មនុស្ស២នាក់បាត់ខ្លួនក្នុងហេតុការណ៍កប៉ាល់ទេសចរណ៍បុកជាមួយទូកងនៅមុខវាំង
កីឡាករប្រណាំងទូកងពីរនាក់ បានបាត់ខ្លួនក្នុងទឹកក្នុងហេតុការណ៍ទូកងបុកគ្នាជាមួយកប៉ាល់ទេសចរណ៍ បណ្ដាលឲ្យលិចនៅមុខព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា។ រីឯអាជ្ញាធរកំពុងសម្របសម្រួលរវាងក្រុមគ្រួសារជនរងគ្រោះ និងក្រុមហ៊ុនទូកទេសចរណ៍។ រហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះនៅតែមិនអាចស្វែងរកបុរសទាំងពីរនាក់នោះឃើញនៅឡើយ។
ហេតុការណ៍ទូកទេសចរណ៍បើកជ្រុលបុកទូកងពីក្រោយនៅលើផ្ទៃទឹកខាងមុខព្រះបរមរាជវាំងនោះ បានកើតឡើងនៅម៉ោង ៧ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា បណ្ដាលឲ្យកីឡាករប្រណាំងទូកង ២នាក់ បាត់ខ្លួនក្នុងចំណោមមនុស្ស ៩នាក់ នៅលើទូកង។
របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះបណ្ដាលមកពីទូកទេសចរណ៍មួយគ្រឿង បានបុកពីក្រោយទូកងដែលកំពុងធ្វើដំណើរស្របទិសគ្នា ខណៈទូកងនេះកំពុងអុំចេញពីត្រើយម្ខាងក្បែរសណ្ឋាគារសុខា ទៅកាន់ត្រើយខាងលិចមុខព្រះបរមរាជវាំង ជាទីដែលពួកគេត្រូវសំចតត្រៀមចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក។
កីឡាករអុំទូកម្នាក់ឈ្មោះ លោក យ៉ាង វណ្ណដា រៀបរាប់ថា ទូកងដែលរងគ្រោះមានឈ្មោះថា "រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ" មានចំណុះទូក ៥៧នាក់ និងប្រវែង ២៩ម៉ែត្រ មកពីវត្តអម្ពវ័ន្ត ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
លោកបន្តថា ពេលសណ្ដោងមកប្រណាំងសាកល្បងនៅមុខព្រះបរមរាជវាំងនោះ ស្រាប់តែទូកងទេសចរណ៍បានបើកយ៉ាងលឿនសំដៅមកបុកកន្ទុយទូកងពីក្រោយតែម្ដងបណ្ដាលឲ្យលិច ហើយកីឡាករដែលនៅលើទូកនោះ មានចំនួន ៩នាក់ ហើយបាត់ខ្លួន ២នាក់។ លោកសំណូមពរឲ្យអាជ្ញាធរដោះស្រាយរឿងនេះ ជូនពួកលោកដោយយកចិត្តទុកដាក់៖ «សូមអោយអាជ្ញាធរខាងក្រុងភ្នំពេញ ជួយដោះស្រាយរឿងទូកខ្ញុំ ហើយបាត់ខ្លួនមនុស្សពីរនាក់។ ម្នាក់ឈ្មោះ ចន អាយុ ៣៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ចេស្ដា អាយុ ១៧ឆ្នាំ»។
ចំពោះហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះ អូប័ររបស់កងកម្លាំងជើងទឹកជាង ១០គ្រឿង បានចេញប្រតិបត្តិការជួយសង្គ្រោះភ្លាមៗដែរ តែជួយសង្គ្រោះបានតែ ៧នាក់ប៉ុណ្ណោះ។
ចៅសង្កាត់ព្រែកថ្មី លីវ វណ្ណថេង មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធទាំងអស់កំពុងខិតខំប្រឹងប្រែងអស់លទ្ធភាពដើម្បីបន្តស្វែងរកជនរងគ្រោះទាំងពីរនាក់នោះ៖ «ក្នុងនាមខ្ញុំអាជ្ញាធរ យើងបានខ្នះខ្នែងរកគ្រប់វិធីដោះស្រាយ និងសម្របសម្រួលជាមួយខាងក្រុមហ៊ុនកប៉ាល់ទេសចរណ៍ ហើយថា តើយើងត្រូវទទួលសំណង ឬត្រូវដោះស្រាយគ្នាយ៉ាងម៉េច ហើយខាងក្រុមហ៊ុនកប៉ាល់ទេសចរណ៍ គាត់ក៏មានបំណងចង់សម្របសម្រួលជាមួយយើងដែរ ហើយគាត់ក៏ទទួលខុសត្រូវក្នុងហេតុការណ៍នេះដែរ»។
អាជ្ញាធរឲ្យដឹងថា ទូកទេសចរណ៍ដែលបុកនោះ មានឈ្មោះថា គ្រីស្ដស៊ីកូ អេដវ៉េនឆឺ (Cruiseco ADVENTURER) ដោយមានផ្ទុកភ្ញៀវទេសចរណ៍នៅលើនោះ ហើយប្រហែលជាធ្វើដំណើរមកពីប្រទេសវៀតណាម។
បើទោះបីជាមានហេតុការណ៍នេះ កើតឡើងក្ដី ទូកងរបស់សាលារាជធានីភ្នំពេញ ចំនួន ៤៤ទូក ស្មើ ២២គូ កំពុងអុំសាកល្បងនៅមាត់ទន្លេចតុមុខនៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ការអុំទូកសាកល្បងនេះ ដើម្បីត្រៀមចូលរួមប្រកួតការប្រណាំងនៅថ្ងៃបុណ្យអុំទូកចាប់ពីនៅថ្ងៃទី ១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ។
មជ្ឈដ្ឋានទូទៅសង្កេតឃើញថា មានព្រឹត្តិការណ៍សោកសៅជាច្រើនក្នុងឱកាសពិធីបុណ្យទានធំ ឬពិធីផ្សេងៗ ក៏ប៉ុន្តែថ្នាក់ដឹកនាំ ឬអាជ្ញាធរដែនដី មិនបានបង្ហាញការទទួលខុសត្រូវធ្វើជាគំរូឡើយ ទោះបីជាគេដឹងថា ហេតុការណ៍ទាំងនោះ ជាប់ទាក់ទងនឹងការធ្វេសប្រហែស ឬកំហុសវិជ្ជាជីវៈ ក្នុងការរៀបចំរបស់អាជ្ញាធរដែនដីក្ដី ឬថ្នាក់ដឹកនាំក្តី ដូចជាព្រឹត្តិការណ៍មនុស្សជាន់គ្នាស្លាប់នៅស្ពានពេជ្រ ក្នុងក្រុងភ្នំពេញ កាលពីឆ្នាំ២០១០ ក្នុងពិធីបុណ្យអុំទូក បានធ្វើឲ្យមនុស្សក្មេងចាស់ ប្រុសស្រីស្លាប់ ៣៥៣នាក់ និងរបួសរាប់រយនាក់ផ្សេងទៀត។
ចំពោះហេតុការណ៍នេះ ក្រុមកីឡាករអុំទូក និងប្រជាពលរដ្ឋ សម្ដែងការសោកស្ដាយ និងស្នើអោយអាជ្ញាធររៀបចំសណ្ដាប់ធ្នាប់ ឲ្យបានរៀបរយទាំងនៅលើគោក និងលើផ្ទៃទឹក ព្រមទាំងពង្រឹងកងកម្លាំងជួយសង្គ្រោះ ដើម្បីបញ្ចៀសកុំអោយមានហេតុការណ៍អសន្តិសុខ និងគ្រោះថ្នាក់ផ្សេងកើតឡើង៕
No comments:
Post a Comment