Sunday, January 8, 2017

យុវជន​ស្នើ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​ជុំវិញ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស


កាណូត​បូម​ខ្សាច់ ក្នុង​ទន្លេ​មេគង្គ រូបថត​ថ្ងៃ​ទី ០៣ ខែ​តុលា ឆ្នាំ​២០១៤។ Photo: RFA



ក្រុម​យុវជន​សម្ដែង​ក្តី​ព្រួយ​បារម្ភ និង​អារម្មណ៍​សោកស្ដាយ នៅ​ពេល​ធនធាន​ខ្សាច់​របស់​កម្ពុជា ត្រូវ​បាន​នាំ​ចេញ​ទៅ​បរទេស​ដោយ​ខ្វះ​តម្លាភាព​ក្នុង​ការ​គ្រប់គ្រង ដែល​ធ្វើ​ឲ្យ​ប្រទេស​ខាតបង់​ចំណូល​រាប់​រយ​លាន​ដុល្លារ។ ការ​ថ្លែង​បែប​នេះ បន្ទាប់​ពី​ទិន្នន័យ​គយ​បរទេស បាន​បង្ហាញ​ពី​ការ​នាំ​ចូល​ខ្សាច់​ដ៏​ច្រើន​ពី​កម្ពុជា តែ​ទិន្នន័យ​កម្ពុជា បញ្ជាក់​តួលេខ​តិច​ជាង ឬ​មិន​មាន​តួលេខ​តែ​ម្តង។

យុវជន​ដែល​ជា​សកម្មជន​បរិស្ថាន និង​សង្គម សម្ដែង​ការ​សោកស្ដាយ​ជុំវិញ​ភាព​មិន​ប្រក្រតី​ទាក់ទង​នឹង​ការ​នាំ​ចេញ​ខ្សាច់​ទៅ​លក់​នៅ​ក្រៅ​ប្រទេស និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គ្រប់គ្រង​វិស័យ​នេះ​ឲ្យ​មាន​តម្លាភាព។

សកម្មជន​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ យុវជន ថុន រដ្ឋា បញ្ជាក់​នៅ​ថ្ងៃ​ទី​៨ មករា ថា រូប​គាត់​មាន​ក្តី​អាម៉ាស់ និង​សោកស្ដាយ​នៅ​ពេល​ដែល​អាជីវកម្ម​ខ្សាច់​ទៅ​ក្រៅ​ប្រទេស បាន​ផ្តល់​ផល​ប្រយោជន៍​តិចតួច​សម្រាប់​ពលរដ្ឋ​នៅ​មូលដ្ឋាន តែ​វា​បាន​ហុច​ផល​ច្រើន​ទៅ​ឲ្យ​ក្រុម​ឈ្មួញ និង​មន្ត្រី​ខិលខូច​ដែល​ធ្វើ​ឲ្យ​ខាតបង់​ប្រយោជន៍​ជាតិ​ធ្ងន់ធ្ងរ៖ «»។

យុវជន ថុន រដ្ឋា ធ្លាប់​កប់​ខ្លួន​ឯង​ក្នុង​ពំនូក​ខ្សាច់​ជាច្រើន​ដង និង​ថត​ជា​វីដេអូ​បង្ហោះ​តាម​ហ្វេសប៊ុក (facebook) អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បូម​ខ្សាច់ និង​នាំ​ខ្សាច់​ចេញ​ទៅ​បរទេស។ យុវជន​រូប​នេះ​បញ្ជាក់​ថា គាត់​ឈឺ​ចាប់​នៅ​ពេល​ឃើញ​ខ្សាច់​ដែល​ជា​ធនធាន​រ៉ែ​របស់​កម្ពុជា ត្រូវ​បាន​នាំ​ចេញ​ទៅ​លក់​នៅ​បរទេស ដើម្បី​គ្រាន់​តែ​ចាក់​បំពេញ​ទឹក​ដី​របស់​ប្រទេស​ដទៃ៖ «»។

និស្សិត​ផ្នែក​កសិកម្ម​មួយ​រូប គឺ​កញ្ញា ឌីម ឈុនហូ ដែល​ធ្លាប់​ចូលរួម​សកម្មភាព​សង្គម​ផង​នោះ យល់​ឃើញ​ថា ការ​គ្រប់គ្រង​ធនធាន​ខ្សាច់​ដែល​ខ្វះ​តម្លាភាព បង្ក​ផល​វិបាក​ច្រើន​សម្រាប់​សង្គម ដ្បិត​កម្ពុជា ជា​ប្រទេស​ក្រីក្រ ដែល​ត្រូវ​ការ​ធនធាន​ធម្មជាតិ​ទាំងនេះ​យក​មក​អភិវឌ្ឍ​ជាតិ ប៉ុន្តែ​វា​បែរ​ជា​ត្រូវ​ធ្លាក់​ចូល​ក្នុង​អំពើ​ពុក​រលួយ​ទៅ​វិញ។ កញ្ញា​ទាមទារ​ឲ្យ​ស្ថាប័ន​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ធនធាន​ខ្សាច់ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​គ្រប់គ្រង​របស់​ខ្លួន៖ «»។

ចំណែក​សកម្មជន​សង្គម​មួយ​រូប​ទៀត គឺ​ព្រះតេជព្រះគុណ ជួន ក្សេមក្សាន្ត មាន​ថេរ​ដីកា​ថា រដ្ឋាភិបាល​ហាក់​ដូចជា​គ្មាន​សមត្ថភាព​គ្រប់គ្រង​វិស័យ​នេះ​ឡើយ ពោល​គឺ​នៅ​ពេល​ដែល​រឿង​ទាំងនេះ​បាន​លេច​ធ្លាយ បែរ​ជា​គ្មាន​អ្នក​ណា​ចេញ​មុខ​ទទួល​ខុស​ត្រូវ ឬ​បើក​ការ​ស៊ើប​អង្កេត​នោះ​ឡើយ។ ព្រះអង្គ​បាន​ប្រៀបធៀប​ថា នេះ​ជា​ការ​ដឹកនាំ​បែប​កញ្ជើ​ធ្លុះ បើ​ទោះ​ជា​ប្រឹង​រក​ត្រី​យ៉ាង​ណា ក៏​មិន​សល់​ដែរ ព្រោះ​តែ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ៖ «»។

ការ​នាំ​ខ្សាច់​ចេញ​ទៅ​បរទេស បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស​នា​ពេល​បច្ចុប្បន្ន ក្រោយ​ពេល​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ធនធាន​ខ្សាច់ មិន​អាច​ស្រាយ​ចម្ងល់​របស់​សាធារណជន អំពី​ភាព​មិន​ប្រក្រតី​នៃ​តួលេខ​នាំ​ចេញ​ខ្សាច់​របស់​កម្ពុជា ទៅ​កាន់​ប្រទេស​សិង្ហបុរី និង​ប្រទេស​ឥណ្ឌា។

ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​ថា សិង្ហបុរី បាន​នាំ​ចូល​ខ្សាច់​ពី​កម្ពុជា ជាង ៧៣​លាន​តោន​ក្នុង​រយៈពេល ៨​ឆ្នាំ​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥ តែ​តួលេខ​របស់​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា វិញ​ថា​មាន​តែ​ជាង ១៦​លាន​តោន​ប៉ុណ្ណោះ។ តួលេខ​នេះ បើ​គិត​ជា​ទឹក​ប្រាក់​ខុស​គ្នា​ជាង ៧០០​លាន​ដុល្លារ​អាមេរិក។

ភាព​ខុស​គ្នា​មួយ​ទៀត គឺ​ទិន្នន័យ​ពី​ភ្នាក់ងារ​គយ​ឥណ្ឌា ដែល​បង្ហាញ​ថា ឥណ្ឌា ទិញ​ខ្សាច់​ពី​កម្ពុជា ជាង ១០​ម៉ឺន​តោន (១០៨.៦៥៨​តោន) គិត​ជា​ទឹក​ប្រាក់​ជិត ៣​លាន​ដុល្លារ​អាមេរិក (២,៦​លាន​ដុល្លារ) ក្នុង​រយៈពេល ៣​ឆ្នាំ​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៥។ ប៉ុន្តែ​ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា វិញ​បង្ហាញ​ថា កម្ពុជា មិន​ដែល​នាំ​ខ្សាច់​ចេញ​ទៅ​ឥណ្ឌា នោះ​ឡើយ គឺ​មាន​តែ​ទៅ​កាន់​ប្រទេស​ចំនួន​៥ ប៉ុណ្ណោះ គឺ​សិង្ហបុរី ថៃ វៀតណាម កូរ៉េ​ខាង​ត្បូង និង​កោះ​តៃវ៉ាន់ សរុប​ចំនួន ៤៥​ម៉ឺន​តោន ដែល​គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន ២​លាន ៥​សែន​ដុល្លារ​អាមេរិក។

ជុំវិញ​រឿង​នេះ មាន​សំណួរ​ជាច្រើន​ត្រូវ​បាន​ចោទ​សួរ​ទៅ​កាន់​ក្រសួង និង​ស្ថាប័ន​រដ្ឋ​ដែល​ពាក់ព័ន្ធ ប៉ុន្តែ​ចម្លើយ​ទាំងនោះ​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន បញ្ជាក់​ថា គ្រាន់​តែ​ជា​ការ​ដោះសា​តែ​ប៉ុណ្ណោះ។ ក្រសួង​រ៉ែ និង​ថាមពល បញ្ជាក់​ថា ការ​លក់​ដូរ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស មិន​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ឡើយ ពោល​គឺ​ក្រសួង​ទទួល​ខុស​ត្រូវ​តែ​ទៅ​លើ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​បូម​ខ្សាច់ និង​ការ​ប្រមូល​ពន្ធ​លើ​សួយសារ​តែ​ប៉ុណ្ណោះ។ ចំណែក​ក្រសួង​ពាណិជ្ជកម្ម វិញ បាន​ត្រឹម​សម្ដែង​ការ​ងឿង​ឆ្ងល់​ពី​ភាព​មិន​ប្រក្រតី​នេះ ហើយ​ទាមទារ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​សិក្សា​ឲ្យ​បាន​ច្បាស់ មុន​នឹង​ចោទ​ដាក់​រដ្ឋាភិបាល។ រីឯ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​វិញ មិន​អាច​ទាក់ទង​បាន​ទេ ពីព្រោះ​មិន​មាន​មន្ត្រី​នាំ​ពាក្យ។ មិន​មាន​ស្ថាប័ន​មួយ​ណា​អះអាង​ថា ខ្លួន​នឹង​ស៊ើប​អង្កេត​ជុំវិញ​រឿង​នេះ​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​រំឭក​ខួប​ថ្ងៃ​ជ័យជម្នះ ៧ មករា ថ្ងៃ​ទី​៧ មករា បាន​ប្រកាស​បង្ក្រាប​បទល្មើស​បំផ្លាញ​ធនធាន​ធម្មជាតិ ដែល​ក្នុង​នោះ​ក៏​រួម​មាន អាជីវកម្ម​ខ្សាច់​ខុស​ច្បាប់​ទៅ​បរទេស​ផង​ដែរ៖ «»។

ទោះ​ជា​បែប​នេះ​ក្តី សកម្មជន​បរិស្ថាន និង​ក្រុម​យុវជន ថ្លែង​ថា ការ​ប្រកាស​នេះ​នឹង​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ ពីព្រោះ​មន្ត្រី​ថ្នាក់​ក្រោម​មិន​ដែល​អនុវត្ត​តាម​បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ឡើយ ហើយ​ម្យ៉ាង​ទៀត ជំនួញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​ដែល​មាន​ទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​នេះ ជា​ការ​ឃុបឃិត​គ្នា​រវាង​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​ដែល​សុទ្ធសឹងតែ​នៅ​ក្រោម​ឱវាទ​របស់​នាយក​រដ្ឋមន្ត្រី។

នៅ​ដើម​ឆ្នាំ​២០១៧ នេះ អង្គការ​មាតា​ធម្មជាតិ បាន​ពឹងពាក់​ក្រុម​មេធាវី​សិង្ហបុរី ឲ្យ​ជួយ​សិក្សា និង​ស៊ើប​អង្កេត​ជុំវិញ​ភាព​មិន​ប្រក្រតី​ទាក់ទង​នឹង​ការ​នាំ​ចូល​ខ្សាច់​ពី​កម្ពុជា។ ពួក​គេ​បញ្ជាក់​ថា បើ​សិន​ជា​មាន​ភស្តុតាង​គ្រប់គ្រាន់ ពួក​គេ​នឹង​ប្ដឹង​រដ្ឋាភិបាល​សិង្ហបុរី ឬ​ក្រុមហ៊ុន​ឯកជន​ដែល​ទិញ​ខ្សាច់​ពី​កម្ពុជា ទៅ​តុលាការ​សិង្ហបុរី ព្រោះ​ខ្សាច់​ដែល​ប្រទេស​ដែន​កោះ​មួយ​នេះ​ទិញ​ពី​កម្ពុជា បាន​មក​ដោយ​ការ​បំផ្លាញ​ប្រព័ន្ធ​ជីវចម្រុះ និង​ប៉ះពាល់​ជីវភាព​ពលរដ្ឋ។ ក្រៅ​ពី​នេះ អង្គការ​មាតា​ធម្មជាតិ ក៏​នឹង​ដាក់​ពាក្យ​បណ្ដឹង​ដាច់​ដោយឡែក​មួយ​ទៀត​ទៅ​តុលាការ​ឥណ្ឌា ទាក់ទង​នឹង​ការ​នាំ​ចូល​ខ្សាច់​ពី​កម្ពុជា ដូច​គ្នា​នឹង​ករណី​សិង្ហបុរី ដែរ។

ចំណែក​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ហាម​មិន​ឲ្យ​ចូល​ស្រុក​វិញ​នោះ បាន​បញ្ជាក់​ថា ក្រុម​តំណាង​រាស្ត្រ​របស់​លោក នឹង​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​មក​បំភ្លឺ​ជា​ថ្មី​ទៀត​ជុំវិញ​រឿង​ទាំងនេះ ដែល​លោក​ចាត់​ទុក​ថា​ជា​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ខាតបង់​ចំណូល​ជាតិ​រាប់​រយ​លាន​ដុល្លារ៕

No comments:

Post a Comment