Sunday, November 27, 2016

ពលរដ្ឋ​មិន​ចង់​ឲ្យ​អាជ្ញាធរ​ប្រើប្រាស់​ថវិកា​វត្ត​ប៉ាក់ណាម​ទាក់ទង​រឿង​នយោបាយ

ពលរដ្ឋ​មិន​ចង់​ឲ្យ​អាជ្ញាធរ​ប្រើប្រាស់​ថវិកា​វត្ត​ប៉ាក់ណាម​ទាក់ទង​រឿង​នយោបាយ

ទិដ្ឋភាព​បិណ្ឌ​ទី​១១ នៅ​វត្ត​ខេមរៈរាជាការាម ហៅ​វត្ត​ប៉ាក់ណាម ស្ថិត​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល ជាប់​ព្រំដែន​វៀតណាម ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo: RFA


ប្រជាពលរដ្ឋ​មិន​ចង់​ឲ្យ​អាជ្ញាធរ​ខេត្ត​កណ្ដាល ថ្លែង​សារ​នយោបាយ​នោះ​ទេ​ចំពោះ​ករណី​ចំណាយ​លុយ​កឋិន​សម្រាប់​កសាង​វត្ត​ប៉ាក់ណាម ព្រោះ​លុយ​កឋិន​នោះ​បាន​មក​ពី​កឋិន​សាមគ្គី​របស់​ប្រជាពលរដ្ឋ។ ការ​លើក​ឡើង​នេះ ខណៈ​ដែល​អភិបាល​ខេត្ត​កណ្ដាល អញ្ជើញ​ទៅ​បញ្ចុះ​បឋម​សិលា​កសាង​ខ្លោងទ្វារ​វត្ត​ប៉ាក់ណាម នៅ​ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្ដាល។

ពិធី​បញ្ចុះ​បឋម​សិលា​កសាង​ខ្លោងទ្វារ​វត្ត​ប៉ាក់ណាម ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ក្រោម​អធិបតីភាព​អភិបាល​ខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ ដែល​ផ្ទុយ​ពី​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ដែល​ធ្វើ​បុណ្យ​កឋិន​ប្រមូល​បច្ច័យ​កសាង​វត្ត​ប៉ាក់ណាម នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ស្ថិត​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល។

ប្រជាពលរដ្ឋ​បាន​បញ្ចេញ​មតិ​លើ​លិខិត​មួយ​ច្បាប់​ថា ពួក​គាត់​ចង់​ឃើញ​ព្រះរាជ​វត្តមាន​របស់​សម្ដេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ ដើម្បី​មាន​ព្រះរាជ​បន្ទូល​អំពី​ការ​ណែនាំ​ឲ្យ​ព្រះសង្ឃ​អនុវត្ត​នូវ​វិន័យ ក៏ដូចជា​សិទ្ធិ​របស់​ព្រះសង្ឃ រួម​ទាំង​ការ​អភិវឌ្ឍ ដូចជា​ការ​រៀបចំ​បរិវេណ​វត្ត និង​សំណង់​ផ្សេងៗ​ដោយ​ជៀស​ផុត​ពី​ការ​ថ្លែង​បម្រើ​ប្រយោជន៍​គណបក្ស​នយោបាយ។

យ៉ាង​ណា​ក៏ដោយ ក្នុង​លិខិត​នោះ​ឲ្យ​ដឹង​ថា ប្រសិន​បើ​ថ្នាក់​ដឹកនាំ​ខេត្ត​ចូលរួម​នោះ គឺ​សុំ​តែ​ថ្លែង​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល ដូចជា​ភូមិ-ឃុំ​មាន​សុវត្ថិភាព ហាម​មិន​ឲ្យ​មាន​ការ​ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​វិល​មក​រស់នៅ​តាម​ព្រំដែន ជាពិសេស​ភូមិ​ប៉ាក់ណាម ការ​កសាង​ផ្លូវ និង​មាន​វិធានការ​ចំពោះ​ជន​អន្តោប្រវេសន៍​រស់នៅ​ខុស​ច្បាប់ ព្រម​ទាំង​ណែនាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ជាដើម។

អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​ឆ្លើយតប​ពី​អភិបាល​ខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ ជាច្រើន​លើក តែ​លោក​មិន​លើក​ទូរស័ព្ទ ចំណែក​អភិបាល​ស្រុក​កោះធំ លោក អេង មោក្ខ វិញ​ប្រាប់​ថា ជាប់​រវល់​ប្រជុំ​រហូត និង​បិទ​ទូរស័ព្ទ។

រីឯ​ព្រះចៅ​អធិការ​វត្ត​ប៉ាក់ណាម ព្រះ​ភិក្ខុ ចាប់ ឡាយស៊ែ មាន​ថេរ​ដីកា​ថា ពិធី​បញ្ចុះ​បឋម​សិលា​នោះ គឺ​មាន​អភិបាល​ខេត្ត និង​មន្ត្រី​រាជការ​មក​ពី​គ្រប់​មន្ទីរ​ស្ថាប័ន​នៅ​ក្នុង​ខេត្ត​កណ្ដាល ព្រម​ទាំង​មាន​ពលរដ្ឋ​ប្រមាណ ១​ពាន់​នាក់​ចូលរួម​ដែរ។ ព្រះអង្គ​បន្ត​ថា ចំពោះ​សុន្ទរកថា​យ៉ាង​ណា​នោះ ព្រះអង្គ​ពុំ​បាន​ស្តាប់​នោះ​ទេ ព្រោះ​ព្រះអង្គ​បាន​និមន្ត​មក​វត្ត​ឆាន់​ចង្ហាន់​វិញ ខណៈ​ដែល​ពិធី​នោះ​ត្រូវ​បាន​គេ​រៀបចំ​ឡើង​នៅ​លើ​ដង​ផ្លូវ​ជាតិ​ជិត​ស្ពាន​មួយ ដែល​មាន​ផ្លូវ​តូច​បត់​ចូល​ទៅ​វត្ត​ប៉ាក់ណាម មាន​ចម្ងាយ​ប្រហែល​ជា​ពីរ​គីឡូម៉ែត្រ។ យ៉ាង​នេះ​ក្តី ព្រះអង្គ​មាន​ថេរ​ដីកា​ថា ពិធី​បញ្ចុះ​បឋម​សិលា​កសាង​ខ្លោងទ្វារ​វត្ត​ដែល​ចំណាយ​លុយ​កឋិន​នោះ គឺ​មិន​ប្រើ​ឈ្មោះ​គណបក្ស ឬ​បុគ្គល​ណា​នោះ​ទេ គឺ​ជា​របស់​វត្ត និង​ពលរដ្ឋ​ខ្មែរ ហើយ​វត្តមាន​អភិបាល​ខេត្ត​ចូលរួម​នោះ គឺ​ជា​ការ​អញ្ជើញ​របស់​ចៅហ្វាយ​ស្រុក ក្នុង​នាម​ជា​អាជ្ញាធរ​ដែនដី៖ «»។

ព្រះចៅ​អធិការ​វត្ត​ប៉ាក់ណាម បន្ត​ថា អភិបាល​ខេត្ត​កណ្ដាល មិន​ចុះ​ទៅ​ពិនិត្យ​មើល​វត្ត​ប៉ាក់ណាម ដោយ​ផ្ទាល់​នោះ​ទេ គឺ​លោក​នៅ​តែ​កន្លែង​ពិធី​បញ្ចុះ​បឋម​សិលា​ដែល​នៅ​ឆ្ងាយ​ពី​វត្ត។ ទោះ​យ៉ាង​ណា អភិបាល​ខេត្ត​ក៏​បាន​បញ្ជា​ឲ្យ​សាងសង់​ពង្រីក​ផ្លូវ​ចូល​វត្ត និង​សមិទ្ធផល​មួយ​ចំនួន​ទៀត​ជា​ប្រយោជន៍​ការពារ​ព្រំដែន​ខ្មែរ​ដែរ៖ «»។

បច្ច័យ​ដែល​ប្រមូល​បាន​ពី​បុណ្យ​កឋិន​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា មាន​ចំនួន​ជាង ៤​ម៉ឺន​ដុល្លារ ហើយ​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​ប៉ាក់ណាម មាន​គម្រោង​កសាង​ប្រាសាទ​តម្កល់​រូប​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ កសាង​រូប​សំណាក​ព្រះអង្គ​ចេក​ព្រះអង្គ​ចម កសាង​រូប​សំណាក​ពុទ្ធ​ប្រវត្តិ​មាន​ព្រះអង្គ​ចេញ​បួស និង​ព្រះអង្គ​ទត​សួន និង​ទីធ្លា​វត្ត​កំពុង​ចាក់​សាប​ជាដើម។ ព្រះអង្គ​ក៏​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ដែនដី ជួយ​បង្ហាញ​ផែនទី​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​ថា​បច្ចុប្បន្ន ដី​វត្ត​ហាក់​កាន់​តែ​រួម​តូច​ដោយសារ​ផ្ទះ​ជនជាតិ​វៀតណាម ចាក់​គ្រឹះ​ហ៊ុមព័ទ្ធ​ជុំវិញ​នោះ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី លើក​ឡើង​ថា ករណី​អភិបាល​ខេត្ត​កណ្ដាល អញ្ជើញ​បញ្ចុះ​បឋម​សិលា​នោះ មិន​ខុស​ទាស់​អ្វី​នោះ​ទេ ឲ្យ​តែ​មាន​សុទ្ធចិត្ត​ពិត និង​ចង់​អភិវឌ្ឍ​តំបន់​ព្រំដែន ជាពិសេស​វត្ត​ប៉ាក់ណាម សម្រាប់​ការពារ​ព្រំដែន​នោះ៖ «»។

ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ឲ្យ​មាន​ពិធី​បុណ្យ​កឋិន​ទៅ​វត្ត​ប៉ាក់ណាម មួយ​រូប​ដែរ​នោះ ធ្លាប់​បាន​ប្រាប់​អាស៊ីសេរី កាល​ពី​ពេល​ដង្ហែ​កឋិន​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ថា បច្ច័យ​ដែល​បាន​មក​ពី​កឋិន​នោះ គឺ​ជា​កឋិន​សាមគ្គី​ខ្មែរ មិន​ប្រកាន់​និន្នាការ​នយោបាយ​បក្ខពួក​នោះ​ឡើយ ក្នុង​បំណង​អភិវឌ្ឍ​វត្ត​ប៉ាក់ណាម ឲ្យ​ក្លាយ​ជា​និមិត្តរូប​ការពារ​ព្រំដែន​ដ៏​រឹងមាំ៕

No comments:

Post a Comment