Wednesday, November 23, 2016

ពលរដ្ឋ​ស្រុក​សំបូរ​ចោទ​នាយក​សាលា​ខ្សាច់​លាវ​ថា​មិន​ដោះស្រាយ​បញ្ហា​ខ្វះ​គ្រូបង្រៀន

សាលា​បឋម​សិក្សា​ខ្សាច់​លាវ ដែល​អ្នក​ភូមិ​អះអាង​ថា​ខ្វះ​គ្រូបង្រៀន និង​សិស្ស​រៀន​ផ្គួប​ចូល​គ្នា ឋិត​នៅ​ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided


ពលរដ្ឋ​រស់នៅ​ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ចោទ​ប្រកាន់​នាយក​សាលា​បឋម​សិក្សា​ខ្សាច់​លាវ ថា​មាន​ចេតនា​ពន្យារ​ពេល​មិន​ដោះស្រាយ​បញ្ហា​ខ្វះ​គ្រូបង្រៀន​ក្នុង​មូលដ្ឋាន​នេះ ដែល​កំពុង​បង្ក​ការ​ប៉ះពាល់​ដល់​គុណភាព​បង្រៀន និង​ចំណេះ​ដឹង​របស់​កុមារ​ធ្ងន់ធ្ងរ ហើយ​អាច​ជំរុញ​ឲ្យ​កុមារ​មួយ​ចំនួន​បោះបង់​ការ​សិក្សា។ ប៉ុន្តែ​នាយក​សាលា​បឋម​សិក្សា​ខ្សាច់​លាវ បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ពលរដ្ឋ​រស់នៅ​ភូមិ​ខ្សាច់លាវ ឃុំ​អូរគ្រៀង សង្កេត​ឃើញ​ថា មាន​កត្តា​ច្រើន​បង្ក​ការ​លំបាក​ដល់​ការ​សិក្សា​របស់​កុមារ​នៅ​ជនបទ ដូចជា ថ្នាក់​រៀន​មិន​គ្រប់គ្រាន់ ខ្វះ​សម្ភារ​សិក្សា បរិយាកាស​សិក្សា និង​ខ្វះ​គ្រូបង្រៀន ជាដើម។ បញ្ហា​នេះ​ជា​ផ្នែក​មួយ​ជំរុញ​ឲ្យ​កុមារ​រស់នៅ​តំបន់​ដាច់ស្រយាល​មួយ​ចំនួន មិន​ចេះ​អាន និង​មិន​ចេះ​សរសេរ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ សង្កេត​ឃើញ​ថា សាលា​បឋម​សិក្សា​ខ្សាច់​លាវ មាន ៦​ថ្នាក់ មាន​គ្រូបង្រៀន​ពីរ​នាក់។ ចំណែក​សិស្ស​កាន់​តែ​កើន​ឡើង បន្ទប់​ចង្អៀត និង​ការ​បង្រៀន គឺ​លាយឡំ​ចូល​គ្នា មាន​ន័យ​ថា​សិស្ស​ថ្នាក់​ទី​១ រៀន​ជាមួយ​ថ្នាក់​ទី​២ ថ្នាក់​ទី​៣ ជាមួយ​ថ្នាក់​ទី​៤ និង​ថ្នាក់​ទី​៥ ជាមួយ​ថ្នាក់​ទី​៦។ លោកស្រី​សង្កត់​ធ្ងន់​ថា អ្នក​ភូមិ​ជាច្រើន​គ្រួសារ គ្រោង​ផ្ដិត​មេដៃ​ប្ដឹង​ករណី​នេះ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ។ លោកស្រី​បារម្ភ​ថា ការ​បង្រៀន​លាយឡំ​បែប​នេះ បណ្ដាល​ឲ្យ​អារម្មណ៍​សិស្ស​រៀន​មិន​មូល និង​រញ៉េរញ៉ៃ ធ្វើ​ឲ្យ​ប៉ះពាល់​ការ​សិក្សា​របស់​ពួក​គេ៖ «ច្រើន​តែ​មាន​អ្នក​ចំណូល​ថ្មី​ចូល​មក មាន​អ្នក​ចេះ​អក្សរ​ខ្លះ បើ​ថា​អ្នក​ស្រុក​ហ្នឹង​គឺ​អត់​មាន​អ្នក​ណា​ចេះ​អក្សរ​ទេ គឺ​មាន​ចេះ​ដែរ តែ​ចេះ​តិចតួច បើ​និយាយ​ពី​រឿង​ក្មេងៗ​ជំនាន់​ឥឡូវ គ្មាន​ពីណា​ចេះ​អក្សរ​ទេ»។

អ្នក​ភូមិ​ចោទ​ប្រកាន់​ថា នាយក​សាលា​បឋម​សិក្សា​ខ្សាច់​លាវ លោក ស្រេង ម៉េងហុង មាន​ចេតនា​បង្អាក់​ការ​បញ្ជូន​គ្រូ​ទៅ​បង្រៀន​នៅ​សាលា​នោះ ព្រោះ​ខ្លាចក្រែង​ប៉ះពាល់​ប្រយោជន៍​បុគ្គល បើ​ទោះ​បី​ជា​សាលា​នេះ​បាន​បើក​ការ​ជ្រើសរើស​គ្រូ​នៅ​ឆ្នាំ​សិក្សា​២០១៦-២០១៧ ក្តី។ លើស​ពី​នេះ ក៏​មាន​គ្រូបង្រៀន​មួយ​ចំនួន​បាន​ដាក់​ពាក្យ​ស្នើសុំ​បង្រៀន​នៅ​សាលា​នេះ​ដែរ តែ​ត្រូវ​បាន​នាយក​សាលា​បដិសេធ ដោយ​លើក​ហេតុផល​ថា គ្រូ​មាន​គ្រប់គ្រាន់​ហើយ៖ «គ្រូ​ណា​សុំ​ចូល គាត់​មិន​ឲ្យ​ចូល។ គេ​ថា​គ្រូ​សាលា​ហ្នឹង​គ្រូ​គ្រប់គ្រាន់​ហើយ។ តាម​ការ​ពិត គ្រូ​មិន​មាន​គ្រប់គ្រាន់​ទេ។ ៦​ថ្នាក់​បង្រៀន​គ្រូ​ពីរ​នាក់ រួច​ថ្នាក់​ទី​១ និង​ទី​២ បូក​ចូល​គ្នា​ទាំងអស់។ បើ​និយាយ​ការ​ចេះ​ដឹង ច្រើន​ណាស់​ក្មេង​ស្រុក​ហ្នឹង​អត់​មាន​អ្នក​ចេះ​អក្សរ​ទេ»។
សាលា​បឋម​សិក្សា​ខ្សាច់​លាវ មាន​មួយ​ខ្នង ៣​បន្ទប់ មាន​សិស្ស​សិក្សា​ចំនួន ១៦០​នាក់ និង​មាន​គ្រូបង្រៀន​ពីរ​នាក់​ក្នុង​ឆ្នាំ​សិក្សា​២០១៦-២០១៧។ លើស​ពី​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ផ្តល់​អគារ​សិក្សា ១​ខ្នង​បន្ថែម​ទៀត​ដល់​សាលា​នោះ ហើយ​ក៏​កំពុង​សាងសង់។

ឆ្លើយតប​ការ​លើក​ឡើង​នេះ នាយក​សាលា​បឋម​សិក្សា​ខ្សាច់​លាវ លោក ស្រេង ម៉េងហុង ចាត់​ទុក​អ្នក​ដែល​ចោទ​ប្រកាន់​លោក ថា​ពុំ​យល់​ពី​នីតិវិធី​រដ្ឋបាល​សេវា​អប់រំ។ លោក​បញ្ជាក់​ថា នាយក​សាលា​ពុំ​មាន​សិទ្ធិ​ជ្រើសរើស​គ្រូ​នោះ​ទេ ហើយ​បញ្ហា​នេះ​ជា​កាតព្វកិច្ច​របស់​មន្ទីរ​អប់រំ​ខេត្ត​ជា​អ្នក​សម្រេច​ផ្អែក​តាម​គោលការណ៍​របស់​ក្រសួង​កំណត់។ លោក​ថា ផ្អែក​តាម​គោលការណ៍​របស់​ក្រសួង​អប់រំ សាលា​បឋម​មាន​ថ្នាក់​រៀន​ចាប់​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៦ ត្រូវ​មាន​គ្រូបង្រៀន​យ៉ាង​ហោច​ណាស់ ៦​នាក់ ក៏ប៉ុន្តែ​ដោយសារ​សាលា​បឋម​សិក្សា​ខ្សាច់​លាវ នៅ​តំបន់​ដាច់ស្រយាល​មាន​សិស្ស​តិច ក្រសួង​ក៏​បង្កើត​កម្មវិធី​តម្រូវ​ឲ្យ​គ្រូបង្រៀន​ពីរ​ពេល​ក្នុង​មួយ​ថ្ងៃ ពោល​គឺ​បង្រៀន​ទាំង​ព្រឹក និង​ល្ងាច។ លោក​ថា ការ​បង្រៀន​សិស្ស​ចូល​គ្នា​បែប​នេះ​ជា​កម្មវិធី​របស់​ក្រសួង​អប់រំ អនុលោម​តាម​បរិបទ​តំបន់ និង​ផ្អែក​តាម​ចំនួន​សិស្ស៖ «ចង់​និយាយ​ថា​ចេញ​មក​តម្រូវ​ការ​អត់​គ្រប់ គឺ​នៅ​ស្រុក​សំបូរ របស់​យើង គឺ​សាលា​ច្រើន​តែ​គ្រូ​តិច ហើយ​ជាក់ស្តែង សាលា​ខ្ញុំ​បាន​គ្រូ​ក្របខ័ណ្ឌ​រដ្ឋ​ពីរ​នាក់ គឺ​ពិសេស​ហើយ​សម្រាប់​សាលា​ជនបទ ហើយ​តំបន់​យើង គឺ​សិស្ស​តិច​យើង​ផ្គួប មើល​ទៅ​ចង់​និយាយ​ថា​មួយ​ថ្នាក់​ដូច​ថ្នាក់​ទី​៥ វា​ជាង ១០​នាក់​ទៅ ១៥​នាក់ ចឹង​ពីរ​ថ្នាក់​ហ្នឹង​បាន​តែ ៣០​នាក់ គឺ​ស្មើ​តំបន់​ប្រជុំជន»។

ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ក្រចេះ លោក ឡាយ ប៊ូរា បដិសេធ​មិន​ធ្វើ​អធិប្បាយ​ករណី​នេះ​ទេ ដោយ​លោក​ថា​កំពុង​ជាប់​រវល់។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន ធ្លាប់​បញ្ជាក់​ថា តំបន់​ដាច់ស្រយាល ក្រសួង​បាន​កំណត់​ទិសដៅ​ជា​អាទិភាព ហើយ​ក្រសួង​កំពុង​ដំណើរ​ការ​អភិវឌ្ឍ​តាម​កម្រិត​កញ្ចប់​ថវិកា​ជាតិ។ លោក​ថា យន្តការ​នេះ គឺ​ជា​យន្តការ​ស្នើសុំ​តាម​រយៈ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ទាំងអស់ ហើយ​ក្រសួង​នឹង​ពិនិត្យ​ទៅ​តាម​តំបន់​អាទិភាព​ចាំបាច់​ជាង​គេ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែង​បញ្ជាក់​ថា ពលរដ្ឋ​មាន​បញ្ហា​នេះ​អាច​ផ្ដិត​មេដៃ​ប្ដឹង​មក​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ហើយ​សមាគម​នឹង​អន្តរាគមន៍​ទៅ​ក្រសួង​អប់រំ។ លោកស្រី​មើល​ឃើញ​ថា ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ជាក់ស្តែង​ពី​បញ្ហា​ខ្វះ​គ្រូបង្រៀន​នៅ​តំបន់​ដាច់ស្រយាល​របស់​ស្ថាប័ន​ពាក់ព័ន្ធ ហាក់​មិន​គ្រប់​ជ្រុងជ្រោយ និង​មិន​បាន​បំពេញ​តម្រូវ​ការ​អភិវឌ្ឍន៍​ផ្អែក​តាម​កំណើន​សិស្ស។ អ្នកស្រី​សង្កត់​ធ្ងន់​ថា បញ្ហា​នេះ​នឹង​ជំរុញ​ឲ្យ​គុណភាព​អប់រំ​ចុះ​ខ្សោយ ដែល​នឹង​រុញ​ច្រាន​ឲ្យ​សិស្សានុសិស្ស​បោះបង់​ការ​សិក្សា​កាន់​តែ​កើន​ឡើង ប្រសិន​បើ​ក្រសួង​អប់រំ​ពន្យារ​ពេល​មិន​ដោះស្រាយ​បញ្ហា​នេះ៖ «ការ​ដែល​មាន​បញ្ហា​នេះ​កើត​ឡើង ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រសួង​ក៏ដូចជា​រាជ​រដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខេត្ត-ក្រុង​ណា​ដែល​កំពុង​តែ​ជួប​ប្រទះ​នូវ​វិបត្តិ គឺ​សិស្សានុសិស្ស​មិន​បាន​ទទួល​ការ​អប់រំ​គ្រប់គ្រាន់»។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា បញ្ហា​នេះ​អាច​បណ្ដាល​មក​ពី​ការ​បែងចែក​គ្រូ​ទៅ​បង្រៀន​នៅ​ជនបទ​របស់​ក្រសួង​អប់រំ នៅ​មិន​ទាន់​បំពេញ​តម្រូវ​ការ​បាន​គ្រប់គ្រាន់​ផ្អែក​តាម​បរិបទ​តំបន់ មាន​ន័យ​ថា ក្រសួង​នៅ​តែ​ខ្វះ​លទ្ធភាព​ក្នុង​ការ​បញ្ជូន​គ្រូ​ទៅ​បង្រៀន​នៅ​ជនបទ ឬ​តំបន់​ដាច់ស្រយាល។ លោក​ចាត់​ទុក​វប្បធម៌​បង្រៀន​ចូល​គ្នា ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គុណភាព​នៃ​ការ​បង្រៀន និង​ប៉ះពាល់​ដល់​ចំណេះ​ដឹង​របស់​សិស្ស​ផង។ លោក​ផ្តល់​ទស្សនៈ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រសួង​អប់រំ ត្រូវ​ចាត់​វិធានការ​ដោយ​បញ្ជូន​គ្រូបង្រៀន​ទៅ​ទី​ជនបទ និង​ផ្តល់​ប្រាក់​បន្ថែម​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​គ្រូបង្រៀន ដែល​ធានា​ថា​ពួក​គេ​អាច​រស់នៅ​ក្នុង​ជីវភាព​ល្អ​ប្រសើរ៖ «យើង​នៅ​តែ​ចង់​ឃើញ​ការ​ចាត់​វិធានការ​មួយ​របស់​ក្រសួង ដើម្បី​ធ្វើ​ម៉េច​ធានា​ថា មាន​សាលា​រៀន​មាន​គ្រូបង្រៀន ហើយ​ពួក​គេ​នឹង​ទៅ​បំពេញ​ការងារ​នៅ​ទីនោះ​បាន​ជាប់លាប់​តាម​រយៈ​ការ​លើក​ទឹក​ចិត្ត ឬ​ក៏​យន្តការ​លើក​ទឹក​ចិត្ត​នានា​របស់​ក្រសួង​ហ្នឹង ជាពិសេស​គឺ​រឿង​ផ្តល់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​គ្រូបង្រៀន​ដែល​ចុះ​ទៅ​បង្រៀន​នៅ​ជនបទ»។

ប្រធាន​កម្មវិធី​អប់រំ នៃ​អង្គការ Save the Children លោក អ៊ុត សារ៉ង ធ្លាប់​ថ្លែង​ថា ការ​ស្រាវជ្រាវ​របស់​លោក​បង្ហាញ​ថា សិស្ស​ថ្នាក់​ទី​៣ ចំនួន​ពី ៣០% ទៅ ៦០% មិន​ចេះ​អាន និង​សរសេរ។ លោក​ថា មាន​កត្តា​ជាច្រើន​ដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ រួម​ផ្សំ​នឹង​គ្រូ​មួយ​ចំនួន​បង្រៀន​បែប​បុរាណ​ដែរ។

ក្រសួង​អប់រំ មាន​គោល​នយោបាយ​ផ្តល់​ឱកាស​ឲ្យ​កុមារ​គ្រប់​រូប​ទទួល​បាន​សេវា​អប់រំ​បាន​ចូល​រៀន​នៅ​បឋម​សិក្សា មធ្យម​សិក្សា ទុតិយភូមិ និង​មាន​ឱកាស​បន្ត​ការ​សិក្សា​ទៅ​មុខ​ទៀត។ ចំពោះ​កុមារ​ពុំ​មាន​លទ្ធភាព​ចូល​រៀន​ក្នុង​ប្រព័ន្ធ ក្រសួង​នឹង​ផ្តល់​លទ្ធភាព​ឲ្យ​អ្នក​ទាំងនោះ​ទទួល​បាន​ការ​អប់រំ ការ​បង្កើន​ចំនួន​កុមារ និង​យុវជន​ឲ្យ​ទទួល​បាន​ការ​អប់រំ​គ្រប់​កម្រិត​ផ្ដោត​លើ​សមធម៌ តំបន់ និង​ក្រុម​កុមារ​ជួប​ការ​លំបាក បង្កើន​ឱកាស​ដល់​សិស្ស​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី​១២ ឲ្យ​ទទួល​ចំណេះ​ដឹង ជំនាញ​ក្នុង​ការ​គិត និង​ហេតុផល ហើយ​អាច​ជា​មូលដ្ឋាន​បន្ត​ការ​សិក្សា​ទាក់ទិន​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​ឧត្ដម​សិក្សា​ត​ទៅ​ទៀត។ កុមារ និង​យុវជន​គ្រប់​រូប ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព ដែល​អាច​ឲ្យ​ពួក​គេ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ៕

No comments:

Post a Comment