Friday, February 3, 2017
អាជ្ញាធរសម្រេចរក្សាព្រះពុទ្ធបដិមាបុរាណ២អង្គនៅវត្តព្រះនាគស្រុកអង្គស្នួលដដែល
អាជ្ញាធរ និងអ្នកពាក់ព័ន្ធសម្រេចតម្កល់ព្រះពុទ្ធបដិមាបុរាណ ២អង្គ នៅវត្តព្រះនាគ ដដែល តាមការចង់បានរបស់ក្រុមពលរដ្ឋនៅតំបន់នេះ។ ការសម្រេចបែបនេះ ធ្វើឡើងនៅពេលអាជ្ញាធរពាក់ព័ន្ធប្រជុំរកដំណោះស្រាយជាមួយពលរដ្ឋ និងមន្ត្រីសង្ឃនៅក្នុងបរិវេណវត្តភូមិឆក់ឈើនាង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃទី៣ ខែកុម្ភៈ។
ទោះបីក្រុមមន្ត្រីពាក់ព័ន្ធសម្រេចផ្ដល់ជម្រើសចំនួន៣ ដើម្បីថែរក្សាព្រះពុទ្ធបដិមាបុរាណ ២អង្គ គឺយកថ្វាយព្រះមហាក្សត្រ យកជូននាយករដ្ឋមន្ត្រី និងយកទៅរក្សាទុកនៅសារមន្ទីរក្ដី ប៉ុន្តែក្រុមពលរដ្ឋជាង ៣០០នាក់ដែលចូលរួមប្រជុំ បានស្រែកស្រុះៗគ្នាថា ត្រូវរក្សាព្រះពុទ្ធបដិមាទាំង ២អង្គនៅក្នុងវត្តដដែល៖ «»។
ព្រះគ្រូសូត្រស្ដាំវត្តព្រះនាគ ព្រះតេជព្រះគុណ ឡុច យ៉ាន ឲ្យអាស៊ីសេរី ដឹងថា នៅពេលនេះ គណៈកម្មការវត្តកំពុងរៀបចំបង្កើតគណៈកម្មការដើម្បីចូលរួមចំណែកថែរក្សាការពារព្រះពុទ្ធបដិមា។ ព្រះតេជព្រះគុណបន្តថា អាជ្ញាធរពាក់ព័ន្ធនៅតែយល់ព្រមរង់ចាំទទួលព្រះពុទ្ធបដិមា ប្រសិនគណៈកម្មការអាចារ្យវត្ត និងពលរដ្ឋអស់លទ្ធភាពថែរក្សា ឬការពារ៖ «»។
ក្រុមពលរដ្ឋដែលប្រឆាំងទាស់មិនឲ្យយកព្រះពុទ្ធបដិមាចេញពីទីធ្លាវត្ត ព្រោះយល់ថា បើទុកនៅទីនេះ ពួកគេនៅតែគោរពបូជា ហើយមួយវិញទៀត ព្រោះមិនជឿទុកចិត្តទៅលើការថែរក្សាក្រុមមន្ត្រី៖ «»។
ពលរដ្ឋរស់នៅភូមិឈូកធំ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល អ្នកស្រី ហៀង រីម និយាយថា មូលហេតុដែលលោកស្រីទាមទារឲ្យរក្សព្រះពុទ្ធបដិមានៅក្នុងវត្តដដែល ព្រោះលោកស្រី និងពលរដ្ឋផ្សេងទៀត អាចមកគោរពបូជាព្រះពុទ្ធរូបបានរាល់ថ្ងៃ៖ «»។
ពុទ្ធបដិមាទាំងពីរអង្គនេះ ត្រូវបានប៉ាន់ស្មានថា មានអាយុកាលជាង ១០០ឆ្នាំហើយ រីឯទម្ងន់វិញ អង្គតូចទម្ងន់ជិត ៨១ (៨០,៨០) គីឡូក្រាម ហើយអង្គធំមានទម្ងន់ជាង ៨៥ (៨៥,២០) គីឡូក្រាម ដែលគេជឿថា កសាងឡើងពីលោហធាតុលង្ហិន សំរឹទ្ធ និងមាស។
កិច្ចប្រជុំរកដំណោះស្រាយនៅថ្ងៃទី៣ ខែកុម្ភៈ ដើម្បីរក្សាព្រះពុទ្ធបដិមាទាំង ២អង្គ ធ្វើឡើងពីរដំណាក់កាល។ ដំបូងឡើយក្រុមមន្ត្រីចម្រុះ រួមមាន តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងអាជ្ញាធរ និងសមត្ថកិច្ចខេត្តកណ្ដាល និងមន្ត្រីសង្ឃជជែកគ្នារកដំណោះស្រាយរួមឃើញរួចហើយ ទើបតំណាងរបស់ក្រុមនេះ គឺព្រះអនុគណស្រុកអង្គស្នួល ព្រះតេជព្រះគុណ ហឹម ចាន់ថា ផ្តល់ដំណឹងទៅក្រុមពលរដ្ឋ។ ប៉ុន្តែក្រុមពលរដ្ឋមិនយល់ស្របទទួលយកគំនិតអ្នកពាក់ព័ន្ធដែលចង់រក្សាព្រះពុទ្ធបដិមានៅកន្លែងផ្សេងពីវត្ត។
ព្រះអនុគណស្រុកអង្គស្នួល ព្រះតេជព្រះគុណ ហឹម ចាន់ថា បង្ហាញព្រះទ័យព្រួយបារម្ភចំពោះសន្តិសុខរបស់ព្រះសង្ឃ និងព្រះពុទ្ធបដិមា ព្រោះកន្លងមក វត្តមានតម្លៃចំនួនបីវត្តនៅក្នុងតំបន់នេះ ត្រូវជនខិលខូចលួចយកចេញពីវត្ត៖ «»។
ព្រះគ្រូសូត្រស្ដាំវត្តព្រះនាគ ព្រះតេជព្រះគុណ ឡុច យ៉ាន បន្តទៀតថា វត្តត្រូវសាងសង់ទីតាំងថ្មី ដើម្បីតម្កល់ព្រះពុទ្ធបដិមាមានសុវត្ថិភាពដែលត្រូវចំណាយទឹកប្រាក់ប្រមាណ ៣ម៉ឺនដុល្លារ។
ក្រុមពុទ្ធបរិស័ទ និងព្រះសង្ឃ ឲ្យដឹងថា ព្រះពុទ្ធបដិមាបុរាណទាំងពីរអង្គ បានរក្សាទុកនៅវត្តព្រះនាគ ក្នុងខេត្តកណ្ដាល ជាង ៣០ឆ្នាំមកហើយ ប៉ុន្តែមិនសូវមានអ្នកដឹងថា ព្រះបដិមានេះជាវត្ថុបុរាណ និងមានតម្លៃនោះទេ ព្រោះអតីតព្រះចៅអធិការវត្ត បានរក្សាទុកនៅកុដិរបស់ព្រះអង្គយ៉ាងប្រុងប្រយ័ត្ន ប៉ុន្តែក្រោយពីព្រះអង្គសុគតបានប្រមាណមួយឆ្នាំ ទើបមានការបែកធ្លាយថា ព្រះពុទ្ធបដិមាបុរាណ ២អង្គនេះ មានតម្លៃខ្ពស់កប់ពពក៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment