ឲ្យ​ភ័យ​ព្រួយ​ក្នុង​នីតិវិធី​របស់​តុលាការ​នោះ​ទេ។ អ៊ីចឹង​គួរ​តែ​ឲ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដើម្បី​ពិចារណា​ផ្ដល់​យុត្តិធម៌​ជូន​ភាគី​ទាំង​សង​ខាង​ជា​ការ​ប្រសើរ​ជាង»។

លោក ឈាន ពិសិដ្ឋ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក រហូត​ទៅ​ដល់​ប្រទេស​ថៃ ប៉ុន្តែ​ប្រមាណ​មួយ​សប្ដាហ៍​ក្រោយ​មក ស្រាប់​តែ​អ្នក​លេង​ហ្វេសប៊ុក (Facebook) នាំ​គ្នា​បង្ហោះ​ឃ្លីប​វីដេអូ​ចំនួន ៣​ឃ្លី​ន​ព្រោងព្រាត​បន្តបន្ទាប់​គ្នា បង្ហាញ​អំពី​សកម្មភាព​លោក ឈាន ពិសិដ្ឋ កំពុង​ដើរ​ចេញ​ពី​ផ្ទះ​សំណាក់​មួយ​កន្លែង​នៅ​ប្រទេស​ថៃ ជាមួយ​នារី​ម្នាក់​ដែល​គេ​ពុំ​ឃើញ​ស្នាម​របួស​ជើង ឬ​ក នោះ​ឡើយ។ អ្នក​ដែល​បាន​ថត​ឃ្លីប​វីដេអូ​បង្ហោះ​កាល​ពី​ចុង​ខែ​ធ្នូ កន្លង​ទៅ ថែម​ទាំង​ចោទ​សួរ​ថា តើ​ឯណា​ទៅ​ដែល​លោក ឈាន ពិសិដ្ឋ បាន​រង​របួស​ក និង​ជើង ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ តែ​បែរ​ជា​អាច​ដើរ​ដូច​មនុស្ស​ធម្មតា​នៅ​ក្នុង​ផ្ទះ​សំណាក់​ទៅ​វិញ?

ការ​ចេញ​ឃ្លីប​វីដេអូ​នេះ ត្រូវ​បាន​អ្នក​លេង​ហ្វេសប៊ុក​ចាប់​អារម្មណ៍​យ៉ាង​ច្រើន និង​បញ្ចេញ​មតិ​បន្ថែម​ថា លោក ឈាន ពិសិដ្ឋ សម្ដែង​ធ្វើ​ពុត​ជា​ដួល​សន្លប់ ហើយ​ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក ឌិន ពុទ្ធី ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន។

ពាក់ព័ន្ធ​ការ​បែក​ធ្លាយ​វីដេអូ​នេះ លោក ស ខេង ធ្លាប់​បាន​បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​បន្ត​ស៊ើប​អង្កេត​ស្វែងរក​អ្នក​ដែល​បញ្ចេញ​ឃ្លីប​វីដេអូ​នេះ​ហើយ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន មាន​ជំនឿ​ថា តុលាការ​នឹង​កាត់​ក្ដី​នៅ​ក្នុង​សំណុំ​រឿង​នេះ ប្រកប​ដោយ​សុក្រឹត និង​យុត្តិធម៌ ហើយ​អាច​នឹង​ផ្ដល់​ឲ្យ​ជន​ត្រូវ​ចោទ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នា​ពេល​ខាង​មុខ៖ «យើង​សំណូមពរ​ធ្វើ​ម៉េច​សុំ​ឲ្យ​តុលាការ​ពន្លឿន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ជាង​នេះ​បន្ថែម​ទៀត ព្រោះ​រឿង​នេះ​មាន​មន្ទិល​សង្ស័យ​ច្រើន​ពី​មហាជន ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ទៅ​លោក ឌិន ពុទ្ធី។ អ៊ីចឹង​ទោះ​បី​តុលាការ​មាន​សិទ្ធី​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក៏ដោយ ក៏ប៉ុន្តែ​បើ​ចុង​ក្រោយ​រក​មិន​ឃើញ​ថា​ជន​នោះ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​មែន វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​មនុស្ស​ជា​ខ្លាំង»។

កាល​ពី​ថ្ងៃ​ទី​២៩ ធ្នូ សាច់ញាតិ និង​អ្នក​គាំទ្រ​លោក ឌិន ពុទ្ធី បាន​លើក​គ្នា​តវ៉ា​បិទ​ផ្លូវ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ជន​ត្រូវ​ចោទ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ព្រោះ​ពួក​គាត់​យល់​ឃើញ​ថា ការ​ឃុំ​ខ្លួន​លោក ឌិន ពុទ្ធី ដោយ​អយុត្តិធម៌។ ម្យ៉ាង​វិញ​ទៀត ក្រុម​អ្នក​តវ៉ា​អះអាង​ថា លោក ឈាន ពិសិដ្ឋ ដួល​នៅ​មុខ​ឡាន​របស់​លោក ឌិន ពុទ្ធី នោះ គឺ​មាន​វីដេអូ​ឃ្លីប​ឃើញ​ច្បាស់​ពី​សកម្មភាព​ដួល​នោះ​ដែរ ហើយ​មាន​ទាំង​សាក្សី​ជាច្រើន​នាក់​អះអាង​ថា ឡាន​លោក ឌិន ពុទ្ធី មិន​បាន​បើក​បុក​លោក ឈាន ពិសិដ្ឋ នោះ​ទេ គឺ​លោក ឈាន ពិសិដ្ឋ ដួល​ដោយ​ខ្លួន​ឯង​ទៅ​វិញ​ទេ។

សាច់ញាតិ និង​អ្នក​គាំទ្រ​អះអាង​ថា នៅ​ពេល​ដែល​ពួក​គាត់​តវ៉ា​សាជាថ្មី​នោះ គឺ​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​ដូច​ភ្លៀង​រលឹម រហូត​ទាល់​តែ​តុលាការ​ផ្ដល់​យុត្តិធម៌​ជូន​លោក ឌិន ពុទ្ធី។ ចំណែក​លោក ឈាន ពិសិដ្ឋ រហូត​មក​ពេល​នេះ ពុំ​ដឹង​ថា​សម្រាក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ ឬ​ត្រឡប់​មក​កម្ពុជា វិញ​នោះ​ឡើយ៕

No comments:

Post a Comment