មន្រ្តីនគរបាលច្រកព្រំដែននៅក្រុងប៉ោយប៉ែត ឈ្មោះ ពិសិដ្ឋ (រូបភាពពីហ្វេសប៊ុក) |
សាក្សីដែលបានចូលបំភ្លឺនៅតុលាការ ខេត្ដបន្ទាយមានជ័យ នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា មន្ដ្រីគណបក្សសង្គ្រោះជាតិ លោក ឌិន ពុទ្ធី មិនបានបើកឡានបុក ដូចអ្វីដែលមន្រ្តីនគរបាលឈ្មោះ ឈាន ពិសិដ្ឋ ចោទប្រកាន់នោះទេ។
តុលាការខេត្ដបន្ទាយមានជ័យបានឃុំខ្លួនមន្ដ្រីបក្សសង្រ្គោះជាតិ លោក ឌិន ពុទ្ធី ដោយចោទពីបទហិង្សាដោយចេតនានិងមានស្ថានទំងន់ទោស បន្ទាប់ពីមន្ដ្រីប៉ូលិសព្រំដែនលោក ឈាន ពិសិដ្ឋ ដួលមុខឡានមន្ដ្រីបក្សប្រឆាំងរូបនោះកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦កន្លងមក។
សាក្សីមួយរូបក្នុងចំណោមបីនាក់ លោក អ៊ុន ជីវ័ន ប្រាប់វីអូឌី ក្រោយពីបំភ្លឺនៅតុលាការថាលោកបានប្រាប់តុលាការថា លោក ឌិន ពុទ្ធី មិនបានបើករថយន្ដបុកមន្ដ្រីនគរបាលច្រកទ្វារអន្ដរជាតិប៉ោយប៉ែតលោក ឈាន ពិសិដ្ឋ ដូចការចោទប្រកាន់នោះទេ។ លោកបញ្ជាក់ថា មន្ដ្រីនគរបាលរូបនោះបានធ្វើជាដួលនៅមុខឡានមន្ដ្រីបក្សប្រឆំាង ដើម្បីទំលាក់កំហុសដាក់លោក ឌិន ពុទ្ធី។
អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បរវ បានថ្លែងនៅក្នុងកិច្ចប្រជុំមួយកាលពីល្ងាចថ្ងៃទី៩ខែមករាថា លោកចង់ឲ្យមានការសម្របសម្រួលគ្នារវាង លោក ឈាន ពិសិដ្ឋ ជាមួយលោក ឌិន ពុទ្ធី ដើម្បីបញ្ចប់បញ្ហា។ ជាមួយគ្នានោះ លោកបន្តថា លោកនឹងស្នើទៅក្រសួងមហាផ្ទៃឲ្យផ្ទេរការងារលោក ឈាន ពិសិដ្ឋ ចេញពីក្រុងប៉ោយប៉ែត ដើម្បីឲ្យប្រជាពលរដ្ឋស្ងប់អារម្មណ៍។
នៅក្នុងវីដេអូខ្លីប របស់ព្រះតេជគុណ លួន សាវ៉ាត បានបង្ហាញថា សាក្សីបីរូប គឺលោក ញ៉ែត នាង លោក ហ៊ុន សេងអឿន និងលោក អ៊ុន ជីវ័ន្ដ ឲ្យដឹងស្រដៀងគ្នាមុនចូលបំភ្លឺ នៅតុលាការថា លោក ឈាន ពិសិដ្ឋ បានដើរចូលចូលខាងមុខរថយន្ត រួចផ្ដួលខ្លួនឯង ខណៈដែលរថយន្ដនៅមួយកន្លែង។ ពួកគេបន្ដថា នៅពេលដួលរួចហើយ មន្ដ្រីនគរបាលរូបនោះនៅតែក្ដាប់កូនសោរជាប់នឹងដៃនិងមានទឹកមុខធម្មតា បន្ទាប់មកសមត្ថកិច្ចបានដឹកទៅកន្លែងផ្សេង។ ពួកគេរំពឹងថា តុលាការខេត្ដបន្ទាយមានជ័យនឹងផ្ដល់យុត្ដិធម៌ដល់លោក ឌិន ពុទ្ធី។
VOD មិនអាចទាក់ទងចៅក្រមស៊ើបសួរនៃតុលាការខេត្ដបន្ទាយមានជ័យ លោក មុយ សុភក្ដិ បាននៅឡើយទេ។
ទោះជាយ៉ាងណា សេចក្ដីថ្លែងការណ៍របស់សាលាដំបូងខេត្ដបន្ទាយមានជ័យ កាលពីពេលកន្លងទៅ បានអះអាងថា មន្ដ្រីប៉ូលិសម្នាក់ដែលដួលនៅមុខឡានមន្ដ្រីបក្សសង្គ្រោះជាតិពិតជាជនរងគ្រោះដោយសាររថយន្ដបើកបុក។
លោក ឌិន ពុទ្ធី ត្រូវបានតុលាការឃុំខ្លួនជិតមួយខែហើយ បើទោះជាមានការតវ៉ាពីសំណាក់ពលរដ្ឋរាប់រយនាក់ និងក្រុមគ្រួសារសុំដោះលែងលោករូបក៏ដោយ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្ដបន្ទាយមានជ័យលោក ស៊ុំ ចាន់គា ដែលឃ្លាំមើលករណីនេះ បានសាទរចំពោះតុលាការដែលឲ្យសាក្សីដោះបន្ទុកចូលបំភ្លឺ ប៉ុន្ដែលោកព្រួយបារម្ភពីសុវត្ថិភាពសាក្សីទាំងនោះ ខណៈមិនទាន់មានច្បាប់ការពារសាក្សីនៅឡើយ។ លោកបន្ដថា សាក្សីមួយរូបក្នុងចំណោមបីនាក់ជាអ្នកថតវីដេអូ និង២នាក់ទៀតជាអ្នកឃើញហេតុការណ៍ផ្ទាល់ ដែលបញ្ជាក់ថា មន្ដ្រីនគរបាលរូបនោះដួលមុខឡានមន្ដ្រីបក្សប្រឆាំងដោយខ្លួនឯង។ លោកស្នើឲ្យតុលាការដោះលែងមន្ដ្រីបក្សប្រឆាំងរូបនោះដោយគ្មានលក្ខខណ្ឌ៕
No comments:
Post a Comment