មន្ត្រីសុខាភិបាលផ្សព្វផ្សាយព័ត៌មានអំពីជំងឺហ្ស៊ីកាដល់អ្នកកាសែត
មន្ត្រីសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) ផ្សព្វផ្សាយព័ត៌មានអំពីជំងឺហ្ស៊ីកា (ZIKA) ដល់អ្នកកាសែតជាង ២០នាក់ នៅព្រឹកថ្ងៃទី២៧ វិច្ឆិកា។ ការផ្សព្វផ្សាយនេះ ដើម្បីបន្តទៅពលរដ្ឋ គឺនៅក្រោយពេលដែលបណ្ដាញព័ត៌មាននៅកម្ពុជា បានចេញផ្សាយករណីជំងឺហ្ស៊ីកាមួយករណីថ្មីកាលពីសប្ដាហ៍មុន ហើយបន្ទាប់មក ក្រសួងសុខាភិបាល កែតម្រូវថាមិនមានករណីនេះទៅវិញ។
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា វេជ្ជបណ្ឌិត វិកគី ហ៊ូស៊ែរ (Vicky Houssiere) ថ្លែងក្នុងពិធីផ្សព្វផ្សាយអំពីជំងឺហ្ស៊ីកាដល់អ្នកកាសែតជាង ២០នាក់ នៅព្រឹកថ្ងៃទី២៧ វិច្ឆិកា ថា ទោះជាពេលនេះកម្ពុជា មិនទាន់មានករណីហ៊្សីកាថ្មីក្ដី ក៏ការផ្សព្វផ្សាយព័ត៌មានអំពីជំងឺហ្ស៊ីកាដល់អ្នកកាសែត មានសារសំខាន់ដើម្បីផ្សាយព័ត៌មានបន្តទៅពលរដ្ឋទូទៅ ឲ្យគេចេះការពារខ្លួនពីការឆ្លងពីជំងឺដែលគួរឲ្យព្រួយបារម្ភមួយនេះ។
វេជ្ជបណ្ឌិត វិកគី ហ៊ូស៊ែរ ថ្លែងបន្តថា៖ «ដូចលោកអ្នកដឹងស្រាប់ហើយថា ជំងឺហ្ស៊ីកានៅលើពិភពលោកបច្ចុប្បន្ននេះ កំពុងបន្តឆ្លងរាលដាលដល់ប្រទេសចំនួន៧៥ ហើយ។ ក្នុងចំណោមប្រទេសទាំង៧៥ មានប្រទេសចំនួន២៨ ដែលបានរាយការណ៍អំពីករណីទារកកើតមកមានទំហំក្បាលតូច ដែលជាផលវិបាកបណ្ដាលមកពីមេរោគវីរុសហ្ស៊ីកា។ មានប្រទេសចំនួន១៩ ទៀត រាយការណ៍ថាមានករណីទន់ដៃទន់ជើង ដែលបណ្ដាលមកជំងឺហ្ស៊ីកា»។
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល វេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍ថា ចាប់តាំងពីកើតមានករណីជំងឺហ្ស៊ីកាមក មានអ្នកជំងឺស្លាប់តិចតួចណាស់ ប្រៀបធៀបនឹងជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក (CHIK)។ ប៉ុន្តែមូលហេតុដែលក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ព្រួយបារម្ភ គឺផលវិបាកធ្ងន់ធ្ងរពីជំងឺនេះ៖ «តាមពិតជំងឺទាំងបី ជំងឺហ្ស៊ីកាស្រាលជាងគេ ប៉ុន្តែយើងព្រួយបារម្ភករណីតិចតួចណាមួយនោះ ផលវិបាកវាធ្ងន់។ ផលវិបាកយូរអង្វែង ដូចជាកុមារក្បាលតូច។ ទារកក្បាលតូចហ្នឹងធ្វើឲ្យបញ្ញាមិនល្អ ហើយអាចអត់រស់រានមានជីវិត ហើយអ្នកខ្លះដែលទន់អវយវៈហ្នឹង អាចអចិន្ត្រៃយ៍។ ដៃ ឬក៏ជើង»។
ក្នុងពិធីផ្សព្វផ្សាយអំពីជំងឺហ្ស៊ីកាដល់អ្នកកាសែតជាង ២០នាក់ នៅព្រឹកថ្ងៃទី២៧ វិច្ឆិកា អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង វេជ្ជបណ្ឌិត តេង ស្រី បង្ហាញថា មេរោគវីរុសហ្ស៊ីកា ឆ្លងមកមនុស្សតាមរយៈមូសខ្លាញីខាំ។ ជាធម្មតាខាំនៅពេលព្រឹក ថ្ងៃជ្រេរសៀល និងល្ងាច។ មេរោគនេះចូលទៅនៅក្នុងខ្លួនមនុស្សពី ២ ទៅ ១២ថ្ងៃ ទើបមានរោគសញ្ញា។
ចំពោះរោគសញ្ញាវិញ វេជ្ជបណ្ឌិត តេង ស្រី បញ្ជាក់ថា មានគ្រុនក្ដៅស្ទេញ ឈឺក្បាល កន្ទួលក្រហមលើស្បែក ភ្នែកក្រហម និងឈឺសន្លាក់ ស្រដៀងគ្នាគ្រុនឈាម និងគ្រុនឈីកដែរ។ ប៉ុន្តែជាង ៨០% (៨១,៥%) មិនបង្ហាញរោគសញ្ញាទេ៖ «»។
អ្នកស្រីណែនាំថា គូស្រករដែលមានគម្រោងមានកូន គួរតែប្រុងប្រយ័ត្នការឆ្លងមេរោគវីរុសហ្ស៊ីកា ដោយសារមូសខ្លាខាំ ជាពិសេសមេរោគវីរុសហ្ស៊ីកា ក៏អាចឆ្លងតាមការរួមភេទដែរ និងគួរប្រុងប្រយ័ត្នពេលធ្វើដំណើរទៅតំបន់ ឬប្រទេសណាដែលមានករណីជំងឺនេះផ្ទុះឡើង។ ទោះជាយ៉ាងណាក្ដី ទាំងអ្នកស្រី និងវេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់ថា នៅពេលនេះ ប្រទេសកម្ពុជា មិនមានករណីកើតជំងឺហ្ស៊ីកាទេ ស្របពេលដែលប្រទេសថៃ និងវៀតណាម មានករណីទារកក្បាលតូចពីជំងឺហ្ស៊ីកា ចំនួន ៣ករណី៕
No comments:
Post a Comment