សមត្ថកិច្ចរកឃើញសពពលរដ្ឋម្នាក់ទៀតដែលថ្មភ្នំបាក់សង្កត់ស្លាប់នៅខេត្តប៉ៃលិន
ថ្មភ្នំបាក់សង្កត់ពលរដ្ឋ ២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងខូចអេស្កាវាទ័រមួយគ្រឿង និងឡានដឹកដីមួយគ្រឿង នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន កាលពីរសៀលថ្ងៃទី២៦ វិច្ឆិកា។ នៅយប់កើតហេតុ សមត្ថកិច្ចខេត្តប៉ៃលិន ចុះទៅត្រួតពិនិត្យ ហើយរកឃើញសពម្នាក់ឈ្មោះ ឆុយ ឆីវ ភេទប្រុស អាយុ ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ជាកម្មករបើកអេស្កាវាទ័រ។ ចំណែកសពម្នាក់ទៀតឈ្មោះ ធី រដ្ឋា ភេទប្រុស អាយុ ២០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលគេទើបរកសាកសពឃើញនៅព្រឹកថ្ងៃទី២៧ វិច្ឆិកា ក្រោយពីកាយ។
អធិការនគរបាលក្រុងប៉ៃលិន លោក លឹម វាសនា មានប្រសាសន៍នៅរសៀលថ្ងៃទី២៧ វិច្ឆិកា ថា អ្នកទាំងពីរត្រូវថ្មបាក់សង្កត់ ដោយម្នាក់បើកអេស្កាវាទ័រកាយថ្មឲ្យក្រុមហ៊ុនធ្វើអាជីវកម្មថ្មភ្នំឈ្មោះ ឈុន ឆាង និងម្នាក់ទៀតជាអ្នកស្រុកនៅក្បែរនោះទៅអង្គុយមើលគេកាយថ្ម ហើយក៏ត្រូវថ្មបាក់សង្កត់ស្លាប់តែម្ដង៖ «យប់មិញឯកឧត្ដមអភិបាលខេត្ត និងលោកស្នងការ បានធ្វើរកសពផ្ទាល់រហូតដល់ម៉ោង ១២យប់ ដោយមានមន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធក្នុងខេត្ត និងតំណាងក្រុមហ៊ុនវាយថ្មចូលរួម ដើម្បីជំរុញឲ្យក្រុមហ៊ុននេះធ្វើយ៉ាងណារកសពឲ្យឃើញ។ ក្រោយមកក៏រកសពឃើញនៅម៉ោងប្រមាណជាង ៨ព្រឹក»។
សមត្ថកិច្ចបានប្រគល់សាកសពទាំងពីរទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតរៀងៗខ្លួន កាលពីព្រឹកថ្ងៃទី២៧ វិច្ឆិកា។ លោក លឹម វាសនា បន្ថែមថា ម្ចាស់ក្រុមហ៊ុននេះធានាទទួលខុសត្រូវចំពោះការខូចខាតទាំងអស់ជូនដល់សាច់ញាតិ។ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមដើម្បីដាក់បន្ទុកឲ្យក្រុមហ៊ុនទទួលខុសត្រូវចំពោះមុខច្បាប់បន្តទៀត។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ថ្មភ្នំបានបាក់សង្កត់មនុស្សស្លាប់ ៣នាក់ ខណៈពួកគេកំពុងបើកអេស្កាវាទ័រកាយថ្មនៅភ្នំធំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕
No comments:
Post a Comment