Saturday, January 21, 2017

សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​ស្នើ​អាជ្ញាធរ​ដោះស្រាយ​សំណង​សែន​ព្រេន​ដី​ខ្ទម​អ្នក​តា

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូត្រែង ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បង្ហាញ​ទីតាំង​ខ្ទម​អ្នកតា​ដែល​មន្ត្រី​សាលា​ស្រុក​ឈូស​ឆាយ​យក​ដី​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦

 

សហគមន៍​ព្នង​ភូមិ​ពូត្រែង ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​សមស្រប​ទាក់ទិន​ការ​ឈូស​ឆាយ​ដី​ប៉ះពាល់​តំបន់​ទួល​អ្នក​តា ទីសក្ការៈ​របស់​សហគមន៍​នៅ​ឡើយ។ អ្នក​ភូមិ​បដិសេធ​ការ​សម្របសម្រួល​ផ្ដល់​សំណង​សែន​ព្រេន​ដែល​អាជ្ញាធរ​ភូមិ ឃុំ​សម្រេច​​ដោយ​គ្មាន​ការ​ចូល​រួម​ពី​តំណាង​សហគមន៍។

តំណាង​សហគមន៍​ភូមិ​ពូត្រែង ឃុំ​ដាក់ដាំ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​ការ​ដោះស្រាយ​សំណង​សែនព្រេន​ជំនឿ​ប្រពៃណី​ពាក់ព័ន្ធ​មន្ត្រី​អាជ្ញាធរ​ស្រុក​ឈូស​ឆាយ​ដី​ប៉ះពាល់​តំបន់​ខ្ទម​អ្នក​តា​សហគមន៍។

ប្រធាន​សហគមន៍ លោក ព្យាន ច្រែន បញ្ជាក់​នៅ​ថ្ងៃ​ទី​២១ ខែ​មករា ថា សហគមន៍​បដិសេធ​មិន​ទទួល​​យក​ការ​សម្របសម្រួល​រៀបចំ​ឡើង​ដោយ​មន្ត្រី​ភូមិ​ឃុំ​ទេ ពីព្រោះ​មិន​មាន​វត្តមាន​តំណាង​សហគមន៍​ និង​ចាស់​ទុំ​ចូលរួម​សម្រេច។ លោក​កត់សំគាល់​ថា ស្ត្រីៗ​ជា​សមាជិក​សហគមន៍​ប្រមាណ ១០​នាក់​ត្រូវ​​បាន​អាជ្ញាធរ​អញ្ជើញ​ចូល​រួម​សម្របសម្រួល​ទទួល​ប្រាក់​សំណង ក៏​ប៉ុន្តែ​អ្នក​ភូមិ​ភាគ​ច្រើន​បដិសេធ​​មិន​ទទួល​យក​ដំណោះស្រាយ​នោះ​ទេ៖ «មក​ពី​ភ្នំពេញ ដល់​ផ្ទះ​កូន​ខ្ញុំ​ប្រាប់​ថា គេ​ដោះស្រាយ​ឲ្យ ១០០ ​កាល​នោះ​ខ្ញុំ​ទារ ២​ពាន់​ដុល្លារ ខ្ញុំ​ថា​អត់​​ចង់​ទេ យើង​អត់​ព្រម​ទេ ប្រាក់​ផាក​ពិន័យ​ផ្សេង សែន​ព្រេន​ផ្សេង»។

​សហគមន៍​ភូមិ​ពូត្រែង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ បាន​ដាក់​ពាក្យ​ប្តឹង​មន្ត្រី​សាលា​ស្រុក​អូររាំង លោក ខៀវ ព្រិល ពី​បទ​ឈូស​ឆាយ​ដី​ប៉ះពាល់​តំបន់​សក្ការៈ​សហគមន៍ និង​ទាមទារ​សំណង​សែន​ព្រេន ២​ពាន់​ដុល្លារ។ រហូត​ដល់​ខែ​ធ្នូ ឆ្នាំ​២០១៦ មន្ត្រី​អាជ្ញាធរ​ភូមិ ឃុំ បាន​សម្របសម្រួល​ឲ្យ​ភាគី​ចុង​ចោទ​ផ្ដល់​សំណង​សែនព្រេន​ខ្ទម​អ្នក​តា​ជា​ប្រាក់ ១០០​ដុល្លារ ក៏​ប៉ុន្តែ​ចាស់​ទុំ និង​តំណាង​​សហគមន៍​មិន​យល់​ស្រប។

ប្រធាន​ភូមិ​ពូត្រែង លោក ប្លង់ សេង បញ្ជាក់​ដែរ​ថា បន្ទាប់​ពី​សហគមន៍​បដិសេធ​នោះ​មក ដំណោះ​ស្រាយ​ការ​តវ៉ា​របស់​សហគមន៍​អូស​បន្លាយ​រហូត​បច្ចុប្បន្ន ដោយសារ​តែ​ភាគី​ទាំង​ពីរ​មិន​បាន​​ជួប​ដោះស្រាយ​គ្នា​បន្ត​ឡើយ។ លោក​ថា អាជ្ញាធរ​ភូមិ​ឃុំ និង​រៀបចំ​គម្រោង​ជួបជុំ​គ្នា​នេះ​ជា​ថ្មី ដើម្បី​បន្ត​ដោះស្រាយ​បញ្ហា​នេះ​ឡើង​វិញ៖ «ចាស់​ទុំ​បន្ទោស​គ្នា​គេ​ទៀត​ថា ដោះស្រាយ​តែ​ម្នាក់​គាត់​ថា​ឲ្យ ១០០ បើ​ត្រឹម ៥០០​អត់​ស្អី​ទេ ចាំ​​ជួយ​ដោះស្រាយ​ក្រោយ​ទៀត»។

​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ សហគមន៍​ពូត្រែង ប្រមាណ ៥០​នាក់ បាន​នាំ​គ្នា​រារាំង​គ្រឿងចក្រ​របស់​មន្ត្រី​សាលា​ស្រុក​ដែល​ព្យាយាម​ឈូស​ឆាយ​ដី​បំពាន​លើ​ដី​តំបន់​ខ្ទម​អ្នក​តា​សហគមន៍​មាន​ទំហំ​ប្រមាណ​កន្លះ​ហិកតារ​នៅ​លើ​ដី​ទួល​នៃ​តំបន់​ភ្នំ ឋិត​នៅ​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ​​ពី​ភូមិ​ពូត្រែង។

អភិបាល​ស្រុក​អូររាំង លោក ឆេង ទុនណារី បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ភូមិ​ឃុំ​សម្របសម្រួល​សង​សំណង​សែនព្រេន​នេះ​ជូន​សហគមន៍​ឲ្យ​បាន​សមស្រប ក៏ប៉ុន្តែ​លោក​មិន​បាន​ដឹង​ពី​លទ្ធផល​នៃ​ការ​សម្របសម្រួល​នោះ​ទេ។

លោក​ថា ប្រសិន​សហគមន៍​មិន​យល់​​ស្រប​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ភូមិ​ឃុំ អាជ្ញាធរ​ស្រុក​នឹង​ណែនាំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជួបជុំ​ដោះស្រាយ​​បញ្ហា​នេះ​ជា​ថ្មី​ទៀត៖ «កន្លង​ទៅ​ខ្ញុំ​បាន​ទុក​ពេល​ឲ្យ​គាត់​ជជែក​គ្នា​ដោយសារ​បង​ប្អូន​ដែល​ទាមទារ​អត់​ទាន់​សម្រេច​ថា ត្រូវ​ទាមទារ​យ៉ាង​ម៉េច»។

​ជំនឿ​របស់​ជនជាតិ​ព្នង ភូមិ​ពូត្រែង រៀង​រាល់​ឆ្នាំ​ពួកគេ​តែង​រួម​គ្នា​រៀបចំ​កាប់​ជ្រូក​មួយ​ក្បាល ស្ងោរ​មាន់ និង​ស្រា ពាង​តាម​ក្រុម​គ្រួសារ​នីមួយៗ យក​មក​សែន​ខ្ទម អ្នក​តា​ដែល​មាន​ឈ្មោះ​ថា អ្នក​តា​ឡាវអន់យើ ឬ​អ្នកតា​​ត្រពាំងតាយើ ដែល​អ្នក​ភូមិ​ជឿ​ថា បារមី​អ្នក​តា​នេះ​ជួយ​ឲ្យ​អ្នក​ភូមិ​ទទួល​បាន​ភោគផល​កសិកម្ម​ល្អ ចៀស​ផុត​បាតុភូត​រន្ទះ​បាញ់ ងាប់​គោ ក្របី និង​ស្លាប់​អ្នក​ភូមិ ឬ​ការពារ​មិន​ឲ្យ​កើត​មាន​ជំងឺ​​រាតត្បាត​ក្នុង​ភូមិ ពិសេស​គឺ​ការពារ​សត្វ​ឃ្មុំ និង​គ្រោះថ្នាក់ ខណៈ​អ្នក​ភូមិ​ស្វែង​រក​ឃ្មុំ​ក្នុង​ព្រៃ​ជា​​មុខ​របរ។

តំណាង​សហគមន៍​បញ្ជាក់​ថា អ្នក​ភូមិ​នឹង​យល់​ព្រម​សម្របសម្រួល ប្រសិន​អ្នក​ឈូស​ឆាយ​ដី​សង​សំណង​សែនព្រេន​ជា​ប្រាក់ ២​លាន​រៀល និង​ជ្រូក​​​មួយ​ក្បាល មាន់​១ និង​ស្រា​ពីរ​ពាង៕

No comments:

Post a Comment