អ្នកដើរដែលគេសង្ស័យថាលោក ឈាន ពិសិដ្ឋ (ឆ្វេង) និង ឌិន ពុទ្ធី ហៅ ម៉ង់ ពុទ្ធី (ដៃជាប់ខ្នោះ)។ ហ្វេសប៊ុក |
បន្ទាយមានជ័យៈ សាក្សី ៣ នាក់នឹងចូលបំភ្លឺនៅតុលាការខេត្តបន្ទាយមានជ័យនៅថ្ងៃនេះលើសំណុំរឿងលោក ឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាសមាជិកសកម្មគណបក្សសង្គ្រោះជាតិដែលត្រូវបានចោទប្រកាន់ពីរឿងបើករថយន្តបុកលោកឈាន ពិសិដ្ឋ ជាមន្រ្តីប៉ូលិសអន្តោប្រវេសន៍ឲ្យសន្លប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីពេលកន្លងមក។
លោក គឹម សុជាតិ មេធាវីការពារក្តីឲ្យលោក ឌិន ពុទ្ធី បានឲ្យដឹងថាសាក្សី ៣ នាក់នឹងត្រូវបំភ្លឺតុលាការនៅថ្ងៃនេះបន្ទាប់ពីស្នើសុំក្នុងនាមជាសាក្សី។
លោកថា៖ «យើងបានដាក់សាក្សី ៤ នាក់ស្នើទៅតុលាការតែតុលាការព្រមឲ្យ ៣ នាក់ ដូច្នេះពួកគេនឹងត្រៀមឡើងទៅតុលាការក្នុងនាមជាសាក្សី»។
សាក្សីទាំង ៣ នោះមានឈ្មោះ ញ៉ែត នាង,ហ៊ុន សេងអឿន និង អ៊ុន ជីវន។
លោក ញ៉ែត នាង ជាសាក្សីមួយរូបបានឲ្យដឹងថាលោកត្រៀមរួចរាល់ក្នុងបំភ្លឺនៅតុលាការក្នុងនាមជាសាក្សីដែលបានឃើញ និងស្ថិតនៅក្នុងហេតុការណ៍នោះ។
លោកថា៖ «សាក្សីដែលឃើញគឺច្រើនណាស់នៅកន្លែងកើតហេតុយើងត្រៀមរួចហើយក្នុងការបំភ្លឺជាសាក្សីដល់តុលាការថាលោក ពុទ្ធី មិនបានបើកបុកលោក ពិសិដ្ឋ នោះទេ»។
ចំណែកឯលោក ឌិន ភារិទ្ធ ជាប្អូនលោក ឌិន ពុទ្ធី បានឲ្យដឹងថាខាងក្រុមគ្រួសារ និងខាងសមាគមនឹងតាមដានករណីនេះបើតុលាការមិនផ្តល់យុត្តិធម៌ទេលោកនឹងដឹកនាំការតវ៉ាម្ដងទៀត។
លោកបញ្ជាក់ថា៖ «ចាំមើលករណីនេះតើតុលាការសម្រេចយ៉ាងណាបើគ្មានយុត្តិធម៌យើងនឹងតវ៉ាម្តងទៀតដើម្បីស្វែងរកយុត្តិធម៌»។
ទោះជាយ៉ាងណាកាលពីថ្មីៗនេះក្រសួងមហាផ្ទៃ និងស្ថាប័នតុលាការបានចេញសេចក្តីប្រកាសព័ត៌មានថាលោកឈាន ពិសិដ្ឋ ពិតជារងរបួសដោយសារការបុកពីលោក ឌិន ពុទ្ធី ពិតមែនដោយបានសំអាងថាជនរងគ្រោះមានឯកសារបញ្ជាក់ពីខាងមន្ទីរពេទ្យ។
ប៉ុន្តែបើតាមហ្វេសប៊ុកជាច្រើនឡាននោះនៅស្ងៀម រីឯឃ្លីបវីដេអូដែលគេអះអាងថាថតពេលជនរងគ្រោះនៅប្រទេសថៃឃើញគាត់ដើរជាមួយនារីម្នាក់ហាក់ដូចជាមនុស្សជាធម្មតា៕
No comments:
Post a Comment