Wednesday, November 16, 2016

សហគមន៍​ព្នង​ស្នើសុំ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ករណី​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​តំបន់​សក្ការៈ



សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូនរ៉ែង ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ដោះស្រាយ​ករណី​ឈូស​ឆាយ​ដី​តំបន់​គោរព​បូជា​របស់​សហគមន៍ ដើម្បី​យក​ដី​ពី​សំណាក់​ក្រុមហ៊ុន​មួយ ដែល​អ្នក​ភូមិ​មិន​ស្គាល់​អត្តសញ្ញាណ។ អ្នក​ភូមិ​ចោទ​ថា ក្រុមហ៊ុន​នោះ​កំពុង​បំពាន​ទៅ​លើ​ប្រពៃណី​ជំនឿ​របស់​ជនជាតិ​ដើម​ភាគតិច។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូនរ៉ែង គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​ការិយាល័យ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី សុំ​អន្តរាគមន៍​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ករណី​ឈូស​ឆាយ​តំបន់​ខ្ទម​អ្នកតា ដែល​ប្រជាពលរដ្ឋ​គោរព​បូជា។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា អ្នក​ភូមិ​ប្រមាណ ៥០​នាក់​បាន​នាំ​គ្នា​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​មួយ ដែល​កំពុង​ឈូស​ឆាយ​ដី​តំបន់​ខ្ទម​អ្នកតា។ គ្រា​នោះ​ដែរ អ្នក​ភូមិ​បាន​ផ្តល់​ព័ត៌មាន​ជូន​អាជ្ញាធរ​ភូមិ​ឲ្យ​ជួយ​ដោះស្រាយ។

អ្នក​តវ៉ា​មួយ​រូប គឺ​លោកស្រី ស្វាយ ត្រេន បញ្ជាក់​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ថា បន្ទាប់​ពី​អ្នក​ភូមិ​បាន​បញ្ឈប់​គ្រឿងចក្រ​មិន​ឲ្យ​ឈូស​ឆាយ​ដី​ខ្ទម​អ្នកតា​នោះ ប្រធាន​ភូមិ​បាន​សន្យា​ថា​ដោះស្រាយ​បញ្ហា​ជូន​អ្នក​ភូមិ ក៏ប៉ុន្តែ​រហូត​ថ្ងៃ​នេះ ការ​សន្យា​មិន​ឃើញ​មាន​ដំណោះស្រាយ​អ្វី​នៅ​ឡើយ។ លោកស្រី​បន្ត​ថា ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ភូមិ​ជាមួយ​គ្នា​ឈ្មោះ ខៀវ ព្រិល បាន​លក់​ដី​របស់​ខ្លួន​នៅ​ជិត​តំបន់​ខ្ទម​អ្នកតា ក៏ប៉ុន្តែ​ក្រុមហ៊ុន​ទិញ​ដី​សហគមន៍​មិន​បាន​ស្គាល់​អត្តសញ្ញាណ បាន​ឈូស​បំពាន​លើ​ខ្ទម​អ្នកតា៖ «និយាយ​ជាមួយ​អត់​ស្តាប់​គ្នា​សោះ! គាត់​ថា​អ្នក​លក់​ឲ្យ​គាត់​អ្នក​ហ្នឹង​សង​ទៅ ជួប​អ្នក​លក់​គាត់​ថា​អត់​លក់​ទេ លក់​ខាង​ក្រោម​ផ្លូវ​នោះ​ទេ»។
ទាក់ទង​ករណី​នេះ​ដែរ ជំទប់​ទី​១ ឃុំ​ដាក់ដាំ លោក កាច ណា បញ្ជាក់​ថា អាជ្ញាធរ​បាន​ទទួល​ព័ត៌មាន​នេះ ក៏ប៉ុន្តែ​មិន​ឃើញ​ប្រជាពលរដ្ឋ​ប្ដឹង​មក​អាជ្ញាធរ​ឃុំ​នៅ​ឡើយ។ លោក​បន្ត​ថា អាជ្ញាធរ​ទុក​លទ្ធភាព​ឲ្យ​អ្នក​លក់​ដី និង​សហគមន៍ រួម​ទាំង​ប្រធាន​ភូមិ​ដោះស្រាយ​សម្របសម្រួល​គ្នា​ជា​មុន។ ប្រសិន​ភាគី​ទាំង​ពីរ​មិន​អាច​ដោះស្រាយ​បាន ប្រធាន​ភូមិ​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​ឃុំ​ជួយ​ដោះស្រាយ៖ «លក់​មិន​ដឹង​កំណត់​ព្រំ ដល់​ខាង​ក្រុមហ៊ុន​ឈូស​មិន​តាម​ប្រជាពលរដ្ឋ​ចង្អុល មិន​ដឹង​គេ​ឈូស​ចូល​កន្លែង​គេ​តម​មិន​ដឹង»។

របាយការណ៍​របស់​សហគមន៍​ភូមិ​ពូនរ៉ែង ដី​តំបន់​ខ្ទម​អ្នកតា​របស់​សហគមន៍​មាន​ទំហំ​ជាង​កន្លះ​ហិកតារ។ បច្ចុប្បន្ន អ្នក​ទិញ​ដី​បាន​ឈូស​ឆាយ​តំបន់​នោះ​អស់​ពាក់​កណ្ដាល ទើប​អ្នក​ភូមិ​រារាំង​មិន​ឲ្យ​គ្រឿងចក្រ​ឈូស​ឆាយ​បន្ត។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា គាំទ្រ​ការ​ស្វែងរក​កិច្ច​អន្តរាគមន៍​ផ្លូវ​ច្បាប់​ពី​សំណាក់​សហគមន៍។ លោក​ថា ប្រសិន​សហគមន៍​ដាក់​ពាក្យ​ប្ដឹង​មក​ការិយាល័យ​ការពារ​សិទ្ធិ​មនុស្ស និង​ចុះ​អង្កេត​រក​អង្គ​ហេតុ និង​អ្នក​ពាក់ព័ន្ធ​ដើម្បី​អន្តរាគមន៍​ជូន​អាជ្ញាធរ​ស្រុក និង​ខេត្ត​ជួយ​ដោះស្រាយ៖ «បើ​សិន​មាន​ការ​ឈូស​ឆាយ​លើ​តំបន់​គោរព​បូជា គឺ​ជា​ការ​រំលោភ​ទៅ​លើ​ប្រពៃណី។ ករណី​ហ្នឹង​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។

ចាស់​ព្រឹទ្ធាចារ្យ និង​ជា​តំណាង​ជនជាតិ​ដើម​ភាគតិច​ឃុំ​ដាក់ដាំ លោក ទឺយ ធិ បញ្ជាក់​ថា សហគមន៍​ទាមទារ​ឲ្យ​អ្នក​ឈូស​ឆាយ ទទួល​ខុស​ត្រូវ​សង​សំណង​ប្រពៃណី​សែន​អារក្ស​អ្នកតា​តាម​ជំនឿ​អ្នក​ភូមិ រួម​ទាំង​ប្រគល់​ដី​ដែល​បាន​ឈូស​ឆាយ​មក​សហគមន៍​គ្រប់គ្រង​ដូច​ដើម៕

No comments:

Post a Comment