Sunday, November 27, 2016

គ្រូពេទ្យ​នៅ​ខេត្ត​កណ្ដាល​នឹង​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល​៥​ថ្ងៃ

គ្រូពេទ្យ​នៅ​ខេត្ត​កណ្ដាល​នឹង​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល​៥​ថ្ងៃ

គ្រូពេទ្យ​ពិនិត្យ​ភ្នែក​កុមារ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៣។  RFA/Uon Chhin

គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​ជ័យជម្នះ ខេត្ត​កណ្ដាល ជូន​ដំណឹង​ថា ក្រុម​គ្រូពេទ្យ​ភ្នែក​នៃ​មន្ទីរពេទ្យ​នេះ នឹង​ផ្ដល់​ការ​ពិនិត្យ និង​វះ​កាត់​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល ៥​ថ្ងៃ។

ប្រធាន​ផ្នែក​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​ជ័យជម្នះ វេជ្ជបណ្ឌិត លន់ ណារ៉ា មាន​ប្រសាសន៍​ថា ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ឥត​បង់​ថ្លៃ​នេះ គឺ​ជា​កិច្ច​សហការ​ជាមួយ​អង្គការ​មនុស្សធម៌​ពី​ប្រទេស​អូស្ត្រាលី ដែល​មាន​ឈ្មោះ​ថា មូលនិធិ ហ្វ្រេដ ហាលឡូ (Fred Hollows Foundation) ចាប់​ពី​ថ្ងៃ​អាទិត្យ ទី​២៧ វិច្ឆិកា ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​ធ្នូ សម្រាប់​អ្នក​មាន​ជំងឺ​ភ្នែក​ទូទៅ៖ «ជំងឺ​ដែល​យើង​ត្រូវ​ធ្វើ​ការ​វះកាត់​ហ្នឹង ដូចជា​ភ្នែក​ជំងឺ​ភ្នែក​ឡើង​បាយ​មនុស្ស​ចាស់ ភ្នែក​កន្ទុយ​ថ្លែន ឬ​មួយ​ក៏​ឡើង​សម្ពាធ​ទឹក​ក្នុង​ភ្នែក​ធ្ងន់ធ្ងរ។ យើង​ធ្វើ​ការ​វះ​កាត់​ជូន​ដោយ​ឥត​គិត​ថ្លៃ។ ដំបូង​ឡើង គាត់​អញ្ជើញ​មក​ដល់។ យើង​ចាប់​ផ្ដើម​មើល ហើយ​ជំងឺ​ដែល​ថា​យើង​ត្រូវ​ធ្វើ​ការ​វះ​កាត់​ថ្ងៃ​ហ្នឹង​បាន យើង​រៀបចំ​គាត់ ហើយ​ក្រោយ​ប៉ុន្មាន​ម៉ោង​មក យើង​ធ្វើ​ការ​វះ​កាត់​ជូន​រហូត​ទៅ​ដល់​យប់​ជ្រៅ​អី​ក៏​មាន​ដែរ​ពេល​ខ្លះ។ បន្ទាយមានជ័យ អី គាត់​អញ្ជើញ​មក។ អ៊ីចឹង​ដាក់​លេខ​ទូរស័ព្ទ​ខ្ញុំ​ហ្នឹង​តែ​ម្ដង»។

វេជ្ជបណ្ឌិត លន់ ណារ៉ា បញ្ជាក់​ថា កម្មវិធី​ពិនិត្យ និង​វះ​កាត់​ជំងឺ​ភ្នែក​ឥត​បង់​ថ្លៃ​នេះ គឺ​ធ្វើ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។ ប្រសិន​បើ​លោក​អ្នក​ពិបាក​រក​ទីតាំង​មន្ទីរពេទ្យ​ស្រុក​ខ្សាច់កណ្ដាល សម្រាប់​ទៅ​ព្យាបាល​ជំងឺ​ភ្នែក​ឥត​បង់​ថ្លៃ​នេះ លោក​អ្នក​អាច​ទាក់ទង​សួរ​ព័ត៌មាន​បន្ថែម​តាម​រយៈ​ទូរស័ព្ទ​លេខ ១១ ២១៣ ២៣២៕

No comments:

Post a Comment