អ្នកសារព័ត៌មានអាជីពនិងពលរដ្ឋអ្នកសារព័ត៌មាននៅតែអះអាងថាត្រូវគេគំរាមកំហែង
ក្រុមអ្នកសារព័ត៌មានអាជីព និងពលរដ្ឋអ្នកសារព័ត៌មានមួយចំនួនអះអាងថា ពួកគេនៅតែប្រឈមការគំរាមកំហែង នៅពេលពួកគេចង់រាយការណ៍ព័ត៌មានពិត ហើយជាព័ត៌មានដែលឆ្លុះបញ្ចាំងអំពីទិដ្ឋភាពជាក់ស្ដែងនៅក្នុងសង្គម។ ការអះអាងនេះ បានធ្វើឡើងនៅក្នុងវេទិកាប្រចាំឆ្នាំស្ដីពី «ការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកសារព័ត៌មានវិជ្ជាជីវៈ ពលរដ្ឋអ្នកសារព័ត៌មាន និងនិស្សិតសារព័ត៌មាន»។
ក្រុមអ្នកសារព័ត៌មានអាជីព និងពលរដ្ឋអ្នកសារព័ត៌មានលើកឡើងថា ការគំរាមកំហែងភាគច្រើន កើតឡើងដោយសារពួកគេចង់ផ្ដល់ព័ត៌មានពិតជុំវិញជម្លោះរវាងអ្នកក្រជាមួយអ្នកមានអំណាច និងអ្នកមានទ្រព្យ។ ពួកគេបន្តថា ជួនកាលពលរដ្ឋខ្លះមិនហ៊ានផ្ដល់ព័ត៌មានពិតទាំងនោះទៅឲ្យអ្នកសារព័ត៌មាន ដើម្បីចុះផ្សាយបន្តឡើយ។
ទីប្រឹក្សាសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្វើការទាក់ទងស្ត្រីឆ្នើមនៅកម្ពុជា និងបញ្ហាអាជីវករលក់ដូរនៅតាមដងផ្លូវ ដែលបានចូលរួមវេទិកាស្ដីពី «ការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកសារព័ត៌មានវិជ្ជាជីវៈ ពលរដ្ឋអ្នកសារព័ត៌មាន និងនិស្សិតព័ត៌មាន» លោកស្រី និល ស្រីល័ក្ខណ។ លោកស្រីមានប្រសាសន៍ថា រយៈពេលកន្លងមក លោកស្រីធ្លាប់អាជ្ញាធរគំរាមមិនឲ្យយកព័ត៌មាន ហើយក៏ធ្លាប់អាជ្ញាធរដកហូតឧបករណ៍ ដូចជាទូរស័ព្ទដៃ និងម៉ាស៊ីនថតជាដើម។
លោកស្រីបញ្ជាក់ថា បញ្ហាទាំងនេះកើតឡើងជាញឹកញាប់ នៅពេលចុះទៅយកព័ត៌មានស្ដីពីអាជ្ញាធរខ្លះដែលបានវាយដំអាជីវករលក់ដូរតាមដងផ្លូវមួយចំនួន ដែលពួកគេតាំងលក់ចំមុខផ្ទះអ្នកមានអំណាច។ លើសពីនេះទៅទៀត លោកស្រីបន្តថា ពលរដ្ឋ និងអាជីវករខ្លះដែលត្រូវបានគេរំលោភបំពានសិទ្ធិ មិនហ៊ានផ្ដល់ព័ត៌មានឡើយ និងសុខចិត្តលាក់បាំងព័ត៌មាននោះទៅវិញ។ ជួនកាល ពួកគេសុខចិត្តបង់លុយទៅឲ្យភាគីម្ខាងទៀតដែលជាអ្នកមាន និងមានអំណាច ដើម្បីបញ្ចប់ជម្លោះកុំឲ្យវែងឆ្ងាយ ហើយមិនចង់ប្ដឹងផ្ដល់គ្នាឡើងតុលាការ ព្រោះពួកគាត់អះអាងថា ការឡើងតុលាការត្រូវចំណាយលុយកាក់ច្រើន សូកប៉ាន់តុលាការ ហើយពុំសង្ឃឹមទទួលបានយុត្តិធម៌ពីភាគីអ្នកមានអំណាចនោះទេ៖ «ទីមួយ យើងជួបប្រទះនឹងបញ្ហាដែលប្រឈមមុខតែម្ដង គឺព័ត៌មានដូចដែលខ្ញុំនិយាយអ៊ីចឹង គឺប៉ះពាល់ដល់អ្នកមានអំណាច គឺគាត់ (ពលរដ្ឋរងគ្រោះ) អត់ផ្ដល់ឲ្យយើង។ គេ (អាជ្ញាធរ) មិនឲ្យយើងផ្សាយចេញ ហើយគេគំរាមយើងទៀត។ គេគំរាមថា អ្នកឯងដាក់រទេះលក់មុខផ្ទះគេ ប៉ះពាល់ផ្ទះគេ។ កន្លែងសម្រាប់ដាក់ឡាន អ៊ីចឹងវ៉ៃអត់ខុសទេ»។
វេទិកាប្រចាំឆ្នាំស្ដីពី «ការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកសារព័ត៌មានវិជ្ជាជីវៈ ពលរដ្ឋអ្នកសារព័ត៌មាន និងនិស្សិតសារព័ត៌មាន» ត្រូវបានធ្វើឡើងនៅក្នុងសណ្ឋាគារសាន់វ៉េ (Sunway) រាជធានីភ្នំពេញ នៅថ្ងៃទី២០ វិច្ឆិកា គឺជាការផ្ដួចផ្ដើមដោយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។ កម្មវិធីនេះ គឺមានអ្នកចូលរួមជាអ្នកសារព័ត៌មានអាជីព ពលរដ្ឋអ្នកសារព័ត៌មាន និងនិស្សិតព័ត៌មានប្រមាណ ១០០នាក់ និងមានវាគ្មិនចំនួនបីនាក់ជាអ្នកព័ត៌មានជើងចាស់ ព្រមទាំងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ផង។
ពលរដ្ឋរស់នៅទីក្រុងភ្នំពេញ ដែលបានចូលរួមកម្មវិធីនេះ លោក សូ សុធី។ លោកសង្កេតឃើញថា អ្នកព័ត៌មានវិជ្ជាជីវៈមួយចំនួនត្រូវបានគេគំរាមកំហែងដល់អាយុជីវិត និងប្ដឹងទៅតុលាការ ព្រោះការផ្ដល់ព័ត៌មានពិត បានធ្វើឲ្យប៉ះពាល់អ្នកមានអំណាច និងអ្នកមានទ្រព្យធន៖ «គាត់ (អ្នកសារព័ត៌មាន) អាចមានបញ្ហាទីមួយ គឺគាត់អាចទទួលបានការប្ដឹងពីបុគ្គលដែលគាត់ផ្សាយហ្នឹង។ ហើយទីពីរ ដូចដែលយើងដឹងហើយថា ពួកគាត់ត្រូវបានគុំកួន និងរហូតឈានដល់អំពើហិង្សា ដែលយើងឃើញអ្នកសារព័ត៌មានមួយចំនួន គាត់ត្រូវបានធ្វើទុក្ខបុកម្នេញទាក់ទងរាងកាយរហូតដល់ស្លាប់ក៏មានដែរ»។
ទោះបីជាយ៉ាងណាក៏ដោយ លោកអំពាវនាវឲ្យអ្នកសារព័ត៌មានមួយចំនួនទៀត ក៏ត្រូវប្រកាន់ភ្ជាប់វិជ្ជាជីវៈជាអ្នកសារព័ត៌មានបន្តទៀត ក្នុងការផ្សាយព័ត៌មានពិត និងមិនលម្អៀង ព្រោះផ្សាយព័ត៌មានលម្អៀង និងគាំទ្រភាគីម្ខាង អាចធ្វើឲ្យពលរដ្ឋមានការយល់ច្រឡំគ្នាទៅវិញទៅមក។
ពាក់ព័ន្ធបញ្ហាផ្ដល់ព័ត៌មាននេះ អតីតកម្មការិនីរោងចក្រ និងបច្ចុប្បន្នជាមន្ត្រីសហព័ន្ធសហជីពវាយនភណ្ឌនៃឧស្សាហកម្មកាត់ដេរកម្ពុជា លោកស្រី ឆេង ដាណូ។ លោកស្រីបញ្ជាក់ថា នៅក្នុងវិស័យកាត់ដេររយៈពេលកន្លងទៅ បញ្ហាប្រឈមនានារបស់កម្មករដែលត្រូវបានថៅកែរោងចក្រធ្វើបាប និងរំលោភបំពានសិទ្ធិការងារ ដូចជាការផ្ដាច់កិច្ចសន្យាការងារមិនសមហេតុផល ក៏ត្រូវថៅកែរោងចក្រគំរាមកំហែងកម្មករ មិនត្រូវផ្ដល់ព័ត៌មាននោះចេញមកខាងក្រៅផងដែរ ហើយបើសិនហ៊ាន នឹងត្រូវប្រឈមនឹងការបណ្ដេញចេញពីការងារភ្លាម៖ «និយាយរួមនៅក្នុងរោងចក្រ បើសិនជាមានបញ្ហាអី គឺគេ (ម្ចាស់រោងចក្រ) ព្យាយាមមិនឲ្យយើងបញ្ចេញព័ត៌មាន ដូចជាមានបញ្ហាកម្មករឈ្លោះគ្នាជាមួយចិន អ៊ីចឹង គឺព្យាយាមមិនឲ្យយើងបញ្ចេញព័ត៌មាន ព្រោះខ្លាចវាជាការអាប់ឱនដល់រោងចក្រគេ»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ លើកឡើងថា អ្នកសារព័ត៌មានខ្លះដែលធ្លាប់ត្រូវបានអាជ្ញាធរវាយដំឲ្យរបួសនៅពេលមានបាតុកម្មតវ៉ាកន្លងមក ដោយសារពួកគេមិនទាន់ចេះយកព័ត៌មាន ហើយបើសិនជាចេះយកព័ត៌មានវិញ ក៏មិនជួបបញ្ហានេះដែរ៖ «បើយើងរៀនកាសែតដំបូងបំផុត គឺអ្នកកាសែតឈរនៅខាងអាជ្ញាធរ ដើម្បីកុំឲ្យមានរឿង (អាជ្ញាធរវាយ)»។
នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ណុប វី។ លោកអះអាងថា បច្ចុប្បន្ន អ្នកសារព័ត៌មានវិជ្ជាជីវៈ និងពលរដ្ឋដែលផ្ដល់ព័ត៌មានពិត នៅតែប្រឈមការគំរាមកំហែងពីភាគីម្ខាងទៀត ដែលគេយល់ថាព័ត៌មាននោះបានធ្វើឲ្យប៉ះពាល់មុខមាត់ និងស្ថាប័នរបស់ពួកគេ៖ «ពាក្យពិតរែងស្លែង វាប៉ះពាល់ដល់អ្នកដទៃ ព្រោះដូចយើងអ្នកសារព័ត៌មានអ៊ីចឹង កាលណាយើងសរសេរ លុះត្រាតែរឿងហ្នឹងវាជារឿងមានតម្លៃជាព័ត៌មាន អ៊ីចឹងរឿងហ្នឹងមានតម្លៃជាព័ត៌មាន វាមានផលប៉ះពាល់ធំដល់ប្រជាពលរដ្ឋ។ ហើយផលប៉ះពាល់ធំ ដូចជាឧទាហរណ៍ក្រុមហ៊ុនវិនិយោគ មកដល់ប៉ះពាល់ដល់ប្រជាពលរដ្ឋ។ យើង (អ្នកសារព័ត៌មាន) ត្រូវសរសេរ កាលណាយើងសរសេរប៉ះពាល់ដល់ភាគីម្ខាងទៀត ទោះបីយើងឈរលើគោលជំហរវិជ្ជាជីវៈមែន ប៉ុន្តែតិច ឬច្រើន គឺមានផលប៉ះពាល់ ដូចជារបាយការណ៍ធំៗគេចេញមក ប៉ះដល់មន្ត្រីអ្នកកាន់អំណាចអ៊ីចឹងទៅ គឺយើងចាំបាច់ត្រូវតែសរសេរហើយ ព្រោះយើងឈរលើគោលការណ៍វិជ្ជាជីវៈ ប៉ុន្តែយើងសរសេរទៅប៉ះពាល់ដល់មន្ត្រីធំៗ»។
ប៉ុន្តែលោកទទួលស្គាល់ថា បច្ចុប្បន្ន អ្នកសារព័ត៌មានវិជ្ជាជីវៈ មិនសូវប្រឈមនឹងការគំរាមកំហែងដូចមុនឡើយ។ ថ្វីត្បិតតែយ៉ាងណាក្ដី លោកអំពាវនាវឲ្យអ្នកសារព័ត៌មានទាំងអស់ ក៏ត្រូវតែពង្រឹងវិជ្ជាជីវៈសារព័ត៌មានបន្ថែមទៀត ហើយមិនត្រូវផ្សាយព័ត៌មានដែលលម្អៀង និងគាំទ្រតែភាគីម្ខាង ព្រោះការផ្សាយព័ត៌មានចេញពីប្រភពមួយ អាចធ្វើឲ្យសង្គមកាន់តែប្រេះឆាគ្នា។
វេទិកាប្រចាំឆ្នាំស្ដីពី «ការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកសារព័ត៌មានវិជ្ជាជីវៈ ពលរដ្ឋអ្នកសារព័ត៌មាន និងនិស្សិតសារព័ត៌មាន» ត្រូវបានរៀបចំចំនួនបីលើករួចមកហើយ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ឱកាសឲ្យអ្នកសារព័ត៌មានអាជីព អ្នកសារព័ត៌មានពលរដ្ឋ និងនិស្សិតកំពុងសិក្សាផ្នែកព័ត៌មាន បានជួបប្រជុំគ្នាដើម្បីឲ្យពួកគេស្វែងយល់ពីគ្នា រួចហើយចងក្រងជាបណ្ដាញតែមួយក្នុងការធ្វើការងារជាមួយគ្នានាពេលខាងមុខ៕
No comments:
Post a Comment