អ្នករត់តាក់ស៊ីដឹកទំនិញចោទប៉ូលិសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យថាបង្ខំឲ្យបង់ប្រាក់
ក្រុមអ្នករត់តាក់ស៊ីដឹកទំនិញពីក្រុងប៉ោយប៉ែត ទៅខេត្តបន្ទាយមានជ័យ រិះគន់មន្ត្រីប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តនេះ ថាបង្ខំឲ្យពួកគាត់បង់ប្រាក់ប្រចាំខែដោយមិនបានចេញវិក្កយបត្រ ដើម្បីជាថ្នូរបានដឹកទំនិញឆ្លងកាត់ទៅដល់គោលដៅ។ ប្រធានការិយាល័យប៉ូលិសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បដិសេធចំពោះការចោទប្រកាន់នេះ។
ក្រុមអ្នករត់ឡានដឹកទំនិញនៅក្រុងប៉ោយប៉ែត សម្ដែងការមិនពេញចិត្តនឹងសកម្មភាពរបស់ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រចាំការនៅខេត្តបន្ទាយមានជ័យ ថាជាទង្វើគាបសង្កត់បង្ខំយកប្រាក់ពីពួកគាត់ដោយខុសច្បាប់។
ក្រុមអ្នករត់តាក់ស៊ីដឹកទំនិញពីក្រុងប៉ោយប៉ែត ឆ្ពោះទៅទីរួមខេត្តបន្ទាយមានជ័យ ឲ្យដឹងនៅថ្ងៃទី១៦ វិច្ឆិកា ថា នៅពេលដែលពួកគេដឹកទំនិញ ដូចជានំចំណីក្មេងហូប និងទឹកក្រូចជាដើម ដឹកឆ្លងកាត់ទៅខេត្តបន្ទាយមានជ័យ ម្ដងៗ គឺមន្ត្រីប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តនេះ តែងតែបង្ខំពួកគាត់ឲ្យបង់ប្រាក់ជាប្រចាំ។ លោកអះអាងថា អ្នកខ្លះបង់ប្រាក់ប្រចាំថ្ងៃ និងប្រចាំខែ ហើយការបង់ប្រាក់ជាទូទៅពុំមានវិក្កយបត្រឡើយ គឺបើបង់ប្រាក់ប្រចាំខែប្រមាណ ៥០ដុល្លារអាមេរិកក្នុងមួយខែ ចំណែកបង់ប្រាក់ប្រចាំថ្ងៃចំនួន ១០ដុល្លារអាមេរិកក្នុងមួយថ្ងៃ។
ពួកគាត់បន្ថែមថា ទីតាំងដែលមន្ត្រីប៉ូលិសតម្រូវឲ្យពួកគាត់បង់ប្រាក់មានពីរកន្លែង គឺមួយក្រុមប្រចាំការនៅគល់ស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ និងមួយក្រុមទៀតបើកឡានចល័តឃ្លាំមើលនៅម្ដុំផ្សារថ្មីទីរួមខេត្តបន្ទាយមានជ័យ៖ «ឡានដែលបើកដេញ ភាគច្រើនបិទកញ្ចក់ខ្មៅ ប្រដេញចាប់ដូចគេដេញចាប់ចោរលួចអ៊ីចឹង រត់ឡានតាមផ្លូវនេះ ពួកខ្ញុំជួបហានិភ័យច្រើនណាស់ ជាពិសេសប៉ះពាល់ប្រាក់ដល់ចំណូលរបស់ពួកខ្ញុំ ព្រោះខ្ញុំជួលដឹកទំនិញគេបានប្រាក់កម្រៃបន្តិចបន្តួចគ្រាន់ដោះស្រាយជីវភាពគ្រួសារ ហើយដល់ពេលខ្ញុំចំណាយលុយបង់ឲ្យប៉ូលិសអ៊ីចឹងទៅ គឺខែខ្លះមិនគ្រប់សម្រាប់ចាយវាយឡើយ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ ប្រធានការិយាល័យប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក ឆេង សុវ៉ាត មានប្រសាសន៍ថា មន្ត្រីប៉ូលិសដែលទារប្រាក់ពីក្រុមអ្នករត់តាក់ស៊ីដឹកទំនិញនោះ គឺពុំមែនជាប៉ូលិសនៅក្នុងអង្គភាពនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នោះឡើយ៖ «ធម្មតាយើងធ្វើការមានមេកើយ សម្រាប់បញ្ជាក្នុងអង្គភាពត្រឹមត្រូវ មុននឹងចុះទៅណាមកណា។ ហើយបើសិនជាមន្ត្រីណាអនុវត្តវិន័យរបស់កងកម្លាំង គឺត្រូវតែមានវិន័យដាក់ទោសហើយ។ ប៉ុន្តែរឿងនេះ ចំពោះមន្ត្រីរបស់ខ្ញុំ គឺអត់មានទេ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សម្គាល់ថា កន្លងទៅ លោកតែងទទួលដំណឹងពីក្រុមអ្នករត់តាក់ស៊ីត្អូញត្អែរអំពីមន្ត្រីប៉ូលិសសេដ្ឋកិច្ចស្ទាក់ចាប់រថយន្តរបស់ពួកគេ ដើម្បីបង្ខំឲ្យបង់ប្រាក់ប្រចាំថ្ងៃជាហូរហែ។ លោកអះអាងថា មន្ត្រីប៉ូលិសមិនត្រូវបង្ខំឲ្យក្រុមអ្នករត់តាក់ស៊ីបង់ប្រាក់នោះទេ ពីព្រោះទំនិញដែលពួកគាត់ជួលដឹកឲ្យគេនោះ ជាទំនិញដែលឆ្លងកាត់ការត្រួតពិនិត្យនៅតាមច្រកព្រំដែនរួចមកហើយ។
លោក ស៊ុំ ច័ន្ទគា សង្កត់ធ្ងន់ថា ករណីនេះ ប្រសិនបើសមត្ថកិច្ចចង់អនុវត្តច្បាប់ គឺសមត្ថកិច្ចគួរតែរឹតបន្តឹងនៅតាមស្តង់លក់ទំនិញធំៗមានប្រសិទ្ធភាពជាង៖ «ព្រោះថាយើងឃើញបទល្មើសជាច្រើនកើតឡើងទៅមន្ត្រីទាំងអស់នេះ។ អង្គភាពប្រឆាំងអំពើពុករលួយ ចាត់ការអស់ខ្លះហើយ នៅសល់មួយចំនួនធំទៀតមិនទាន់ចាត់ការនៅឡើយ។ ហើយមន្ត្រីទាំងនោះនៅតែប្រព្រឹត្តខុសច្បាប់ដោយគឃ្លើនទៀត»។
បច្ចុប្បន្ន ឡានរត់តាក់ស៊ីជួលដឹកទំនិញនៅក្រុងប៉ោយប៉ែត មានប្រមាណ ៥០គ្រឿង ក្នុងនោះមួយចំនួនដឹកទំនិញទៅដាក់នៅទីរួមខេត្តបន្ទាយមានជ័យ និងមួយចំនួនទៀតទៅទីរួមខេត្តសៀមរាប ដោយទទួលបានប្រាក់ឈ្នួលចន្លោះពី ៦ម៉ឺនទៅ ១០ម៉ឺនរៀលក្នុងមួយលើក៕
No comments:
Post a Comment