មន្ត្រីបក្សប្រឆាំងថាពលរដ្ឋជិត២ម៉ឺននាក់នៅស្រុកព្រែកប្រសព្វមិនទាន់ចុះឈ្មោះបោះឆ្នោត
អ្នកធ្វើការពាក់ព័ន្ធការចុះឈ្មោះបោះឆ្នោតនៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឲ្យដឹងថា ពលរដ្ឋរស់នៅស្រុកនេះជិត ២ម៉ឺននាក់នៅមិនទាន់ចុះឈ្មោះនៅឡើយទេ ខណៈការចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីថ្មីគិតត្រឹមថ្ងៃទី១៥ វិច្ឆិកា នៅសល់ ១៥ថ្ងៃទៀត។
ពួកគេអំពាវនាវឲ្យ គ.ជ.ប អង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយនានា បន្តយុទ្ធនាការឃោសនាពីសារប្រយោជន៍ចុះឈ្មោះបោះឆ្នោតនៅជនបទ ឬតំបន់ដាច់ស្រយាលឲ្យទូលំទូលាយ ខណៈការផ្សព្វផ្សាយរបស់ គ.ជ.ប កន្លងទៅ មិនទាន់គ្រប់ជ្រុងជ្រោយ។
អ្នកឃ្លាំមើលការចុះឈ្មោះបោះឆ្នោតមកពីគណបក្សសង្គ្រោះជាតិ នៅខេត្តក្រចេះ ឲ្យដឹងថា ពលរដ្ឋមួយចំនួនធំរស់នៅជនបទ និងតំបន់ដាច់ស្រយាល ប្រឈមអស់សិទ្ធិបោះឆ្នោតប្រសិនបើ គ.ជ.ប និងស្ថាប័នពាក់ព័ន្ធ មិនអាចរកមធ្យោបាយដោះស្រាយបញ្ហានេះឲ្យទាន់ពេលទេ។
សមាជិកក្រុមប្រឹក្សាស្រុកព្រែកប្រសព្វ មកពីគណបក្ស សម រង្ស៊ី អ្នកស្រី ឡាច គឹមអ៊ី កត់សម្គាល់ថា មូលហេតុចម្បងដែលពលរដ្ឋប្រឈមអស់សិទ្ធិបោះឆ្នោតដោយសារកត្តាជីវភាព ចំណេះដឹង និងចំណាកស្រុក។ អ្នកស្រីថា ពលរដ្ឋរស់នៅជនបទមួយចំនួនធំ ត្រូវជំពាក់បំណុលគេវ័ណ្ឌកដោយមិនចាប់អារម្មណ៍ចុះឈ្មោះបោះឆ្នោត បើទោះបីជាអាជ្ញាធរមូលដ្ឋានបានជូនដំណឹងច្រើនសាក្តី។
អ្នកស្រីបន្តថា ពលរដ្ឋរស់នៅឃុំជ្រោយបន្ទាយ ជាង ៣ពាន់នាក់ក្នុងចំណោមពលរដ្ឋជាង ៧ពាន់នាក់ នៅមិនទាន់ចុះឈ្មោះបោះឆ្នោតនៅឡើយទេ ដោយសារអ្នកភូមិមួយចំនួនទៅធ្វើការនៅភ្នំពេញ និងខេត្តផ្សេងៗ ខ្លះទៀតធ្វើការនៅក្រៅប្រទេស និងមួយចំនួនមិនចាប់អារម្មណ៍ចុះឈ្មោះបោះឆ្នោត។ អ្នកស្រីបន្ថែមថា អាជ្ញាធរភូមិក៏ធ្លាប់ជូនដំណឹងតាមផ្ទះដែរ តែការជូនដំណឹងនេះមិនទូលំទូលាយ ដោយសារពលរដ្ឋភាគច្រើនរវល់ការងារស្រែចម្ការ។ អ្នកស្រីសង្កេតឃើញថា ការផ្សព្វផ្សាយអំពីព័ត៌មានបោះឆ្នោតកន្លងទៅ មានភាពចន្លោះប្រហោងច្រើន ខ្វះការសហការជាមួយគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល និងមិនគ្រប់ជ្រុងជ្រោយ៖ «ខ្ញុំហើយអ្នកចុះផ្ទាល់ គឺចុះទៅកៀងដូចគោចឹង គឺគាត់មិនសូវចាប់អារម្មណ៍ទេ។ គាត់ថាខ្ជិលណាស់ បោះទៅក៏មិនដឹងម៉េចដែរ? ម្យ៉ាងទៀតរាល់ថ្ងៃនេះ គាត់ខ្វាយខ្វល់រឿងខ្វះខាតពាក់ព័ន្ធជំពាក់ធនាគារ ហើយគេបិទឈើបិទអីហ្នឹង គាត់រកលុយរកកាក់អីសងធនាគារអត់បាន»។
អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមប្រឹក្សាខេត្តក្រចេះ លោក អឿ គឹមហ៊ាន សង្កេតឃើញថា មានកត្តាច្រើនដែលជំរុញឲ្យពលរដ្ឋអស់សិទ្ធិបោះឆ្នោត ដូចជាពលរដ្ឋចំណាកស្រុក ខ្វះការផ្សព្វផ្សាយ គ្មានឯកសារបញ្ជាក់អត្តសញ្ញាណ រើសអើងនិន្នាការនយោបាយ និងពលរដ្ឋមួយចំនួនខ្ជិលចុះឈ្មោះបោះឆ្នោត។ លោកថា ការផ្តល់អត្តសញ្ញាណប័ណ្ណមានលក្ខណៈយឺត ក៏ជំរុញឲ្យពលរដ្ឋខកខានចុះឈ្មោះបោះឆ្នោតដែរ ដោយពួកគេយល់ថា បើគ្មានអត្តសញ្ញាណប័ណ្ណ ការចុះឈ្មោះបោះឆ្នោតមានលក្ខណៈស្មុគស្មាញច្រើន។
លោកបញ្ជាក់ថា បញ្ហាទាំងនេះជាឧបសគ្គចម្បងបណ្ដាលឲ្យចំនួនអ្នកចុះឈ្មោះបោះឆ្នោតថយចុះខ្លាំង និងមិនគ្រប់ចំនួនកំណត់ក្នុងទិន្នន័យរបស់ គ.ជ.ប។ លោកវាយតម្លៃថា ពលរដ្ឋរស់នៅខេត្តក្រចេះ ជាង ៦ម៉ឺននាក់ នឹងប្រឈមអស់សិទ្ធិបោះឆ្នោត៖ «អ្នកខ្លះបានយល់ អ្នកខ្លះក៏មិនបានយល់មួយចំនួនធំដែរ តែបញ្ហាទាំងអស់ហ្នឹង វាធ្វើឲ្យអ្នកចុះឈ្មោះបោះឆ្នោតបានចំនួនតិចមិនដូចជាការសង្ឃឹមទុក ដែលមានតួលេខក្នុង គ.ជ.ប ដែលជាង ២០ម៉ឺននាក់ ហើយយើងចុះបានត្រឹម ១៥ម៉ឺននាក់ ហើយពលរដ្ឋខ្លះក៏មិនសូវឲ្យតម្លៃលើការចុះឈ្មោះបោះឆ្នោតដែរ។ យើងមិនដឹងថា តើពីមូលហេតុមកពីឆន្ទៈរបស់គាត់ ឬក៏មូលហេតុរបស់អាជ្ញាធរមិនបានផ្តល់ព័ត៌មានជាក់លាក់»។
លោក អឿ គឹមហ៊ាន បន្ថែមថា មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តក្រចេះ គ្រោងនឹងធ្វើយុទ្ធនាការផ្សព្វផ្សាយតាមរយៈឧបករណ៍បំពងសំឡេងនៅតំបន់មួយចំនួន ដោយជូនដំណឹងដល់ពលរដ្ឋឲ្យប្រញាប់ចុះឈ្មោះបោះឆ្នោតឲ្យទាន់ពេលវេលា។ លោកសង្កេតឃើញថា អាជ្ញាធរភូមិ-ឃុំមួយចំនួន ហាក់មិនសូវយកចិត្តទុកដាក់ចូលរួមសហការផ្សព្វផ្សាយនៅតាមផ្ទះនោះទេ ហើយការផ្សព្វផ្សាយតំបន់ខ្លះរើសអើងនិន្នាការនយោបាយ។
តួលេខរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ឲ្យដឹងថា ពលរដ្ឋនៅស្រុកព្រែកប្រសព្វ ដែលបានចុះឈ្មោះបោះឆ្នោតគិតត្រឹមថ្ងៃទី១៥ វិច្ឆិកា បានជាង ២ម៉ឺន ៥ពាន់នាក់ (២៥.០៣៨នាក់) ស្មើនឹង ៥៧% ក្នុងចំណោមពលរដ្ឋជាង ៤ម៉ឺននាក់ (៤៤.៤៤៦នាក់) ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត។ នៅក្រុងក្រចេះ ពលរដ្ឋចុះឈ្មោះបោះឆ្នោតបានជាង ១ម៉ឺន ៤ពាន់នាក់ (១៤.៥៦៨នាក់) ក្នុងចំណោមពលរដ្ឋជាង ២ម៉ឺននាក់ (២១.៨២០នាក់) ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត។
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តក្រចេះ លោក អ៊ុង ស៊ីយឿន ក៏បារម្ភពីការអស់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋដែរ ដោយសារតែពលរដ្ឋមួយចំនួនរវល់ធ្វើស្រែចម្ការ និងចំណាកស្រុក។ តែយ៉ាងណា គ.ជ.ប បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានជួយផ្សព្វផ្សាយស្ដីពីការចុះឈ្មោះបោះឆ្នោតតាមឧបករណ៍បំពងសំឡេងគ្រប់តំបន់។ លោកពន្យល់ថា ប្រសិនបើពលរដ្ឋអត់មានអត្តសញ្ញាណប័ណ្ណ ក៏អាចមកចុះឈ្មោះបោះឆ្នោតបានដែរ ដោយគ្រាន់តែពលរដ្ឋមកកន្លែងចុះឈ្មោះបោះឆ្នោត ក្រុមចុះឈ្មោះបោះឆ្នោតនឹងជំរុញឲ្យពលរដ្ឋសុំឯកសារបញ្ជាក់អត្តសញ្ញាណពីអាជ្ញាធរឃុំ៖ «យើងខិតខំណាស់ គឺខិតខំអំពាវនាវគ្រប់មធ្យោបាយ ជាពិសេសសុំឲ្យខាងអាជ្ញាធរ ជាពិសេសគឺខាងខ្ញុំរៀបចំប្រជុំចម្រុះដែលមានតំណាងអាជ្ញាធរខេត្ត។ គណបក្សនយោបាយអី ជាពិសេសគឺជម្រាបជូនពលរដ្ឋដែលលោកពុំសូវ គឺភាគតិចទេដែលលោកពុំសូវចាប់អារម្មណ៍លើការចុះឈ្មោះហ្នឹង។ សូមឲ្យគាត់ជួយជំរុញ»។
មន្ត្រីកម្មវិធីជាន់ខ្ពស់នៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស កត់សម្គាល់ថា មិនត្រឹមតែនៅខេត្តក្រចេះ ទេដែលពលរដ្ឋប្រឈមអស់សិទ្ធិបោះឆ្នោត គឺនៅទូទាំងប្រទេស។ លោកផ្តល់ទស្សនៈថា ដើម្បីដោះស្រាយបញ្ហានេះ គ.ជ.ប និងស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនអប់រំផ្សព្វផ្សាយតាមរយៈឧបករណ៍បំពងសំឡេងនៅជនបទ ឬតំបន់ដាច់ស្រយាល ហើយការផ្សព្វផ្សាយទៀតសោត គួរតែពន្យល់ពីសារសំខាន់ និងនីតិវិធីនានាទាក់ទិនការចុះឈ្មោះបោះឆ្នោត។ លើសពីនេះ អាជ្ញាធរមូលដ្ឋានត្រូវបង្កើនការសម្របសម្រួលមានលក្ខណៈងាយស្រួលក្នុងការចេញឯកសារបញ្ជាក់អត្តសញ្ញាណជូនពលរដ្ឋ ហើយ គ.ជ.ប ត្រូវតែរកមធ្យោបាយផ្តល់លទ្ធភាពឲ្យពលរដ្ឋដែលធ្វើការនៅក្រៅប្រទេស អាចមានឱកាសចុះឈ្មោះបោះឆ្នោតទាន់ពេល៖ «មុនឋិតក្នុងមូលដ្ឋានក្នុងស្រុកវិញ ទោះបីយ៉ាងណាក៏ដោយ ល្បឿនគឺអស់ហើយ មិនអាចឲ្យមានច្រើនលើសហ្នឹងបានទេ។ ឃើញថាមានការបារម្ភខ្លាំងព្រោះថា យើងត្រូវតែគិតគូរពីបញ្ហាបងប្អូនមានការចំណាកស្រុក។ បើមិនដូច្នេះទេ តាមតួលេខដែលខ្ញុំមើលរាល់ថ្ងៃ វាមិនអាចលើសពី ៧៥% ទៅ ៨០% ទេ។ យើងបង្កើនការអប់រំបន្តទៀត យើងផ្សព្វផ្សាយពីសារសំខាន់ចុះឈ្មោះបោះឆ្នោតហ្នឹង»។
ការចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីថ្មីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ មានរយៈពេល ៣ខែ គឺចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា។ តួលេខរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តក្រចេះ ឲ្យដឹងថា ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតគិតត្រឹមថ្ងៃទី១៥ វិច្ឆិកា បានជាង ១៥ម៉ឺន ៣ពាន់នាក់ (១៥៣.២៤៣នាក់) ស្មើនឹង ៦៥% ក្នុងចំណោមពលរដ្ឋជាង ២២ម៉ឺននាក់ (២២៤.៥៤៨នាក់) ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត៕
No comments:
Post a Comment