Friday, February 3, 2017

សង្គម​ស៊ីវិល​និង​មន្ត្រី​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​គ្រោង​ចុះ​ល្បាត​ព្រៃ​នៅ​តាម​ជួរ​ភ្នំក្រវាញ


ឈើ​ប្រណីត​​ដែល​ជនល្មើស​លួច​អារ​លាក់​ទុក​ក្នុង​ព្រៃ​នៅ​ជួរ​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ។ រូបថត​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ផ្ដល់​ឲ្យ​ដោយ​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ។ រូបថត​ផ្ដល់​ឲ្យ​ដោយ​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្



អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​មន្ត្រី​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ គ្រោង​រួម​គ្នា​ចុះ​ល្បាត​ព្រៃ ដើម្បី​បង្ក្រាប​បទល្មើស​រយៈ​ពេល​ពីរ​សប្ដាហ៍ ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ត​ទៅ។ គម្រោង​ចុះ​ល្បាត​នេះ ក្រោយ​ពេល​ពលរដ្ឋ​អះអាង​ថា បាន​ប្រទះ​ឃើញ​គំនរ​ឈើ​ប្រណីត​ប្រមាណ ២០​ម៉ែត្រគូប លើ​ភ្នំក្រវាញ ហើយ​សង្ស័យ​ថា មាន​បទល្មើស​កន្លែង​ផ្សេង​ទៀត។

អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ ដើម្បី​សុំ​កម្លាំង​សហការ​ចុះ​ល្បាត​ព្រៃ​ជួរ​ភ្នំក្រវាញ។

ជួរ​ភ្នំក្រវាញ ដែល​លាត​សន្ធឹង​ជាប់​ទឹក​ដី​ខេត្ត​ពោធិ៍សាត់ កំពង់ស្ពឺ និង​កោះកុង ជា​តំបន់​ការពារ​ដោយ​ព្រះរាជ្យក្រឹត្យ និង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល។ ក្រុម​ល្បាត​នឹង​ចំណាយ​ពេល​ពីរ​សប្ដាហ៍​ពេញ ដើម្បី​ចូល​ទៅ​កាន់​តំបន់​សំខាន់ៗ នៃ​ទឹកដី​របស់​ខេត្ត​ទាំង​បី ដែល​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ពលរដ្ឋ​ថា បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើត​មាន ហើយ​ឈ្មួញ​លួច​បញ្ចេញ​ឈើ​ទៅ​លក់​ក្រៅ​ប្រទេស​ស្ងាត់ៗ។

ប្រធាន​អង្គការ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ លោក ជា ហ៊ាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ថា អ្នក​ឡើង​រក​ឈើ​ខ្លឹម​បាន​ប្រាប់​ពី​កន្លែង​លាក់​ឈើ​ដល់​លោក​នៅ​តំបន់​អាតៃ នៃ​ជួរ​ភ្នំក្រវាញ​កណ្ដាល។ លោក​បាន​បន្លំ​ខ្លួន​ចូល​ទៅ​ស្រាវជ្រាវ​បទល្មើស​នៅ​ទីតាំង​នោះ និង​ថត​រូប​ឈើ​ប្រណីត​ទាំង​នោះ​ទុក​ជា​ភស្តុតាង​ទៀត​ផង ដើម្បី​បង្ហាញ​ដល់​មន្ត្រី​ជំនាញ​មាន​វិធានការ​នៅ​ពេល​ចុះ​ល្បាត​រួម​គ្នា៖ «ខ្ញុំ​សង្ឃឹម​ថា បើ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បង្ក​លក្ខណៈ​ងាយ​ស្រួល ការ​បង្ក្រាប​នឹង​មាន​ភាព​ជោគជ័យ។ ប្រជា​ពលរដ្ឋ​នៅ​ជួរ​ភ្នំក្រវាញ បាន​ផ្ដល់​ព័ត៌មាន​ថា នៅ​តែ​មាន​សកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​ដដែល ដូច្នេះ​ខ្ញុំ​នឹង​ចុះ​ល្បាត​ព្រៃ​នៅ​សប្ដាហ៍​ក្រោយ​នេះ។ សប្ដាហ៍​ទី​១ នៅ​ភូមិសាស្ត្រ​ស្រុក​ឱរ៉ាល់ សប្ដាហ៍​ទី​២ គឺ​នៅ​ភូមិសាស្ត្រ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់»។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ លោក សាន់ មរកត ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​សំណើ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ។
ចំណែក​នាយក​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ខេត្ត​ពោធិ៍សាត់ លោក អ៊ុន គឿន ដែល​គ្រប់គ្រង​តំបន់​ជួរ​ភ្នំក្រវាញ ដែរ​នោះ​ ​មិន​បាន​បញ្ជាក់​ពី​ស្ថានភាព​បទល្មើស​នៅ​តាម​ជួរ​ភ្នំក្រវាញ​ទេ ប៉ុន្តែ​ថា ក្រុម​ការងារ​លោក​ដែល​មាន​គ្នា ១០​នាក់ បាន​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​ប្រចាំ ហើយ​លោក​ថា នឹង​សហការ​កម្លាំង​ជាមួយ​ស្ថាប័ន​ផ្សេងៗ បើ​មាន​សំណើ​មក​មន្ទីរ​បរិស្ថាន ខេត្ត​ពោធិ៍សាត់ ត្រឹមត្រូវ៖ «អូ!  អា​ហ្នឹង​មាន​អី​យើង​បន្ដ​ធ្វើ​ការងារ​រាល់​ថ្ងៃ។ (ជិន ជេដ្ឋា៖ ប៉ុន្តែ​ម៉េច​ដែរ​ស្ថានភាព​បទល្មើស​នៅ​តាម​ជួរ​ភ្នំ​ហ្នឹង?) ឥឡូវ​គ្មាន​អ្វី​តានតឹង​ទេ​បង ព្រោះ​យើង​បាន​ធ្វើ​ការងារ​រាល់​ថ្ងៃ»។

ប្រធាន​អង្គការ​ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ លោក ជា ហ៊ាន បញ្ជាក់​ថា ប្រតិបត្តិការ​ចុះ​ល្បាត​នៅ​ថ្ងៃ​ខាង​មុខ​នេះ ត្រូវ​ប្រើ​កម្លាំង​ខាង​លោក​បី​នាក់ និង​ស្នើ​សុំ​កម្លាំង​ឧទ្យាន​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ ចំនួន ៥​នាក់។ នៅ​ក្នុង​លិខិត​ដែល​លោក​ស្នើ​សុំ​កម្លាំង​សហការ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ ប៉ុន្តែ​លោក​សង្ឃឹម​ថា មន្ទីរ​នឹង​បញ្ជូន​កម្លាំង​ទៅ​សហការ​តាម​ការ​ស្នើ​សុំ​ក្រោយ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា៕

No comments:

Post a Comment