Tuesday, November 15, 2016

"សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​ធ្លាក់​ចុះ​ខ្លាំង"

នគរបាល​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​មុខ​ជន​សង្ស័យ ២​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ហ្វេសប៊ុក (Facebook) នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ រូបថត​អគ្គស្នងការ​នគរបាល​ជាតិ


អង្គការ​ឃ្លាំមើល​សេរីភាព​ក្នុង​ពិភពលោក ហ្វ្រីដឹម ហៅស៍ (Freedom House) ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក បាន​វាយ​តម្លៃ​អំពី​ការ​ធ្លាក់​ចុះ​នៃ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​កម្ពុជា ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៥ ដល់​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៦ សេរីភាព​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយសារ​រដ្ឋាភិបាល​បាន​តាម​ប្រមាញ់​ក្រុម​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) និង​កម្មវិធី​ជា​ច្រើន​ទៀត។

​អ្នក​ស្រាវជ្រាវ និង​ជា​អ្នក​វិភាគ​អំពី​សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​អង្គការ​ហ្វ្រីដឹម ហៅស៍ អ្នកស្រី មេដឺលីន អ៊ើប (Medeline Earp) បាន​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក (Email) ថា ការ​ធ្លាក់​ចុះ​នៃ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា ដោយសារ​ច្បាប់​ស្ដីពី​ទូរគមនាគមន៍​របស់​កម្ពុជា រឹតត្បិត​ដល់​សេរីភាព​របស់​មនុស្ស ហើយ​ដែល​អាច​បំផ្លាញ​ដល់​ភាព​ឯកជន​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត។

អ្នកស្រី​បន្ត​ថា ច្បាប់​របស់​កម្ពុជា បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ ទាំង​អស់​ផ្ដល់​ព័ត៌មាន​របស់​អតិថិជន​របស់​គេ​ដល់​អាជ្ញាធរ។ ជាង​នេះ​ទៅ​ទៀត មនុស្ស​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​ការ​បញ្ចេញ​មតិ​របស់​ពួកគេ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ អង្គការ​នេះ​ក៏​បាន​ទាមទារ​ឲ្យ​សមត្ថកិច្ច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​អ្នក​ជាប់​ឃុំឃាំង​ទាំង​នោះ​ដោយ​ឥត​លក្ខខណ្ឌ ហើយ​កែប្រែ​ច្បាប់​របស់​ខ្លួន​ឲ្យ​ស្រប​ទៅ​នឹង​បទដ្ឋាន​សិទ្ធិមនុស្ស និង​សេរីភាព​អន្តរជាតិ ដើម្បី​អាច​ផ្ដល់​លទ្ធភាព​ដល់​កម្ពុជា ក្នុង​ការ​បាន​ពិន្ទុ​ល្អ​នៅ​ពេល​ខាង​មុខ។


អង្គការ​ហ្វ្រីដឹម ហៅស៍ រក​ឃើញ​ថា រដ្ឋាភិបាល​ប្រទេស​ខ្លះ​បាន​រឹតត្បិត​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ធ្វីធឺ (Twitter) ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ឥឡូវ​នេះ​ពួកគេ​ចាប់​បង្កើន​ការ​រឹតត្បិត​ទៅ​លើ​បណ្ដាញ​សង្គម​ដទៃ​ទៀត រួម​មាន វាត់ស្អាប់ (WhatsApp) និង តេឡេក្រាម (Telegram) ជាដើម។ មាន​ប្រទេស​ខ្លះ​ចាត់​ទុក​កម្មវិធី​ណា​ដែល​អាច​រក្សា​ការសម្ងាត់ ឬ​ភាព​ឯកជន​ខ្ពស់​នោះ​ថា ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ ហើយ​ក្នុង​នោះ​កម្មវិធី វាត់ស្អាប់ កំពុង​ប្រឈម​ក្នុង​ការ​រឹតត្បិត​ពី​បណ្តា​ប្រទេស​ចំនួន ១២ ក្នុង​ចំណោម​ប្រទេស​ចំនួន ៦៥។

ជាង​នេះ​ទៅ​ទៀត កម្មវិធី​ទូរស័ព្ទ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​អាច​ហៅ​ចេញ​ជា​សំឡេង ឬ​ជា​វីដេអូ ដូចជា​ស្កែប (Skype) នោះ​ក៏​ស្ថិត​ក្រោម​សម្ពាធ​របស់​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែរ ដោយសារ​កម្មវិធី​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​នៃ​ក្រុមហ៊ុន​ទំនាក់ទំនង​របស់​រដ្ឋាភិបាល ខណៈ​អ្នក​ប្រើប្រាស់​កម្មវិធី​តាម​ប្រព័ន្ធ​អ៊ិនធឺណិត អាច​ហៅ​ចេញ ឬ​ផ្ញើ​សារ​ដោយ​ឥត​គិត​ថ្លៃ​នោះ។

​ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​ចុះ​នៃ​សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នេះ​ដែរ អង្គការ​ហ្វ្រីដឹម ហៅស៍ បាន​រក​ឃើញ​សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​ប្រទេស​កម្ពុជា យូហ្កាន់ដា (Uganda) បង់ក្លាដេស (Bangladesh) អេក្វាដ័រ (Ecuador) និង​លីប៊ី (Libya) មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ជាង ស្រីលង្កា (Sri Lanka) និង​ប្រទេស​ហ្សំប៊ី (Zambia)។

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុង​ស្រុក​រក​ឃើញ​ថា ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៥ ដល់​ចុង​ឆ្នាំ​២០១៦ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង ១០ ត្រូវ​បាន​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក៕

No comments:

Post a Comment