Wednesday, January 25, 2017

ពលករ​ខ្មែរ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ថៃ​ជិត​៥​ម៉ឺន​នាក់​ត្រូវ​បាន​ចាប់​បញ្ជូន​មក​កម្ពុជា​នៅ​ឆ្នាំ​២០១៦




របាយការណ៍​នគរបាល​ជាតិ ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៦ ពលករ​ខ្មែរ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ ចំនួន​ជិត ៥​ម៉ឺន​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ត្រឡប់​មក​កម្ពុជា វិញ។

របាយការណ៍​ដែល​ដកស្រង់​តួលេខ​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​២០១៦ បញ្ជាក់​ថា មាន​ពលករ​ខ្មែរ​ចំនួន​ជាង ៥​ម៉ឺន​នាក់ ក្នុង​នោះ​ជាង ១​ម៉ឺន ៦​ពាន់​នាក់​ជា​ស្ត្រី និង​ជាង ៤.២០០​នាក់​ជា​កុមារ ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ​តាម​រថយន្ត​វ៉ែន កាត់​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត។

អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក សួន បវរ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ដកស្រង់​ប្រសាសន៍​ថា កន្លង​មក មន្ត្រី​របស់​លោក​បាន​ព្យាយាម​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់ តាម​រយៈ​ការ​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់ចត់​នៅ​តាម​ច្រក​ព្រំដែន​នានា​ក្នុង​ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​លោក​ថា ការ​ធ្វើ​ចំណាក​ស្រុក​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស គឺ​ជា​រឿង​ធម្មតា និង​ជា​សេរីភាព​របស់​ពលរដ្ឋ។

ជំរឿន​របស់​រដ្ឋាភិបាល​ថៃ កាល​ពី​ឆ្នាំ​២០១៥ រក​ឃើញ​ថា ពលរដ្ឋ​កម្ពុជា ជាង ៤​សែន ៥​ម៉ឺន​នាក់ កំពុង​រស់នៅ និង​ធ្វើ​ការ​ខុស​ច្បាប់​ក្នុង​ប្រទេស​ថៃ៕

No comments:

Post a Comment