ឈើខ្មែរនៅតែត្រូវគេនាំចេញយ៉ាងគំហុកទៅ វៀតណាម
ភ្នំពេញៈ បើទោះបីជាមានការបង្កើតក្រុមការងារពិសេសប្រឆាំងនឹងការកាប់ឈើ និងអនុវត្តការហាមប្រាមមិនឲ្យមានការនាំចេញឈើក៏ដោយក៏កម្ពុជាបាននាំចេញឈើចំនួន ១២១ លានដុល្លារទៅកាន់ប្រទេសវៀតណាមក្នុងរយៈកាល ៩ ខែដំបូងនៃឆ្នាំនេះ។ នេះបើតាមទិន្នន័យគយវៀតណាមដែលបានចែករំលែកជាមួយកាសែតភ្នំពេញប៉ុស្តិ៍ដោយអង្គការ Forest Trends។
ក្រុមអ្នកសង្កេតការណ៍បានថ្លែងថាទិន្នន័យនេះបង្ហាញពីការកុហកចំពោះការអះអាងជាដដែលៗរបស់រដ្ឋាភិបាលនាឆ្នាំនេះថាការកាប់ឈើទ្រង់ទ្រាយធំ និងការនាំចេញទៅវៀតណាមត្រូវបានបញ្ចប់ហើយនៅក្នុងប្រទេសកម្ពុជា។
លោក Marcus Hardtke អ្នកអភិរក្សបរិស្ថានបានថ្លែងតាមអ៊ីមែលកាលពីម្សិលមិញថា៖ «ឧកញ៉ារកស៊ីឈើដែលមានទំនាក់ទំនងជាមួយអ្នកមានអំណាចកំពុងមានរោងចក្រអារឈើ និងទិញឈើយ៉ាងច្រើន»។ លោកនិយាយថា៖«វាជាការរៀបចំ និងមានលក្ខណៈជាប្រព័ន្ធដែលជាការប៉ះពាល់យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងព្រៃឈើ»។
ការថ្លែងរបស់លោកត្រូវបានបន្ទរដោយលោក អ៊ូច ឡេង អ្នកអភិរក្សដែលឈ្នះរង្វាន់បុរសមាសដែលបានសរសេរតាមអ៊ីមែលថា៖ «ខ្ញុំបានរកឃើញថាអាជីវកម្មនេះគឺមានអាទិភាពជាងការការពារព្រៃឈើ។ អ្វីដែលពួកគេគិតគឺត្រូវរកលុយពីឈើ»។
Julian Newman ប្រធានយុទ្ធនាការនៅទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) ដែលជាអង្គការក្រៅរដ្ឋាភិបាលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ដែលបានស្រាវជ្រាវយ៉ាងទូលំទូលាយអំពីការកាប់ឈើខុសច្បាប់នៅក្នុងតំបន់មេគង្គបានសរសេរតាមអ៊ីមែលថាវាមិនអាចទៅរួចទេដែលការកាប់ឈើទ្រង់ទ្រាយតូចអាចបង្កើតឲ្យមានការនាំចេញឈើតម្លៃ ១២១ លានដុល្លារក្នុងរយៈកាល ៩ ខែ «លុះត្រាតែវាជាឈើប្រណីតតម្លៃខ្ពស់»។
នៅពេលទាក់ទងកាលពីល្ងាចម្សិលមិញអ្នកនាំពាក្យក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានថ្លែងថាខណៈលោកមិនអាចធ្វើអត្ថាធិប្បាយដោយផ្ទាល់អំពីទិន្នន័យគយវៀតណាមដោយមិនទាន់ធ្វើការផ្ទៀងផ្ទាត់ជំហរផ្លូវការរបស់រដ្ឋាភិបាលគឺថាការនាំចេញឈើទ្រង់ទ្រាយធំទាំងអស់ក្នុងប្រទេសកម្ពុជាគឺត្រូវបានបញ្ចប់ហើយ។
លោក សុផល្លែត បន្តថា៖ «តាមដែលយើងដឹងការកាប់ឈើធំៗទាំងអស់ត្រូវបានបញ្ចប់ក្នុងរយៈកាលប៉ុន្មានខែចុងក្រោយដោយក្រុមការងារពិសេសប្រឆាំងការកាប់ឈើ»។
លោក អេង ហ៊ី អ្នកនាំពាក្យក្រុមការងារពិសេសប្រឆាំងការកាប់ឈើដែលត្រូវបានបង្កើតឡើងនាឆ្នាំនេះក្រោមការបញ្ជាផ្ទាល់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីលុបបំបាត់ការកាប់ឈើខុសច្បាប់បានបដិសេធធ្វើអត្ថាធិប្បាយអំពីទិន្នន័យនេះកាលពីម្សិលមិញ។
ទិន្នន័យនេះគឺគ្របដណ្តប់ពីខែមករាដល់ខែកញ្ញាឆ្នាំនេះ។ ក្នុងអំឡុងពេលនោះអាជ្ញាធរគយវៀតណាមបានចុះបញ្ជីឈើចំនួន ១១៥៦៩៤ ម៉ែត្រគុបនៃឈើដែលត្រូវបានអារនៅតម្លៃ ១០៥,៩ លានដុល្លារដែលនាំចូលពីកម្ពុជា និង ៥៩១២៨ ម៉ែត្រគិបនៃកំណាត់ឈើដែលមានតម្លៃ ១៥,៥ លានដុល្លារ។
លោក Hardtke ដែលជាអ្នកអភិរក្សបានកត់សម្គាល់ថាការនាំចេញឈើពីកម្ពុជាគឺខុសច្បាប់ដោយសារវាត្រូវបានហាមប្រាមកាលពីពាក់កណ្តាលខែមករា។
លោក Hardtke បានសរសេរថា៖ «ប្រសិនបើយើងមើលទៅឈើពីព្រៃធម្មជាតិវាគឺត្រូវបានធ្វើឡើងដោយមានការឃុបឃិតពីអាជ្ញាធរក្នុងប្រទេសកម្ពុជា ឬខាង [វៀតណាម] គឺបញ្ចូលឈើរត់ពន្ធទៅក្នុងទិន្នន័យរបស់ពួកគេ»។
លោក Newman នៅអង្គការ EIA បានថ្លែងថាការទទួលយករបស់វៀតណាមចំពោះឈើកម្ពុជាបើទោះបីជារដ្ឋាភិបាលកម្ពុជាហាមឃាត់មិនឲ្យមានការនាំចេញឈើមានន័យថាវៀតណាមត្រូវមានការទទួលខុសត្រូវមួយចំនួនចំពោះការកាប់ឈើក្នុងប្រទេសកម្ពុជា។ «ខ្លួនគួរតែគោរពច្បាប់ និងបទប្បញ្ញតិ្តរបស់ប្រទេសជិតខាង»។
ទាំងលោក Newman និង លោក ឡេង ដែលជាអ្នកអភិរក្សឈ្នះពានរង្វាន់បុរសមាសខាងបរិស្ថានបានក្រើនរំឭកឲ្យមានការប្រុងប្រយ័ត្នថាសហភាពអឺរ៉ុបផងដែរអាចនឹងមានហានិភ័យនៃការជាប់ក្នុងការឃុបឃិតនៅក្នុងពាណិជ្ជកម្មឈើរបស់កម្ពុជាប្រសិនបើខ្លួនមិនប្រុងប្រយ័ត្ន។
លោក Newman បន្តថា៖ «វៀតណាមបច្ចុប្បន្ននេះកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឈើជាមួយសហភាពអឺរ៉ុប»។ «អង្គការ EIA កំពុងជំរុញឲ្យមានការធានាថាក្រោមកិច្ចព្រមព្រៀងនេះវៀតណាមត្រូវតែមិនរួមបញ្ចូលឈើខុសច្បាប់ពីទីផ្សាររបស់ខ្លួន»។
ការនាំចូលឈើបានកើនឡើងខ្លាំងក្នុងខែមេសា និងឧសភាដោយសរុបទៅមានចំនួន ២៧ លានដុល្លារគឺជិតមួយភាគបួននៃការនាំចូលឈើក្នុងរយៈកាល ៩ ខែ។
លោក Hardtke បានសរសេរទៀតថា៖ «វាអាចជាឈើដែលត្រូវបានរឹបអូសក្នុងអំឡុងការចុះបង្ក្រាបក្នុងតំបន់ភាគខាងកើតនៃប្រទេសកម្ពុជាដែលកំពុងដឹកឆ្លងដែនរួចហើយ»៕ PS
No comments:
Post a Comment