ស្ថានទូតអាមេរិកនៅកម្ពុជាប្រកាសទទួលការដាក់ពាក្យសុំថវិកាសម្រាប់គម្រោងអភិរក្សវប្បធម៌
ស្ថានទូតអាមេរិកប្រចាំកម្ពុជា ប្រកាសទទួលការដាក់ពាក្យស្នើសុំថវិកាផ្ដល់ដល់អង្គការក្រៅរដ្ឋាភិបាលដែលមិនរកប្រាក់ចំណេញពីកម្មវិធីជំនួយថវិកាខ្នាតធំ និងខ្នាតតូចរបស់មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) សម្រាប់ឆ្នាំ២០១៧។ ការទទួលពាក្យស្នើសុំនេះ នឹងឈប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។
សម្រាប់ព័ត៌មានលម្អិតពីការស្នើពាក្យសុំមានក្នុងគេហទំព័ររបស់ស្ថានទូតអាមេរិកតាមអាសយដ្ឋាន៖ https://kh.usembassy.gov/education-culture/grant-programs/ambassadors-fund-for-cultural-preservation/។
មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌បង្កើតឡើងនៅឆ្នាំ២០០០ ដោយសភាសហរដ្ឋអាមេរិក ក្នុងគោលបំណងជួយអភិរក្សបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ដែលប្រឈមនឹងការបាត់បង់ក្នុងប្រទេសដែលមានការអភិវឌ្ឍតិច ដែលក្នុងនោះក៏មានកម្ពុជាដែរ។
តាំងពីឆ្នាំ២០០១ មក ប្រទេសកម្ពុជា បានទទួលអំណោយថវិកាចំនួន ១៨គម្រោងពីមូលនិធិ AFCP មានតម្លៃប្រមាណជិត ៣លាន (២,៩) ដុល្លារអាមេរិក។ គម្រោងចុងក្រោយក្នុងឆ្នាំ២០១៦ ពីមូលនិធិ AFCP ដល់ប្រទេសកម្ពុជា គឺសម្រាប់ចងក្រងឯកសារស្ដីពីទីតាំងមុនសម័យអង្គរនៅសតវត្សទី៦ និងទី៧ នៅក្នុងខេត្តភាគខាងត្បូងនៃប្រទេសកម្ពុជា កាលពីខែកញ្ញា កន្លងទៅថ្មីៗនេះ៕
No comments:
Post a Comment