ប្រវត្តិនៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក
ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ជាប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ។ សព្វថ្ងៃ ពិធីបុណ្យនេះ ត្រូវបានពលរដ្ឋប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថាជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។
ពិធីនេះ ភាគច្រើនគេប្រារព្ធធ្វើឡើងនៅចំពេលរដូវទឹកសម្រកក្នុងខែកត្តិក ឬខែវិច្ឆិកា ដែលជាថ្ងៃព្រះចន្ទរះពេញរង្វង់មូល ត្រូវនឹងថ្ងៃ១៥ កើត ខែកត្តិក។
តើពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានប្រវត្តិយ៉ាងណា?
«ភ្លេងពិណពាទ្យ»
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក តែងប្រព្រឹត្តទៅជាផ្លូវការរយៈពេល ៣ថ្ងៃនៅរាជធានីភ្នំពេញ គឺចាប់ផ្ដើមពីថ្ងៃទី១៤ កើត ដល់ថ្ងៃ១ រោច ខែកត្តិក ដោយមានបណ្ដែតប្រទីបនៅពេលយប់ ធ្វើនៅតាមដងទន្លេសាបនាកំពង់ផែមុខព្រះបរមរាជវាំង។
ប្រវត្តិនៃបុណ្យអុំទូក មានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដែលមានចងក្រងនៅក្នុងឯកសារប្រវត្តិវិទូ និងមាននៅតាមសិលាចារឹកនៃប្រាសាទអង្គរ។
បុណ្យអុំទូកមានការបកស្រាយប្លែកៗគ្នាជាច្រើន ហើយពិធីធ្វើក៏ប្លែកៗគ្នាដែរ។
សៀវភៅជ័យវរ្ម័នទី៧ នៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានចងក្រងថា នៅសម័យអង្គរនាគ្រិស្តសករាជ សតវត្សទី១២ នៅកម្ពុជា មានសេចក្ដីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ ស្ដេចចេញធ្វើសង្គ្រាមជើងទឹកដើម្បីបង្ក្រាបពួកចាម ដោយកងទ័ពទូកជាចម្បាំងរំដោះក្រុងកម្ពុជា ឲ្យរួចផុតស្រឡះចេញពីខ្មាំងសត្រូវនៅគ្រិស្ដសករាជ១១៧៧ ដល់ឆ្នាំ១១៨១ រឿងចម្បាំងគ្រានោះមានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ។ ក្នុងចម្លាក់នោះមានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាល័ក្ខណ៍ព្រះបាទជ័យវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងដ៏ស្វាហាប់ក្នុងចំណោមកងទ័ពទូកទាំងឡាយ។
ចំណែកឯកសារល្បែងប្រណាំងទូករបស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរដែលនិពន្ធដោយលោក ថាច់ ប៉ែន ហៅ ប៉ាង ជាអាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរងខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោម បានចែងថា សម័យលង្វែក ព.ស២០៧១ គ.ស១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធភូបាជាស្ដេចក្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់។ ស្ដេចក្រាញ់នេះបានចាត់របៀបរៀបចំការពារស្រុកឲ្យមានទាហានជើងទឹកចែកជា ៣ក្រុម។ ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំង និងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងសព្វថ្ងៃ។ ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំង និងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងសព្វថ្ងៃ។ ហើយក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវ មានក្ដោងមានទ្រង់ទ្រាយដូចជាទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្ដួចវែងមានដំបូលតែមួយកាត់ខាងមុខ ឥតជញ្ជាំង ជាទូកដាក់ស្បៀងអាហារសម្រាប់កងទ័ព។
ប្រភពឯកសារទាំងពីរនេះ បានសន្និដ្ឋានថា ប្រទេសកម្ពុជា សម័យបុរាណជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ពនេះ ហើយអាចសន្និដ្ឋានទៀតថា ប្រទេសកម្ពុជា ធ្វើពិធីនេះរៀងរហូតមក គឺជាប់តំណមកពីសម័យសមយុទ្ធក្នុងសម័យបុរាណនេះឯង ទើបមានការប្រកួតប្រណាំងទូកងជាប់មកដល់សព្វថ្ងៃនេះ។
«សំឡេងកីឡាករអុំទូក»
អាចារ្យពេលាការនៅរាជធានីភ្នំពេញ លោកអាចារ្យ សេង សយ មានប្រសាសន៍ថា ថ្វីត្បិតតែមានការចងក្រងឯកសារ និងតំណាលខុសៗគ្នាយ៉ាងណាក្ដី ប៉ុន្តែឲ្យតែនិយាយទៅដល់ព្រះរាជពិធីបុណ្យអុំទូក គឺតែងនឹកទៅដល់ការរំឭកដល់គុណកងទ័ពជើងទឹកខ្លាំងពូកែនោះឯង៖ «ក្រុងកម្ពុជាយើងនេះ ទឹកដីកម្ពុជាយើងពីដើមពេលនោះនៅក្នុងទឹកដីអយុធ្យានៅឡើយទេ។ ប្រទេសយើងធំណាស់! មេទ័ពដែលបានពលីដើម្បីជាតិគ្រប់បែបគ្រប់យ៉ាង គឺថានឹកគុណដល់មេទ័ពកាលនោះដែលបានបូជាជីវិតដើម្បីប្រទេសជាតិ»។
ពិធីបុណ្យអុំទូក ប្រព្រឹត្តទៅនៅថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹងរដូវទឹកជំនន់ដែលក្នុងរយៈពេលប៉ុន្មានខែហើយ បានធ្វើឲ្យបឹងបួទាំងឡាយក្លាយទៅជាសមុទ្រដ៏ធំល្វឹងល្វើយ ហើយក៏បញ្ជាក់ថា ពេលនោះស្រូវស្រែកំពុងទុំហើយ។ នៅពេលដែលទឹកទន្លេមេគង្គលិចជន់ ខែសីហា ដល់ខែវិច្ឆិកា ទឹកជំនន់បានចាក់ចូលស្រោចស្រពបឹងបួតាមរយៈទន្លេសាបដែលហូរពីត្បូងទៅជើង។ ដល់រដូវទឹកសម្រកដែលចាប់ផ្ដើមនៅខែវិច្ឆិកា ទឹកបឹងបួហូរត្រឡប់តាមទន្លេសាបដដែលពីជើងទៅត្បូងវិញ។
ដីល្បប់ដោយសារទឹកជំនន់នៃទន្លេបឹងបួទាំងឡាយ បានធ្វើឲ្យដីមានជីជាតិ។ ដំណាំទាំងឡាយដែលកសិករធ្វើតាមសង្វាក់នៃទឹកសម្រក បានផ្ដល់ផលយ៉ាងច្រើន រាំងស្កាត់នូវគ្រោះទុរភិក្ស។ ដូច្នេះការរៀបចំពិធីបុណ្យអុំទូកនេះ ក៏ឧទ្ទិស និងសម្ដែងនូវការដឹងគុណទន្លេមេគង្គ និងទន្លេសាប ដែលបានផ្ដល់ជីជាតិយ៉ាងសំខាន់បម្រើដល់វិស័យកសិកម្ម។
ក្នុងព្រះរាជពិធីបុណ្យអុំទូក ក៏មានពិធីមួយដែលសំខាន់ជាអត្តសញ្ញាណនៃការប្រារព្ធពិធីបុណ្យអុំទូកនេះដែរ គឺការបណ្ដែតប្រទីប។
ពិធីបុណ្យបណ្ដែតប្រទីប ដែលជាទូទៅគេតុបតែងទូក កប៉ាល់តូចធំលំអដោយភ្លើងចម្រុះពណ៌ រំលេចជារូបភាពផ្សេងៗ ភ្លឺផ្លេក ហើយបណ្ដែតឲ្យរសាត់ទៅមកយឺតៗនៅលើដងទន្លេចតុមុខទល់មុខព្រះបរមរាជវាំង ដោយមានអបអរដោយបាញ់កាំជ្រួច។
«ភ្លេងសំឡេងបណ្ដែតប្រទីប»
ពលរដ្ឋខ្មែរនៅតាមតំបន់ខ្លះ ក៏នៅរក្សាទំនៀមធ្វើបុណ្យបណ្ដែតប្រទីបនៅថ្ងៃចេញព្រះវស្សា គឺនាវេលាយប់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីបុណ្យបណ្ដែតប្រទីបនេះ គឺគេរៀបចំក្បូនធ្វើពីដើមចេក មានរាងជាទូក ឬសំពៅ ផ្ទុកដោយស្រូវអង្ករ ចំណីអាហារ នំនែកផ្លែឈើច្រើនមុខ។
ក្នុងពេលប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនេះ ពិធីសំពះព្រះខែ និងអកអំបុក ក៏ត្រូវធ្វើឡើងស្របគ្នាដែរ។
ឯកសារដែលផ្សាយលើគេហទំព័ររបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានបញ្ជាក់ប្រវត្តិពិធីសំពះព្រះខែ និងអកអំបុក គឺធ្វើឡើងសំដៅគោរពទៅដល់ការសាងបារមីរបស់ព្រះពុទ្ធ កាលដែលព្រះអង្គនៅជាព្រះពោធិសត្វនៅឡើយ ដែលកាលនៅក្នុងជាតិមួយនោះ ទ្រង់កើតជាសត្វទន្សាយឈ្មោះថា «សសបណ្ឌិត»។ ឯកសារដដែលផ្សាយថា នៅថ្ងៃដែលព្រះចន្ទពេញបូណ៌មី ឬពេញវង់ ទន្សាយ «សសបណ្ឌិត» បានអធិដ្ឋានឧបោសថសីលរបស់ខ្លួន ដោយបំណងធ្វើជីវិតបរិច្ចាគដើម្បីបំពេញនូវពោធិសម្ភារឲ្យបានត្រាស់ដឹងជាព្រះពុទ្ធ។
ពិធីអកអំបុកនេះវិញ ពេលដល់រដូវកាលម្តងៗ ពលរដ្ឋនៅតាមជនបទ ស្រែចម្ការ បាននាំគ្នាប្រមូលផលស្រូវថ្មី មានអង្ករដំណើប ឬអង្ករខ្សាយ យកមកលីងដាល់ជាអំបុក ដោយរួមគ្នាជាក្រុមក្នុងភូមិរៀងៗខ្លួន និងនៅតាមទីវត្តអារាម ដោយពុំសូវមានគេលក់ដូរនោះទេ។
«សំឡេងអ្នកភូមិបុកអំបុក»
ប៉ុន្តែបច្ចុប្បន្ន អំបុកមានការធ្វើអាជីវកម្មលក់ដូរនៅតាមទីប្រជុំជន ជាពិសេសនៅរាជធានីភ្នំពេញ។
នៅក្នុងថ្ងៃអកអំបុក សំពះព្រះខែនោះដែរ តាមជំនឿរបស់ប្រជាពលរដ្ឋ និងកសិករ នៅតែមានជំនឿតាមបែបបុរាណនៅឡើយ ក៏មានពិធីសម្រក់ទៀនមួយទៀត ដើម្បីផ្សងមើលពីទឹកភ្លៀង ជាជំនឿលើការដាំដុះ និងត្រៀមគ្រាប់ពូជដំណាំឲ្យបានផលនៅឆ្នាំក្រោយទៀត៕
No comments:
Post a Comment