ស្នងការនគរបាលខេត្តព្រះសីហនុប្រកាសចាត់វិធានការលើបទល្មើសល្បែងស៊ីសង
ស្នងការនគរបាលខេត្តព្រះសីហនុ ប្រកាសចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ មានអធិការក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពចែកចាយ ឬប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់កើតមាននៅក្នុងមូលដ្ឋានរៀងៗខ្លួន។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានចេញលិខិតមួយច្បាប់ចុះថ្ងៃទី១៣ ខែវិច្ឆិកា រំឭកដល់លោកអធិការនៅតាមក្រុង ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលតាមឃុំ-សង្កាត់នានាទូទាំងខេត្តព្រះសីហនុ ឲ្យបន្តសកម្មភាពចុះបង្ក្រាបបទល្មើសចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានរៀងៗខ្លួនឲ្យបានជាប្រចាំ។ ជាងនេះទៀត ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក៏ត្រូវរួមគ្នាបង្ក្រាបឲ្យមានប្រសិទ្ធភាព។
លោក ជួន ណារិន្ទ សង្កត់ធ្ងន់ថា បើសិនជាកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរកឃើញថា នៅតាមមូលដ្ឋានណាមួយដែលអធិការក្រុង ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលតាមឃុំ-សង្កាត់នានា ទុកបណ្តោយឲ្យមានបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងបន្តកើតមានដោយគ្មានការបង្ក្រាប ថ្នាក់ដឹកនាំនៅតាមមូលដ្ឋាននីមួយៗត្រូវទទួលខុសត្រូវទៅលើវិន័យរបស់កម្លាំងនគរបាលជាតិ៖ «»។
វិធានការក្តៅធ្វើឡើងជាលាយលក្ខណ៍អក្សររបស់លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ទៅលើបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទនៅពេលនេះ ទទួលបានការសាទរពីប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលភាគច្រើន។
អ្នកសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បានគាំទ្រសកម្មភាពការងាររបស់ស្នងការនគរបាលខេត្តព្រះសីហនុ ដែលសកម្មក្នុងការងារចុះបង្ក្រាបបទល្មើសផ្សេង មានបទល្មើសគ្រឿងញៀន និងបទល្មើសចោរឆក់ប្លន់ជាដើម ទទួលបានលទ្ធផលល្អកន្លងមក។ មន្ត្រីសិទ្ធិមនុស្សរូបនេះ ស្នើឲ្យកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ត្រូវចុះអនុវត្តការងារបង្ក្រាបគ្រឿងញៀន និងបទល្មើសផ្សេងៗមានចោរឆក់ប្លន់ ឬបទល្មើសល្បែងស៊ីសងជាដើម ឲ្យបានសកម្ម និងឲ្យបានជាប្រចាំ ទើបបទល្មើសទាំងនេះនៅខេត្តព្រះសីហនុ មានការថយចុះ៖ «»។
ទាក់ទិនបញ្ហានេះ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់បានរំឭកដល់សមត្ថកិច្ចក្រោមឱវាទនៅតាមខេត្ត-ក្រុងនានា ឲ្យបន្តអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដាក់ចេញឲ្យបានជាប្រចាំ ដោយមិនត្រូវធ្វេសប្រហែសទេ។
ទាក់ទិនបញ្ហានេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានបង្ហាញរបាយការណ៍ឆមាសទី១ ឆ្នាំ២០១៦ ឲ្យដឹងថា បទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ត្រូវសមត្ថកិច្ចបង្ក្រាបបានចំនួន ២៧ករណី និងចាប់ខ្លួនជនល្មើសចំនួន ៤៣នាក់ បញ្ជូនទៅកាន់តុលាការដើម្បីផ្ដន្ទាទោស ក្នុងនោះករណីចែកចាយ និងរក្សាទុកគ្រឿងញៀនខុសច្បាប់មាន ៤០ករណី ដោយឃាត់ខ្លួនជនល្មើសចំនួន ៤០នាក់ និងករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់កើតឡើង ១ករណី ឃាត់ខ្លួនជនល្មើសចំនួន ៣នាក់។
លោក ជួន ណារិន្ទ ឲ្យដឹងទៀតថា យុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀននៅឆមាសទី១ ឆ្នាំ២០១៦ នេះ សមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា គ្រឿងញៀន និងមធ្យោបាយសម្រាប់បម្រើដល់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនបានមួយចំនួនទៀត៕
No comments:
Post a Comment