Wednesday, November 9, 2016

សាលា​រាជធានី​ភ្នំពេញ​នឹង​ពង្វាង​ចរាចរណ៍​ផ្លូវ​ចូល​ក្រុង​ចំនួន​៩​អំឡុង​ពិធី​បុណ្យ​អុំ​ទូក

ប៉ូលិស​ដាក់​គោលដៅ​រឹត​បន្តឹង​ការ​អនុវត្ត​ចរាចរណ៍​នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ដើម្បី​ពិនិត្យ​មើល​អ្នក​ដែល​ល្មើស​ច្បាប់ កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Chum Rasy


គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ចេញ​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ថា ដើម្បី​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ពង្វាង​ចរាចរណ៍​លើ​ផ្លូវ​ច្រក​ចូល​ភ្នំពេញ​ចំនួន​៩ នៅ​ក្នុង​ពេល​បុណ្យ​អុំ​ទូក អក​អំបុក និង​សំពះ​ព្រះខែ ចាប់​ពី​ថ្ងៃ​អាទិត្យ ទី​១៣ ដល់​ថ្ងៃ​ទី​១៥ វិច្ឆិកា។

សេចក្ដី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា អាជ្ញាធរ​នឹង​ហាម​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ និង​រថយន្ត​ដឹក​បេតុង​ចេញ​ចូល​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី​១២ រហូត​ដល់​ថ្ងៃ​ទី​១៦ វិច្ឆិកា។ រដ្ឋបាល​រាជធានី​ភ្នំពេញ ណែនាំ​ឲ្យ​ការដ្ឋាន​សំណង់​ទាំងអស់ ក៏​ត្រូវ​ផ្អាក​សកម្មភាព​ដែរ។ ចំពោះ​រថយន្ត​ឈ្នួល​ដឹក​អ្នក​ដំណើរ និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ក៏​ត្រូវ​ហាម​ដែរ ចាប់​ពី​ម៉ោង ១០​ព្រឹក រហូត​ដល់​ម៉ោង ១០​យប់។

ក្នុង​អំឡុង​ពេល​ហាមឃាត់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ​រថយន្ត​ទាំងអស់​ឲ្យ​វាង​ផ្លូវ​ចូល​ក្រុង និង​ត្រូវ​ចូល​ចត​នៅ​តាម​ចំណត​ដែល​ត្រូវ​បាន​កំណត់​តាម​ផ្លូវ​សំខាន់ៗ ចាប់​ពី​ផ្លូវ​ជាតិ​លេខ​១ ដល់​ផ្លូវ​ជាតិ​លេខ​៦ រួម​ទាំង​ផ្លូវ​ជើង​ឯក ផ្លូវ​វ៉េងស្រេង និង​ផ្លូវ​ឧកញ៉ា ម៉ុង ឫទ្ធី ផង។
គណៈ​អភិបាល​រាជធានី​ភ្នំពេញ​កំណត់​ថា រថយន្ត​តាម​ផ្លូវ​ជាតិ​លេខ​១ ត្រូវ​ចូល​ចត​នៅ​ត្រឹម​វិទ្យាល័យ​ច្បារ​អំពៅ វត្ត​និរោធរង្សី និង​ចំណត​រថយន្ត​ច្បារ​អំពៅ។

ផ្លូវ​ជាតិ​លេខ​២ ត្រូវ​ចូល​ចត​នៅ​ចំណត និង​បរិវេណ​វត្ត​ចាក់អង្រែក្រោម ផ្លូវ ៦០​ម៉ែត្រ និង​អនុវិទ្យាល័យ​ចាក់អង្រែលើ។

ផ្លូវ​ជាតិ​លេខ​៣ និង​លេខ​៤ ចត​មិន​ឲ្យ​ហួស​ស្តុប​សាលា​ណ័រ​ប៊្រីជ (North Bridge)។

ផ្លូវ​ជាតិ​លេខ​៥ ចត​នៅ​សាលា​ដែក។ រីឯ​ផ្លូវ​ជាតិ​លេខ​៦ ចូល​ចត​ចំណត​ព្រែកលៀប និង​ជ្រោយចង្វារ វត្ត​កៀនឃ្លាំង និង​សាលា​បឋម​សិក្សា​ព្រែកលៀប។ ចំពោះ​ផ្លូវ​ជើង​ឯក ត្រូវ​ចត​នៅ​ខាង​ត្បូង​ស្ពាន​ម័ល ផ្លូវ​វ៉េងស្រេង ចត​នៅ​សាលា​បឋម​សិក្សា​ស្ទឹងមានជ័យ និង​ផ្លូវ​ឧកញ៉ា ម៉ុង ឫទ្ធី មិន​ឲ្យ​ចូល​ហួស​ផ្លូវ គីម អ៊ីលស៊ុង និង​ឲ្យ​ចត​នៅ​បរិវេណ​បឹងកក់៕

No comments:

Post a Comment