អាជីវករលក់ចេកនិងអំបុកមួយចំនួននៅភ្នំពេញត្អូញត្អែរថាលក់មិនសូវដាច់ដូចឆ្នាំមុនៗ
នៅថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក ពលរដ្ឋក្នុងទីក្រុងភ្នំពេញហាក់មិនទាន់ទៅទិញអំបុក និងចេក សម្រាប់ត្រៀមសំពះព្រះខែឡើយ។ ក្រុមអាជីវករលក់អំបុក និងចេកនៅតាមផ្សារខ្លះក្នុងក្រុងភ្នំពេញ ត្អូញត្អែរថា ការលក់អំបុក និងចេករបស់ពួកគាត់ មិនសូវជាលក់ដាច់ដូចរាល់ឆ្នាំនោះទេ។
«សំឡេងតថ្លៃទិញចេកអំបុករបស់ពលរដ្ឋក្នុងថ្ងៃទីមួយនៃពិធីបុណ្យអុំទូកនៅផ្សារដើមគ»
សំឡេងអ៊ូអរនេះ គឺអាជីវករលក់ចេកអំបុកម្នាក់កំពុងស្រែកបញ្ចុះបញ្ចូលឲ្យអតិថិជន ចូលទិញចេក និងអំបុករបស់គាត់ ដែលកំពុងតាំងលក់ស្ថិតក្នុងផ្សារដើមគ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ វិច្ឆិកា ត្រូវនឹងថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។
ជាទម្លាប់ ឲ្យតែពិធីបុណ្យធំៗចូលមកដល់ម្ដងៗ ក្រុមអាជីវករលក់ដូរខ្លះនៅតាមផ្សារនានា មិនសូវជាខ្វល់ខ្វាយរឿងឈប់សម្រាក និងដើរលេងសប្បាយដូចគេឯងឡើយ។ ផ្ទុយទៅវិញ ពួកគាត់រឹតតែខំប្រឹងប្រែងក្នុងការលក់ដូរបន្ថែមទៀត ទោះជាត្រូវនឿយហត់ជាងមុនប៉ុនណាក្ដី។ ជាក់ស្ដែងក្នុងព្រះរាជពិធីបុណ្យអុំទូកនៅថ្ងៃទីមួយ ក្រុមអាជីវកខ្លះមិនបានដើរដូចគេឯងដែរទេ ក៏ប៉ុន្តែពួកគាត់បែរជាសប្បាយរីករាយតាមរយៈការលក់ចេកអំបុកទៅវិញ។ ថ្វីបើពួកគាត់ពេលខ្លះត្អូញត្អែរបន្តិច ថាការលក់ចេកអំបុកក្នុងថ្ងៃទីមួយនៃពិធីបុណ្យអុំទូកឆ្នាំនេះ មិនសូវជាមានភ្ញៀវមកទិញច្រើនកុះករដូចរាល់ឆ្នាំក្ដី។
អាជីវករលក់ចេកអំបុកក្នុងផ្សារដើមគម្នាក់ លោកស្រី អីវ សុខ រៀបរាប់ទាំងអស់សំណើចម្ដងៗថា ដោយសារតែមិនសូវមានអ្នកទិញ ជួនកាលលោកស្រីត្រូវបង្ខំចិត្តលក់ចេកមួយស្និតឲ្យអតិថិជនទាំងមិនស្មើតម្លៃដើមទិញចូលផង ហើយបើបានចំណេញវិញ គឺមួយស្និតចំណេញបានពី ២០០រៀល ទៅ ៣០០រៀលប៉ុណ្ណោះ។
លោកស្រីបន្តថា តម្លៃចេកក្នុងឆ្នាំនេះក៏ចុះថោក ស្របពេលចេកមានច្រើន និងអ្នកលក់ក៏ច្រើន ដូច្នោះចេកមួយស្និតមានតម្លៃចាប់ពី ២.០០០រៀលទៅដល់ ២.៥០០រៀលប៉ុណ្ណោះ៖ «»។
មិនខុសគ្នាប៉ុណ្ណាឡើយ អាជីវករលក់ចេកអំបុកក្នុងផ្សារដើមគម្នាក់ទៀត គឺលោកស្រី ពៅ គឹមហុង។ លោកស្រីរៀបរាប់ថា ចេករបស់លោកស្រីដែលមានទាំងស្ទង និងស្និត កំពុងតាំងលក់ជាច្រើននេះ គឺនាំចេញពីវៀតណាម និងស្រុកចម្ការលើ ខេត្តកំពង់ចាម ដែលលោកស្រីត្រូវទិញយកមកលក់បន្ត គឺមួយស្ទងមានតម្លៃចាប់ពី ២៣.០០០រៀលទៅ ២៥.០០០រៀល។ ថ្វីត្បិតតែចេកឆ្នាំនេះសម្បូរ ហើយលក់មិនសូវដាច់យ៉ាងណាក្ដី ក៏លោកស្រីមិនអន់ចិត្តទេ៖ «»។
ក្រុមអាជីវករលក់ចេកអំបុកក្នុងផ្សារដើមគភាគច្រើន គឺសុទ្ធសឹងតែលក់ក្នុងតម្លៃស្មើគ្នាទាំងអស់ គឺតម្លៃ ២.៣០០រៀលទៅ ២.៥០០រៀលក្នុងមួយស្និតៗ។
ក្រុមអាជីវករលើកឡើងថា ក្នុងចិត្តពួកគាត់គិតរំពៃថា ស្របពេលពិធីបុណ្យអុំទូកចូលមកដល់ នឹងអាចលក់អំបុក និងចេកដាច់បានច្រើនជាងទំនិញណាៗទាំងអស់នោះ បែរជាខកបំណងទៅវិញ។
អាជីវករក្នុងផ្សារដើមគម្នាក់ទៀតដែលខំស្កាត់យកអំបុកតាំងពីឃុំព្រះធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាប់ព្រំប្រទល់ខេត្តស្វាយរៀង ដែលជាស្រុកកំណើតរបស់ខ្លួន មកលក់នៅទីក្រុងភ្នំពេញ លោកស្រី អុក កេន រៀបរាប់ថា អំបុកឆ្នាំនេះក៏លក់មិនសូវដាច់ដូចជាចេកដែរ ហើយត្រូវលក់ក្នុងតម្លៃថោកជូនអតិថិជន ម្យ៉ាងវិញទៀតត្រូវចំណាយនៃផលចំណេញនោះលើការដឹកជញ្ជូន និងត្រូវបង់ភាស៊ីសុំកន្លែងលក់ឲ្យគេថែមទៀត៖ «»។
នៅពេលពិធីបុណ្យអុំទូកម្ដងៗ ប្រជាជនខ្មែរតែងតែដាល់អំបុក ហើយអ្នកខ្លះដែលមានជីវភាពធូរធារ បានទៅរកទិញអំបុកពីផ្សារដើម្បីទុកសម្រាប់សំពះព្រះខែ។
ពាក់ព័ន្ធនឹងការយកអំបុកសំពះព្រះខែរបស់ប្រជាជនខ្មែរនេះ ឯកសារផ្សាយលើគេហទំព័ររបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានបញ្ជាក់ថា គឺធ្វើឡើងសំដៅគោរពទៅដល់ការកសាងបារមីរបស់ព្រះពុទ្ធ កាលដែលព្រះអង្គនៅជាព្រះពោធិសត្វនៅឡើយ ដែលនៅជាតិមួយនោះ ទ្រង់កើតជាសត្វទន្សាយឈ្មោះ «សសបណ្ឌិត»។ ឯកសារដដែលនេះបន្តថា នៅថ្ងៃដែលព្រះចន្ទពេញបូណ៌មី ឬពេញវង់ ទន្សាយ «សសបណ្ឌិត» បានអធិដ្ឋានឧបោសថសីលរបស់ខ្លួន ដោយបំណងធ្វើទានបរមត្ថបារី ឬធ្វើជីវិតបរិច្ចាគដើម្បីបំពេញនូវពោធិសម្ភារឲ្យបានត្រាស់ដឹងជាព្រះពុទ្ធ។
តើអកអំបុកគេធ្វើនៅថ្ងៃណា?
ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញមួយរូប លោកស្រី វង្ស សារុំ ដែលទិញអំបុកពីផ្សារដើមគ បានចាត់ទុកអំបុកដែលទុកសម្រាប់សំពះព្រះខែ ថាគឺជាអំបុកមានលាភ ហើយត្រូវតែយកអំបុកនោះមកបរិភោគ ក្រោយពីសំពះព្រះខែរួច។ ទោះជាយ៉ាងនេះក្ដី លោកស្រីត្អូញត្អែរថា អំបុកឆ្នាំនេះត្រូវបានគេលក់ថ្លៃជាងកាលពីឆ្នាំកន្លងទៅ៖ «»។
យ៉ាងណាក៏ដោយ ការលក់អំបុកចេករបស់ក្រុមអាជីវករក្នុងផ្សារដើមគ គឺខុសគ្នាទៅនឹងតម្លៃអំបុកចេក ដែលក្រុមអាជីវករក្នុងផ្សារដើមអំពិល និងផ្សារទួលទំពូងឡើយ។ អាជីវករផ្សារទាំងពីរនេះលក់អំបុកមួយកំប៉ុងតម្លៃប្រហែល ២.០០០រៀល ហើយចេកក្នុងមួយស្និតវិញក្នុងតម្លៃ ៤.០០០រៀលទៅ ៥.០០០រៀល។ ពួកគេរៀបរាប់ថា ការលក់ក្នុងតម្លៃនេះ ព្រោះចេក គឺនាំចេញពីកោះក្របី ជាយក្រុងភ្នំពេញ និងមកពីខេត្តបាត់ដំបង។ រីឯអំបុកវិញ គឺពួកគាត់ដាល់ដោយខ្លួនឯងយកមកពីខេត្តព្រៃវែង និងខេត្តស្វាយរៀង ជាដើម។
អាជីវករផ្សារដើមអំពិលក្បែរផ្សារអូឡាំពិក ដែលដាល់អំបុកពីស្រុកកំណើត គឺខេត្តព្រៃវែង មកលក់នៅភ្នំពេញនោះ។ លោកស្រី អ៊ូ សុខា បញ្ជាក់ថា អំបុកលោកស្រីលក់ក្នុងតម្លៃ ២.០០០រៀលទៅ ២.៥០០រៀលក្នុងមួយកំប៉ុង៖ «»។
មេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្ដាំវត្តបទុមវតី ព្រះតេជព្រះគុណ ខឹម សន មានថេរដីកាថា ពលរដ្ឋខ្មែរមានទំនៀមទម្លាប់ធ្វើពិធីយកអំបុកដែលដាល់ចេញពីស្រូវថ្មីសម្រាប់សំពះព្រះខែ គឺនៅថ្ងៃទី១៥ កើត ខែកត្តិក ព្រោះជាថ្ងៃពេញបូណ៌មី។ ព្រះអង្គរំឭកថា ការធ្វើបែបនេះ គឺពលរដ្ឋខ្មែរចង់បង្ហាញថា បន្ទាប់ពីពួកគេបង្កបង្កើនផលស្រូវដំណាំ ហើយទទួលបានផលដំបូងក្នុងនាមជាពុទ្ធសាសនិក ពួកគេតែងតែយកផលនៃស្រូវដំណាំដំបូងទាំងនោះទៅធ្វើទានចំពោះអ្នកមានសីលជាដើម៖ «»។
នៅក្នុងឆ្នាំនេះ ការសំពះព្រះខែ នឹងធ្វើឡើងនៅចំថ្ងៃទី១៤ វិច្ឆិកា ព្រោះត្រូវនឹងថ្ងៃ១៥ កើត ខែកត្តិក ដូច្នោះគឺចំថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក។
ពាក់ព័ន្ធនឹងការសំពះព្រះខែនៅថ្ងៃទីពីរនេះ ក្រុមអាជីវករលក់ចេកអំបុកនៅភ្នំពេញ សង្ឃឹមថានឹងមានពលរដ្ឋទៅទិញចេកអំបុកច្រើនជាងថ្ងៃទីមួយ៕
No comments:
Post a Comment