សហគមន៍បារម្ភពីការខ្វះមធ្យោបាយការពារនិងល្បាតព្រៃឈើក្នុងតំបន់ឧទ្យានជាតិវីរជ័យ
សហគមន៍តំបន់ការពារធម្មជាតិអូរតាបូក ក្នុងឧទ្យានជាតិវីរជ័យខេត្តរតនគិរី និងមន្ត្រីជំនាញពាក់ព័ន្ធ បានបញ្ចប់បេសកកម្មល្បាតព្រៃដើម្បីរកមើលបទល្មើសព្រៃឈើក្នុងតំបន់ការពារ ខណៈដែលក្រសួងបរិស្ថាន បានកាត់ចេញតំបន់ធនធានធម្មជាតិមួយផ្នែក ប្រគល់ឲ្យប្រជាពលរដ្ឋរស់នៅតំបន់ក្បែរនោះបង្កើតជាសហគមន៍ការពារធម្មជាតិឲ្យបានប្រសើរឡើងវិញ។ តំណាងសហគមន៍អះអាងថា កង្វះសម្ភារៈ និងថវិកា ជាបញ្ហាបារម្ភទាក់ទិនការអភិរក្សធនធានធម្មជាតិបានគង់វង្ស។
មធ្យោបាយល្បាតព្រៃ គឺជាកត្តាសំខាន់ដែលសហគមន៍សំណូមពរឲ្យអង្គការសង្គមស៊ីវិល និងសមត្ថកិច្ចពាក់ព័ន្ធខេត្តរតនគិរី សហការជួយក្រុមល្បាតសហគមន៍ឲ្យមានលទ្ធភាពឃ្លាំមើលបទល្មើសព្រៃឈើបានញឹកញាប់ ដើម្បីអភិរក្សព្រៃឈើបានកាន់តែប្រសើរ។
សំណូមពរនេះ កើតមានឡើងខណៈក្រុមល្បាតព្រៃសហគមន៍តំបន់ការពារធម្មជាតិអូរតាបូក មន្ត្រីអង្គការសង្គ្រោះសត្វព្រៃកម្ពុជា ឆ្មាំអនុរក្សឧទ្យានជាតិវីរជ័យ និងមន្ត្រីបរិស្ថានមានគ្នាប្រមាណ ២០នាក់ នាំគ្នាដើរល្បាតព្រៃកាលពីថ្ងៃទី១ និងថ្ងៃទី២ ខែវិច្ឆិកា តាមសំណូមពរសហគមន៍ ដែលសង្ស័យខ្លាចមានបទល្មើសព្រៃឈើថ្មីកើតមានក្នុងព្រៃការពារ។
ប្រធានសហគមន៍អូរតាបូក លោក សាលា ត្រាវ បញ្ជាក់នៅថ្ងៃទី៥ ខែវិច្ឆិកា ថា ក្រុមល្បាតព្រៃបានបញ្ចប់បេសកកម្មឃ្លាំមើលបទល្មើសព្រៃឈើក្នុងតំបន់ការពារ ហើយមិនឃើញមានសកម្មភាពកាប់ឈើថ្មីកើតមានក្នុងតំបន់ការពារនោះទេ ក្រៅពីរកឃើញចំនៀរឈើចាស់បន្សល់ចោលក្នុងព្រៃឈើ មុនពេលបង្កើតសហគមន៍តំបន់ការពារ។ យ៉ាងនេះក្តី សហគមន៍នៅតែបារម្ភ ប្រសិនក្រុមល្បាតមិនមានលទ្ធភាពចុះល្បាតព្រៃបានញឹកញាប់នោះ គឺជាឱកាសល្អសម្រាប់ជនខិលខូចចូលព្រៃលួចកាប់យកឈើមានតម្លៃជាថ្មីទៀត៖ «មធ្យោបាយយើងមានឯណា? យើងទៅម្តងសាំង ហើយម៉ូតូផង កាណូតផង អ៊ីចឹងផ្លូវឆ្ងាយទៀត។ សំខាន់ថវិកាតែម្តង បើយើងអត់លុយ ធ្វើអ្វីមិនចេញទេ»។
របាយការណ៍របស់អង្គការសង្គ្រោះសត្វព្រៃកម្ពុជា ចេញថ្ងៃទី៥ ខែវិច្ឆិកា ស្ដីពីការល្បាតព្រៃរបស់សហគមន៍អូរតាបូក ឲ្យដឹងថា នៅថ្ងៃទី២ ខែវិច្ឆិកា ក្រុមល្បាតព្រៃចុះទៅដល់ចំណុចអូរឡាប៉ង វាលត្រាំប្រាប់ និងតាមអូរឡាប៉ង បានឃើញចំនៀរឈើចាស់ៗចំនួន ៥ ទៅ ៦ចម្រៀក និងគល់ធ្នង់ ៣ ទៅ ៥គល់ បន្សល់នៅទីនោះតាំងពីយូរមកហើយ មិនឃើញមានគេធ្វើឈើថ្មីនោះទេ។ ចំពោះការផ្តល់ព័ត៌មានថាមានការកាប់ឈើថ្មីនៅឧទ្យានជាតិ គឺជាការផ្តល់ព័ត៌មានច្រឡំ។
ឆ្លើយតបបញ្ហានេះ នាយកកម្មវិធីអង្គការសង្គ្រោះសត្វព្រៃកម្ពុជា លោក ចាន់ វិចិត្រ បញ្ជាក់ដែរថា កន្លងទៅនេះ អង្គការសង្គ្រោះសត្វព្រៃបានចំណាយមូលនិធិទិញសម្ភារៈ និងផ្តល់ថវិកាចំណាយទៅលើសកម្មភាពល្បាតព្រៃសហគមន៍តំបន់ការពាររួចហើយ ដើម្បីបង្កលទ្ធភាពងាយស្រួលសម្រាប់ការងារឃ្លាំមើលបទល្មើសព្រៃឈើ។ លោកថា ព័ត៌មានដែលលោកទទួលបាន គឺរាជរដ្ឋាភិបាលក៏មានគម្រោងបញ្ចេញថវិកាមួយផ្នែកនៅឆ្នាំ២០១៧ ខាងមុខ ដើម្បីបង្កើនក្រុមអនុរក្សជួយសហការឃ្លាំមើល និងបង្ក្រាបបទល្មើសព្រៃឈើក្នុងឧទ្យានជាតិ រួមទាំងតំបន់ការពារធម្មជាតិសហគមន៍ផងដែរ ក៏ប៉ុន្តែសហគមន៍ក៏ត្រូវពង្រឹងតួនាទីរបស់ខ្លួនក្នុងកិច្ចអភិរក្សធនធានធម្មជាតិក្នុងតំបន់សហគមន៍ប្រើប្រាស់ និងអាស្រ័យផលដោយខ្លួនឯង៖ «ខាងអង្គការសង្គមស៊ីវិល នឹងពិនិត្យមើលតើមានលទ្ធភាពជួយគាត់បានកម្រិតណា? ប្រហែលនៅឆ្នាំ២០១៧ នេះ ខាងថ្នាក់ជាតិផ្តល់ឲ្យក្រសួងហិរញ្ញវត្ថុ លៃយកថវិកាមួយចំនួនបង្កើតឧទ្យានុរក្សដើម្បីបង្កើនប្រសិទ្ធភាពល្បាត»។
ក្រសួងបរិស្ថាន កាលពីឆ្នាំ២០១៤ បានកាត់ចេញផ្ទៃដីជាង ១ម៉ឺន ៨ពាន់ហិកតារនៅក្នុងឧទ្យានជាតិវីរជ័យ ក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង បង្កើតសហគមន៍តំបន់ការពារចំនួន៥ រួមមាន តំបន់ការពារធម្មជាតិអូរចាយ ក្នុងខេត្តស្ទឹងត្រែង តំបន់ការពារធម្មជាតិអូរតាបូក មណ្ឌលយន អូរខាំថា និងតំបន់ការពារធម្មជាតិអូរទុង នៅខេត្តរតនគិរី និងតំបន់ការពារធម្មជាតិចំនួនពីរទៀតក្នុងដែនជម្រកសត្វព្រៃលំផាត់ គឺតំបន់ការពារធម្មជាតិអូរគគីរ មានផ្ទៃដីជាង ១.៨០០ហិកតារ (១.៨១៦ហិកតារ) និងតំបន់ការពារធម្មជាតិសេដា មិនទាន់កំណត់ផ្ទៃដី។
ប្រធានការិយាល័យផែនការ និងច្បាប់ និងជាអ្នកសម្របសម្រួលសហគមន៍តំបន់ការពារធម្មជាតិនៃមន្ទីរបរិស្ថានខេត្តរតនគិរី លោក ទន់ សុវណ្ណនី ទទួលស្គាល់ថា ការល្បាតព្រៃរបស់សហគមន៍ពិតជាមានការលំបាក និងខ្វះខាតមធ្យោបាយសម្ភារៈដើម្បីបំពេញការងារបានញឹកញាប់ ក៏ប៉ុន្តែកន្លងទៅ មន្ទីរជំនាញបានសហការជាមួយអង្គការសង្គ្រោះសត្វព្រៃ ផ្តល់ថវិកា និងសម្ភារៈមួយចំនួនសម្រួលការលំបាករបស់សហគមន៍ និងបានចូលផ្តល់មន្ត្រីបច្ចេកទេសរៀបចំចងក្រងសហគមន៍បានរឹងមាំ។ លោកថា សំណូមពរសហគមន៍ លោកនឹងធ្វើរបាយការណ៍ជូនប្រធានមន្ទីរបរិស្ថាន ពិនិត្យ៖ «ខ្ញុំមិនសន្យាបានជាអ្វីទេ។ ខ្ញុំសំណូមពរទៅគាត់សិន បើគាត់មានលទ្ធភាពឲ្យ។ ខាងមន្ទីរបរិស្ថាន យើងមានកិច្ចសហការជាមួយអង្គការសង្គ្រោះសត្វព្រៃ ហើយអង្គការជាអ្នកផ្តល់ថវិកាល្បាត។ ខាងរដ្ឋាភិបាលបន្ថែមឧទ្យានុរក្ស ៣០០នាក់នៅទូទាំងប្រទេស»។
ចាប់ពីខែកក្កដា រហូតមកទល់នឹងខែតុលា ឆ្នាំ២០១៦ សហគមន៍តំបន់ការពារចំនួនពីរ គឺសហគមន៍មណ្ឌលយន និងសហគមន៍អូរគគីរ ក្រៅពីដើរល្បាតព្រៃសហគមន៍ទាំងពីរនេះ បាននាំគ្នាស្ដារព្រៃដាំកូនឈើឡើងវិញបានជាង ២ពាន់ដើម៕
No comments:
Post a Comment