Wednesday, November 23, 2016

គ្រួសារ​សព​កីឡាករ​ទូកង​ព្រម​ទទួល​យក​សំណង​២​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន​កប៉ាល់​ទេសចរណ៍

អដ្ឋិធាតុ​យុវជន ឈឺន ចន ដែល​ស្លាប់​ដោយ​កប៉ាល់​ទេសចរណ៍​បុក​ទូក​ង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ មុន​ពីរ​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក។ រូបថត​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ RFA/Cheu Sideth


គ្រួសារ​សព​ទាំង​ពីរ​ត្រូវ​បាន​សម្របសម្រួល​ដោយ​ប៉ូលិស​ជើង​ទឹក​សង្កាត់​ច្បារអំពៅ ទៅ​ជួប​តំណាង​ក្រុមហ៊ុន​ទេសចរណ៍ ឈ្មោះ គ្រីស្ដស៊ីកូ អេដវ៉េនឆឺ (Cruiseco Adventure) នៅ​កំពង់ផែ​កប៉ាល់​ក្បែរ​ផ្សារ​រាត្រី​មាត់​ទន្លេ នៅ​ថ្ងៃ​ទទួល​ប្រាក់​សំណង។

ម្ដាយ​របស់​សព​លោក  សុខ ច័ន្ទចេស្ដា  លោកស្រី រៀល ចាន់ណា ប្រាប់​អាស៊ីសេរី​ថា លោកស្រី​បាន​ទទួល​ប្រាក់​នោះ​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​វិច្ឆិកា៖ «យក​ប៉ុណ្ណឹង​មិន​សម​នឹង​ជីវិត​កូន​ខ្ញុំ​ទេ ប៉ុន្តែ​បើ​យើង​ចូល​ទៅ​ដល់​តុលាការ ត្រូវ​ការ​ពេល​រក​ស៊ី​ចិញ្ចឹម​កូន។ ឡើង​ចុះៗ​សម្រេច​យក ២​ម៉ឺន។ ខ្ញុំ​មិន​ចង់​ប្ដូរ (ប្រាក់) ជាមួយ​ជីវិត​កូន​ខ្ញុំ​ទេ។ ខ្ញុំ​នៅ​នឹក​កូន​ខ្ញុំ»។

គ្រួសារ​សព ដំបូង​ឡើយ​ទាមទារ​ប្រាក់​សំណង​ម្នាក់ ៣​ម៉ឺន ៥​ពាន់​ដុល្លារ។ លោកស្រី​បញ្ជាក់​ថា ប៉ូលិស​មក​បញ្ចុះបញ្ចូល​ក្រុម​គ្រួសារ​ឲ្យ​ទទួល​យក​ប្រាក់​សំណង ដោយ​ប្រាប់​ថា ប្រសិនបើ​ប្ដឹងផ្ដល់​ទៅ​តុលាការ​ត្រូវ​ការ​ចំណាយ​ប្រាក់​ច្រើន​ឲ្យ​ឈ្នួល​មេធាវី៖ «ធ្វើ​ម៉េច​បើ​និស្ស័យ​កូន​ខ្ញុំ​ចឹង​ហើយ វា​មិន​សម​ទេ។ តវ៉ា​អី បើ​យើង​គ្មាន​ខ្សែ​គ្មាន​ខ្នង។ សម្របសម្រួល​ទៅ។ ក្រុមហ៊ុន​ក៏​ស្រួល​ជាមួយ​យើង​ដែរ»។

​លោកស្រី​ថ្លែង​ទៀត​ថា គ្រួសារ​លោកស្រី​ទាមទារ​យ៉ាងហោចណាស់ ក៏ ២​ម៉ឺន ៥​ពាន់​ដុល្លារ​ដែរ។ តែ​ក្រុម​គ្រួសារ​របស់​សព​យុវជន ឈឺន ចន បាន​ព្រម​ទទួល​យក​ប្រាក់ ២​ម៉ឺន​ដុល្លារ ដោយ​ភ័យ​ព្រួយ​ខ្លាច​មិន​បាន​សំណង។

ខណៈ​គ្រួសារ​លោកស្រី ចាន់ណា បន្ត​ទាមទារ ២​ម៉ឺន ៥​ពាន់ ក្រុមហ៊ុន​ទេសចរណ៍​ប្រាប់​ថា ប្រសិនបើ​យក​ចំនួន​នេះ ត្រូវ​ផ្ដល់​ប្រាក់​ទឹក​តែ​ដល់​ប៉ូលិស​ដោយ​ខ្លួន​ឯង។ ដោយ​ឃើញ​គ្រួសារ​មួយ​ទៀត​ទទួល​យក ២​ម៉ឺន​ដុល្លារ លោកស្រី ចាន់ណា ក៏​ព្រម​ទទួល​យក​ចំនួន​នេះ​ដែរ។ លោកស្រី​ឲ្យ​ដឹង​ថា តំណាង​ក្រុមហ៊ុន​កប៉ាល់​ទេសចរណ៍​បាន​ទៅ​ចូលរួម​បុណ្យ​សព​កូន​លោកស្រី និង​សព​លោក ឈឺន ចន ហើយ​សម្ដែង​ការ​សោកស្ដាយ។
កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា នៅ​មុខ​ព្រះបរមរាជវាំង កប៉ាល់​ទេសចរណ៍​កម្ពស់ ៣​ជាន់ ឈ្មោះ គ្រីស្ដស៊ីកូ អេដវ៉េនឆឺ បាន​បើក​បុក​ទូកង​ឈ្មោះ "រស្មី​ស្រី​ស្រស់​ដាញ់​ទិព្វ" មក​ពី​វត្ត​អម្ពវ័ន បណ្ដាល​ឲ្យ​ចំណុះ​ទូក​ពីរ​នាក់​ដែល​ជា​យុវជន​បាត់​ខ្លួន។

ឪពុក​សព​យុវជន ឈឺន ចន ថ្លែង​ថា នៅ​ពេល​រក​ឃើញ​សាកសព​ដែល​អណ្ដែត​ទឹក​នៅ​ស្រុក​ស្អាង សព​កូន​ប្រុស​របស់​គាត់​បាក់​ដៃ បាក់​ជើង និង​បែក​ក្បាល។ គ្រួសារ​សព​យុវជន​ទាំង​ពីរ​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ហាម​ឃាត់​កប៉ាល់​ធំៗ​កុំ​ឲ្យ​ចូល​តំបន់​រៀបចំ​បុណ្យ​អុំ​ទូក​ចំនួន ៥ ទៅ ៦​ថ្ងៃ​មុន​នៃ​ពិធី​បុណ្យ ដើម្បី​ទប់ស្កាត់​ហេតុការណ៍​នេះ​កើត​ឡើង​ទៀត៕

No comments:

Post a Comment