Monday, November 14, 2016

ស្ថានភាព​កីឡាករ​អុំ​ទូក​និង​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​អុំ​ទូក​នៅ​មុខ​ព្រះបរមរាជវាំង

កីឡាករ​ប្រណាំង​ទូក​នៅ​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​អុំ​ទូក ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Saut Sokprathna


កីឡាករ​អុំ​ទូក​ង និង​គណៈកម្មការ​ទូក​មួយ​ចំនួន ឲ្យ​ដឹង​ថា ស្ថានភាព​អុំ​ទូក​នៅ​ឆ្នាំ​នេះ គឺ​ដំណើរ​ការ​ល្អ​ប្រសើរ បើ​ទោះ​បី​ជា​លទ្ធផល​នៃ​ការ​ប្រណាំង​ទូក​ង​ចាញ់ ឬ​ឈ្នះ​ក៏ដោយ។ មិន​តែ​ប៉ុណ្ណោះ ពួក​គេ​ថា​កីឡាករ​មិន​សូវ​ជួប​បញ្ហា​ប្រឈម​ដូច​កាល​ពី​ពេល​ទូក​លើក​មុនៗ​ទេ ដោយសារ​មាន​ការ​រៀបចំ​បាន​ល្អ ដូចជា​កន្លែង​ស្នាក់នៅ និង​កន្លែង​ហូប​ចុក​របស់​ពួក​គេ ជាដើម។

បើ​ទោះ​បី​ជា​ស្ថានភាព​របស់​កីឡាករ​ប្រណាំង​ទូក​មាន​លក្ខណៈ​ល្អ​ប្រសើរ​នៅ​ថ្ងៃ​ទី​មួយ និង​ថ្ងៃ​ទី​ពីរ​មិន​សូវ​មាន​បញ្ហា​ប្រឈម​កើត​ឡើង​ក៏ដោយ ប៉ុន្តែ​ពួក​គាត់​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ បន្ត​យក​ចិត្ត​ទុក​ដាក់ និង​ការពារ​សន្តិសុខ ពិសេស​កង​កម្លាំង​ជើង​ទឹក ដើម្បី​ការពារ​សុវត្ថិភាព​ដល់​កីឡាករ​បន្ថែម​ទៀត។

លើស​ពី​នេះ ពួក​គេ​ក៏​ស្នើ​ដល់​កីឡាករ​ផ្សេង​ទៀត ឲ្យ​ប្រុងប្រយ័ត្ន និង​ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ជៀសវាង​មាន​បញ្ហា​អាក្រក់​កើត​ឡើង។

ចំណុះ​ទូក​ង​ឈ្មោះ "ខ្លែង​សែន​ជ័យ" ដែល​មក​ពី​ស្រុក​ក្រូចឆ្មារ លោក ឈុំ ឈឿន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ថា ជា​បទពិសោធន៍ អុំ​ទូក​មួយ​ថ្ងៃ​ទី​មួយ​កន្លង​ទៅ គឺ​មិន​មាន​បញ្ហា​ចោទ​ឡើង​ដល់​ពួក​គាត់​ទេ ប៉ុន្តែ​មាន​ចំណុះ​ទូក​ដែល​អុំ​ជាមួយ​លោក​ម្នាក់​សន្លប់ ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ លោក​បន្ថែម​ថា ដ្បិតតែ​លទ្ធផល​អុំ​ទូក​ថ្ងៃ​ទី​មួយ​បរាជ័យ​ក៏ដោយ ប៉ុន្តែ​ពួក​លោក​នៅ​តែ​មាន​សង្ឃឹម​ថា នឹង​បាន​ជ័យជម្នះ​នៅ​ថ្ងៃ​ទី​ពីរ ឬ​ទី​បី ហើយ​ក៏​មិន​បាក់​ទឹក​ចិត្ត​ដែរ។


ដោយឡែក​កន្លែង​សម្រាក ហូប​ចុក ទឹក ភ្លើង កន្លែង​បត់​ដៃ​បត់​ជើង​វិញ លោក ឈុំ ឈឿន បញ្ជាក់​ថា​គ្មាន​អ្វី​ចោទ​ជា​បញ្ហា​ទេ ពីព្រោះ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​រៀបចំ​រោង​ស្នាក់នៅ​ដល់​កីឡាករ​បាន​ប្រសើរ​ជាង​ពេល​មុនៗ៖ «បាទ! ការ​រស់នៅ ការ​ស្នាក់នៅ គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ណាស់»។

លោក ឈុំ ឈឿន រៀបរាប់​ថា កីឡាករ​ខ្លួន​ឯង​ក៏​ត្រូវ​ប្រុងប្រយ័ត្ន ទាំង​អ្នក​បញ្ជា​ក្បាល​ទូក និង​កន្សៃ ត្រូវ​ធ្វើ​យ៉ាង​ណា​បញ្ចៀស​ឲ្យ​ផុត​ពី​សាឡង់ និង​ចេញ​ចូល​ក្បែរ​ខាង ត្រូវ​មើល​គ្នា​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​មាន​គ្រោះថ្នាក់ ឬ​ប៉ះ​ទង្គិច​ណា​មួយ។

កីឡាករ​ប្រណាំង​ទូក​នៅ​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​អុំ​ទូក ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev RFA/Brach Chev

ការ​លើក​ឡើង​ពី​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​របស់​កីឡាករ​រូប​នេះ ក្រោយ​ពេល​ទូក​ង​ឈ្មោះ "រស្មី​ស្រី​ស្រស់​ដាញ់​ទិព្វ" កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា មុន​ពីរ​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំ​ទូក គឺ​មាន​កប៉ាល់​ទេសចរណ៍​មួយ​គ្រឿង​កម្ពស់​បី​ជាន់ ដែល​គេ​សង្ស័យ​ថា​ជា​កប៉ាល់​មក​ពី​ប្រទេស​វៀតណាម បាន​បើក​បុក​ពី​ក្រោយ បណ្ដាល​ឲ្យ​លិច​នៅ​ក្នុង​ទន្លេ​ចតុមុខ ធ្វើ​ឲ្យ​កីឡាករ​ពីរ​នាក់​លង់​ទឹក​ស្លាប់ ដែល​គេ​ទើប​រក​សាកសព​ឃើញ​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា។

ពិធី​បុណ្យ​អុំ​ទូក អក​អំបុក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ផ្អាក​ចំនួន ៤​លើក​មក​ហើយ តាំង​ពី​ក្រោយ​ពេល​មាន​ព្រឹត្តិការណ៍​មនុស្ស​ជាន់​គ្នា​ស្លាប់​ជាង ៣០០​នាក់ និង​របួស​រាប់​រាយ​នាក់​ផ្សេង​ទៀត​កាល​ពី​ឆ្នាំ​២០១០។

កីឡាករ​អុំ​ទូក​ង​ឈ្មោះ "ឥន្ទ្រីយ៍​សែន​ជ័យ" មក​ពី​ខេត្ត​បន្ទាយមានជ័យ លោក ថន ចន្ថា បង្ហាញ​អារម្មណ៍​រីករាយ​នៅ​ពេល​បាន​មក​ចូលរួម​ការ​ប្រឆាំង​ទូក​ង​នៅ​រាជធានី​ភ្នំពេញ បើ​ទោះ​បី​ជា​ទូក​ង​ដែល​លោក​អុំ​ចាញ់​គេ​នៅ​ថ្ងៃ​ទី​មួយ​ក៏ដោយ។ លោក​បន្ថែម​ថា ដោយសារ​ប្រវត្តិ​នៃ​ពិធី​បុណ្យ​អុំ​ទូក​នេះ​កើត​ឡើង​តាំង​ពី​បរម​បុរាណ​មក ដូច្នេះ​លោក​មិន​ចង់​ឲ្យ​មាន​ការ​ផ្អាក​ទៀត​ឡើយ និង​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ៖ «ពេល​មាន​បញ្ហា​យើង​ធ្វើ​ម៉េច? នៅ​ក្នុង​ដៃ​យើង កុំ​បោះបង់​ច្រវា។ នៅ​ពេល​លិច​ទឹក​ភ្លែត យើង​លើក​ច្រវា​ឲ្យ​ជា​សញ្ញា​គេ»។

ប្រធាន​គណៈកម្មការ​ទូក​ឈ្មោះ "មហា​ហង្ស​សែន​ជ័យ​បារមី​បទុម​រាជា" មក​ពី​វត្ត​ដីដុះ ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ ដែល​ជា​ទូក​ខ្នាត​អន្តរជាតិ ឬ​ទូក​ខ្លី លោក យឹង ចេប សម្ដែង​ក្តី​ត្រេកអរ​ចំពោះ​ជ័យជម្នះ​របស់​ខ្លួន​កាល​ពី​ការ​ប្រកួត​ថ្ងៃ​ទី​មួយ។ លោក​បន្ត​ថា ថ្ងៃ​អុំ​ទូក​លើក​ទី​២ និង​លើក​ទី​៣ នឹង​យក​ជ័យជម្នះ​បន្ត​ទៀត ព្រម​ទាំង​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ចំណុះ​ទូក​របស់​ខ្លួន ជៀសវាង​មាន​បញ្ហា​ណា​មួយ​កើត​ឡើង៖ «ប៉ុន្តែ​ឆ្នាំ​នេះ​ឃើញ​គេ​រៀបចំ​ស្រួល ហើយ​រៀបចំ​ស្មើ​ភាព​គ្នា»។

ទំព័រ​ហ្វេសប៊ុក (Facebook) របស់​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ដឹង​ថា សភាពការណ៍​ដែល​កើត​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នេះ មាន​ករណី​លួច​ចំនួន ៣​ករណី បង្ក្រាប​បាន ២​ករណី ចាប់​បាន ២​នាក់ ក្មេង​វង្វេង​ម្តាយ ២​នាក់​ត្រូវ​បាន​ប្រកាស និង​ប្រគល់​ជូន​អាណាព្យាបាល​វិញ។ លើស​ពី​នេះ មាន​ទូក​លិច ២​គ្រឿង​ត្រូវ​បាន​សង្គ្រោះ និង​គ្មាន​អ្នក​គ្រោះថ្នាក់​ឡើយ ហើយ​ភ្នាក់ងារ​សុខាភិបាល​បាន​សង្គ្រោះ​អ្នក​មាន​សុខភាព​ខ្សោយ​ចំនួន ៤​នាក់​ទៅ​មន្ទីរពេទ្យ​ទៀត​ផង។ បន្ថែម​ពី​នេះ ទំព័រ​ដដែល​បញ្ជាក់​ថា មាន​ពលរដ្ឋ​ចូលរួម​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ថ្ងៃ​ទី​មួយ គឺ​មាន​ចំនួន ៦០ ទៅ ៧០​ម៉ឺន​នាក់។

ចំណែក​កង​កម្លាំង​ដែល​ដាក់​ពង្រាយ​នៅ​ក្នុង​ឱកាស​បុណ្យ​អុំ​ទូក អក​អំបុក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ គឺ​មាន​ចំនួន ១​ម៉ឺន​នាក់។

ទូក​ង​ដែល​ចូលរួម​ប្រណាំង​នៅ​ឆ្នាំ​២០១៦ មាន​ចំនួន​ជាង ២០០​ទូក ដែល​ស្មើ​ចំនួន ១៣០​គូ និង​មាន​ចំនួន​កីឡាករ​កីឡាការិនី​ជាង ១​ម៉ឺន​នាក់។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ ប្រធាន​គណៈកម្មការ​ទូក​ង​ឈ្មោះ "ឥន្ទ្រីយ៍​សែន​ជ័យ" លោក ឆិល ឆំគ មាន​ប្រសាសន៍​ថា ចំណុះ​ទូក​របស់​លោក គឺ​គ្មាន​បញ្ហា​ប្រឈម​ឡើយ ប៉ុន្តែ​លោក​ចង់​ឲ្យ​អាជ្ញាធរ​ជួយ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​កីឡាករ និង​ប្រជាពលរដ្ឋ​ដែល​មក​ទស្សនា​បន្ថែម​ទៀត។

ប្រភព​ដដែល​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ​មួយ​នេះ​ជាប់​រហូត​ទៅ បើ​ទោះ​បី​ជា​ច្រើន​ក្តី​តិច​ក្តី កុំ​បំភ្លេច​ចោល ឬ​លុប​ចោល​ដូច​ពេល​មុនៗ​ទៀត ក្រោម​ហេតុផល ឬ​លេស​ផ្សេងៗ។ លោក​ថា ប្រសិន​រាជ​រដ្ឋាភិបាល​ចេះ​តែ​លុប​ចោល ឬ​ផ្អាក​ធ្វើ​ពិធី​បុណ្យ​ជាតិ​មួយ​នេះ​ទៀត នឹង​ធ្វើ​ឲ្យ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​មួយ​នេះ នឹង​អាច​បាត់បង់​មិន​ខាន​ឡើយ៕

No comments:

Post a Comment