ប្រជាពលរដ្ឋនាំគ្នាទៅធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីនៅឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីខែសីហា ២០១៥។ RFA/Saut Sokprathna |
ក្រសួងមហាផ្ទៃ យល់ព្រមចុះសិក្សាដល់ទីតាំងផ្ទាល់ដើម្បីស្រាវជ្រាវករណីភាពមិនប្រក្រតីនៃការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តបតាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ចំណែកភាគីគណបក្សសង្គ្រោះជាតិ ដែលជាដើមបណ្ដឹងទាមទារឲ្យមានការសើរើនៃការធ្វើអត្តសញ្ញាណប័ណ្ណ ស្វាគមន៍ចំពោះចំណាត់ការនេះ ប៉ុន្តែទាមទារឲ្យក្រសួងមហាផ្ទៃ ត្រូវចុះពិនិត្យស្រាវជ្រាវគ្រប់ករណីដល់ទីតាំងពិត។
ក្នុងចំណោមបញ្ជីឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតដំបូងចំនួន ១៧៩ ដែលដើមបណ្ដឹងប្ដឹងមក គ.ជ.ប ចោទប្រកាន់អ្នកទាំងនោះជាជនបរទេស ឬជាជនជាតិវៀតណាម ដែលទទួលបានអត្តសញ្ញាណប័ណ្ណ មិនត្រឹមត្រូវតាមច្បាប់ រហូតអាចទៅចុះឈ្មោះបោះឆ្នោតបាន។ ជាលទ្ធផល ក្រសួងមហាផ្ទៃ សម្រេចស្រាវជ្រាវទៅដល់មូលដ្ឋានលើអត្តសញ្ញាណប័ណ្ណចំនួន ២៧។
ប្រធាននាយកដ្ឋាននីតិកម្ម និងកិច្ចការបោះឆ្នោត អ្នកស្រី ម៉េង សុធារី ដែលអ្នកស្រីជាតំណាងឲ្យដើមបណ្ដឹងមួយចំនួនក្នុងសំណុំរឿងប្ដឹងទៅ គ.ជ.ប យល់ថា ការឆ្លើយតបរបស់ក្រសួងមហាផ្ទៃ បែបនេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយអ្នកស្រីទាមទារស៊ើបអង្កេតឈ្មោះចំនួន ១៧៩ ដល់ទីកន្លែងទាំងអស់។ ជាងនេះទៅទៀត អ្នកស្រីទាមទារក្រសួងមហាផ្ទៃ មានវិធានការផ្លូវច្បាប់ចំពោះអាជ្ញាធរមានសមត្ថកិច្ចដែលផ្ដល់ឯកសារ និងអត្តសញ្ញាណប័ណ្ណ មិនត្រឹមត្រូវដល់ជនជាតិវៀតណាម៖ «»។
លិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ផ្ញើជូនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក ចុះថ្ងៃទី២០ ខែមករា ឲ្យដឹងថា សំណុំរឿងទាំង៧ ដែលត្រូវស្នើឲ្យលុបឈ្មោះចំនួន ១៧៩ នៅក្នុងបញ្ជីបោះឆ្នោតដំបូង ហើយត្រូវបាន គ.ជ.ប ផ្ញើទៅក្រសួងឲ្យស្រាវជ្រាវនោះ រកឃើញថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ១៥២ ជាអត្តសញ្ញាណប័ណ្ណគំរូថ្មី ត្រឹមត្រូវ និងមានទិន្នន័យរក្សាទុកនៅក្នុងម៉ាស៊ីនមេ (Sever) របស់នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ រីឯអត្តសញ្ញាណប័ណ្ណចំនួន ២០ទៀត ជាអត្តសញ្ញាណប័ណ្ណគំរូចាស់ គ្មានប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងរក្សាទុកក្នុងទិន្នន័យ ដូច្នេះតម្រូវឲ្យមានពេលវេលាសមស្រប និងមន្ត្រីចុះស្រាវជ្រាវដល់ទីតាំង។ ចំណែកឯកសារបញ្ជាក់អត្តសញ្ញាណចំនួន ៧ តម្រូវឲ្យមានពេលវេលាសមស្រប និងមន្ត្រីចុះស្រាវជ្រាវដល់ទីតាំងផ្ទាល់។
លិខិតរបស់លោក ស ខេង ដដែលមិនបញ្ជាក់ពីពេលវេលាច្បាស់លាស់នៃការស្រាវជ្រាវនេះនៅឡើយទេ។ អាស៊ីសេរី មិនទាន់អាចសុំបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ នៅថ្ងៃទី២១ ខែមករា។
ចំណែកសមាជិក គ.ជ.ប លោក មាន សទិ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៩ ខែមករា ថា លទ្ធផលនៃការស្រាវជ្រាវនេះ អាចដឹងនៅចុងឆ្នាំ២០១៧។ លោកដឹងដែរថា ក្នុងបញ្ជីឈ្មោះដែល គ.ជ.ប បញ្ជូនទៅក្រសួងមហាផ្ទៃ ក្នុងករណីក្រសួងរកមិនទាន់ឃើញពីភាពមិនប្រក្រតីនៃការផ្តល់អត្តសញ្ញាណប័ណ្ណ គ.ជ.ប នៅតែរក្សាឈ្មោះទាំងនោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតដដែល។
ចំណែកអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា យល់ថា ការឆ្លើយតបរបស់ក្រសួងមហាផ្ទៃ នៅពេលនេះ អាចបញ្ជាក់ពីការទទួលខុសត្រូវលើការងារ គ.ជ.ប ទាក់ទងការដោះស្រាយពាក្យបណ្ដឹង និងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ។
លោក ហង្ស ពុទ្ធា ឲ្យដឹងដែរថា គិតមកដល់ថ្ងៃទី២១ ខែមករា គ.ជ.ប ទទួលបានបណ្ដឹងចំនួន ២១៣ ដែលស្នើលុបឈ្មោះមនុស្សជាង ២.០០០នាក់ ចេញពីបញ្ជីបោះឆ្នោត ដោយចោទប្រកាន់ថា ជាជនបរទេស ឬជាជនជាតិវៀតណាម៖ «»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានទទួលពាក្យបណ្ដឹងរបស់ ពលរដ្ឋ និងតំណាងគណបក្សសង្គ្រោះជាតិ រហូតដល់ថ្ងៃទី២២ ខែមករា ដំណាលគ្នានឹងទទួលពាក្យបណ្ដឹងនេះ គ.ជ.ប ក៏ដោះស្រាយពាក្យបណ្ដឹងជាហូរហែដែរ ហើយនៅថ្ងៃទី២៧ ខែមករា ស្ថាប័នបោះឆ្នោតមួយនេះនឹងបញ្ចប់ការស្រាយពាក្យរបស់ខ្លួន។ តាមរយៈការដោះស្រាយពាក្យបណ្ដឹងកន្លងមក ដើមបណ្ដឹងដែលជាពលរដ្ឋ និងគណបក្សសង្គ្រោះជាតិ ដែលប្ដឹង គ.ជ.ប ឲ្យលុបឈ្មោះជនជាតិវៀតណាម ចេញពីបញ្ជីបោះឆ្នោតដំបូង ដោយចោទប្រកាន់ថា អាជ្ញាធរផ្ដល់អត្តសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធ មិនត្រឹមត្រូវតាមច្បាប់៕
No comments:
Post a Comment