អាជ្ញាធរប៉ោយប៉ែត ហាមមិនឲ្យផ្សព្វផ្សាយរឿងចុះឈ្មោះបោះឆ្នោត
បន្ទាយមានជ័យៈ ក្រុមយុវជនស្ម័គ្រចិត្តមួយក្រុមនៅក្រុងប៉ោយប៉ែតបាននិយាយថាអាជ្ញាធរសង្កាត់ផ្សារកណ្ដាលកាលពីថ្ងៃសៅរ៍បានរារាំង និងគំរាមចាប់ខ្លួនពួកគេខណៈពួកគេបាននាំគ្នាចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យប្រញាប់ទៅចុះឈ្មោះបោះឆ្នោតខណៈការចុះឈ្មោះបោះឆ្នោតនឹងត្រូវបញ្ចប់នៅថ្ងៃ ២៩ ខែធ្នូខាងមុខនេះ។
លោក ប៊ុន សុធី សមាជិកនៃក្រុមយុវជនស្ម័គ្រចិត្តទាំងនោះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាលោក គៀត ហ៊ុល ចៅសង្កាត់ផ្សារកណ្ដាលបានដឹកនាំប្រជាការពារភូមិជាច្រើននាក់មករារាំងដល់ពួកលោកមិនឲ្យធ្វើការផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណព័ត៌មានរបស់ គ.ជ.ប ស្ដីពីប្រតិទិននៃការចុះបញ្ជីឈ្មោះបោះឆ្នោត និងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននោះទេ។ មិនតែប៉ុណ្ណោះបានព្រមានចាប់ខ្លួនពួកលោកថែមទៀត។
លោក សុធី បញ្ជាក់ទៀតថា៖ «គាត់ [គៀត ហ៊ុល] បានបញ្ជាឲ្យប្រជាការពារចាំឃ្លាំមើល និងចាប់ខ្លួនពួកយើងខ្ញុំដោយប្រាប់ថាបើឃើញពួកយើងខ្ញុំណាម្នាក់នៅតែបន្តធ្វើការចុះផ្សព្វផ្សាយ និងពន្យល់ណែនាំពីនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតដល់អ្នកភូមិដែលស្ថិតក្រោមការគ្រប់គ្រងរបស់គាត់»។
លោក សុធី បានហៅការរារាំង និងការព្រមានចាប់ខ្លួនរបស់អាជ្ញាធរនេះថាជាការគំរាមកំហែង និងបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតដែលជាការធ្វើផ្ទុយពីសេចក្ដីណែនាំរបស់ គ.ជ.ប។
លោក គៀត ហ៊ុល ចៅសង្កាត់ផ្សារកណ្ដាលកាលពីម្សិលមិញបានច្រានចោលនូវការចោទប្រកាន់របស់ក្រុមយុវជនទាំងនោះដោយលោកថា៖ «ក្រុមយុវជនទាំងនោះគឺជាក្រុមសកម្មជនរបស់គណបក្សសង្គ្រោះជាតិ។ ក្រុមសមត្ថកិច្ចរបស់យើងមិនបានរារាំង ឬគំរាមកំហែងពួកគេនោះទេយើងគ្រាន់តែតាមឃ្លាំមើលពីសកម្មភាពរបស់ពួកគេ និងស្នើសុំធ្វើការត្រួតពិនិត្យទៅលើសំណៅឯកសារដែលពួកគេនាំយកមកផ្សព្វផ្សាយដល់ប្រជាពលរដ្ឋប៉ុណ្ណោះព្រោះខ្លាចពួកគេធ្វើខុសពីនីតិវិធីដែលបានណែនាំដោយ គ.ជ.ប»។
បើតាមលោក ហ៊ុល ពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនៅក្នុងសង្កាត់ផ្សារកណ្ដាលមានចំនួនជាង ១៦០០០ នាក់។
ចាប់តាំងពីថ្ងៃចុះឈ្មោះបោះឆ្នោតថ្ងៃដំបូងរហូតមកទល់ពេលនេះមានអ្នកមកចុះឈ្មោះបោះឆ្នោតជាង ១២០០០ នាក់ហើយពោលគឺប្រមាណជា ៩០ ភាគរយ។
ដោយឡែកជាង ៣០០០ នាក់ទៀតពួកគេនៅមិនទាន់បានមកចុះឈ្មោះបោះឆ្នោតទេដោយទំនងជាពួកគេបានធ្វើចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសថៃ។
លោកថ្លែងទៀតថា៖ «យ៉ាងណាក្ដីយើងរំពឹងថាពួកគេនឹងបន្តមកចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នាមុនថ្ងៃ ២៩ ខែធ្នូខាងមុខ»៕
No comments:
Post a Comment