អតីតអ្នកបុរីកីឡាបាត់បងលំនៅជាថ្មីបន្ទាប់ពីត្រូវគេបណ្ដេញចេញពីបុរីកីឡា
អតីតពលរដ្ឋបុរីកីឡា ដែលត្រូវបណ្ដេញចេញឱ្យទៅរស់នៅតំបន់ភ្នំបាត ចំនួន ៧គ្រួសារ ក្នុងចំណោម ១៤០គ្រួសារ ត្រូវប្រឈមនឹងការបាត់បង់ទីលំនៅជាថ្មី ដោយសារភ្លើងបានឆាបឆេះផ្ទះរបស់ពួកគេ ដែលស្ថិតនៅក្នុងភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា។
ពលរដ្ឋសហគមន៍ភ្នំបាត អំពាវនាវឱ្យកាកបាទក្រហម សប្បុរសជន ជាពិសេសរាជរដ្ឋាភិបាលចុះជួយ និងផ្ដល់ជម្រកថ្មីដល់ពួកគេ។
នេះជាលើកទីពីរហើយ ដែលអតីតអ្នកបុរីកីឡា បានបាត់បង់ផ្ទះសម្បែងរបស់ខ្លួនបន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានអាជ្ញាធរ ព្រមទាំងក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) វាយកម្ទេច កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២។
ក្នុងហេតុការណ៍ភ្លើងឆាបឆេះកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា បានធ្វើអោយផ្ទះប្រជាពលរដ្ឋ ៧ខ្នង ត្រូវបានខូចខាតទាំងស្រុង។ គ្រួសាររងគ្រោះទាំង ៧គ្រួសារនោះរួមមានគ្រួសារលោកស្រី ចាន់ ស្រ៊ី លោកស្រី សាន់ ណារ៉ា លោកស្រី ខាន់ ស្រីពៅ លោកស្រី រស់ សុខគា លោកស្រី គុជ ស្រីស លោក ឌី វណ្ណា និងលោក ឡាយ សំអុល។
តំណាងពលរដ្ឋសហគមន៍ភ្នំបាត អ្នកស្រី ខៀវ ឡៃ ឱ្យដឹងថា ពលរដ្ឋដែលរងគ្រោះទាំង ៧គ្រួសារកំពុងជួបប្រទះបញ្ហាខ្វះទីជម្រក ចានឆ្នាំង សម្លៀកបំពាក់ និងសម្ភារៈសម្រាប់ប្រកបរបររកស៊ីជាដើម។ លោកស្រីឱ្យដឹងទៀតថា គ្រួសារទាំងនោះភាគច្រើនគឺជាស្ត្រីមេម៉ាយ៖ «សំខាន់គឺគាត់ត្រូវការជម្រករបស់គាត់ ស្បៀងអាហារ ដើមទុនរកស៊ី ព្រោះគាត់បាត់មុខរបរអស់ហើយ ហើយអ្នកដែលលំបាកបំផុត គឺគ្រួសារមួយទៀតដែលគ្រួសាររបស់គាត់ទើបស្លាប់បានពីរខែ»។
តំណាងសហគមន៍ភ្នំបាត អ្នកស្រី ខៀវ ឡៃ ឱ្យដឹងទៀតថា មកទល់ពេលនេះនៅមិនទាន់ទទួលដំណឹងថា មានការដោះស្រាយលើបញ្ហារបស់ពួកគាត់ ជាពិសេសគឺផ្ទះសម្បែងនោះយ៉ាងណានៅឡើយទេ។
លោកមេភូមិស្រះពោធិ៍ លោក វង ឆន ឱ្យដឹងថា ភ្លើងឆាបឆេះនេះ គឺបណ្ដាលមកពីភ្លើងចង្កៀងដែលក្មេងបានដុតដើម្បីអុជធូបគោរពវិញ្ញាណក្ខន្ធឪពុកដែលទើបនឹងស្លាប់កាលពីពេលថ្មីៗនេះ។
បន្ទាប់ពីអគ្គីភ័យឆាបឆេះ គឺនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ក៏មានសប្បុរសជនជាព្រះសង្ឃ ព្រមទាំងគណៈពង្រឹងឃុំផ្សារដែក បានយកអំណោយ និងថវិកាខ្លះទៅជួយពលរដ្ឋរងគ្រោះ ៧គ្រួសារសម្រាប់ដោះទាល់ផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុនផានអ៊ីម៉ិច ក៏បានផ្ដល់សម្ភារៈសម្រាប់សង់ទីជម្រកបណ្ដោះអាសន្ន និងអង្ករខ្លះដល់គ្រួសារដែលកំពុងរងគ្រោះផងដែរ។
ទាក់ទងនឹងបញ្ហានេះ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ថ្លែងថា នេះជារឿងគួរអោយសោកស្ដាយបំផុតដែលពលរដ្ឋដែលរងទុក្ខជាង ៤ឆ្នាំកន្លងទៅហើយត្រូវមករងទុក្ខជាថ្មីម្ដងទៀតដោយសារការបាត់បង់ផ្ទះសម្បែង។ លោកអំពាវនាវឱ្យរាជរដ្ឋាភិបាល អគ្គនាយកដ្ឋានលំនៅឋានជាតិរបស់ក្រសួងដែនដី និងកាកបាទក្រហមកម្ពុជា ធ្វើយ៉ាងណាជួយដោះស្រាយបញ្ហាលំនៅឋាន និងជីវភាពរបស់ពលរដ្ឋរងគ្រោះទាំងនោះ៖ «គួរតែជួយសង់ផ្ទះឱ្យពួកគាត់ហើយ ព្រោះរដ្ឋាភិបាលមានតួនាទី កាតព្វកិច្ចដោះស្រាយបញ្ហាក្រីក្ររបស់ប្រជាពលរដ្ឋ ហើយម្យ៉ាងទៀត ពលរដ្ឋរងគ្រោះដោយសារតែគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល»។
លោក សៀ ភារម្យ អំពាវនាវឱ្យរាជរដ្ឋាភិបាលគួរជជែកជាមួយក្រុមហ៊ុនផានអ៊ីម៉ិច ដើម្បីរកដំណោះស្រាយជួយទៅដល់ប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះដោយសារខ្វះផ្ទះសម្បែង។
អតីតអ្នកបុរីកីឡា ១៤០គ្រួសារ ត្រូវបានបញ្ជូនឱ្យទៅរស់នៅតំបន់ភ្នំបាត ត្រង់ចំណុចភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ដើម្បីយកដីអោយក្រុមហ៊ុនផានអ៊ីម៉ិច បន្ទាប់ពីផ្ទះពួកគាត់ត្រូវឈូសឆាយបំផ្លាញ។ ក្រុមហ៊ុនផានអ៊ីម៉ិច បានផ្ដល់ដី និងផ្ទះដល់ ១១០គ្រួសារចំណែកគ្រួសារដែលរងគ្រោះ គឺស្ថិតក្នុងចំណោម ៣០គ្រួសារផ្សេងទៀតដែលទទួលបានដី និងផ្ទះពីអង្គការក្រៅរដ្ឋាភិបាល៕
No comments:
Post a Comment