ក្រសួងសុខាភិបាលកែតម្រូវព័ត៌មានរកឃើញជំងឺហ្ស៊ីកានៅកម្ពុជា
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នេះ ប្រកាសកែតម្រូវភ្លាមៗ នូវការប្រកាសរបស់ខ្លួនកាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ដែលថា បានរកឃើញជំងឺហ្ស៊ីកា ក្នុងខ្លួនបុរសវ័យ ៤៤ឆ្នាំម្នាក់នៅខេត្តកំពង់ចាម នោះថា មិនត្រឹមត្រូវនោះទេ។
គេហទំព័រនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល ឱ្យដឹងថា យោងតាមការពិសោធលើកទីពីរ តាមរបៀប Molecular Biology Test ចំនួនពីរដង ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា ពុំបានរកឃើញវីរុសហ្ស៊ីកាទេ។
ការប្រកាសកែប្រែព័ត៌មាននេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះនៅក្រោយពេលដែលក្រសួងនេះបានផ្សព្វផ្សយថា គេបានរកឃើញជំងឺហ៊្សីកា ដំបូងនៅកម្ពុជា នៅឆ្នាំ២០១៦ ដែលកើតឡើងលើបុរសអាយុ ៤៤ឆ្នាំម្នាក់ នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ជំងឺ ហ្ស៊ីកា ជាប្រភេទជំងឺឆ្លងដែលបង្កដោយពពួកវីរុសហ្ស៊ីកា ហើយភ្នាក់ងារចម្លងជាប្រភេទសត្វមូសខ្លាដែលដូចគ្នាទៅនឹងជំងឺគ្រុនឈាមដែរ។ អ្នកជំងឺប្រមាណ ៧០ ទៅ ៨០% ពុំមានស្ដែងចេញរោគសញ្ញាអ្វីទាំងអស់ តែរោគសញ្ញាអាចកើតមានដូចជា ក្ដៅខ្លួន ឈឺសាច់ដុំ និងសន្លាក់ដៃជើង ស្នាមក្រហមអុចលើស្បែក ភ្នែកឡើងក្រហមជាដើម។
ចំពោះស្ត្រីមានផ្ទៃពោះ ជំងឺហ៊្សីកានេះ ធ្វើឲ្យទារកស្លាប់ក្នុងផ្ទៃ ឬទារកកើតមកមានសភាពក្បាលមិនប្រក្រតី ដែលភាគច្រើនកើតឡើងលើស្ត្រីមានផ្ទៃពោះក្នុងកំឡុងពេលចាប់ផ្ដើមមានគភ៌រហូតដល់គភ៌មានអាយុ ៦ខែ។
ក្រសួងសុខាភិបាលបញ្ជាក់ថា នៅកម្ពុជា មន្រ្តីជំនាញបានរកឃើញអ្នកឆ្លងវីរុសហ្ស៊ីកានេះចំនួន ៧ករណីមកហើយ ចាប់តាំងពីឆ្នាំ២០០៧។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង អំពាវនាវឱ្យពលរដ្ឋអនុវត្តរបៀបការពារខ្លួនពីជំងឺហ្ស៊ីកា ដែលស្រដៀងនឹងការការពារពីជំងឺគ្រុនឈាម និងគ្រុនឈឺកដែរ។
រាល់ព័ត៌មានថ្មីៗទាក់ទងនឹងជំងឺហ្ស៊ីកានេះ នឹងប្រកាសឱ្យសាធារណជនដឹង តាមរយៈគេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល តាមអាសយដ្ឋាន www.cdcmoh.gov.kh៕
No comments:
Post a Comment