អត្ថន័យ និងជំនឿក្នុងការដាក់ឈ្មោះទូកង
ទូកងដែលចូលរួមក្នុងព្រះរាជពិធីប្រណាំងទូក ជាប្រភេទទូកដែលខុសប្លែកពីទូកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។ ក្រៅពីរូបរាងដែលខុសប្លែក ទូកងតែងមានឈ្មោះ ហើយភាគច្រើនទូកងនោះមានឈ្មោះវែងៗ។ ទាក់ទងនឹងឈ្មោះទូកងទាំងនោះ ពលរដ្ឋខ្មែរតែងនិយាយសើចលេងជារឿយៗចំពោះមនុស្សណាដែលមានឈ្មោះវែងៗថា មានឈ្មោះដូចទូកង។
តើការដាក់ឈ្មោះទូកងទាក់ទងយ៉ាងណាខ្លះនឹងជំនឿខ្មែរ?
សំឡេងសំបូងសង្រូងហៅព្រលឹងទូក ត្រូវអាចារ្យធ្វើពិធីប្រកូកប្រកាសនៅក្នុងបរិវេណវត្តព្រែកសំរោង នាក្រុងតាខ្មៅ នៅពេលរសៀល គឺនៅពីមុខទូកង ដែលត្រូវចូលរួមប្រកួត។
«សំឡេងហៅព្រលឹងទូក»
វង់ភ្លេងប្រពៃណី ក៏ចាប់ផ្ដើមប្រគំតាមការប្រកូកប្រកាសរបស់អាចារ្យដែរ។
«សំឡេងភ្លេងប្រពៃណី»
អស់បារមីស័ក្ដិសិទ្ធិ ត្រូវកោះអញ្ជើញឲ្យចេញមកឲ្យពរឲ្យជ័យដល់ទូក និងកីឡាករដែលចូលរួមប្រណាំង។
លោកអាចារ្យ ហ៊ុល ភន មានប្រសាសន៍ថា ទូកត្រូវចាត់ទុកដូចជាភាវៈមានជីវិតដទៃទៀតដែរ ដ្បិតមានខ្លួន មានឈ្មោះ និងមានព្រលឹង។ លោកអាចារ្យរំឭកពីជំនឿរបស់ពលរដ្ឋចំពោះទូកងដែលមានឈ្មោះព្រះទីនាំងឥន្ទ្រីយ៍ក្លាហាន នៅក្នុងវត្តព្រែកសំរោង៖ «បើតាមជំនឿរបស់ប្រជាជន គេថាទូកហ្នឹងសុទ្ធតែមានបារមីគេថែរក្សា។ ចឹងខ្ញុំនិយាយប្រវត្តិថា ឥន្ទ្រីយ៍ (ទូកព្រះទីនាំងឥន្ទ្រីយ៍ក្លាហាន) ពីមុន មុននឹងចុះចំពោះមនុស្សដែលមានផ្ទៃពោះ អត់ឲ្យដើរកាត់បានទេ មានបញ្ហាចំពោះរូបអ្នកដែលមានផ្ទៃពោះ។ ចឹងពីដើមខ្លាំងណាស់! ហើយគ្រាន់តែថាធ្វើពិធីក្រុងពាលីហ្នឹង និយាយពីញ័រសាច់ទូកញ័រខ្លួនឯង។ បាទ! ដូចជាមានស្អីកាន់ មានស្អីអង្រួនដូចថាចង់ចុះចឹងណាស់។ បាទ! មានខ្លួនមានព្រលឹង»។
នៅពេលចូលរួមការប្រកួតកាលពីឆ្នាំ២០១៤ ទូកក្នុងវត្តព្រែកសំរោង មានចំនួន៣ គឺទូកព្រះទីនាំងឫទ្ធីក្លាហាន ទូកសំរោងតេជោសែនជ័យ និងទូកឥន្ទ្រីយ៍ក្លាហាន។
ព្រះតេជព្រះគុណ ខឹម ប៊ុណ្ណា ព្រះចៅអធិការវត្តព្រែកសំរោង មានថេរដីកាបញ្ជាក់ថា ឈ្មោះទូកទាំងបីក្នុងវត្តព្រែកសំរោង នេះ បានដូរទៅតាមការផ្លាស់ប្ដូរពេលវេលា៖ «ឈ្មោះដើមរបស់ទូកហ្នឹងដូចសំរោងចឹង ពីមុនឈ្មោះសំរោងសែនជ័យ។ ពេលក្រោយមក កីឡាករក្តី អាជ្ញាធរក្តី គិតថាសំរោងទទេដូចជាខ្លីពេក ណាមួយឲ្យសមនឹងងាររបស់នាយករដ្ឋមន្ត្រីក្នុងអាណត្តិគាត់ដឹកនាំ ចឹងទៅ មានឈ្មោះតេជោសែនជ័យ។ ចឹងក៏ស្នើសុំឲ្យឈ្មោះហ្នឹងឲ្យវែងបន្តិច ឈ្មោះថា សំរោងតេជោសែនជ័យ ឲ្យវែងតិចថែមលើឈ្មោះចាស់»។
កីឡាករចំណុះឲ្យទូកងដែលចូលរួមប្រកួតតែងលើកឡើងថា ពួកគេជឿថា ទូកនីមួយៗមានព្រលឹង ឬបារមីកាន់ ដែលធ្វើឲ្យទូកមានកម្លាំងទៅតាមបារមីទាំងនោះ។
នៅរាជធានីភ្នំពេញ ភ្នំដូនពេញ ដែលគេជឿថាមានបារមីថែរក្សា ក៏ត្រូវយកមកដាក់ជាឈ្មោះទូកងដែរ។
អ្នកគ្រប់គ្រងទូកឈ្មោះដូនពេញសែនជ័យរបស់ខណ្ឌដូនពេញ លោក ផាន់ គី មានប្រសាសន៍ថា ឈ្មោះទូកនេះបានប្ដូរជាច្រើនលើកដែរ ដោយដើមឡើយមានឈ្មោះថា ដូនពេញមានជ័យ ហើយចុងក្រោយនេះមានឈ្មោះដូនពេញសែនជ័យ ដ្បិតទូកនេះបានការឧបត្ថម្ភពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឧបត្ថម្ភពីអាជ្ញាធរខណ្ឌដូនពេញ៖ «»។
ទាក់ទិននឹងជំនឿការដាក់ឈ្មោះទូក អ្នកស្រាវជ្រាវអារ្យធម៌ខ្មែរលើកឡើងថា កាលដើមឡើយ ការដាក់ឈ្មោះទូក គឺច្រើនទាក់ទងនឹងព្រលឹងទូក ដែលសំដៅដល់ព្រាយដែលកាន់ទូក។ អ្នកស្រាវជ្រាវ លោកបណ្ឌិត អាំង ជូលាន មានប្រសាសន៍ថា ពីដើមរៀងមក ឈ្មោះទូកតែងទាក់ទងនឹងឈ្មោះស្រី៖ «ដូចថាអព្ភូតអ្វីមួយទៅកាន់ទូកហ្នឹង ជាខ្មោចភេទស្រី ជាពិសេសជាប្រភេទខាងព្រាយ ព្រោះព្រាយពូកែខាងមន្តអាគម។ ដោយសារអ្វីបានជាគេត្រូវការមន្តអាគម ពីព្រោះថាគេត្រូវការប្រណាំង ដល់ត្រូវការប្រណាំង យើងចង់ឲ្យលឿនជាងគេ ចង់ឈ្នះគេ ដូច្នេះក្រៅពីកម្លាំងបាយរបស់យើងជាអ្នកអុំ និងអ្នកចែវនេះ ក្រៅពីបច្ចេកទេសយើងប៉ិនប្រសព្វយ៉ាងម៉េចៗ គេទៅរកកម្លាំងមកបន្ថែមទៀត គឺថាគេចូលទៅក្នុងរឿងមន្តអាគមហ្នឹង។ ចឹងទាក់ទងនឹងរឿងព្រាយហ្នឹង។ អ្នកខ្លះគេហៅថាព្រាយក្បាលទូកអីក៏មានដែរណាស់។ ដូច្នេះហើយ បានជាស្ត្រីមានផ្ទៃពោះគេមិនឲ្យដើរកាត់រោងទូក ព្រោះថាព្រាយជាសត្រូវរបស់ស្រីមានផ្ទៃពោះនេះមួយ ស្រីដែលកំពុងឆ្លងទន្លេនេះមួយ»។
លោកបណ្ឌិត អាំង ជូលាន បន្តថា ស្របពេលគ្នានោះ ឈ្មោះទូកក៏មានរួមបញ្ចូលឈ្មោះក្នុងរឿងព្រេង និងឈ្មោះវត្តជាដើម៖ «ជួនកាលដាក់ឈ្មោះតួអង្គក្នុងរឿងរាមកេរ្តិ៍ មានខ្លះថាជម្ពូពាន កំហែងមានឫទ្ធិអីអ៊ីចឹងទៅ។ កំហែងហ្នឹងមានន័យថាហនុមាន ដែលជាប់នឹងរឿងទូកហ្នឹង គឺសុទ្ធតែបរមបូរាណរឿងទាក់ទងនឹងជំនឿអីហ្នឹង ព្រោះហនុមានជាបុត្រព្រះពាយ។ ព្រះពាយគឺថាល្បឿន ចឹងបានគេចូលចិត្តយកហនុមាន ឬក៏តួអង្គយក្ស ឬតួអង្គអីណាឯទៀតៗដែលហោះ មកពីក្នុងរឿងអស់នោះគេហោះ តែហោះគឺវាលឿន ព្រោះទូកវាត្រូវការលឿន។ ជួនកាលដាក់តែឯង ជួនកាលបញ្ចូលគ្នា ២ ទៅ ៣ វាទៅជាវែងចឹងទៅ»។
ក្នុងពេលបច្ចុប្បន្ន ឈ្មោះទូកភាគច្រើនត្រូវរួមបញ្ចូលឈ្មោះមនុស្ស អាចជាថ្នាក់ដឹកនាំប្រទេស អាចជាអ្នកមានធនធានឧបត្ថម្ភទូក។
លោកបណ្ឌិត អាំង ជូលាន បញ្ជាក់ថា ចំណុចនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរក្នុងសង្គម៖ «ព្រោះពីមុនមក ទូកគឺថាវាកម្រនឹងធ្វើបានមួយៗណាស់ ព្រោះអីវាថ្លៃ ដូចសាងព្រះវិហារណាស់ ខ្លះសាងតាំងពីជំនាន់ឪពុកទៅទាល់តែឪពុកស្លាប់ទៅ កូនធំមានប្រពន្ធហើយទម្រាំធ្វើហើយ។ តែឥឡូវធ្វើទៅវាហើយព្រឹបៗភ្លាមក្នុងមួយឆ្នាំទៅពីរឆ្នាំ ដោយសារមានអ្នកមកពីក្រៅវាមានការឧបត្ថម្ភពីក្រៅមក ពីអ្នកមាន ឬអ្នកធំ ឬអ្នកដែលថាមាន គឺអ្នកដែលមានធនធានណាស់។ ទូកក៏ដូចគ្នាចឹង ដល់ចឹងទៅវាលែងទៅជាឆ្លុះបញ្ចាំងពីការដូចថាពិគ្រោះយោបល់អីហ្នឹងប៉ុន្មានហើយ នេះពេលធ្លាក់លុយមក ក៏ចេញជាទូកចឹងទៅ ក៏ដាក់ឈ្មោះអ្នកដែលគេផ្តល់ថវិកាហ្នឹងម៉ោ ដាក់ឈ្មោះដាក់អីគេទៅវាជារឿងធម្មតាទេរឿងហ្នឹង»។
ទាក់ទងនឹងឈ្មោះទូកងក្នុងវត្តព្រែកសំរោង លោកអាចារ្យ ហ៊ុល ភន លើកឡើងថា នៅពេលមួយដែលទូកវត្តព្រែកសំរោង ត្រូវកែប្រែឲ្យត្រូវតាមខ្នាត ដើម្បីបានចូលប្រណាំងក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ទូកនេះក៏ត្រូវបន្ថែមឈ្មោះតាមប្រមុខដឹកនាំ ដែលបានអនុញ្ញាតឲ្យវត្តអាចរកឈើមកធ្វើទូកឲ្យត្រូវខ្នាត៖ «ដូចយើងដាក់ថា ឥន្ទ្រីយ៍សែនជ័យ ឬក៏តេជោសែនជ័យ ហ្នឹងជាឈ្មោះរបស់ប្រធានរដ្ឋ។ ពេលដែលយើងចង់បានឈើឲ្យវាត្រូវនឹងខ្នាតដែលត្រូវប្រណាំងហ្នឹង យើងត្រូវការឈើវែង។ អ៊ីចឹងក្រោយមក គណៈកម្មការហើយនិងអាចារ្យ លោកសុំពីសម្ដេចតេជោ។ ចឹងទូកហ្នឹងដាក់តេជោសែនជ័យអ៊ីចឹងទៅ។ បាទ! ទាក់ទងនឹងជំនួយឈើ»។
បើទោះជាមានការផ្លាស់ប្ដូររបត់សង្គមក៏ដោយ ក៏ជំនឿចំពោះព្រលឹងទូកនៅមិនទាន់ផ្លាស់ប្ដូរនៅឡើយទេ គឺគេនៅជឿថា ទូកនីមួយៗនៅតែមានព្រលឹងសណ្ឋិត៕
No comments:
Post a Comment