Monday, January 16, 2017

គ្រូពេទ្យ​ឯកទេស​ផ្តល់​សេវា​ព្យាបាល​ជំងឺ​ភ្នែក​នៅ​ស្រុក​មេមត់​ដោយ​ឥត​គិត​ថ្លៃ

                                                                                                                                                                                  កម្មវិធី​ជាតិ​សុខភាព​ភ្នែក​នៃ​ក្រសួង​សុខាភិបាល សហការ​ជាមួយ​មូលនិធិ​សេវា (SEVA Foundation) ផ្តល់​ការ​ព្យាបាល និង​វះ​កាត់​ជំងឺ​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ទី​២០ ខែ​មករា។

សមាជិក​កម្មវិធី​ជាតិ​សុខភាព​ភ្នែក វេជ្ជបណ្ឌិត យូ ពិសិដ្ឋ បញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៦ មករា ថា ថ្ងៃ​ផ្តល់​សេវា​ព្យាបាល​ដំបូង​មាន​ពលរដ្ឋ​ប្រមាណ ៨០​នាក់ បាន​ទៅ​ទទួល​យក​ការ​ពិនិត្យ និង​ព្យាបាល។ លោក​លើក​ឡើង​ពី​ហានិភ័យ​នៃ​ជំងឺ​ភ្នែក និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​មាន​ជំងឺ​ភ្នែក អញ្ជើញ​ទៅ​ទទួល​សេវា​នេះ​ដោយ​មិន​ចាំបាច់​បង់​ប្រាក់៖ «បើ​សិន​ជា​គាត់​ចាស់​ជរា អាយុ ៦០ ដល់ ៨០​ឆ្នាំ មាន​ន័យ​ថា​ភ្នែក​ឡើង​បាយ។ បញ្ហា​ភ្នែក​នោះ គឺ​ស្រវាំង ហើយ​បើ​គាត់​ទុក​យូរ​អាច​មាន​ហានិភ័យ​ជំងឺ​ទឹក​ដក់ អាច​លទ្ធផល​ការ​វះ​កាត់​មិន​សូវ​ល្អ ពិបាក​ដែរ​ក្នុង​ការ​វះ​កាត់​បាយ​ភ្នែក​ដែល​វា​ទុំ​ជ្រុល។ គាត់​នឹង​ប្រឈម​នឹង​ជំងឺ​ផ្សេង​ទៀត ដូចជា​ជំងឺ​ទឹក​ដក់ ឬ​ជំងឺ​រលាក​ប្រស្រី​ភ្នែក។ អ៊ីចឹង​គាត់​មាន​បញ្ហា​ឈឺ​ចាប់។ គាត់​ព្យាបាល​មិន​ទាន់​ពេល អាច​ខូច​ភ្នែក»។

បន្ទាប់​ពី​ពិនិត្យ និង​ព្យាបាល​រួច ក្រុម​គ្រូពេទ្យ​ឯកទេស​នឹង​ត្រឡប់​មក​តាមដាន​អាការៈ​ជំងឺ​របស់​ពលរដ្ឋ​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ខាង​មុខ៕

No comments:

Post a Comment