Wednesday, January 25, 2017

គ្រូពេទ្យ​អាមេរិក​និង​កាណាដា​ផ្តល់​ការ​ពិនិត្យ​សុខភាព​ពលរដ្ឋ​ខេត្ត​រតនគិរី​មិន​យក​កម្រៃ

គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​មក​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា ពិនិត្យ និង​ព្យាបាល​ជំងឺ​កុមារ​នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧។ RFA/Ratha Visal


គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​មួយ​ក្រុម​មក​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា បាន​បើក​យុទ្ធនាការ​អន្តរជាតិ ពិនិត្យ និង​ព្យាបាល​សុខភាព​មាត់​ធ្មេញ និង​ជំងឺ​ទូទៅ​ជូន​ពលរដ្ឋ​នៅ​តំបន់​ជនបទ ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដោយ​មិន​យក​កម្រៃ។

ប្រជាពលរដ្ឋ​ជិត ២០០​នាក់​នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បាន​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​សុខភាព​មាត់​ធ្មេញ និង​ជំងឺ​ទូទៅ​ពី​សំណាក់​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​មក​ពី​សហរដ្ឋ​អាមេរិក និង​កាណាដា នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ដោយ​មិន​យក​កម្រៃ។

ប្រជាពលរដ្ឋ​មក​ពី​តំបន់​ជនបទ​ភាគច្រើន​ជនជាតិ​ដើម​ភាគតិច រស់នៅ​ឃុំ​ចំនួន​៦ ក្នុង​ស្រុក​អូរយ៉ាដាវ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ផ្សព្វផ្សាយ​ឲ្យ​មក​ទទួល​សេវា​ពិនិត្យ​សុខភាព​មិន​យក​កម្រៃ​នេះ សម្រាប់​រយៈពេល ៤​ថ្ងៃ ឬ​លើស​ពី​នេះ ប្រសិន​បើ​ប្រជាពលរដ្ឋ​នៅ​តែ​មក​ទទួល​សេវា​នេះ។

ប្រជាពលរដ្ឋ​មក​ពី​ភូមិ​គងយុ លោក ពូយ កេះ បញ្ជាក់​ថា នេះ​ជា​តម្រូវការ​សេវា​សុខភាព​របស់​ពលរដ្ឋ​នៅ​តំបន់​ជនបទ​ដែល​ខ្វះខាត​ប្រាក់ និង​មធ្យោបាយ​ទៅ​ពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ​ឯកជន និង​មន្ទីរពេទ្យ​រដ្ឋ​ដែល​មាន​នៅ​ក្នុង​ស្រុក។ លោក​ថា យុទ្ធនាការ​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​នេះ បាន​រួម​ចំណែក​កាត់​បន្ថយ​ការ​លំបាក​ទៅ​លើ​ការ​ចំណាយ​សេវា​ព្យាបាល​ជំងឺ​របស់​ប្រជាពលរដ្ឋ៖ «ធ្មេញ​បាក់​អស់​ហើយ​ខ្ញុំ ចង់​មើល​ធ្មេញ។ សប្បាយ​ដែរ​គាត់​ជួយ​បាន​មាន​លុយ បើ​អត់​លុយ​ចប់​ហើយ»។

យុទ្ធនាការ​ផ្នែក​សុខភាព​នេះ ធ្វើ​ឡើង​ដោយ​ក្រុម​គ្រួសារ​វេជ្ជបណ្ឌិត​មក​ពី​សហរដ្ឋ​អាមេរិក រួម​មាន​ប្រពន្ធ កូន និង​មិត្តភ័ក្ដិ​ជា​គ្រូពេទ្យ​មក​ពី​ប្រទេស​កាណាដា ក្រោម​ការ​គាំទ្រ និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន អង្គរ​ហ្គោល (Angkor Gold) ដែល​កំពុង​វិនិយោគ​ស្រាវជ្រាវ​រ៉ែ​លោហៈ​នៅ​ខេត្ត​រតនគិរី។

គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​មក​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា ពិនិត្យ និង​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ជូន​ពលរដ្ឋ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧។ RFA/Ratha Visal

វេជ្ជបណ្ឌិត រីឆាត អ្នក​ដឹកនាំ​ក្រុម ថ្លែង​បញ្ជាក់​ថា នេះ​ជា​ការ​ស្ម័គ្រ​ចិត្ត​របស់​ក្រុម​លោក​ដែល​ចង់​ឃើញ​ប្រជាពលរដ្ឋ​កម្ពុជា ទទួល​បាន​សេវា​សុខភាព​នៅ​តំបន់​ជនបទ​កាន់​តែ​ប្រសើរ ជាពិសេស​សុខភាព​មាត់​ធ្មេញ ប្រសិន​ប្រជាពលរដ្ឋ​មិន​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​ព្យាបាល​បាន​ត្រឹមត្រូវ​ទេ នឹង​បង្ក​ឲ្យ​កើត​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ៖ «គាត់​មក​នេះ​មិន​មែន​ជា​អង្គការ​ទេ គឺ​គាត់​បង្កើត​ជា​ក្រុម​គ្រួសារ​គាត់​ហើយ និង​មិត្តភ័ក្ដិ​គាត់ ឬ​អ្នក​ណា​ដែល​ចង់​ចូលរួម​គាត់​អញ្ជើញ​ទាំងអស់។ គាត់​មក​នេះ​អត់​មាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ណា​ទេ គឺ​ជា​ថវិកា​របស់​គាត់ និង​ក្រុម​គាត់»។

ក្រុមហ៊ុន អង្គរ​ហ្គោល ទទួល​បាន​អាជ្ញាប័ណ្ណ​សិក្សា​ស្រាវជ្រាវ​នៅ​ស្រុក​អូរយ៉ាដាវ និង​ស្រុក​ជិត​ខាង​ទៀត​ក្នុង​ខេត្ត​រតនគិរី រួម​ជាមួយ​កិច្ចព្រមព្រៀង​ជួយ​អភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​បាន​រីក​ចម្រើន។

អនុប្រធាន​កម្មវិធី​អភិវឌ្ឍន៍​សង្គម​របស់​ក្រុមហ៊ុន អង្គរ​ហ្គោល អ្នកស្រី ឌីលែន វីក្ស កត់​សម្គាល់​ថា តម្រូវការ​ជា​អាទិភាព​របស់​សហគមន៍​ជនបទ ជាពិសេស​ជនជាតិ​ដើម​ភាគតិច គឺ​វិស័យ​សុខភាព ហេតុ​នេះ​ក្រុមហ៊ុន​យក​ចិត្ត​ទុក​ដាក់​គាំទ្រ និង​ឧបត្ថម្ភ​ចំពោះ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត ដើម្បី​រួម​ចំណែក​ដោះស្រាយ​តម្រូវការ​របស់​ពលរដ្ឋ។ អ្នកស្រី​បន្ត​ថា នេះ​ជា​តួនាទី​របស់​ក្រុមហ៊ុន​ដែល​ត្រូវ​រៀបចំ​អភិវឌ្ឍ និង​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​តំបន់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន៖ «ក្រុមហ៊ុន អង្គរ​ហ្គោល មាន​ទស្សនវិស័យ​ជួយ​ប្រជាជន ហើយ​ណា​មួយ​គាត់​ចង់​ជួយ​ប្រជាជន​ក្នុង​តំបន់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ចង់​ជួយ​ប្រជាពលរដ្ឋ​ប្រឈម​បញ្ហា​សុខភាព​ឲ្យ​បាន​ការពារ​សុខភាព​ទាំងអស់»។

តាម​ការ​គ្រោង​ទុក ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​នឹង​ពិនិត្យ និង​ព្យាបាល​សុខភាព​ជូន​ប្រជាពលរដ្ឋ​ស្រុក​អូរយ៉ាដាវ ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ ខែ​មករា ឬ​អាច​បន្ត​ប្រសិន​តម្រូវការ​ប្រជាពលរដ្ឋ​មាន​ចំនួន​ច្រើន៕

No comments:

Post a Comment