អាជ្ញាធរខេត្តព្រះសីហនុត្រៀមរុះរើលំនៅឋានពលរដ្ឋរស់នៅតំបន់ហាមឃាត់ក្បាលឆាយ
មន្ត្រីស្ថាប័នពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុ ត្រៀមកម្លាំងចុះរុះរើផ្ទះ ឬលំនៅឋានរបស់ប្រជាពលរដ្ឋដែលចូលទៅសង់ផ្ទះរស់នៅលើដីអនុក្រឹត្យរដ្ឋហាមឃាត់សម្រាប់រក្សាប្រភពទឹកស្អាតនៅតំបន់ក្បាលឆាយ។ ប៉ុន្តែពលរដ្ឋបន្តសំណូមពរដល់ប្រមុខដឹកនាំរក្សាលំនៅឋាននៅលើទីតាំងដើម មិនផ្លាស់ប្ដូរទៅកាន់ទីតាំងផ្សេងនោះទេ។
អភិបាលខេត្តព្រះសីហនុ បានអះអាងថា ប្រជាពលរដ្ឋដែលខ្វះដីសង់ផ្ទះពិតប្រាកដ ហើយបានចូលទៅរានកាប់ព្រៃខុសច្បាប់រស់នៅតំបន់អនុក្រឹត្យលេខ៧៦ ដែលរដ្ឋបានហាមឃាត់ រដ្ឋបាលខេត្តនេះនឹងផ្ដល់ដីសង់លំនៅឋានទៅកាន់ទីតាំងផ្សេងជំនួសទីតាំងចាស់។
ថ្នាក់ដឹកនាំនៅតាមស្ថាប័នរដ្ឋពាក់ព័ន្ធក្រោមឱវាទខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា បានចុះទៅផ្សព្វផ្សាយអំពីគម្រោងកំណត់ព្រំដីនៅតំបន់ក្បាលឆាយ ជូនប្រជាពលរដ្ឋមានទីតាំងនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ជាប់ផ្លូវចូលទៅរមណីយដ្ឋានតំបន់ក្បាលឆាយ ដើម្បីរក្សាទុកសម្រាប់ប្រភពទឹកស្អាតប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ កុំឲ្យបាត់បង់។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានដឹកនាំពិធីជួបជុំប្រជាពលរដ្ឋ និងសំណូមពរឲ្យពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធររដ្ឋបាលខេត្តនេះ ដោយត្រូវរុះរើផ្ទះ ឬលំនៅឋានចេញពីទីតាំងដីរដ្ឋបានហាមឃាត់សម្រាប់រក្សាប្រភពទឹកស្អាតទុកប្រើប្រាស់រយៈពេលយូរអង្វែង នៅខេត្តព្រះសីហនុ កុំឲ្យបាត់បង់។
លោក យន្ត មីន មិនទាន់បញ្ជាក់ច្បាស់អំពីចំណែកដីដែលត្រូវផ្ដល់ជូនពលរដ្ឋដែលយល់ព្រមរុះរើលំនៅឋានទៅកាន់ទីតាំងផ្សេងមានទំហំប៉ុន្មានឲ្យពិតប្រាកដនោះទេ ដោយបញ្ជាក់ខ្លីថា រដ្ឋបាលខេត្តនឹងកំណត់ឲ្យបានច្បាស់ពេលមានទិន្នន័យប្រជាពលរដ្ឋច្បាស់លាស់។
លោកបញ្ជាក់ថា ទីតាំងថ្មីដែលរដ្ឋបាលខេត្តព្រះសីហនុ នឹងចែកជូនពលរដ្ឋ គឺនៅមិនឆ្ងាយប៉ុន្មានពីទីតាំងសង់លំនៅឋានចាស់របស់ប្រជាពលរដ្ឋនោះទេ។ លោក យន្ត មីន អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រអនុក្រឹត្យថ្មីលេខ១១៦ របស់ប្រមុខរាជរដ្ឋាភិបាលដែលបើកច្រកឲ្យរដ្ឋបាលខេត្តអាចឈានដល់បែងចែកចំណែកដីចេញពីដីអនុក្រឹត្យលេខ៧៦ តំបន់រក្សាប្រភពទឹកស្អាតក្បាលឆាយ កាត់ដីឲ្យពលរដ្ឋបានប្រើប្រាស់ស្របច្បាប់នៅពេលនេះ៖ «ការពុះឆ្វៀល ការកាត់កង ការចែកក្រុម យើងនឹងបន្តធ្វើដោយមិនអាចថយក្រោយបានទេ។ តំបន់នេះគឺជាតំបន់អាយុជីវិតរបស់ប្រជាជនស្ទើរតែទាំងមូល ពីព្រោះយើងដឹងហើយ គឺការប្រើប្រាស់ទឹក ហើយអនាគតគឺត្រូវការកាន់តែខ្លាំង អ៊ីចឹងយើងទាំងអស់គ្នាដាច់ខាតត្រូវការពារតំបន់នេះឲ្យបាន»។
ទោះជាបែបនេះក្តី ក្រុមប្រជាពលរដ្ឋដែលអះអាងថាមានគ្នាជាង ៣០០គ្រួសារ ដែលមានផ្ទះ និងមានចំណែកដីនៅលើទីតាំងដែលរដ្ឋបាលខេត្តតម្រូវឲ្យរុះរើសំណូមដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា គឺអ្នកស្រ ប៊ុន រ៉ានី ស្នើសុំអភិវឌ្ឍ និងសង់ផ្ទះរស់នៅលើដីទីតាំងចាស់កំពុងរស់នៅដោយស្របច្បាប់។
លើកដៃសំពះ និងលើកបដាមានសរសេរឈ្មោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងនោះ ក្រុមប្រជាពលរដ្ឋបានសំណូមពរនៅលើទីតាំងផ្ទះ និងដីកំពុងរស់នៅជាប់ផ្លូវចូលទៅរមណីយដ្ឋានក្បាលឆាយ ថា រដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីមានអំណាចស្ថាប័នពាក់ព័ន្ធមួយចំនួន មានបំណងបណ្ដេញពួកគាត់ចេញពីទីតាំងដីធ្លាប់រស់នៅនេះ ដើម្បីយកដីចែកគ្នាជាមួយមន្ត្រីមានអំណាច និងលក់បន្តទៅឲ្យក្រុមហ៊ុនជាដើម។
ពលរដ្ឋចោទថា សកម្មភាពរបស់អាជ្ញាធរខេត្តព្រះសីហនុ ស្រដៀងគ្នានេះ គឺធ្លាប់កើតមានជាបន្តបន្ទាប់នៅមូលដ្ឋាននេះកន្លងមក៖ «សូមសម្ដេច ហ៊ុន សែន និងសម្ដេច ប៊ុន រ៉ានី ហ៊ុន សែន សូមជួយកូនចៅៗ ស្នើសុំមិនរុះរើផ្ទះទៅកាន់ទីតាំងផ្សេងនោះទេ គឺសុំរស់នៅលើទីតាំងចាស់ដដែល ព្រោះកូនចៅគ្មានដីសង់ផ្ទះនោះទេ»។
ទោះជាបែបនេះក្តី លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ថា សកម្មភាពការងារចុះអនុវត្តអនុក្រឹត្យលេខ ១១៦ថ្មី របស់រាជរដ្ឋាភិបាល និងការកំណត់ព្រំដីសម្រាប់រក្សាប្រភពទឹកស្អាតនៅតំបន់ក្បាលឆាយ ដាច់ខាតរដ្ឋបាលខេត្តនេះនឹងត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព។
លោកស្នើឲ្យពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធររដ្ឋបាលខេត្តនេះ ហើយព្រមទទួលយកចំណែកដីដែលអាជ្ញាធរផ្ដល់ជូននៅទីតាំងផ្សេងជំនួសទីតាំងចាស់ ព្រោះទីទាំងចាស់រដ្ឋបាលខេត្តនេះត្រូវដកហូត និងដាំដើមឈើឡើងវិញនៅថ្ងៃខាងមុខ បើពុំដូច្នេះទេអាជ្ញាធរនឹងមានវិធានការក្តីតាមផ្លូវច្បាប់ទៅលើអ្នកដែលមិនសហការជាមួយអាជ្ញាធរ៖ ៖ «ខ្លះជាខ្ទម ខ្លះជាផ្ទះ។ អ៊ីចឹងទាំង ១៧៤ ហ្នឹង គឺត្រូវបានយើងគិតគូររំកិលចូលក្នុង បើទោះបីជាអ្នកនោះជាអ្នកផ្សេងក៏ដោយ បើមានផ្ទះយើងសម្បទានឲ្យ។ ការធ្វើសម្បទាននេះ ពេលខ្លះមិនស្មើភាពគ្នាទេ ពេលខ្លះអាចចំលើអ្នកអត់ ពេលខ្លះចំលើអ្នកធូរធារអីតិចតួច ធ្វើម៉េចយើងមនុស្សច្រើនគឺអ៊ីចឹងហើយ»។
យ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋ និងអ្នកមានចំណែកដីនៅម្ដុំបរិវេណដីអនុក្រឹត្យលេខ៧៦ ដែលរដ្ឋរក្សាសម្រាប់ប្រភពទឹកស្អាតតំបន់ក្បាលឆាយ ស្នើឲ្យក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលចុះអនុវត្តអនុក្រឹត្យថ្មីលេខ៧៨ និងលេខ១១៦ ដើម្បីឈានដល់កាត់ឆ្វៀលដីជូនពលរដ្ឋរស់នៅស្របច្បាប់នោះ ស្នើអោយមានតម្លាភាព និងយុត្តិធម៌សម្រាប់ទាំងអស់គ្នា។
អ្នកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ ក៏ស្នើឲ្យរដ្ឋបាលខេត្តនេះ ត្រូវបន្តការងារសម្របសម្រួលជាមួយពលរដ្ឋដោយសន្តិវិធី ហើយធ្វើការបែងចែកដីជូនពលរដ្ឋដែលមិនមានដីសង់លំនៅឋាន ដែលកន្លងមកបានព្យាយាមចូលទៅកាប់រានដី និងសង់ផ្ទះនៅតំបន់រក្សាប្រភពទឹកស្អាតក្បាលឆាយ ឲ្យមានដីសម្រាប់សង់ផ្ទះ និងមានដីកសិកម្មសម្រាប់បង្កបង្កើនផលឲ្យបានទាំងអស់គ្នា។
អ្នកស្រី ជៀប សុធារី៖ «មូលហេតុដែលនាំឲ្យពលរដ្ឋមួយចំនួនបានចូលទៅកាប់រានដីទាំងអស់ហ្នឹង គឺដោយសារមានការឃុបឃិតពីមនុស្សមួយចំនួនដែរ ដែលបើកឱកាសឲ្យពលរដ្ឋចូលទៅរស់នៅ ហើយពលរដ្ឋទាំងនោះភាគច្រើនមិនបានកាប់រានខ្លួនឯងទេ គឺបានទិញតៗគ្នាមក។ រឿងនេះអាជ្ញាធរគ្រប់ជំនាន់តែងតែការពារដីប្រភពទឹកស្អាតហ្នឹង និងរកវិធីសម្របសម្រួលជាមួយពលរដ្ឋដើម្បីថែរក្សាតំបន់នេះ»។
ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានចុះអនុវត្តអនុក្រឹត្យកាត់ឆ្វៀលដីលេខ៧៨ និងលេខ១១៦ ឲ្យដាច់ចេញពីដីតំបន់រក្សាប្រភពទឹកស្អាតតំបន់ក្បាលឆាយ ដឹកនាំដោយលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ ហើយបានអះអាងថា ក្រុមការងារបានអនុវត្តត្រឹមត្រូវ និងមានបច្ចេកទេសច្បាស់លាស់។
លោកបញ្ជាក់ថា សកម្មភាពប្រើគ្រឿងចក្រជីប្រឡាយ ហើយបានកាប់ដើមឈើមួយចំនួនចេញពីតំបន់អនុក្រឹត្យលេខ៧៦ សម្រាប់រក្សាប្រភពទឹកស្អាតនេះ គឺដើម្បីជីកប្រឡាយសម្រាប់កំណត់ព្រំដី ឬញែកព្រំដីដែលពលរដ្ឋធ្លាប់កាន់កាប់ឈានដល់បែងចែកជូនពលរដ្ឋ និងកំណត់ព្រំដីសម្រាប់រក្សាប្រភពទឹកស្អាតឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនៅថ្ងៃអនាគត៕
No comments:
Post a Comment